៩
បណ្តាជនតមអាហារ និង សារភាពអំពើបាបរបស់ខ្លួន
១ ដុះដល់ថ្ងៃ២៤ ក្នុងខែនោះឯង ពួកកូនចៅអ៊ីស្រាអែល គេបានមូលគ្នាកាន់ត្រណម ដោយស្លៀកពាក់សំពត់ធ្មៃ ហើយព្រលាំងដីនៅខ្លួន ២ ឯពូជអ៊ីស្រាអែលក៏ញែកខ្លួនចេញពីពួកសាសន៍ដទៃទាំងប៉ុន្មាន ហើយឈរឡើងលន់តួអំពើបាបរបស់ខ្លួន ព្រមទាំងសេចក្តីទុច្ចរិតរបស់ពួកឰយុកោផង ៣ រួចគេឈរនៅកន្លែងគេរៀងខ្លួន ហើយពេលថ្ងៃនោះ១ភាគក្នុង៤ មានម្នាក់អានមើលក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន រួចពេល១ភាគក្នុង៤ទៀតក៏លន់តួ ព្រមទាំងថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន ៤ ខណៈនោះ យេសួរ បានី អ័ឌីអែល សេបានា ប៊ូននី សេរេប៊ីយ៉ា បានី និងកេណានី ជាពួកលេវី ក៏ឈរលើថ្នាក់ជណ្តើរ បន្លឺសំឡេងអំពាវនាវដល់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន។
៥ រួចយេសួរ អ័ឌីអែល បានី ហាសាបនា សេរេប៊ីយ៉ា ហូឌា សេបានា និងពេថាហ៊ីយ៉ា ជាពួកលេវី គេប្រកាសថា ចូរឈរឡើង សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ដែលគង់នៅអស់កល្ប រៀងទៅដល់អស់កល្បជានិច្ច
ពាក្យអធិស្ឋានរបស់ប្រជាជន
បានប្រកបដោយព្រះពរ ត្រូវតែសូមឲ្យព្រះនាមរបស់ទ្រង់ ជាព្រះនាមដ៏រុងរឿង បានពរដែរ ជាពរដែលខ្ពស់លើសជាងអស់ទាំងពរ និងសេចក្តីសរសើរផង ៦ គឺទ្រង់តែ១ដែលជាព្រះឯកអង្គ ទ្រង់បានបង្កើតផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ ព្រមទាំងពួកពលបរិវារនៅលើនោះ និងផែនដី ហើយសមុទ្រ និងរបស់សព្វសារពើដែលនៅស្ថានទាំងនោះផង ទ្រង់ក៏ទប់ទល់ជីវិតនៃរបស់ទាំងនោះ ហើយពួកពលនៅលើមេឃ ក៏ថ្វាយបង្គំដល់ទ្រង់ ៧ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ គឺទ្រង់ហើយ ដែលបានរើសអាប់រ៉ាម ព្រមទាំងនាំលោកចេញពីក្រុងអ៊ើរ របស់ពួកសាសន៍ខាល់ដេ ហើយប្រទានឲ្យលោកមានឈ្មោះជាអ័ប្រាហាំវិញ ៨ ទ្រង់បានឃើញថា លោកមានចិត្តស្មោះត្រង់នៅចំពោះទ្រង់ រួចតាំងសញ្ញានឹងលោកថា នឹងប្រទាននៅស្រុករបស់ពួកសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍យេប៊ូស និងសាសន៍គើកាស៊ី ដល់ពូជរបស់លោក ទ្រង់ក៏បានសំរេចតាមព្រះបន្ទូលទ្រង់ហើយ ដ្បិតទ្រង់សុចរិត។
