១២
ប្រស្នា​អំពី​អ្នក​ថែ​រក្សា​ចំការ​ទំពាំងបាយជូរ
(ម៉ាថាយ ២១.៣៣-៤៦ លូកា ២០.៩-១៩)
១ ទ្រង់​ក៏​ចាប់​តាំង​មាន​ព្រះបន្ទូល​ទៅ​គេ ជា​ពាក្យ​ប្រៀប​ប្រដូច​ថា មាន​មនុស្ស​ម្នាក់​ដែល​ដាំ​ចំការ​ទំពាំងបាយជូរ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំវិញ ព្រម​ទាំង​ជីក​ទី​ជាន់​ផ្លែ និង​សង់​ប៉ម ហើយ​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចំការ រួច​ចេញ​ពី​ស្រុក​នោះ​ទៅ ២ ដល់​រដូវ​ហើយ គាត់​ចាត់​បាវ​ម្នាក់​ទៅ​ឯ​ពួក​អ្នក​ធ្វើ​ចំការ ដើម្បី​នឹង​ទទួល​ផល​ខ្លះ​ពី​ពួក​អ្នក​ទាំង​នោះ ៣ តែ​គេ​ចាប់​បាវ​នោះ​វាយ ហើយ​ឲ្យ​ត្រឡប់​ទៅ​វិញ​ទទេ ៤ គាត់​ចាត់​បាវ​១​ទៀត​ឲ្យ​ទៅ​ឯ​គេ តែ​គេ​ចោល​បាវ​នោះ​នឹង​ថ្ម ទាំង​វាយ​ក្បាល ហើយ​បណ្តេញ​ឲ្យ​ទៅ​វិញ ទាំង​ជេរ​ប្រមាថ​ផង ៥ គាត់​ក៏​ចាត់​ម្នាក់​ទៀត តែ​គេ​សំឡាប់​អ្នក​នោះ​បង់ ក៏​បាន​ចាត់​ជា​ច្រើន​នាក់​ទៅ​ទៀត ខ្លះ​ត្រូវ​គេ​វាយ ខ្លះ​ត្រូវ​គេ​សំឡាប់​ចោល ៦ គាត់​នៅ​មាន​កូន​សំឡាញ់​តែ​១ ក៏​ចាត់​កូន​នោះ​ឲ្យ​ទៅ​ឯ​គេ​ក្រោយ​បង្អស់ ដោយ​គិត​ថា គេ​នឹង​កោតខ្លាច​ដល់​កូន​អញ ៧ តែ​ពួក​អ្នក​ធ្វើ​ចំការ​នោះ គេ​និយាយ​គ្នា​ថា នេះ​ជា​កូន​គ្រង​មរដក ចូរ​យើង​សំឡាប់​វា​ចេញ នោះ​មរដក​នេះ​នឹង​បាន​មក​លើ​យើង​រាល់​គ្នា​វិញ ៨ រួច​គេ​ចាប់​កូន​គាត់ សំឡាប់​បោះ​ចោល​ទៅ​ក្រៅ​ចំការ​ទៅ ៩ ដូច្នេះ តើ​ម្ចាស់​ចំការ​នឹង​ធ្វើ​ដូច​ម្តេច គឺ​គាត់​នឹង​មក​បំផ្លាញ​ពួក​អ្នក​ធ្វើ​ចំការ​នោះ រួច​ប្រវាស់​ទៅ​ឲ្យ​អ្នក​ឯ​ទៀត​វិញ ១០ តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​បទ​គម្ពីរ​នេះ​ផង​ទេ​ឬ​អី ដែល​ថា «ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ នោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ១១ ការ​នោះ គឺ​ព្រះអម្ចាស់​ទ្រង់​បាន​ធ្វើ ហើយ​ជា​ការ​អស្ចារ្យ​នៅ​ភ្នែក​យើង​ខ្ញុំ» ១២ គេ​ក៏​រក​ឱកាស​ចាប់​ទ្រង់ ព្រោះ​ដឹង​ថា ទ្រង់​មាន​ព្រះបន្ទូល​ពាក្យ​ប្រៀប​នោះ​ដាក់​គេ ប៉ុន្តែ​គេ​ខ្លាច​ហ្វូង​មនុស្ស រួច​គេ​ដើរ​ចោល​ទ្រង់​បាត់​ទៅ។
អំពី​ពន្ធដារ
(ម៉ាថាយ​២២.១៥-២២ លូកា​២០.២០-២៦)
