៥
១ ក្រោយដែលបានទទួលស្បថ ធ្វើជាស្មរបន្ទាល់ហើយ នោះបើអ្នកណាធ្វើបាប ដោយមិនព្រមឆ្លើយប្រាប់អំពីការដែលខ្លួនបានឃើញឬដឹង អ្នកនោះឈ្មោះថាមានទោសវិញ ២ ឬបើអ្នកណាប៉ះពាល់នឹងរបស់ស្មោកគ្រោកណាមួយ ជាខ្មោចសត្វដែលមិនស្អាត ទោះបើជាសត្វព្រៃ សត្វស្រុក ឬសត្វលូនវារ ដោយមិនបានដឹង ហើយខ្លួនក៏បានទៅជាមិនស្អាតដែរ នោះឈ្មោះថាមានទោសហើយ ៣ ឬបើបានប៉ះពាល់នឹងសេចក្តីស្មោកគ្រោករបស់មនុស្ស ទោះបើជាសេចក្តីមិនស្អាតយ៉ាងណាក៏ដោយ ដែលនាំឲ្យខ្លួនមិនស្អាតបាន ដោយឥតដឹងខ្លួន បើកាលណាដឹងវិញ នោះមានទោសហើយ ៤ ឬបើអ្នកណាស្បថលេងថា នឹងប្រព្រឹត្តការអាក្រក់ ឬល្អក្តី ទោះបើសេចក្តីអ្វីក៏ដោយ ដែលមនុស្សនឹងស្បថ ដោយឥតបើគិត ហើយមិនបានដឹងខ្លួនសោះ បើកាលណាដឹងវិញ នោះនឹងមានទោសក្នុងបទណាមួយនោះជាមិនខាន ៥ ដូច្នេះ បើអ្នកណាមានទោសក្នុងបទណាមួយយ៉ាងនោះ ត្រូវឲ្យលន់តួចំពោះអំពើបាបដែលខ្លួនបានប្រព្រឹត្តចុះ ៦ ហើយត្រូវនាំយកដង្វាយ ដែលសំរាប់ការរំលងរបស់ខ្លួនមកថ្វាយព្រះយេហូវ៉ា ដោយព្រោះបាបដែលបានប្រព្រឹត្ត គឺជាសត្វញី១ពីហ្វូងចៀម ឬពពែ សំរាប់ជាដង្វាយលោះបាប រួចត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងបាបរបស់អ្នកនោះ។
ដង្វាយរបស់ជនក្រីក្រ
៧ បើសិនជាអ្នកនោះខ្វះខាត គ្មានល្មមនឹងយកកូនចៀម១បាន នោះត្រូវយកលលក២ ឬព្រាបជំទើរ២ មកថ្វាយព្រះយេហូវ៉ា ទុកជាដង្វាយសំរាប់ការរំលងរបស់ខ្លួន ដោយព្រោះបាបដែលបានប្រព្រឹត្តនោះវិញ គឺ១សំរាប់ជាដង្វាយលោះបាប ហើយ១សំរាប់ជាដង្វាយដុត ៨ ត្រូវឲ្យនាំយកសត្វនោះទៅឯសង្ឃ ហើយត្រូវឲ្យសង្ឃថ្វាយ១ ដែលសំរាប់ជាដង្វាយលោះបាប ជាមុនដំបូង ដោយក្តិចបណ្តាច់ក្បាលចេញពីក តែមិនត្រូវពុះជា២ឡើយ ៩ រួចប្រោះឈាមនៃដង្វាយលោះបាបនោះនៅចំហៀងអាសនា ហើយត្រូវសំរក់ឈាមដែលសល់ទាំងប៉ុន្មាននៅជើងអាសនាវិញ នេះហើយជាដង្វាយលោះបាប ១០ ឯសត្វទី២ នោះត្រូវថ្វាយជាដង្វាយដុតតាមទំលាប់ ដូច្នេះ ត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងបាប ដែលអ្នកនោះបានប្រព្រឹត្ត ហើយអ្នកនោះនឹងបានរួចចាកទោស។