៩ ទ្រង់បានទតឃើញសេចក្តីវេទនារបស់ពួកឰយុកោយើងខ្ញុំ នៅស្រុកអេស៊ីព្ទ ហើយបានឮសំរែក ដែលគេស្រែកនៅត្រង់សមុទ្រក្រហម ១០ ក៏សំដែងទីសំគាល់ និងការអស្ចារ្យទៅលើផារ៉ោន ពួកមហាតលិក និងបណ្តាជននៃស្រុកនោះទាំងអស់ ដោយជ្រាបថា គេបានប្រព្រឹត្តនឹងពួកឰយុកោទាំងនោះ ដោយចិត្តព្រហើន ហើយទ្រង់បានល្បីព្រះនាម ដូចមានសព្វថ្ងៃនេះ ១១ ទ្រង់បានធ្វើឲ្យសមុទ្រញែកចេញជាពីរ នៅមុខអ្នកទាំងនោះ ឲ្យបានឆ្លងទៅនៅកណ្តាលសមុទ្រ ដោយដីគោក តែទ្រង់បានបោះពួកអ្នកដែលដេញតាម ចោលទៅក្នុងទីជំរៅ ដូចជាបោះថ្មទៅក្នុងទឹកដ៏មានកំឡាំង ១២ មួយទៀត នៅពេលថ្ងៃ ទ្រង់បាននាំពួកឰយុកោនោះ ដោយសារបង្គោលពពក ហើយពេលយប់ ដោយសារបង្គោលភ្លើង ដើម្បីនឹងបំភ្លឺផ្លូវដែលគេត្រូវដើរ ១៣ ទ្រង់បានយាងចុះមកលើភ្នំស៊ីណាយ ហើយមានព្រះបន្ទូលនឹងគេពីលើមេឃមក ព្រមទាំងប្រទានឲ្យមានច្បាប់យុត្តិធម៌ដ៏ត្រឹមត្រូវ និងក្រឹត្យវិន័យដ៏ពិត ហើយបញ្ញត្ត និងក្រឹត្យក្រមដ៏ល្អដល់គេ ១៤ ទ្រង់បានធ្វើឲ្យគេស្គាល់ថ្ងៃឈប់សំរាកដ៏បរិសុទ្ធរបស់ទ្រង់ ព្រមទាំងតាំងឲ្យមានក្រឹត្យក្រម បញ្ញត្ត និងវិន័យ ដោយសារលោកម៉ូសេ ជាអ្នកបំរើទ្រង់ ១៥ ទ្រង់បានប្រទាននំបុ័ងពីលើមេឃមកចំអែតដល់គេ ហើយបណ្តាលឲ្យមានទឹកហូរចេញពីថ្មមក ឲ្យគេផឹក ក៏បានបង្គាប់ ឲ្យគេចូលទៅចាប់យកស្រុក ដែលទ្រង់បានស្បថថា នឹងឲ្យដល់គេ។
១៦ ប៉ុន្តែ គេ និងពួកឰយុកោរបស់យើងខ្ញុំតរៀងមក បានប្រព្រឹត្ត ដោយចិត្តព្រហើន ព្រមទាំងតាំងករឹង ឥតស្តាប់តាមក្រឹត្យក្រមទាំងប៉ុន្មានរបស់ទ្រង់ទេ ១៧ គេមិនព្រមធ្វើតាមបង្គាប់ឡើយ ក៏មិននឹកចាំពីអស់ទាំងការអស្ចារ្យដែលទ្រង់បានធ្វើ នៅកណ្តាលពួកគេផង គឺគេបានតាំងករឹងវិញ ក្នុងគ្រាបះបោរនោះ គេបានតម្រូវម្នាក់ឲ្យធ្វើជាមេ ដើម្បីនឹងនាំវិលទៅឯសណ្ឋានជាបាវបំរើវិញ តែទ្រង់ជាព្រះដែលប្រុងនឹងអត់ទោស ទ្រង់ក៏សន្តោស ហើយមេត្តាករុណា ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរសជាបរិបូរ បានជាទ្រង់មិនបោះបង់ចោលគេឡើយ ១៨ ទោះទាំងកាលដែលគេបានបណ្តាលទំនាស់ទ្រង់ជាខ្លាំង ដោយសិតធ្វើរូបកូនគោ ហើយនិយាយថា នេះជាព្រះរបស់យើងដែលបាននាំយើងឡើងពីស្រុកអេស៊ីព្ទ មកដូច្នេះក្តី ១៩ គង់តែទ្រង់មិនបានបោះបង់ចោលគេ នៅទីរហោស្ថានដែរ គឺដោយទ្រង់មានសេចក្តីមេត្តាករុណាដ៏ក្រៃលែង ឯបង្គោលពពកមិនបានថយចេញ លែងនាំផ្លូវគេនៅវេលាថ្ងៃឡើយ ហើយបង្គោលភ្លើងក៏មិនលែងបំភ្លឺគេនៅវេលាយប់ ដើម្បីនឹងបង្ហាញផ្លូវ ដែលគេត្រូវដើរដែរ ២០ ទ្រង់បានប្រទានព្រះវិញ្ញាណដ៏ល្អរបស់ទ្រង់ មកបង្ហាត់បង្រៀនគេ ទ្រង់មិនដែលបង្អត់នំម៉ាន៉ាចំពោះគេទេ ហើយបានប្រទានទឹក ឲ្យគេផឹកផង ២១ គឺទ្រង់បានចិញ្ចឹមគេ នៅទីរហោស្ថាន អស់៤០ឆ្នាំ គេឥតមានខ្វះខាតអ្វីឡើយ សំលៀកបំពាក់របស់គេក៏មិនដែលសឹក ហើយជើងគេមិនពុរពងដែរ ២២ មួយទៀតទ្រង់បានប្រទាននគរ និងសាសន៍ផ្សេងៗ ហើយចែកស្រុកទាំងនោះដល់គេ គឺយ៉ាងនោះដែលគេបានស្រុករបស់ស៊ីហុន ជាស្រុករបស់ស្តេចក្រុងហែសបូន និងស្រុករបស់អុក ជាស្តេចស្រុកបាសាន ២៣ ទ្រង់ក៏ធ្វើឲ្យគេកើតកូនចំរើនឡើង ដូចជាផ្កាយនៅលើមេឃ ហើយបាននាំគេចូលមកក្នុងស្រុក ដែលទ្រង់ប្រាប់ដល់ពួកឰយុកោថា ត្រូវឲ្យគេចូលទៅចាប់យកនេះ ២៤ ដូច្នេះ ពួកកូនចៅគេក៏ចូលទៅចាប់យកស្រុក ហើយទ្រង់បានបង្ក្រាបសាសន៍កាណាន ជាពួកអ្នកស្រុកនេះ នៅមុខគេ ព្រមទាំងប្រគល់ពួកនោះ និងស្តេច ហើយបណ្តាជនទាំងឡាយ មកក្នុងកណ្តាប់ដៃគេ ឲ្យបានប្រព្រឹត្តនឹងសាសន៍នោះ តាមអំពើចិត្ត ២៥ គេចាប់យកបានទាំងទីក្រុងមានបន្ទាយ និងស្រុកមានជីជាតិ ក៏បានផ្ទះជាច្រើន ពេញដោយរបស់ល្អគ្រប់មុខ និងអណ្តូងជីកស្រាប់ ចំការទំពាំងបាយជូរ ដំណាំអូលីវ និងដើមឈើផ្លែជាបរិបូរ យ៉ាងនោះគេបានបរិភោគឆ្អែត ហើយត្រឡប់ជាមានសាច់ធាត់ ក៏មានចិត្តរីករាយ ដោយសារសេចក្តីសប្បុរសដ៏ជាធំរបស់ទ្រង់។