១៣ គេ​បាន​ចាត់​ពួក​ផារិស៊ី​ខ្លះ និង​ពួក​ហេរ៉ូឌ​ខ្លះ ទៅ​ឯ​ព្រះយេស៊ូវ ដើម្បី​នឹង​ចាប់​ព្រះបន្ទូល ១៤ អ្នក​ទាំង​នោះ​ក៏​មក​ឯ​ទ្រង់​ទូល​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ពិត​ត្រង់ ហើយ​ថា លោក​មិន​អំពល់​ដល់​អ្នក​ណា​សោះ ពី​ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​លោក​ទេ លោក​បង្រៀន​តែ​ពី​ផ្លូវ​ព្រះ តាម​សេចក្តី​ពិត​ប៉ុណ្ណោះ ដូច្នេះ តើ​មាន​ច្បាប់​នឹង​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ ១៥ តើ​ត្រូវ​បង់ ឬ​មិន​ត្រូវ​បង់ ប៉ុន្តែ​ទ្រង់​ស្គាល់​ពុត​មាយា​របស់​គេ ក៏​មាន​ព្រះបន្ទូល​ថា ហេតុ​អ្វី​បាន​ជា​ល្បង​ល​ខ្ញុំ ចូរ​យក​ប្រាក់​កាក់​ធំ​មក​ឲ្យ​ខ្ញុំ​មើល ១៦ គេ​ក៏​យក​មក រួច​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា រូប​នេះ និង​ឈ្មោះ​នេះ តើ​ជា​របស់​អ្នក​ណា គេ​ឆ្លើយ​ថា របស់​សេសារ ១៧ នោះ​ទ្រង់​តប​ទៅ​វិញ​ថា ចូរ​ថ្វាយ​របស់​សេសារ​ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ​ទៅ​ព្រះ​វិញ គេ​ក៏​អស្ចារ្យ​នឹង​ទ្រង់។
អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ
(ម៉ាថាយ​២២.២៣-៣៣ លូកា​២០.២៧-៤០)
១៨ ឯ​ពួក​សាឌូស៊ី ដែល​ថា គ្មាន​សេចក្តី​រស់​ឡើង​វិញ គេ​ក៏​មក​ទូល​សួរ​ទ្រង់​ថា ១៩ លោក​គ្រូ លោក​ម៉ូសេ​បាន​ចែង​ទុក​ឲ្យ​យើង​ខ្ញុំ​ថា «បើ​បង​របស់​អ្នក​ណា​ស្លាប់​ចោល​ប្រពន្ធ​ឥត​មាន​កូន នោះ​ត្រូវ​ឲ្យ​ប្អូន​យក​ប្រពន្ធ​គាត់ ដើម្បី​នឹង​បង្កើត​ពូជ​ឲ្យ​បង​ខ្លួន» ២០ ឥឡូវ មាន​បង​ប្អូន​៧​នាក់ បង​ច្បង​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ឥត​មាន​កូន ២១ ប្អូន​បន្ទាប់​ក៏​យក​នាង​នោះ ហើយ​ស្លាប់​ទៅ ឥត​មាន​កូន​ដែរ អ្នក​ទី​៣​ក៏​ដូច​គ្នា ២២ អ្នក​ទាំង​៧​នោះ​បាន​យក​នាង តែ​គ្មាន​កូន​១​សោះ ក្រោយ​បង្អស់​មក នាង​នោះ​ក៏​ស្លាប់​ទៅ​ដែរ ២៣ ដូច្នេះ ដល់​គ្រា​ដែល​រស់​ឡើង​វិញ តើ​នាង​នោះ​ត្រូវ​បាន​ជា​ប្រពន្ធ​របស់​អ្នក​ណា​ក្នុង​បណ្តា​អ្នក​ទាំង​នោះ ពី​ព្រោះ​អ្នក​ទាំង​៧​បាន​យក​នាង​គ្រប់ៗ​គ្នា ២៤ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ទៅ​គេ​ថា ដូច្នេះ អ្នក​រាល់​គ្នា​ភាន់ច្រឡំ​ទេ​តើ ពី​ព្រោះ​មិន​ស្គាល់​គម្ពីរ ឬ​ព្រះចេស្តា​នៃ​ព្រះ ២៥ ដ្បិត​កាល​ណា​មនុស្ស​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​មិន​ដែល​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ទៀត​ទេ គេ​បាន​ដូច​ជា​ទេវតា​នៅ​ស្ថានសួគ៌​វិញ ២៦ ឯ​ដំណើរ​ដែល​មនុស្ស​ស្លាប់​រស់​ឡើង​វិញ នោះ​តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​រឿង​ពី​គុម្ព​បន្លា ដែល​មាន​នៅ​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ​ទេ​ឬ​អី   ដែល​ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​នឹង​លោក​ថា «អញ​ជា​ព្រះ​នៃ​អ័ប្រាហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប» ២៧ ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​នៃ​មនុស្ស​រស់​វិញ​ទេ​តើ អ្នក​រាល់​គ្នា​ភាន់ច្រឡំ​ខ្លាំង​ណាស់។
បញ្ញត្ត​សំខាន់​ជាង​គេ
(ម៉ាថាយ​២២.៣៤-៤០ លូកា​១០.២៥-២៦)
២៨ នោះ​មាន​អាចារ្យ​ម្នាក់​ចូល​មក​ឮ​ជជែក​គ្នា ក៏​យល់​ឃើញ​ថា ទ្រង់​បាន​ឆ្លើយ​ត្រូវ​ចំ រួច​គាត់​ទូល​សួរ​ទ្រង់​ថា ក្នុង​បញ្ញត្ត​ទាំង​ប៉ុន្មាន តើ​មាន​បទ​ណា​សំខាន់​ជាង​គេ​ទាំង​អស់ ២៩ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ឯ​បញ្ញត្ត​ដែល​សំខាន់​ជាង​គេ នោះ​គឺ​ថា «ចូរ​ស្តាប់​ចុះ អ៊ីស្រាអែល​អើយ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​ជា​ព្រះអម្ចាស់​តែ​១​ព្រះអង្គ​ទ្រង់ ៣០ ហើយ​ឯង​ត្រូវ​ស្រឡាញ់ ដល់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​គំនិត ហើយ​អស់​អំពី​កំឡាំង​នៃ​ឯង» នោះ​ហើយ​ជា​បញ្ញត្ត​ទី​១ ៣១ ឯ​បញ្ញត្ត​ទី​២ ក៏​បែប​ដូច​គ្នា គឺ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង» គ្មាន​បញ្ញត្ត​ណា​ទៀត​ធំ​ជាង​បទ​ទាំង​២​នេះ​ទេ ៣២ អាចារ្យ​នោះ​ក៏​ទូល​ទ្រង់​ថា មែន​ហើយ លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់​ថា មាន​ព្រះ​តែ​១ ហើយ​ក្រៅ​ពី​ទ្រង់ គ្មាន​ព្រះ​ណា​ទៀត​សោះ ៣៣ ហើយ​ដែល​ស្រឡាញ់​ទ្រង់​អស់​ពី​ចិត្ត អស់​ពី​បា្រជ្ញា អស់​ពី​ព្រលឹង និង​អស់​ពី​កំឡាំង ហើយ​ដែល​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង នោះ​វិសេស​លើស​ជាង​អស់​ទាំង​ដង្វាយ​ដុត និង​យញ្ញបូជា​ទាំង​ប៉ុន្មាន​ទៅ​ទៀត ៣៤ កាល​ព្រះយេស៊ូវ​បាន​ឃើញ​ថា គាត់​ឆ្លើយ​ដោយ​បា្រជ្ញា នោះ​ក៏​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា អ្នក​មិន​ឆ្ងាយ​ពី​នរគ​ព្រះ​ទេ រួច​គ្មាន​អ្នក​ណា​ហ៊ាន​ទូល​សួរ​ទ្រង់​ទៀត​ឡើយ។
ព្រះគ្រីស្ទ​ជា​ព្រះអម្ចាស់​លើ​ស្តេច​ដាវីឌ
