២៧
អំពី​បំណន់ និង​ដង្វាយ​មួយ​ភាគ​ដប់
១ ព្រះយេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ២ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា កាល​ណា​មនុស្ស​ណា​បន់​បំណន់ បើ​របស់​ដែល​សន្យា​ថ្វាយ​ជា​មនុស្ស នោះ​ត្រូវ​ជា​របស់​ផង​ព្រះយេហូវ៉ា​តាម​ដែល​ឯង​គិត​ថ្លៃ ៣ ឯ​មនុស្ស​ប្រុស​ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​រហូត​ដល់​៦០​ឆ្នាំ នោះ​ត្រូវ​គិត​ថ្លៃ​ជា​ប្រាក់​៥០​រៀល តាម​ប្រាក់​រៀល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ៤ បើ​ជា​ស្រី​វិញ ត្រូវ​គិត​ថ្លៃ​៣០​រៀល ៥ បើ​មនុស្ស​នោះ​មាន​អាយុ​ចាប់​តាំង​ពី​៥​ឆ្នាំ​រហូត​ដល់​២០​ឆ្នាំ នោះ​ខាង​ឯ​ប្រុស​ត្រូវ​គិត​ថ្លៃ​ជា​២០​រៀល ស្រី​១០​រៀល ៦ បើ​មាន​អាយុ​ចាប់​តាំង​ពី​១​ខែ​រហូត​ដល់​៥​ឆ្នាំ នោះ​ខាង​ឯ​ប្រុស​ត្រូវ​គិត​ថ្លៃ​ជា​ប្រាក់​៥​រៀល ស្រី​៣​រៀល ៧ បើ​មាន​អាយុ​៦០​ឆ្នាំ​ឡើង​ទៅ​លើ នោះ​ខាង​ឯ​ប្រុស ត្រូវ​គិត​ថ្លៃ​ជា​១៥​រៀល ស្រី​១០​រៀល ៨ តែ​បើ​អ្នក​នោះ​ក្រ​ពេក គ្មាន​ល្មម​នឹង​សង​តាម​ដំឡៃ​ដែល​ឯង​គិត នោះ​ត្រូវ​នាំ​មក​នៅ​ចំពោះ​មុខ​សង្ឃ ហើយ​ត្រូវ​ឲ្យ​សង្ឃ​គិត​ថ្លៃ តាម​កំឡាំង​របស់​អ្នក​ដែល​ជាប់​បំណន់​នោះ​វិញ។
៩ បើ​ជា​សត្វ​វិញ គឺ​ជា​សត្វ​ដែល​គេ​តែង​ថ្វាយ​ជា​ដង្វាយ​ដល់​ព្រះយេហូវ៉ា នោះ​គ្រប់​ទាំង​ដង្វាយ​យ៉ាង​នោះ​ដែល​អ្នក​ណា​ថ្វាយ ត្រូវ​ញែក​ទុក​ជា​បរិសុទ្ធ​សំរាប់​ព្រះយេហូវ៉ា ១០ និង​ផ្លាស់​ប្តូរ​សត្វ​ល្អ​នឹង​សត្វ​អាក្រក់ ឬ​អាក្រក់​នឹង​ល្អ​មិន​បាន​ឡើយ ឬ​បើ​សិន​ជា​គេ​ចង់​ប្តូរ​សត្វ​នឹង​សត្វ​យ៉ាង​ណា នោះ​ទាំង​សត្វ​ដើម និង​សត្វ​ដែល​យក​មក​ប្តូរ ក៏​ត្រូវ​បាន​ញែក​ទុក​ជា​បរិសុទ្ធ​ទាំង​២​រូប ១១ បើ​ជា​សត្វ​ណា​មិន​ស្អាត ដែល​មិន​ត្រូវ​ថ្វាយ​ដល់​ព្រះយេហូវ៉ា​ឡើយ នោះ​ត្រូវ​នាំ​មក​នៅ​ចំពោះ​មុខ​សង្ឃ ១២ ត្រូវ​ឲ្យ​សង្ឃ​គិត​តាម​ដំឡៃ​ដែល​សត្វ​នោះ​ល្អ ឬ​អាក្រក់ ហើយ​ដំឡៃ​ណា​ដែល​គិត​នោះ នឹង​ត្រូវ​បាន​ដូច​ជា​លោក​ដ៏​ជា​សង្ឃ​គិត​ឲ្យ​ពិត ១៣ តែ​បើ​គេ​ចង់​លោះ​ចេញ​វិញ នោះ​ត្រូវ​ឲ្យ​ថែម​១​ភាគ​ក្នុង​៥ លើ​ដំឡៃ​ដែល​ឯង​បាន​គិត​នោះ​ទៀត។
