ដង្វាយ​លោះ​បាប​សំរាប់​សង្ឃ
១ ព្រះយេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ២ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា បើ​អ្នក​ណា​ធ្វើ​បាប​ឥត​ដឹង ដោយ​បំពាន​លើ​បទ​ណា​មួយ ដែល​ព្រះយេហូវ៉ា​ទ្រង់​ហាម​មិន​ឲ្យ​ធ្វើ​ឡើយ ហើយ​ប្រព្រឹត្ត​ខុស​ត្រង់​បទ​នោះ​ឯង ៣ បើ​អ្នក​នោះ​ជា​ពួក​សង្ឃ ដែល​គេ​ចាក់​ប្រេង​តាំង​ឲ្យ​ស្រេច​ហើយ បាន​ធ្វើ​បាប​ជា​ហេតុ​នាំ​ឲ្យ​ពួក​ជន​មាន​ទោស​ផង នោះ​ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​១​ដ៏​ឥត​ខ្ចោះ មក​ថ្វាយ​ដល់​ព្រះយេហូវ៉ា ទុក​ជា​ដង្វាយ​លោះ​បាប ឲ្យ​ធួន​នឹង​បាប​ដែល​បាន​ធ្វើ​នោះ ៤ ត្រូវ​នាំ​គោ​នោះ ទៅ​ឯ​មាត់​ទ្វារ​ត្រសាល​ជំនុំ នៅ​ចំពោះ​ព្រះយេហូវ៉ា រួច​ដាក់​ដៃ​លើ​ក្បាល ហើយ​សំឡាប់​នៅ​ចំពោះ​ព្រះយេហូវ៉ា​ទៅ ៥ ត្រូវ​ឲ្យ​សង្ឃ​យក​ឈាម​នាំ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ៦ រួច​ជ្រលក់​ម្រាម​ដៃ​ចុះ​ក្នុង​ឈាម​រលាស់​៧​ដង​នៅ​ចំពោះ​ព្រះយេហូវ៉ា ត្រង់​ខាង​មុខ​វាំងនន​ទី​បរិសុទ្ធ ៧ ហើយ​ត្រូវ​យក​ឈាម​ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​គ្រឿង​ក្រអូប ដែល​នៅ​ក្នុង​ត្រសាល​ជំនុំ​នៅ​ចំពោះ​ព្រះយេហូវ៉ា រួច​ត្រូវ​ចាក់​ឈាម​គោ​នោះ​ទាំង​អស់ នា​ជើង​អាសនា​ដង្វាយ​ដុត ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ៨ ឯ​ខ្លាញ់​គោ​នោះ​ដែល​សំរាប់​ជា​ដង្វាយ​លោះ​បាប នោះ​ត្រូវ​យក​ចេញ​ទាំង​អស់ គឺ​ជា​ខ្លាញ់​ដែល​រុំ​អាការៈ​ខាង​ក្នុង និង​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ខាង​ក្នុង ៩ ព្រម​ទាំង​អង្គញ់​ទាំង​២ និង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អង្គញ់​នោះ​ខាង​ចង្កេះ ហើយ​ស្រទាប់​នៅ​លើ​ថ្លើម ដែល​ត្រូវ​យក​ចេញ​ជា​មួយ​នឹង​អង្គញ់​ផង ១០ ដូច​ជា​បាន​យក​ចេញ​ពី​គោ​ដែល​ថ្វាយ​ជា​ដង្វាយ​មេត្រី​ដែរ រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​របស់​ទាំង​នោះ នៅ​លើ​អាសនា​ដង្វាយ​ដុត ១១ ឯ​ស្បែក​គោ​នោះ និង​សាច់​ទាំង​អស់ ព្រម​ទាំង​ក្បាល និង​ជើង អាការៈ​ខាង​ក្នុង ហើយ​នឹង​លាមក ១២ គឺ​តួ​គោ​នោះ​ទាំង​មូល ត្រូវ​យក​ចេញ​ទៅ​ក្រៅ​ទី​ដំឡើង​ត្រសាល​នៅ​ត្រង់​កន្លែង​ស្អាត​ដែល​ចាក់​ផែះ ហើយ​ដុត​នៅ​លើ​ឧស​ត្រង់​កន្លែង​ដែល​ចាក់​ផែះ​នោះ។
ដង្វាយ​លោះ​បាប​សំរាប់​ពួក​ជំនុំ
