២៦
ព្រះពរ និងបណ្តាសា
១ មិនត្រូវឲ្យឯងរាល់គ្នាធ្វើរូបព្រះ ឬបញ្ឈររូបឆ្លាក់ ឬបង្គោលថ្ម សំរាប់គោរពឡើយ ក៏មិនត្រូវឲ្យមានថ្មឆ្លាក់ជារូបអ្វីនៅក្នុងស្រុកឯង ដើម្បីនឹងឱនខ្លួនក្រាបគោរពចំពោះរូបនោះដែរ ដ្បិតអញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នាហើយ ២ ត្រូវឲ្យឯងរាល់គ្នារក្សាអស់ទាំងពេលឈប់សំរាករបស់អញ ហើយកោតខ្លាចដល់ទីបរិសុទ្ធរបស់អញ ដ្បិតអញជាព្រះយេហូវ៉ា។
៣ បើឯងរាល់គ្នាដើរតាមអស់ទាំងច្បាប់ ហើយរក្សាអស់ទាំងបញ្ញត្តអញ ព្រមទាំងប្រព្រឹត្តតាម ៤ នោះអញនឹងបង្អុរភ្លៀងមកតាមរដូវកាល ហើយដី និងចំរើនផល ឯដើមឈើទាំងប៉ុន្មាននៅចំការ នោះនឹងបង្កើតផ្លែដែរ ៥ ការបញ្ជាន់ស្រូវរបស់ឯងរាល់គ្នា និងនៅរហូតដល់រដូវបេះផ្លែទំពាំងបាយជូរ ហើយការបេះផ្លែទំពាំងបាយជូរនឹងនៅរហូតដល់រដូវសាបព្រោះទៀត ឯងរាល់គ្នានឹងបានអាហារបរិភោគជាបរិបូរ ហើយនឹងនៅក្នុងស្រុកឯងដោយសុខសាន្ត ៦ អញនឹងឲ្យមានសេចក្តីសុខនៅក្នុងស្រុកនោះ ឯងរាល់គ្នានឹងដេកទៅ ឥតមានអ្នកណាមកបំភ័យឡើយ អញនឹងធ្វើឲ្យអស់ទាំងសត្វសាហាវ បាត់ពីស្រុកចេញអស់ ហើយដាវក៏មិនដែលមកក្នុងស្រុកឯងដែរ ៧ ឯងរាល់គ្នានឹងដេញពួកខ្មាំងសត្រូវ ហើយគេនឹងដួលដោយដាវនៅមុខឯង ៨ ពួកឯងតែ៥នឹងដេញគេដល់ទៅ១០០នាក់ ហើយពួកឯង១០០នឹងដេញគេ ដល់ទៅ១ម៉ឺននាក់ក៏បានអស់ទាំងខ្មាំងសត្រូវឯង នឹងដួលដោយដាវ នៅមុខឯង ៩ អញនឹងជួយទំនុកបំរុងឯងរាល់គ្នា ឲ្យបានបង្កើតកូនចំរើនជាច្រើនឡើង ហើយអញនឹងតាំងសេចក្តីសញ្ញានឹងឯងរាល់គ្នាដែរ ១០ ឯងរាល់គ្នានឹងបរិភោគផលចាស់ដរាបដល់ផលថ្មីចូលមក នោះនឹងត្រូវយកផលចាស់ចេញ ឲ្យបានកន្លែងដាក់ផលថ្មីវិញ ១១ អញនឹងតាំងទីលំនៅរបស់អញនៅកណ្តាលឯងរាល់គ្នា ឥតដែលមានសេចក្តីខ្ពើមដល់ឯងរាល់គ្នាឡើយ ១២ អញនឹងដើរនៅកណ្តាលពួកឯង ព្រមទាំងធ្វើជាព្រះដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងធ្វើជារាស្ត្រដល់អញ ១៣ អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដែលបាននាំឯងចេញពីស្រុកអេស៊ីព្ទមក ដើម្បីមិនឲ្យធ្វើជាបាវបំរើរបស់គេទៀត អញបានបំបាក់កាំនឹមរបស់ឯងរាល់គ្នាចេញ ហើយបាននាំឲ្យដើរដោយត្រង់ខ្លួនឡើងវិញ។