១៤ បើ​មនុស្ស​ណា​ចង់​ញែក​ផ្ទះ​ខ្លួន ទុក​ជា​បរិសុទ្ធ​សំរាប់​ព្រះយេហូវ៉ា នោះ​ត្រូវ​ឲ្យ​សង្ឃ​គិត​តាម​ដំឡៃ​ផ្ទះ​នោះ​ដែល​ល្អ​ឬ​អាក្រក់ ហើយ​ដំឡៃ​ណា​ដែល​គិត​នោះ នឹង​ត្រូវ​បាន​ដូច​ជា​សង្ឃ​គិត​ឲ្យ​ពិត ១៥ តែ​បើ​អ្នក​ដែល​បាន​ថ្វាយ​ផ្ទះ​ចង់​លោះ​មក​វិញ នោះ​ត្រូវ​ឲ្យ​ថែម​ជា​ប្រាក់​១​ភាគ​ក្នុង​៥​លើស​ពី​ថ្លៃ​ដែល​បាន​គិត​ហើយ រួច​ផ្ទះ​នោះ​នឹង​បាន​ជា​របស់​ផង​អ្នក​នោះ​វិញ។
១៦ បើ​មនុស្ស​ណា​ចង់​ញែក​ស្រែ ជា​កេរ​របស់​ខ្លួន​១​ចំណែក​ទុក​ជា​បរិសុទ្ធ​សំរាប់​ព្រះយេហូវ៉ា នោះ​ត្រូវ​ឲ្យ​ឯង​គិត​តាម​ដំឡៃ​ដែល​សាបព្រោះ​បាន បើ​ព្រោះ​ស្រូវ​១០​ថាំង នោះ​ត្រូវ​គិត​ជា​ប្រាក់​៥០​រៀល ១៧ បើ​គេ​ថ្វាយ​ស្រែ​របស់​គេ​ចាប់​តាំង​ពី​ឆ្នាំ​សោមនស្ស​មក នោះ​ត្រូវ​តែ​មាន​ដំឡៃ​ដូច​ជា​ឯង​គិត​នោះ​ជា​រហូត​ទៅ ១៨ តែ​បើ​គេ​ថ្វាយ​ស្រែ​គេ​រំលង​ប៉ុន្មាន​ក្រោយ​ពី​ឆ្នាំ​សោមនស្ស​មក នោះ​ត្រូវ​ឲ្យ​សង្ឃ​បន្ថយ​ដំឡៃ​ដែល​បាន​គិត​ហើយ តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់​រហូត​ដល់​ឆ្នាំ​សោមនស្ស​១​ទៀត ១៩ តែ​បើ​អ្នក​ដែល​បាន​ថ្វាយ​ស្រែ ចង់​លោះ​មក​វិញ នោះ​ត្រូវ​ថែម​១​ភាគ​ក្នុង​៥​លើស​ពី​ដំឡៃ​ដែល​ឯង​បាន​គិត​នោះ រួច​ស្រែ​នោះ​នឹង​បាន​ជា​របស់​ផង​អ្នក​នោះ​វិញ ២០ បើ​អ្នក​នោះ​មិន​លោះ​ទេ ហើយ​គេ​លក់​ទៅ​ឲ្យ​ម្នាក់​ទៀត នោះ​នឹង​លោះ​វិញ​ពុំ​បាន​ឡើយ ២១ គឺ​កាល​ណា​ដល់​ឆ្នាំ​សោមនស្ស ដែល​ស្រែ​នោះ​ត្រូវ​រួច​ចេញ នោះ​នឹង​បាន​ដាច់​ជា​បរិសុទ្ធ​សំរាប់​ព្រះយេហូវ៉ា ដូច​ជា​ស្រែ​ណា​ដែល​បាន​ថ្វាយ​ដល់​ព្រះ​ហើយ​ដែរ ពួក​សង្ឃ​ត្រូវ​បាន​ស្រែ​នោះ​ទុក​ជា​កេរអាករ​វិញ ២២ បើ​គេ​ញែក​ស្រែ​ណា​ដែល​គេ​បាន​ទិញ ដែល​មិន​មែន​ជា​កេរអាករ​ខ្លួន ទុក​ជា​បរិសុទ្ធ​សំរាប់​ព្រះយេហូវ៉ា ២៣ នោះ​ត្រូវ​ឲ្យ​សង្ឃ​គិត​ថ្លៃ​ឲ្យ​អ្នក​នោះ តាម​ដំឡៃ​ដែល​បាន​គិត រហូត​ដល់​ឆ្នាំ​សោមនស្ស រួច​នៅ​ថ្ងៃ​នោះ គេ​ត្រូវ​ចេញ​ថ្លៃ​ដែល​បាន​គិត​នោះ ទុក​ជា​របស់​បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា ២៤ លុះ​ដល់​ឆ្នាំ​សោមនស្ស ស្រែ​នោះ​នឹង​ត្រឡប់​បាន​ទៅ​ម្ចាស់​ដើម​វិញ គឺ​បាន​ទៅ​អ្នក​ដែល​មាន​ស្រែ​នោះ​ជា​កេរអាករ​ពី​ដើម ២៥ ឯ​ដំឡៃ​ទាំង​ប៉ុន្មាន​ដែល​បាន​គិត​សំរេច នោះ​ត្រូវ​គិត​តាម​ប្រាក់​រៀល​ប្រើ​ក្នុង​ទី​បរិសុទ្ធ គឺ​១​រៀល​ត្រូវ​ជា​១០​កាក់។