១៣ ឬ​បើ​ជា​ពួក​ជំនុំ​អ៊ីស្រាអែល​ទាំង​អស់​គ្នា ដែល​ប្រព្រឹត្ត​ការ​កំហុស​អ្វី​ដោយ​ឥត​ដឹង ហើយ​ការ​នោះ​បាន​កំបាំង​នឹង​ភ្នែក​ពួក​ជំនុំ ដែល​រំលង​ចំពោះ​បញ្ញត្ត​ណា​មួយ ដែល​ព្រះយេហូវ៉ា​ហាមប្រាម​មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ ១៤ កាល​ណា​គេ​ដឹង​ពី​អំពើ​បាប​ដែល​បាន​ប្រព្រឹត្ត​រំលង​ហើយ នោះ​ត្រូវ​ឲ្យ​ពួក​ជំនុំ​ថ្វាយ​គោ​ឈ្មោល​ស្ទាវ​១​ទុក​ជា​ដង្វាយ​លោះ​បាប ត្រូវ​នាំ​ទៅ​ឯ​មុខ​ត្រសាល​ជំនុំ ១៥ ហើយ​ត្រូវ​ឲ្យ​ពួក​ចាស់ទុំ​ក្នុង​ពួក​ជំនុំ ដាក់​ដៃ​លើ​ក្បាល​គោ​នោះ​នៅ​ចំពោះ​ព្រះយេហូវ៉ា រួច​សំឡាប់​នៅ​ចំពោះ​ព្រះយេហូវ៉ា​ទៅ ១៦ នោះ​ត្រូវ​ឲ្យ​សង្ឃ ដែល​គេ​ចាក់​ប្រេង​តាំង​ឲ្យ​ស្រេច​ហើយ យក​ឈាម​គោ​នោះ​ទៅ​ក្នុង​ត្រសាល​ជំនុំ ១៧ ហើយ​ជ្រលក់​ម្រាម​ដៃ​ចុះ​ក្នុង​ឈាម​រលាស់​៧​ដង នៅ​ចំពោះ​ព្រះយេហូវ៉ា​ត្រង់​មុខ​វាំងនន ១៨ រួច​យក​ឈាម​ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា ដែល​នៅ​ចំពោះ​ព្រះយេហូវ៉ា​ខាង​ក្នុង​ត្រសាល​ជំនុំ ហើយ​ត្រូវ​ចាក់​ឈាម​ទាំង​អស់ នា​ជើង​អាសនា​ដង្វាយ​ដុត ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ១៩ ឯ​ខ្លាញ់​គោ​នោះ​ទាំង​ប៉ុន្មាន នោះ​ត្រូវ​យក​ចេញ​ទៅ​ដុត​នៅ​លើ​អាសនា ២០ ត្រូវ​ឲ្យ​ធ្វើ​នឹង​គោ​នេះ​ដូច​ជា​បាន​ធ្វើ​ចំពោះ​គោ​ដែល​សំរាប់​ជា​ដង្វាយ​លោះ​បាប​ដែរ គឺ​ត្រូវ​ធ្វើ​ដូច​គ្នា​ទាំង​២ ហើយ​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​បាប​ទាំង​អស់​គ្នា នោះ​នឹង​រួច​ចាក​ទោស​ហើយ ២១ រួច​ត្រូវ​ឲ្យ​សង្ឃ​នាំ​យក​គោ​នោះ ទៅ​ដុត​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល ដូច​ជា​បាន​ដុត​គោ​មុន​ដែរ នេះ​គឺ​ជា​ដង្វាយ​លោះ​បាប​សំរាប់​ពួក​ជំនុំ។
ដង្វាយ​លោះ​បាប​សំរាប់​មេ​ដឹកនាំ
២២ បើ​នាម៉ឺន​ណា​មួយ​ធ្វើ​បាប​ឥត​បាន​ដឹង ដោយ​រំលង​បទ​ណា ដែល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ទ្រង់​ហាមប្រាម​មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ ២៣ បើ​សិន​ជា​អ្នក​ណា​ប្រាប់​ឲ្យ​លោក​ជ្រាប​ពី​បាប​ដែល​បាន​ប្រព្រឹត្ត​ហើយ នោះ​លោក​ត្រូវ​នាំ​យក​ពពែ​ឈ្មោល​១ ដែល​ឥត​ខ្ចោះ មក​សំរាប់​ជា​ដង្វាយ​របស់​ខ្លួន ២៤ រួច​ដាក់​ដៃ​លើ​ក្បាល​ពពែ​នោះ ហើយ​សំឡាប់​នៅ​កន្លែង​ដែល​គេ​តែង​សំឡាប់​សត្វ សំរាប់​ជា​ដង្វាយ​ដុត​នៅ​ចំពោះ​ព្រះយេហូវ៉ា​ទៅ នេះ​ហើយ​ជា​ដង្វាយ​លោះ​បាប ២៥ ត្រូវ​ឲ្យ​សង្ឃ​យក​ឈាម​នៃ​ដង្វាយ​លោះ​បាប​នោះ ដោយ​ម្រាម​ដៃ ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​ដង្វាយ​ដុត