(ម៉ាថាយ​២២.៤១-៤៦ លូកា​២០.៤១-៤៤)
៣៥ កំពុង​ដែល​ព្រះយេស៊ូវ​បង្រៀន​ក្នុង​ព្រះវិហារ នោះ​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ពួក​អាចារ្យ​ថា ព្រះគ្រីស្ទ​ជា​ព្រះវង្ស​ហ្លួង​ដាវីឌ ៣៦ ដ្បិត​ហ្លួង​ដាវីឌ​មាន​ព្រះបន្ទូល​ដោយ​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា «ព្រះអម្ចាស់ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ព្រះអម្ចាស់​ខ្ញុំ​ថា ចូរ​ឯង​អង្គុយ​ខាង​ស្តាំ​អញ ទាល់​តែ​អញ​ដាក់​ខ្មាំងសត្រូវ​ឯង ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង» ៣៧ ដូច្នេះ បើ​ហ្លួង​ដាវីឌ​នោះ​ឯង ទ្រង់​ហៅ​ព្រះគ្រីស្ទ​ជា​ព្រះអម្ចាស់ នោះ​ធ្វើ​ដូចមេ្តច​ឲ្យ​ព្រះគ្រីស្ទ​ធ្វើ​ជា​ព្រះវង្ស​ទ្រង់​បាន ឯ​ហ្វូង​មនុស្ស​ដ៏​ធំ​នោះ គេ​ក៏​ស្តាប់​ទ្រង់​ដោយ​អំណរ។
ព្រះយេស៊ូវ​ប្រាប់​បណ្តាជន​ឲ្យ​ប្រយ័ត្ន​នឹង​ពួក​អាចារ្យ
(ម៉ាថាយ ២៣.១-៣៦ លូកា ២០.៤៥-៤៧)
៣៨ កំពុង​ដែល​ទ្រង់​បង្រៀន នោះ​ក៏​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ចូរ​ប្រយ័ត្ន​នឹង​ពួក​អាចារ្យ ដែល​ចូល​ចិត្ត​ពាក់​អាវ​វែងៗ​ដើរ​ចុះ​ឡើង ហើយ​ឲ្យ​គេ​គំនាប់​ខ្លួន​នៅ​ទី​ផ្សារ ៣៩ និង​អង្គុយ​ទី​មុខ​គេ​នៅ​សាលា​ប្រជុំ ហើយ​នៅ​កន្លែង​លេខ​១​ក្នុង​ការ​ស៊ីលៀង ៤០ គេ​ឆ​ស៊ី​ផ្ទះ​ស្រ្តី​មេម៉ាយ ដោយ​សូត្រ​ធម៌​ឲ្យ​ច្រើន ដើម្បី​ដោះ​សា​ខ្លួន ពួក​អ្នក​ទាំង​នោះ​នឹង​ត្រូវ​ទោស​ធ្ងន់​ជាង​ទៅ​ទៀត។
តង្វាយ​របស់​ស្ត្រី​មេម៉ាយ
(លូកា ២១.១-៤)
៤១ គ្រា​នោះ ព្រះយេស៊ូវ​គង់​ទល់​មុខ​នឹង​ឃ្លាំង ក៏​ទត​មើល​ទៅ​ហ្វូង​មនុស្ស ដែល​គេ​ដាក់​ដង្វាយ​ក្នុង​ឃ្លាំង​ជា​យ៉ាង​ដូចមេ្តច មាន​អ្នក​មាន​ជា​ច្រើន គេ​ដាក់​ច្រើន ៤២ តែ​មាន​ស្រ្តី​មេម៉ាយ​ក្រ​ម្នាក់ មក​ដាក់​តែ​២​ស្លឹង ដែល​ត្រូវ​ជា​កន្លះ​សេន ៤៣ ទ្រង់​ហៅ​ពួក​សិស្ស​មក​មាន​ព្រះបន្ទូល​ថា ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ជា​បា្រកដ​ថា ស្ត្រី​មេម៉ាយ​ក្រ​នេះ​បាន​ថ្វាយ​លើស​ជាង​អ្នក​ទាំង​អស់ ដែល​ដាក់​ក្នុង​ឃ្លាំង ៤៤ ដ្បិត​គេ​សុទ្ធ​តែ​យក​ពី​របស់​ជា​សំណល់​ខ្លួន​មក​ថ្វាយ តែ​ស្រ្តី​នេះ បាន​យក​ពី​សេចក្តី​កំសត់​ខ្លួន​មក​ថ្វាយ​វិញ គឺ​ជា​របស់​ដែល​នាង​មាន​ទាំង​ប៉ុន្មាន​សំរាប់​ចិញ្ចឹម​ជីវិត​ខ្លួន​ផង។