២៦ ឯ​កូន​ច្បង​ដែល​កើត​ក្នុង​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន គឺ​ជា​ផល​ដំបូង​ថ្វាយ​ព្រះយេហូវ៉ា​ស្រាប់ ហើយ​គ្មាន​អ្នក​ណា​នឹង​ញែក​ទុក​ជា​បរិសុទ្ធ សំរាប់​ព្រះយេហូវ៉ា​បាន​ឡើយ ទោះ​បើ​ជា​គោ ឬ​ចៀម​ក្តី ដ្បិត​សត្វ​នោះ​ជា​របស់​ផង​ព្រះយេហូវ៉ា​ហើយ ២៧ បើ​ជា​កូន​របស់​សត្វ​ដែល​មិន​ស្អាត នោះ​ត្រូវ​ឲ្យ​គេ​លោះ តាម​ដំឡៃ​ដែល​ឯង​គិត​សំរេច ហើយ​ត្រូវ​ថែម​១​ភាគ​ក្នុង​៥​លើស​ទៅ​ទៀត ឬ​បើ​គេ​មិន​លោះ​ទេ នោះ​ត្រូវ​ឲ្យ​លក់​ទៅ​តាម​ដំឡៃ​ដែល​ឯង​គិត​នោះ។
២៨ ប៉ុន្តែ​ឯ​របស់​ដែល​បាន​ថ្វាយ​ដាច់​ទៅ​ហើយ គឺ​ដែល​អ្នក​ណា​ថ្វាយ​ដាច់​ដល់​ព្រះយេហូវ៉ា ពី​របស់​ទ្រព្យ​ខ្លួន​ទាំង​ប៉ុន្មាន ទោះ​ជា​មនុស្ស ឬ​សត្វ ឬ​ស្រែ​ចំការ​ដែល​ជា​កេរអាករ​ខ្លួន​ក្តី នោះ​នឹង​លក់ ឬ​លោះ​វិញ មិន​បាន​ឡើយ គ្រប់​ទាំង​របស់​អ្វី​ដែល​ថ្វាយ​ដាច់​ហើយ នោះ​ត្រូវ​ទុក​ជា​បរិសុទ្ធ​បំផុត​សំរាប់​ព្រះយេហូវ៉ា ២៩ ឯ​អ្នក​ណា​ក្នុង​ពួក​មនុស្ស​ដែល​បាន​ថ្វាយ​ដាច់​ហើយ នោះ​នឹង​លោះ​ចេញ​វិញ​មិន​បាន​ឡើយ គឺ​ត្រូវ​នៅ​រហូត​ដល់​ស្លាប់។
៣០ ហើយ​ផល​ពី​ដី​១​ភាគ​ក្នុង​១០ ទោះ​បើ​ជា​ផល​ដែល​កើត​ពី​ដី ឬ​ជា​ផ្លែ​ឈើ នោះ​ជា​របស់​ផង​ព្រះយេហូវ៉ា ហើយ​ត្រូវ​តែ​បាន​ទុក​ជា​បរិសុទ្ធ​សំរាប់​ទ្រង់ ៣១ បើ​អ្នក​ណា​ចង់​លោះ​អ្វី​ពី​១​ភាគ​ក្នុង​១០​ដែល​ខ្លួន​ថ្វាយ នោះ​ត្រូវ​ឲ្យ​ថែម​១​ភាគ​ក្នុង​៥​លើស​ទៅ​ទៀត ៣២ ឯ​ហ្វូង​សត្វ​ធំ ឬ​តូច​១​ភាគ​ក្នុង​១០ គឺ​សត្វ​ណា​ក៏​ដោយ​ដែល​ចូល​ទៅ​ក្រោម​ដំបង នោះ​ត្រូវ​ជា​ដង្វាយ​១​ភាគ​ក្នុង​១០​ទុក​ជា​បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា ៣៣ មិន​ត្រូវ​ឲ្យ​ពិនិត្យ​មើល​ពី​សត្វ​នោះ​ល្អ ឬ​អាក្រក់​ទេ ក៏​មិន​ត្រូវ​ផ្លាស់​ប្តូរ​ដែរ តែ​បើ​ចង់​ប្តូរ​វិញ នោះ​ទាំង​សត្វ​ដើម នឹង​សត្វ​ដែល​យក​មក​ប្តូរ ត្រូវ​បាន​បរិសុទ្ធ​ដូច​គ្នា សត្វ​ទាំង​នោះ​នឹង​លោះ​វិញ​ពុំ​បាន​ឡើយ។
៣៤ នេះ​ហើយ​ជា​ក្រឹត្យវិន័យ​ទាំង​ប៉ុន្មាន ដែល​ព្រះយេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ ត្រង់​ភ្នំ​ស៊ីណាយ សំរាប់​ពួក​កូន​ចៅ​អ៊ីស្រាអែល។:៚