១៤ តែបើឯងរាល់គ្នាមិនព្រមស្តាប់តាមអញ ហើយមិនប្រព្រឹត្តតាមសេចក្តីបញ្ញត្តរបស់អញទាំងនេះ ១៥ ដោយមើលងាយដល់អស់ទាំងច្បាប់អញ ហើយខ្ពើមក្រឹត្យក្រមរបស់អញ ដល់ម៉្លេះបានជាមិនព្រមប្រព្រឹត្តតាមអស់ទាំងសេចក្តីបង្គាប់នេះ គឺឯងផ្តាច់សេចក្តីសញ្ញារបស់អញចេញវិញ ១៦ នោះអញនឹងប្រព្រឹត្តចំពោះឯងរាល់គ្នាយ៉ាងដូច្នេះ គឺនឹងតម្រូវសេចក្តីស្ញែងខ្លាចមកលើឯងរាល់គ្នា ជាជំងឺរីងរៃ និងគ្រុនក្តៅ ដែលនឹងធ្វើឲ្យភ្នែកកាន់តែស្រវាំងទៅ ហើយនឹងនាំឲ្យមានចិត្តវេទនា ឯងរាល់គ្នានឹងសាបព្រោះជាការឥតប្រយោជន៍ ដ្បិតខ្មាំងសត្រូវនឹងស៊ីទាំងអស់ទៅ ១៧ អញនឹងតាំងមុខទាស់នឹងឯងរាល់គ្នា នោះឯងនឹងចាញ់ពួកខ្មាំងសត្រូវ ពួកអ្នកដែលស្អប់ឯង គេនឹងត្រួតត្រាលើឯង ហើយឯងនឹងរត់ទៅឥតមានអ្នកណាដេញតាមផង។
១៨ បើឯងរាល់គ្នានៅតែមិនស្តាប់តាមអញទៀត នោះអញនឹងវាយផ្ចាល៧ដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់ឯង ១៩ អញនឹងបំបាត់សេចក្តីអំនួតដែលឯងអួតពីអំណាចខ្លួន ក៏នឹងឲ្យមេឃដែលនៅពីលើឯងប្រែទៅដូចជាដែក ហើយដីរបស់ឯងដូចជាលង្ហិន ២០ នោះឯងរាល់គ្នានឹងបង្អស់កំឡាំងជាការឥតប្រយោជន៍ ដ្បិតដីរបស់ឯងនឹងមិនបង្កើតផលទេ ហើយដើមឈើដែលនៅស្រុកក៏មិនបានផ្លែផង។
២១ បើឯងរាល់គ្នានៅតែដើរទទឹងនឹងអញ ហើយមិនព្រមស្តាប់តាម នោះអញនឹងនាំឲ្យឯងមានសេចក្តីវេទនា៧ដងលើសទៅទៀត តាមអំពើបាបរបស់ឯង ២២ អញនឹងឲ្យសត្វព្រៃមកកណ្តាលពួកឯង សត្វទាំងនោះនឹងឆក់នាំយកកូនចៅឯងទៅ ព្រមទាំងបង្ហិនហ្វូងសត្វរបស់ឯងផង និងធ្វើឲ្យឯងទៅជាមានគ្នាតិច ហើយឲ្យអស់ទាំងផ្លូវថ្នល់របស់ឯងទៅជាសូន្យស្ងាត់។
២៣ បើឯងរាល់គ្នាមិនទាន់រាងដោយព្រោះសេចក្តីទាំងនោះទេ គឺនៅតែដើរទទឹងនឹងអញ ២៤ នោះអញនឹងដើរទាស់នឹងឯងរាល់គ្នាដែរ ហើយនឹងវាយផ្ចាល៧ដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់ឯង ២៥ អញនឹងនាំឲ្យមានដាវជាសេចក្តីសងសឹកនៃសញ្ញាមកលើឯង នោះឯងរាល់គ្នានឹងមូលគ្នា នៅក្នុងក្រុងរបស់ឯងទាំងប៉ុន្មាន ហើយអញនឹងឲ្យជំងឺអាសន្នរោគកើតឡើង