ហើយ​ចាក់​ឈាម​ទាំង​អស់​នៅ​ត្រង់​ជើង​អាសនា​ដង្វាយ​ដុត​នោះ ២៦ ឯ​ខ្លាញ់​ទាំង​ប៉ុន្មាន នោះ​ត្រូវ​ដុត​នៅ​លើ​អាសនា ដូច​ជា​ខ្លាញ់​របស់​យញ្ញបូជា​ដែល​សំរាប់​ជា​ដង្វាយ​មេត្រី​ដែរ ហើយ​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​ចំពោះ​បាប​ដែល​លោក​បាន​ធ្វើ នោះ​លោក​នឹង​បាន​រួច​ចាក​ទោស​ហើយ។
ដង្វាយ​លោះ​បាប​សំរាប់​ប្រជាជន​ធម្មតា
២៧ ឬ​បើ​អ្នក​ស្រុក​ណា​មួយ​ធ្វើ​បាប​ឥត​បាន​ដឹង ដោយ​រំលង​បទ​ណា ដែល​ព្រះយេហូវ៉ា​បាន​ហាមប្រាម មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ ២៨ បើ​សិន​ជា​អ្នក​ណា​ប្រាប់​ឲ្យ​គេ​ដឹង​ពី​បាប​ដែល​បាន​ប្រព្រឹត្ត​ហើយ នោះ​ត្រូវ​នាំ​ពពែ​ញី​១​ដែល​ឥត​ខ្ចោះ​មក សំរាប់​ជា​ដង្វាយ ដោយ​ព្រោះ​បាប​ដែល​ខ្លួន​បាន​ធ្វើ ២៩ រួច​ដាក់​ដៃ​លើ​ក្បាល​នៃ​ដង្វាយ​លោះ​បាប​នោះ ហើយ​សំឡាប់​ត្រង់​កន្លែង​ដង្វាយ​ដុត ៣០ នោះ​ត្រូវ​ឲ្យ​សង្ឃ​យក​ឈាម ដោយ​ម្រាម​ដៃ ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​ដង្វាយ​ដុត ហើយ​ចាក់​ឈាម​ទាំង​អស់​ត្រង់​ជើង​អាសនា ៣១ ឯ​ខ្លាញ់​ទាំង​ប៉ុន្មាន នោះ​ត្រូវ​យក​ចេញ ដូច​ជា​យក​ចេញ​ពី​យញ្ញបូជា ដែល​សំរាប់​ជា​ដង្វាយ​មេត្រី​ដែរ រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​នៅ​លើ​អាសនា ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះយេហូវ៉ា ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​អ្នក​នោះ ដូច្នេះ អ្នក​នោះ​នឹង​រួច​ចាក​ទោស​ហើយ។
៣២ តែ​បើ​សិន​ជា​អ្នក​នោះ​នាំ​ចៀម​មក​ថ្វាយ សំរាប់​ជា​ដង្វាយ​លោះ​បាប​ខ្លួន​វិញ នោះ​ត្រូវ​យក​ញី​១​ដែល​ឥត​ខ្ចោះ​មក ៣៣ ហើយ​ដាក់​ដៃ​លើ​ក្បាល​នៃ​ដង្វាយ​នោះ រួច​សំឡាប់​ទុក​ជា​ដង្វាយ​លោះ​បាប ត្រង់​កន្លែង​ដែល​គេ​តែង​សំឡាប់​សត្វ​សំរាប់​ជា​ដង្វាយ​ដុត ៣៤ ត្រូវ​ឲ្យ​សង្ឃ​ម្នាក់​យក​ឈាម​នៃ​ដង្វាយ​លោះ​បាប​នោះ​ដោយ​ម្រាម​ដៃ ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​ដង្វាយ​ដុត ហើយ​ចាក់​ឈាម​ទាំង​អស់​ត្រង់​ជើង​អាសនា ៣៥ ឯ​ខ្លាញ់​ទាំង​ប៉ុន្មាន នោះ​ត្រូវ​យក​ចេញ ដូច​ជា​យក​ខ្លាញ់​ចេញ​ពី​កូន​ចៀម​នៃ​យញ្ញបូជា ដែល​សំរាប់​ជា​ដង្វាយ​មេត្រី​ដែរ ហើយ​ត្រូវ​ឲ្យ​សង្ឃ​ដុត​នៅ​លើ​អាសនា តាម​របៀប​ដង្វាយ​ទាំង​ប៉ុន្មាន​ដែល​ដុត​ថ្វាយ​ព្រះយេហូវ៉ា ក៏​ត្រូវ​ឲ្យ​ធួន​នឹង​បាប​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ដូច្នេះ អ្នក​នោះ​នឹង​រួច​ចាក​ទោស​ហើយ។