១១
ព្រះយេស៊ូវ​យាង​ចូល​ក្រុង​យេរូសាឡិម
(មថ​២១.១-១១ លក​១៩.២៨-៤០ យហ​១២.១២-១៩)
១ កាល​មក​ជិត​ដល់​ក្រុង​យេរូសាឡិម ដល់​ភូមិ​បេតផាសេ និង​បេថានី ទន្ទឹម​នឹង​ភ្នំ​ដើម​អូលីវ​ហើយ នោះ​ទ្រង់​ចាត់​សិស្ស​២​នាក់​ឲ្យ​ទៅ ២ ដោយ​ព្រះបន្ទូល​ថា ចូរ​ទៅ​ឯ​ភូមិ​ខាង​មុខ​នុ៎ះ កាល​ណា​ចូល​ទៅ​ដល់ នោះ​នឹង​ឃើញ​កូន​លា​គេ​បាន​ចង​ទុក ដែល​ឥត​មាន​អ្នក​ណា​ទាន់​ជិះ​នៅ​ឡើយ ចូរ​ស្រាយ​ដឹកនាំ​វា​មក ៣ បើ​អ្នក​ណា​សួរ​ថា ស្រាយ​វា​ធ្វើ​អ្វី នោះ​ត្រូវ​ឆ្លើយ​ថា ព្រះអម្ចាស់​ទ្រង់​ត្រូវ​ការ​នឹង​វា រួច​គេ​នឹង​ឲ្យ​វា​មក​ហើយ ៤ អ្នក​ទាំង​២​ក៏​ទៅ ឃើញ​កូន​លា​គេ​ចង​ទុក​នៅ​មាត់​ទ្វារ ត្រង់​កន្លែង​ផ្លូវ​ប្រសព្វ រួច​ក៏​ស្រាយ​វា ៥ ឯ​ពួក​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ​គេ​សួរ​ថា អ្នក​ស្រាយ​កូន​លា​ធ្វើ​អី ៦ អ្នក​ទាំង​នោះ​ឆ្លើយ​ប្រាប់ ដូច​ជា​ព្រះយេស៊ូវ​ទ្រង់​បង្គាប់ រួច​គេ​ក៏​បើក​ឲ្យ ៧ អ្នក​ទាំង​២​ដឹកនាំ​កូន​លា​មក​ឯ​ព្រះយេស៊ូវ រួច​ក្រាល​អាវ​លើ​វា ហើយ​ទ្រង់​ឡើង​គង់ ៨ មាន​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ក្រាល​អាវ​ខ្លួន​នៅ​ផ្លូវ ហើយ​ខ្លះ​ទៀត​កាច់​មែក​ឈើ យក​មក​រាយ​តាម​ផ្លូវ​ដែរ ៩ ឯ​ពួក​អ្នក​ដែល​ដើរ​ហែ​មុខ​ក្រោយ គេ​ស្រែក​ឡើង​ថា ហូសាណា ព្រះអង្គ​ដែល​យាង​មក ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះពរ ១០ រាជ្យ​នៃ​ហ្លួង​ដាវីឌ ជា​ឰយុកោ​យើង​រាល់​គ្នា ដែល​មក​ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់ ក៏​ប្រកប​ដោយ​ព្រះពរ​ដែរ ហូសាណា នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ១១ នោះ​ព្រះយេស៊ូវ ទ្រង់​យាង​ចូល​ទៅ​ក្នុង​ក្រុង​យេរូសាឡិម ក៏​ទៅ​ក្នុង​ព្រះវិហារ កាល​ទ្រង់​ទត​ជុំវិញ​មើល​សព្វ​គ្រប់​ទាំង​អស់​ហើយ នោះ​ក៏​យាង​ទៅ​ឯ​បេថានី ព្រម​ទាំង​ពួក​១២​ផង ដ្បិត​ថ្ងៃ​កាន់​តែ​ទាប​ណាស់​ហើយ។
ដើម​ល្វា​ត្រូវ​បណ្តាសា
(ម៉ាថាយ ២១.១៨-១៩)