នៅកណ្តាលឯងរាល់គ្នាទៀត រួចឯងនឹងត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ២៦ កាលណាអញបានផ្តាច់ស្បៀងអាហារពីឯងរាល់គ្នាចេញ នោះស្ត្រី១០នាក់នឹងដុតនំបុ័ងឲ្យឯងនៅក្នុងឡតែ១ ហើយគេនឹងថ្លឹងនំបុ័ងឲ្យឯងបរិភោគ ឯងរាល់គ្នានឹងបរិភោគ តែមិនចេះឆ្អែតឡើយ។
២៧ បើយ៉ាងដូច្នេះហើយ ឯងរាល់គ្នានៅតែមិនព្រមស្តាប់តាមអញ គឺនៅតែដើរទាស់ទទឹងនឹងអញតទៅទៀត ២៨ នោះអញនឹងដើរទាស់ទទឹងនឹងឯងរាល់គ្នា ដោយសេចក្តីក្រោធ ហើយនឹងវាយផ្ចាល៧ដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់ឯង ២៩ ឯងរាល់គ្នានឹងបរិភោគទាំងកូនប្រុស កូនស្រីរបស់ឯងផង ៣០ អញនឹងបំផ្លាញអស់ទាំងទីខ្ពស់របស់ឯង ហើយនឹងគាស់រំលំរូបព្រះអាទិត្យរបស់ឯង ព្រមទាំងបោះខ្មោចឯងរាល់គ្នាទៅលើរូបព្រះរបស់ឯងទាំងនោះដែរ ហើយចិត្តអញនឹងខ្ពើមឯងរាល់គ្នា ៣១ អញនឹងរំលាងអស់ទាំងទីក្រុងឯង ហើយនឹងធ្វើឲ្យទីបរិសុទ្ធរបស់ឯងទាំងប៉ុន្មានទៅជាសូន្យស្ងាត់ អញនឹងមិនព្រមហិតក្លិននៃគ្រឿងក្រអូបឯងទៀតឡើយ ៣២ អញនឹងនាំឲ្យស្រុកទៅជាស្ងាត់ឈឹង ដល់ម៉្លេះបានជាពួកខ្មាំងសត្រូវរបស់ឯងដែលនៅក្នុងស្រុក គេនឹងមានសេចក្តីងឿងឆ្ងល់ ៣៣ ឯឯងរាល់គ្នា អញនឹងកំចាត់កំចាយឲ្យទៅនៅគ្រប់ទាំងនគរ ហើយនឹងហូតដាវទៅតាមឯងទៀត នោះស្រុកឯងនឹងនៅជាស្ងាត់ឈឹង ហើយទីក្រុងរបស់ឯងទាំងប៉ុន្មាននឹងត្រូវលាញទៅអស់រលីង។
៣៤ ស្រុកនោះនឹងបានសំរាក ក្នុងរវាងប៉ុន្មាន ដែលកំពុងនៅស្ងាត់ឈឹង ហើយឯងរាល់គ្នានៅឯស្រុករបស់ពួកខ្មាំងសត្រូវឯងដូច្នេះ គឺស្រុកឯងនឹងបានត្រេកអរឡើងដោយមានពេលឈប់សំរាកវិញ ៣៥ ក្នុងប៉ុន្មានឆ្នាំដែលស្រុកនៅស្ងាត់ឈឹង នោះនឹងបានសំរាកទៅ គឺនឹងបំពេញការសំរាក ដែលខានមានពីកាលគួរឈប់សំរាក ក្នុងគ្រាដែលឯងរាល់គ្នានៅស្រុកនោះនៅឡើយ ៣៦ ឯពួកឯងដែលសល់នៅ នោះអញនឹងបណ្តាលឲ្យមានចិត្តស្រយុតនៅក្នុងស្រុករបស់ខ្មាំងសត្រូវខ្លួន បើគ្រាន់តែឮសូរស្លឹកឈើដែលត្រូវខ្យល់ផាត់ប៉ុណ្ណោះ នោះនឹងធ្វើឲ្យរត់ទៅ គេនឹងរត់ទៅ ដូចជារត់ឲ្យរួចពីមុខដាវផង ក៏នឹងដួល ដោយឥតមានអ្នកណាដេញតាមឡើយ ៣៧ គេនឹងជំពប់ដួលប្រគរគ្នា