១១ បើអ្នកនោះខ្វះខាត គ្មានល្មមនឹងយកលលក២ ឬព្រាបជំទើរ២បានទេ នោះត្រូវយកម្សៅយ៉ាងម៉ដ្ត១ខ្ញឹង មកទុកជាដង្វាយលោះបាប ដោយព្រោះអំពើដែលខ្លួនបានប្រព្រឹត្ត តែមិនត្រូវចាក់ប្រេង ឬដាក់កំញានទេ ដ្បិតជាដង្វាយសំរាប់លោះបាប ១២ ត្រូវឲ្យអ្នកនោះនាំយកទៅឯសង្ឃ ហើយត្រូវឲ្យសង្ឃយក១ក្តាប់ ទុកជាទីរំឭកទៅដុតលើអាសនា តាមរបៀបដង្វាយដែលដុតថ្វាយព្រះយេហូវ៉ា នេះហើយជាដង្វាយលោះបាប ១៣ ត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងអ្នកនោះ ចំពោះការដែលបានប្រព្រឹត្តរំលងក្នុងបទណាមួយនោះ រួចអ្នកនោះនឹងបានរួចចាកទោស ឯម្សៅដែលនៅសល់ នោះត្រូវបានសំរាប់សង្ឃវិញ ដូចជាក្នុងដង្វាយម្សៅដែរ។
ដង្វាយសំរាប់លោះបាប
១៤ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅម៉ូសេថា ១៥ បើអ្នកណាប្រព្រឹត្តរំលងច្បាប់ ដោយធ្វើបាបចំពោះរបស់បរិសុទ្ធនៃព្រះយេហូវ៉ា ដោយឥតបានដឹង នោះត្រូវនាំយកដង្វាយដែលសំរាប់ការរំលងមកថ្វាយដល់ព្រះយេហូវ៉ា គឺជាចៀមឈ្មោល១ឥតខ្ចោះពីហ្វូងសត្វ តាមដែលគិតថ្លៃប្រាក់ ជាប្រាក់រៀលដែលប្រើក្នុងទីបរិសុទ្ធ សំរាប់ជាដង្វាយដែលថ្វាយដោយព្រោះការប្រព្រឹត្តរំលង ១៦ ហើយត្រូវសងតាមដំឡៃចំពោះរបស់បរិសុទ្ធដែលខ្លួនបានប្រព្រឹត្តរំលងនោះ ព្រមទាំងថែម១ភាគ១ក្នុង៥ផង ប្រគល់ទៅឲ្យសង្ឃ ហើយត្រូវឲ្យសង្ឃថ្វាយចៀមឈ្មោលនោះទុកជាដង្វាយដែលថ្វាយដោយព្រោះការរំលង ដើម្បីឲ្យធួននឹងបាបរបស់អ្នកនោះ រួចនឹងបាបរួចចាកទោសហើយ។
១៧ បើអ្នកណាធ្វើបាប ដោយប្រព្រឹត្តការអ្វី ដែលព្រះយេហូវ៉ាបានហាមមិនឲ្យធ្វើ ទោះបើមិនបានដឹងក៏ដោយ គង់តែអ្នកនោះមានទោស ហើយត្រូវទ្រាំទ្រចំពោះសេចក្តីទុច្ចរិតរបស់ខ្លួន ១៨ ត្រូវឲ្យអ្នកនោះយកចៀមឈ្មោល១ឥតខ្ចោះពីហ្វូងសត្វ មកប្រគល់ដល់សង្ឃតាមដែលគិតថ្លៃ សំរាប់ជាដង្វាយដែលថ្វាយដោយព្រោះការរំលង ត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងការកំហុស ដែលអ្នកនោះបានប្រព្រឹត្តដោយឥតដឹង រួចអ្នកនោះនឹងបានរួចចាកទោស ១៩ នេះហើយជាដង្វាយដែលថ្វាយ ដោយព្រោះការប្រព្រឹត្តរំលង ដ្បិតពិតជាអ្នកនោះមានទោស នៅចំពោះព្រះយេហូវ៉ាមែនហើយ។