២៦ ប៉ុន្តែ គេមានចិត្តរឹងចចេស ហើយបានបះបោរនឹងទ្រង់វិញ គេបោះបង់ចោលក្រឹត្យវិន័យទ្រង់ទៅក្រោយខ្នង ហើយបានសំឡាប់ពួកហោរាទ្រង់ ដែលធ្វើបន្ទាល់ដល់គេ ដោយប្រាថ្នាចង់នាំគេមកឯទ្រង់វិញ គេក៏ប្រព្រឹត្តទំនាស់ជាខ្លាំងដែរ ២៧ ហេតុនោះទ្រង់បានប្រគល់គេទៅក្នុងកណ្តាប់ដៃនៃពួកសត្រូវ ដែលញាំញីសង្កត់សង្កិនគេ តែកាលគេកើតមានសេចក្តីវេទនា ហើយបានអំពាវនាវរកទ្រង់ នោះទ្រង់ក៏ឮពីលើមេឃ ហើយបានប្រទានឲ្យគេមានពួកអ្នកជួយសង្គ្រោះ ឲ្យរួចពីកណ្តាប់ដៃនៃពួកសត្រូវនោះ ដោយសេចក្តីមេត្តាករុណាដ៏ក្រៃលែងរបស់ផងទ្រង់ ២៨ តែកាលគេមានសេចក្តីស្រាកស្រាន្តបន្តិច នោះគេបានប្រព្រឹត្តសេចក្តីអាក្រក់ នៅចំពោះទ្រង់វិញទៀត បានជាទ្រង់ទុកគេ នៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ឲ្យពួកនោះមានអំណាចលើគេ ប៉ុន្តែ កាលគេបានវិលមកអំពាវនាវរកទ្រង់ទៀត នោះទ្រង់ក៏ឮពីលើមេឃដែរ ហើយបានប្រោសឲ្យគេរួចជាច្រើនដង តាមសេចក្តីមេត្តាករុណារបស់ទ្រង់ ២៩ ទ្រង់បានធ្វើបន្ទាល់ដល់គេ ដើម្បីនឹងនាំគេមកឯក្រឹត្យវិន័យទ្រង់វិញ ទោះបើយ៉ាងនោះ គង់តែគេបានប្រព្រឹត្តដោយចិត្តព្រហើន ឥតព្រមស្តាប់តាមក្រឹត្យក្រមនៃទ្រង់ដែរ គឺបានធ្វើបាបទទឹងច្បាប់យុត្តិធម៌របស់ទ្រង់ (ជាច្បាប់ដែលអ្នកណាប្រព្រឹត្តតាម នោះនឹងបានរស់នៅដោយសេចក្តីនោះឯង) ហើយគេដកស្មាចេញ តាំងករឹងមិនព្រមស្តាប់តាមឡើយ ៣០ ប៉ុន្តែទ្រង់បានអត់ទ្រាំនឹងគេជាយូរឆ្នាំ ព្រមទាំងធ្វើបន្ទាល់ដល់គេ ដោយសារព្រះវិញ្ញាណទ្រង់ ដែលសណ្ឋិតលើពួកហោរា ទោះបើយ៉ាងនោះ គង់តែគេមិនផ្ទៀងត្រចៀកស្តាប់ដែរ បានជាទ្រង់ប្រគល់គេ ទៅក្នុងកណ្តាប់ដៃនៃអស់ទាំងសាសន៍របស់ស្រុកដទៃ ៣១ ប៉ុន្តែ ដោយព្រោះសេចក្តីមេត្តាករុណា ដ៏ក្រៃលែងរបស់ទ្រង់ បានជាទ្រង់មិនបានបំផ្លាញគេអស់រលីងទៅ ឬបោះបង់ចោលគេឡើយ ដ្បិតទ្រង់ជាព្រះដ៏មានព្រះហឫទ័យសន្តោស ហើយមេត្តាករុណា។