ដូចជាស្លាប់ដោយមុខដាវ ក្នុងកាលដែលគ្មានអ្នកណាដេញតាមផង ហើយឯងរាល់គ្នានឹងគ្មានកំឡាំងឈរនៅមុខពួកខ្មាំងសត្រូវឯងសោះ ៣៨ ឯងរាល់គ្នានឹងត្រូវវិនាសទៅ នៅអស់ទាំងនគរ ហើយស្រុករបស់ពួកខ្មាំងសត្រូវនឹងលេបបំបាត់ឯងទៅ ៣៩ ឯពួកឯងរាល់គ្នា ដែលសល់នៅ នោះនឹងស្រងេះស្រងោច នៅក្នុងអំពើទុច្ចរិតរបស់ខ្លួននៅនាស្រុកនៃពួកខ្មាំងសត្រូវ ហើយនឹងស្រងេះស្រងោចទៅ ដោយសេចក្តីទុច្ចរិតរបស់ពួកឰយុកោដែរ។
៤០ នោះគេនឹងលន់តួសេចក្តីទុច្ចរិតរបស់គេ ហើយសេចក្តីទុច្ចរិតរបស់ពួកឰយុកោគេដែរ គឺជាការរំលងដែលគេបានប្រព្រឹត្តនឹងអញ ដោយព្រោះការដែលគេបានដើរទាស់ទទឹងនឹងអញផង ៤១ គឺដោយហេតុនោះបានជាអញដើរទាស់ទទឹងនឹងគេដែរ ហើយបាននាំគេទៅនៅស្រុករបស់ពួកខ្មាំងសត្រូវ ដូច្នេះ បើចិត្តដែលមិនទាន់កាត់ស្បែករបស់គេ បានទទួលចាលចាញ់ ហើយគេព្រមទទួលទោសនៃអំពើទុច្ចរិតរបស់គេ ៤២ នោះអញនឹងនឹកចាំពីសេចក្តីសញ្ញា ដែលអញបានតាំងនឹងយ៉ាកុប និងសេចក្តីសញ្ញាដែលអញបានតាំងនឹងអ៊ីសាក ហើយនឹងសេចក្តីសញ្ញាដែលអញបានតាំងនឹងអ័ប្រាហាំ អញក៏នឹងនឹកចាំពីស្រុកនោះដែរ ៤៣ ឯស្រុកនោះនឹងត្រូវគេចោលទទេ ហើយនឹងបានអរចំពោះឆ្នាំឈប់សំរាក កំពុងដែលនៅស្ងាត់ ឥតមានគេនៅៗឡើយ ហើយគេនឹងព្រមទទួលទោសនៃអំពើទុច្ចរិតរបស់ខ្លួន គឺពីព្រោះគេបានមើលងាយដល់សេចក្តីបញ្ញត្តរបស់អញ ហើយចិត្តគេបានខ្ពើមដល់អស់ទាំងច្បាប់អញដែរ ៤៤ ប៉ុន្តែ ទោះបើការនោះយ៉ាងដូច្នោះក៏ដោយ គង់តែអញមិនបោះបង់ចោលគេ ក្នុងកាលដែលគេនៅស្រុករបស់ខ្មាំងសត្រូវនោះឡើយ ក៏មិនខ្ពើមគេដល់ទៅបំផ្លាញចេញអស់រលីង ឬផ្តាច់សេចក្តីសញ្ញា ដែលអញបានតាំងនឹងគេនោះដែរ ដ្បិតអញនេះ គឺយេហូវ៉ា ជាព្រះនៃគេ ៤៥ តែដោយយល់ដល់គេ នោះអញនឹងនឹកចាំពីសេចក្តីសញ្ញារបស់ពួកឰយុកោ ដែលអញបាននាំចេញពីស្រុកអេស៊ីព្ទមក នៅចំពោះភ្នែកនៃពួកសាសន៍ដទៃ ដើម្បីឲ្យបានធ្វើជាព្រះនៃគេ អញនេះជាព្រះយេហូវ៉ា។
៤៦ នេះហើយជាច្បាប់ ក្រឹត្យក្រម និងបញ្ញត្តទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាទ្រង់បានតាំង នឹងពួកកូនចៅអ៊ីស្រាអែល ត្រង់ភ្នំស៊ីណាយ ដោយសារម៉ូសេ។