១២ ថ្ងៃ​ស្អែក​ឡើង កាល​បាន​ចេញ​ពី​បេថានី​មក នោះ​ទ្រង់​ក៏​ឃ្លាន ១៣ ទ្រង់​ទត​ឃើញ​ដើម​ល្វា​១​ពី​ចំងាយ ដែល​មាន​សន្លឹក រួច​ទ្រង់​យាង​ទៅ​មើល ក្រែង​រក​បាន​ផ្លែ​ខ្លះ តែ​កាល​ទៅ​ដល់ នោះ​ឃើញ​មាន​តែ​ស្លឹក​ទទេ ព្រោះ​មិន​ទាន់​ដល់​រដូវ​នៅ​ឡើយ ១៤ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ដើម​នោះ​ថា កុំ​ឲ្យ​អ្នក​ណា​ស៊ី​ផ្លែ​ឯង​ទៀត​ជា​រៀង​រាប​ដរាប​ទៅ ពួក​សិស្ស​ទ្រង់​ក៏​ឮ។
១៥ ព្រះយេស៊ូវ ទ្រង់​យាង​ទៅ​ដល់​ក្រុង​យេរូសាឡិម កាល​បាន​ចូល​ទៅ​ក្នុង​ព្រះវិហារ​ហើយ នោះ​ក៏​តាំង​ដេញ​ពួក​អស់​អ្នក​ដែល​លក់​ដូរ​ក្នុង​ព្រះវិហារ​ចេញ ទ្រង់​ផ្កាប់​តុ​របស់​ពួក​អ្នក​ដែល​ដូរ​ប្រាក់ និង​ជើងម៉ា​នៃ​ពួក​អ្នក​លក់​ព្រាប ១៦ ក៏​មិន​ព្រម​ឲ្យ​អ្នក​ណា​លីសែង​អ្វី ដើរ​កាត់​ព្រះវិហារ​ឡើយ ១៧ ទ្រង់​បង្រៀន​គេ​ថា តើ​គ្មាន​សេចក្តី​ចែង​ទុក​មក​ទេ​ឬ​អី​ថា «ដំណាក់​អញ​ត្រូវ​ហៅ​ជា​ទី​អធិស្ឋាន សំរាប់​គ្រប់​អស់​ទាំង​សាសន៍» ប៉ុន្តែ​អ្នក​រាល់​គ្នា​បាន​យក ធ្វើ​ជា​រោង​ចោរវិញ ១៨ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​ក៏​ឮ ហើយ​គេ​រក​ឱកាស​ធ្វើ​យ៉ាង​ណា​នឹង​បំផ្លាញ​ទ្រង់​ចេញ ដ្បិត​គេ​ខ្លាច​ទ្រង់ ដោយ​ព្រោះ​បណ្តា​មនុស្ស​ទាំង​អស់​គ្នា មាន​សេចក្តី​អស្ចារ្យ​ក្នុង​ចិត្ត​ចំពោះ​សេចក្តី​ដែល​ទ្រង់​បង្រៀន ១៩ ដល់​ល្ងាច ទ្រង់​យាង​ចេញ​ពី​ទី​ក្រុង​ទៅ។
ដើម​ល្វា​ងាប់
(ម៉ាថាយ ២១.២០-២២)
២០ លុះ​ព្រឹក​ឡើង កំពុង​ដែល​ដើរ​តាម​ផ្លូវ​ទៅ នោះ​ពួក​សិស្ស​ឃើញ​ដើម​ល្វា​នោះ​ស្វិត​ក្រៀម តាំង​តែ​ពី​ឫស​ឡើង ២១ ពេត្រុស​ក៏​នឹក​ឃើញ ហើយ​ទូល​ទ្រង់​ថា លោក​គ្រូ មើល​ដើម​ល្វា​ដែល​លោក​ដាក់​បណ្តាសា នោះ​ក្រៀម​ស្វិត​ទៅ​ហើយ ២២ ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ថា ចូរ​មាន​សេចក្តី​ជំនឿ​ដល់​ព្រះ​ចុះ ២៣ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​ណា​និយាយ​ទៅ​ភ្នំ​នេះ​ថា ចូរ​រើ​ចេញ​ពី​ទី​នេះ​ទៅ​ធ្លាក់​ក្នុង​សមុទ្រ​ចុះ ដោយ​ឥត​សង្ស័យ​ក្នុង​ចិត្ត គឺ​ជឿជាក់​ថា​សេចក្តី​អ្វី​ដែល​ខ្លួន​ថា នឹង​បាន​កើត​មក​ពិត នោះ​នឹង​បាន​ដូច​ប្រាថ្នា​គ្រប់​ជំពូក​ទាំង​អស់ ២៤ ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គ្រប់​ទាំង​សេចក្តី​ដែល​អ្នក​រាល់​គ្នា​អធិស្ឋាន​សូម ចូរ​ជឿ​ថា បាន​ហើយ នោះ​នឹង​បាន​មែន ២៥ ហើយ​កាល​ណា​អ្នក​ឈរ​អធិស្ឋាន បើ​អ្នក​មាន​ហេតុ​អ្វី​នឹង​អ្នក​ណា នោះ​ត្រូវ​អត់​ទោស​ឲ្យ​គេ​សិន ដើម្បី​ឲ្យ​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថានសួគ៌ បាន​អត់​ទោស​គ្រប់​ទាំង​សេចក្តី​កំហុស​របស់​អ្នក​រាល់​គ្នា​ដែរ ២៦ តែ​បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ទេ នោះ​ព្រះវរបិតា​នៃ​អ្នក​ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ក៏​មិន​អត់​ទោស​សេចក្តី​កំហុស​របស់​អ្នក​រាល់​គ្នា​ដែរ។
អំណាច​របស់​ព្រះយេស៊ូវ
(ម៉ាថាយ ២១.២៣-២៧, លូកា ២០.១-៨)
២៧ នោះ​ក៏​មក​ដល់​ក្រុង​យេរូសាឡិម​ម្តង​ទៀត រួច​កាល​ទ្រង់​កំពុង​តែ​យាង​ក្នុង​ព្រះវិហារ នោះ​ពួក​សង្គ្រាជ ពួក​អាចារ្យ និង​ពួក​ចាស់ទុំ គេ​មក​ឯ​ទ្រង់ ២៨ ហើយ​ទូល​សួរ​ថា អ្នក​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី តើ​អ្នក​ណា​បាន​បើក​អំណាច​នេះ​ឲ្យ​អ្នក​ធ្វើ ២៩ តែ​ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ខ្ញុំ​នឹង​សួរ​អ្នក​រាល់​គ្នា​ពី​សេចក្តី​១​ដែរ ចូរ​ឆ្លើយ​ប្រាប់​ខ្ញុំ​សិន នោះ​ខ្ញុំ​នឹង​ប្រាប់​ឲ្យ​អ្នក​ស្គាល់​អំណាច​ដែល​ខ្ញុំ​អាង​នឹង​ធ្វើ​ការ​ទាំង​នេះ​ដែរ ៣០ ឯ​បុណ្យ​ជ្រមុជ​របស់​យ៉ូហាន តើ​មក​ពី​ស្ថានសួគ៌ ឬ​ពី​មនុស្ស ចូរ​ឆ្លើយ​ប្រាប់​មក ៣១ នោះ​គេ​រិះគិត​គ្នា​ថា បើ​យើង​ថា មក​ពី​ស្ថានសួគ៌ នោះ​វា​នឹង​សួរ​យើង​ថា ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​គាត់ ៣២ តែ​បើ​យើង​ឆ្លើយ​ថា មក​ពី​មនុស្ស នោះ​ខ្លាច​ពួក​បណ្តាជន ដ្បិត​មនុស្ស​ទាំង​អស់​រាប់​យ៉ូហាន​នេះ​ទុក​ជា​ហោរា​មែន ៣៣ គេ​ក៏​ទូល​ឆ្លើយ​ថា យើង​មិន​ដឹង​ទេ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ដូច្នេះ ខ្ញុំ​ក៏​មិន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ពី​អំណាច​អ្វី​ដែល​ខ្ញុំ​អាង​នឹង​ធ្វើ​ការ​ទាំង​នេះ​ដែរ។