៣២ ដូច្នេះ ឱព្រះនៃយើងខ្ញុំរាល់គ្នា ជាព្រះដ៏ធំ ហើយមានឥទ្ធានុភាព ដែលគួរស្ញែងខ្លាចដល់ទ្រង់ ជាព្រះដែលរក្សាសេចក្តីសញ្ញា និងសេចក្តីសប្បុរសអើយ ឯសេចក្តីទេវនាទាំងប៉ុន្មាន ដែលបានកើតដល់យើងខ្ញុំ ព្រមទាំងស្តេច ពួកមេ ពួកសង្ឃ ពួកហោរា ពួកឰយុកោយើងខ្ញុំ និងពួករាស្ត្ររបស់ទ្រង់ ចាប់តាំងពីគ្រាពួកស្តេចនៃស្រុកអាសស៊ើរ ដរាបដល់សព្វថ្ងៃនេះ នោះសូមទ្រង់កុំរាប់ថា ជាការតិចតួចឡើយ ៣៣ ប៉ុន្តែក្នុងសេចក្តីទាំងប៉ុន្មាន ដែលបានកើតដល់យើងខ្ញុំ នោះទ្រង់សុចរិតទេ ដ្បិតទ្រង់បានប្រព្រឹត្តដោយស្មោះត្រង់ តែយើងខ្ញុំបានប្រព្រឹត្ត ដោយលាមកអាក្រក់វិញ ៣៤ ទោះទាំងស្តេចនៃយើងខ្ញុំ ឬពួកមេពួកសង្ឃ និងពួកឰយុកោ របស់យើងខ្ញុំក៏មិនបានរក្សាក្រឹត្យវិន័យរបស់ទ្រង់ ឬស្តាប់តាមក្រឹត្យក្រម និងសេចក្តីបន្ទាល់ដែលទ្រង់បានធ្វើនៅចំពោះគេដែរ ៣៥ ពីព្រោះគេមិនបានគោរពប្រតិបត្តិដល់ទ្រង់ នៅក្នុងនគរនៃខ្លួន នៅកណ្តាលអស់ទាំងសេចក្តីល្អក្រៃលែង ដែលទ្រង់បានប្រោសដល់គេ នៅក្នុងស្រុកធំទូលាយមានជីជាតិ ដែលទ្រង់បានដាក់នៅមុខគេនោះឡើយ គេក៏មិនបានបែរចេញពីអំពើអាក្រក់របស់ខ្លួនដែរ ៣៦ មើល យើងខ្ញុំរាល់គ្នាជាបាវបំរើរបស់គេដរាបដល់សព្វថ្ងៃនេះ គឺជាបាវបំរើ នៅក្នុងស្រុកនេះ ដែលទ្រង់បានប្រទាន ដល់ពួកឰយុកោយើងខ្ញុំ ឲ្យបានបរិភោគផល និងសេចក្តីល្អនោះផង ៣៧ ស្រុកនេះក៏បង្កើតផលជាច្រើន ដល់ពួកស្តេច ដែលទ្រង់បានតាំងឲ្យគ្រប់គ្រងលើយើងខ្ញុំ ដោយព្រោះអំពើបាបរបស់យើងខ្ញុំ ស្តេចទាំងនោះមានអំណាច លើទាំងខ្លួនប្រាណយើងខ្ញុំ និងហ្វូងសត្វរបស់យើងខ្ញុំផង តាមតែព្រះទ័យ ហើយយើងខ្ញុំមានសេចក្តីវេទនាជាខ្លាំង។
បណ្តាជនសន្យាប្រតិបត្តិតាមវិន័យរបស់ព្រះអម្ចាស់
៣៨ ទោះបើមានសេចក្តីយ៉ាងនោះក៏ដោយ គង់តែយើងខ្ញុំរាល់គ្នាចុះសញ្ញាមាំមួន ហើយក៏កត់ទុកផង មានទាំងពួកមេ ពួកលេវី និងពួកសង្ឃរបស់យើងខ្ញុំ ជាអ្នកបោះត្រាចំពោះសេចក្តីសញ្ញានោះ។