អែសរ៉ា​អាន​ក្រឹត្យវិន័យ
១ លុះ​ដល់​ខែ​អស្សុជ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​គេ​នៅ​ក្នុង​ទី​ក្រុង​គេ​ទាំង​អស់ ហើយ​បណ្តាជន​ទាំងឡាយ​ក៏​មូល​គ្នា​មក នៅ​ទីធ្លា​ដែល​នៅ​មុខ​ទ្វារ​ទឹក ដោយ​មាន​ចិត្ត​តែ​មួយ ហើយ​គេ​សូម​ស្មៀន​អែសរ៉ា ឲ្យ​យក​គម្ពីរ​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ដែល​ព្រះយេហូវ៉ា​បាន​បង្គាប់​ដល់​ពួក​អ៊ីស្រាអែល​មក ២ រួច​នៅ​ថ្ងៃ​ដំបូង​ខែ​អស្សុជ នោះ​អែសរ៉ា​ដ៏​ជា​សង្ឃ លោក​យក​ក្រឹត្យវិន័យ​មក នៅ​ចំពោះ​មុខ​នៃ​ពួក​ជំនុំ​ទាំង​ប្រុស​ទាំង​ស្រី និង​អស់​អ្នក​ដែល​ល្មម​នឹង​ស្តាប់​បាន ៣ ហើយ​ចាប់​តាំង​ពី​ព្រលឹម ដរាប​ដល់​ថ្ងៃ​ត្រង់ នោះ​លោក​ក៏​អាន​មើល​ក្នុង​គម្ពីរ​នោះ នៅ​មុខ​គេ​ទាំង​អស់​គ្នា ត្រង់​ទីធ្លា​ដែល​នៅ​មុខ​ទ្វារ​ទឹក ឯ​បណ្តាជន​ទាំងឡាយ គេ​ក៏​ផ្ទៀង​ត្រចៀក​ស្តាប់ ក្នុង​គម្ពីរ​ក្រឹត្យវិន័យ​នោះ ៤ ស្មៀន​អែសរ៉ា លោក​ឈរ​លើ​ទី​ថ្កល់​ធ្វើ​ពី​ឈើ ដែល​គេ​បាន​ធ្វើ​សំរាប់​ការ​នោះ មាន​ម៉ាធិធា សេម៉ា អ័ណាយ៉ា អ៊ូរីយ៉ា ហ៊ីលគីយ៉ា និង​ម្អាសេយ៉ា ឈរ​នៅ​ខាង​ស្តាំ​លោក ហើយ​ពេដាយ៉ា មីសាអែល ម៉ាលគា ហាស៊ូម ហាសបាដាន៉ា សាការី និង​មស៊ូឡាម ក៏​ឈរ​នៅ​ខាង​ឆ្វេង​លោក ៥ អែសរ៉ា​ក៏​បើក​គម្ពីរ នៅ​មុខ​បណ្តាជន​ទាំងឡាយ ដ្បិត​លោក​នៅ​ខ្ពស់​ជាង​គេ​ទាំង​អស់ កាល​លោក​បាន​បើក​គម្ពីរ​ឡើង នោះ​ពួក​បណ្តាជន​ទាំងឡាយ​ក៏​ក្រោក​ឈរ ៦ រួច​អែសរ៉ា​លោក​ក៏​សូម​ឲ្យ​ព្រះយេហូវ៉ា ជា​ព្រះ​ដ៏​ធំ បាន​ប្រកប​ដោយ​ព្រះពរ ពួក​បណ្តាជន​ក៏​ទទួល​ថា អាម៉ែនៗ ដោយ​ប្រទូល​ដៃ​ឡើង រួច​ឱន​ក្បាល ហើយ​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី ថ្វាយបង្គំ​ដល់​ព្រះយេហូវ៉ា ៧ ឯ​យេសួរ បានី សេរេប៊ីយ៉ា យ៉ាមីន អ័កគូប សាបថាយ ហូឌា ម្អាសេយ៉ា កេលីថា អ័សារា យ៉ូសាបាឌ ហាណាន ពេឡាយ៉ា និង​ពួក​លេវី គេ​ពន្យល់​ក្រឹត្យវិន័យ​ដល់​ពួក​ជន កំពុង​ដែល​ពួក​ជន​ឈរ​នឹង នៅ​កន្លែង​របស់​គេ ៨ ពួក​អ្នក​ទាំង​នោះ​បាន​អាន​មើល ក្នុង​គម្ពីរ​ក្រឹត្យវិន័យ​របស់​ព្រះ ព្រម​ទាំង​ស្រាយ​ន័យ​សេចក្តី​ឲ្យ​គេ​បាន​យល់​បទ​ដែល​អាន​មើល​នោះ។
៩ ឯ​នេហេមា ដែល​ជា​ចៅហ្វាយ​ទី​ក្រុង និង​ស្មៀន​អែសរ៉ា ដ៏​ជា​សង្ឃ ព្រម​ទាំង​ពួក​លេវី​ដែល​បង្ហាត់​បង្រៀន​ដល់​ពួក​ជន គេ​ក៏​និយាយ​នឹង​ពួក​ជន​ទាំងឡាយ​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា កុំ​ឲ្យ​សុបសៅ ឬ​យំយែក​អ្វី​ឡើយ នេះ​ដ្បិត​ជន​ទាំងឡាយ​បាន​យំ ដោយ​ឮ​ពាក្យ​ក្នុង​ក្រឹត្យវិន័យ​នោះ ១០ លោក​ក៏​ប្រាប់​ដល់​គេ​ថា ចូរ​ទៅ​ចុះ ចូរ​បរិភោគ​របស់​ចំងាញ់ និង​គ្រឿង​បង្អែម​ទៅ ហើយ​ជូន​ខ្លះ​ដល់​អ្នក​ណា​ដែល​គ្មាន​អ្វី​រៀប​ឲ្យ​ផង ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ ដល់​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា ក៏​កុំ​ឲ្យ​មាន​ចិត្ត​ព្រួយ​ឡើយ ពី​ព្រោះ​សេចក្តី​អំណរ​របស់​ព្រះយេហូវ៉ា​ជា​កំឡាំង​នៃ​អ្នក​រាល់​គ្នា ១១ យ៉ាង​នោះ​ពួក​លេវី​បាន​លួងលោម ឲ្យ​បណ្តាជន​នៅ​ស្ងៀម ដោយ​ពាក្យ​ថា ចូរ​អ្នក​រាល់​គ្នា​ស្ងៀម​ទៅ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ កុំ​ឲ្យ​ព្រួយ​ចិត្ត​ឡើយ ១២ ដូច្នេះ ពួក​ជន​ក៏​នាំ​គ្នា​ទៅ​បរិភោគ​ភោជន៍ ព្រម​ទាំង​ជូន​ជំនូន​ដល់​គេ ហើយ​តាំង​ចិត្ត​អរ​សប្បាយ​ឡើង​ជា​ខ្លាំង ដោយ​ព្រោះ​បាន​យល់​ន័យ​សេចក្តី​ទាំង​ប៉ុន្មាន ដែល​បាន​ថ្លែង​ប្រាប់​ដល់​ខ្លួន។
ពិធី​ប្រារព្ធ​បុណ្យ​បារាំ
១៣ លុះ​ដល់​ថ្ងៃ​ទី​២ នោះ​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​ក្នុង​ពួក​ជន ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​លេវី ក៏​មូល​គ្នា​មក​ឯ​ស្មៀន​អែសរ៉ា ដើម្បី​ផ្ចង់​ចិត្ត​ស្តាប់​ពាក្យ​ក្នុង​ក្រឹត្យវិន័យ ១៤ ហើយ​គេ​ឃើញ​មាន​សេចក្តី​កត់​ទុក​ក្នុង​ក្រឹត្យវិន័យ ជា​សេចក្តី​ដែល​ព្រះយេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ដោយសារ​លោក​ម៉ូសេ​ថា ពួក​កូន​ចៅ​អ៊ីស្រាអែល​ត្រូវ​នៅ​ក្នុង​បារាំ​នៅ​វេលា​បុណ្យ​ខែ​អស្សុជ ១៥ ហើយ​ត្រូវ​ប្រកាស​ប្រាប់​នៅ​អស់​ទាំង​ទី​ក្រុង​គេ និង​នៅ​ក្រុង​យេរូសាឡិម​ថា ចូរ​ចេញ​ទៅ​ឯ​ភ្នំ កាប់​យក​មែក​ដើម​អូលីវ​ស្រុក និង​ដើម​អូលីវ​ព្រៃ មែក​យីថោ ធាង​ចាក និង​មែក​ឈើ​ញឹកស្និទ្ធ​មក​ធ្វើ​បារាំ តាម​សេចក្តី​ដែល​បាន​ចែង​ទុក​មក ១៦ ដូច្នេះ ពួក​ជន​ក៏​ចេញ​ទៅ​កាប់​យក​មែក​ទាំង​នោះ​មក​ធ្វើ​បារាំ នៅ​លើ​ដំបូល​ផ្ទះ​គេ​រៀង​ខ្លួន នៅ​ទីធ្លា​ផ្ទះ​គេ នៅ​ទី​លាន​ព្រះវិហារ​នៃ​ព្រះ នៅ​ទីធ្លា​ត្រង់​ទ្វារ​ទឹក និង​នៅ​ទីធ្លា​ត្រង់​ទ្វារ​អេប្រាអិម ១៧ ពួក​ជំនុំ​ទាំង​អស់​ដែល​បាន​វិល​ពី​សណ្ឋាន​ជា​ឈ្លើយ​មក​វិញ ក៏​ធ្វើ​បារាំ​គ្រប់ៗ​គ្នា ហើយ​គេ​អាស្រ័យ​នៅ​ក្នុង​បារាំ​ទាំង​នោះ ដ្បិត​ចាប់​តាំង​ពី​គ្រា​យ៉ូស្វេ ជា​កូន​នុន ដរាប​ដល់​វេលា​នោះ ពួក​កូន​ចៅ​អ៊ីស្រាអែល​មិន​ដែល​បាន​ធ្វើ​ដូច្នោះ​ឡើយ ដូច្នេះ មាន​សេចក្តី​រីករាយ​កើត​ឡើង​ជា​ខ្លាំង ១៨ ហើយ​រាល់ៗ​ថ្ងៃ ចាប់​តាំង​ពី​ថ្ងៃ​ដំបូង ដរាប​ដល់​ថ្ងៃ​ចុង​បំផុត នោះ​លោក​ក៏​អាន​មើល​ក្នុង​គម្ពីរ​ក្រឹត្យវិន័យ​របស់​ព្រះ គេ​ធ្វើ​បុណ្យ​នោះ​អស់​៧​ថ្ងៃ រួច​ដល់​ថ្ងៃ​ទី​៨ នោះ​ក៏​ប្រជុំ​ជំនុំ​មុតមាំ​តាម​របៀប។