ការ​រាប់​ចំនួន​កុលសម្ព័ន្ធ​លេវី
១ នេះ​ជា​ពូជ​ដំណ​របស់​អើរ៉ុន និង​ម៉ូសេ នៅ​គ្រា​ដែល​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ នៅ​លើ​ភ្នំ​ស៊ីណាយ ២ ឯ​ឈ្មោះ​ពួក​កូន​ទាំង​ប៉ុន្មាន​របស់​អើរ៉ុន នោះ​គឺ​ណាដាប​ជា​កូន​ច្បង​១ អ័ប៊ីហ៊ូវ​១ អេលាសារ​១ និង​អ៊ីថាម៉ារ​១ ៣ នេះ​ហើយ​ជា​ឈ្មោះ​របស់​ពួក​កូន​អើរ៉ុន ដែល​គេ​បាន​ចាក់​ប្រេង​តាំង​ឡើង​ធ្វើ​ជា​សង្ឃ ហើយ​បាន​ញែក​ចេញ​សំរាប់​នឹង​បំរើ​ក្នុង​ការងារ​ជា​សង្ឃ ៤ រីឯ​ណាដាប និង​អ័ប៊ីហ៊ូវ គេ​បាន​ស្លាប់​នៅ​ចំពោះ​ព្រះយេហូវ៉ា ក្នុង​កាល​ដែល​គេ​ថ្វាយ​ភ្លើង​ដទៃ នៅ​ចំពោះ​ព្រះយេហូវ៉ា​ត្រង់​ទី​រហោស្ថាន​ស៊ីណាយទៅ គេ​ឥត​មាន​កូន​ទេ ឯ​អេលាសារ និង​អ៊ីថាម៉ារ គេ​បាន​ធ្វើ​ការងារ​ជា​សង្ឃ នៅ​មុខ​អើរ៉ុន ជា​ឪពុក​គេ​វិញ។
៥ ព្រះយេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ៦ ចូរ​នាំ​ពូជ​អំបូរ​លេវី​មក​ឲ្យ​ជិត ឲ្យ​គេ​បាន​ឈរ​នៅ​ចំពោះ​មុខ​អើរ៉ុន​ដ៏​ជា​សង្ឃ ដើម្បី​នឹង​បំរើ​ដល់​លោក ៧ ត្រូវ​ឲ្យ​គេ​រក្សា​បញ្ញើ​របស់​លោក និង​បញ្ញើ​របស់​ពួក​ជំនុំ​ទាំង​អស់​គ្នា នៅ​មុខ​ត្រសាល​ជំនុំ ដើម្បី​នឹង​ធ្វើ​ការងារ ដែល​ត្រូវ​ខាង​រោង​ឧបោសថ ៨ ត្រូវ​ឲ្យ​គេ​រក្សា​អស់​ទាំង​ប្រដាប់ប្រដា នៃ​ត្រសាល​ជំនុំ ព្រម​ទាំង​បញ្ញើ​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ផង ដើម្បី​នឹង​ធ្វើ​ការងារ ដែល​ត្រូវ​ខាង​រោង​ឧបោសថ ៩ ត្រូវ​ឲ្យ​ឯង​ប្រគល់​ពួក​លេវី ដល់​អើរ៉ុន និង​ពួក​កូន​លោក ដ្បិត​អញ​បាន​ញែក​គេ​ចេញ​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល ឲ្យ​ដាច់​ទៅ​លោក​ហើយ ១០ ត្រូវ​ឲ្យ​ឯង​តម្រូវ​ឲ្យ​អើរ៉ុន និង​ពួក​កូន​លោក រក្សា​ការងារ​ជា​សង្ឃ​របស់​គេ ហើយ​អ្នក​ដទៃ​ណា​ដែល​ចូល​មក​ជិត នោះ​នឹង​ត្រូវ​សំឡាប់​ចោល។
១១ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល និង​ម៉ូសេ​ថា ១២ ឯ​អញ​មើល អញ​បាន​យក​ពួក​លេវី​ចេញ​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល ស្នង​អស់​ទាំង​កូន​ដែល​កើត​ពី​ពោះ​ម្តាយ​មក​មុន​គេ​បង្អស់​ក្នុង​ពួក​គេ បាន​ជា​ពួក​លេវី​នោះ ត្រូវ​បាន​ជា​របស់​ផង​អញ ១៣ ដ្បិត​អស់​ទាំង​កូន​ច្បង​ជា​របស់​ផង​អញ​ហើយ ពី​ព្រោះ​នៅ​ថ្ងៃ​ដែល​អញ​បាន​វាយ​អស់​ទាំង​កូន​ច្បង នៅ​ស្រុក​អេស៊ីព្ទ នោះ​អញ​បាន​ញែក​អស់​ទាំង​កូន​ច្បង ក្នុង​សាសន៍​អ៊ីស្រាអែល​ចេញ ទុក​សំរាប់​អញ ទាំង​មនុស្ស​ហើយ​នឹង​សត្វ​ផង ទាំង​អស់​គ្នា​ត្រូវ​បាន​ជា​របស់​ផង​អញ​ពិត អញ​នេះ​ជា​ព្រះយេហូវ៉ា។
១៤ ព្រះយេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ ត្រង់​ទី​រហោស្ថាន​ស៊ីណាយ​ថា ១៥ ចូរ​រាប់​ពួក​កូន​ចៅ​លេវី តាម​គ្រួសារ តាម​វង្សានុវង្ស​របស់​ឪពុក​គេ ត្រូវ​រាប់​គ្រប់​ទាំង​កូន​ប្រុសៗ ចាប់​តាំង​ពី​អាយុ​១​ខែ ឡើង​ទៅ​លើ ១៦ ដូច្នេះ​ម៉ូសេ​ក៏​រាប់​គេ តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ដូច​ជា​ទ្រង់​បាន​បង្គាប់​មក។
១៧ នេះ​ជា​ពួក​កូន​ចៅ​របស់​លេវី តាម​ឈ្មោះ​គេ គឺ​គើសុន​១ កេហាត់​១ និង​ម្រ៉ារី​១ ១៨ ឯ​ឈ្មោះ​ពួក​កូន​របស់​គើសុន តាម​គ្រួសារ​គេ គឺ​លិបនី​១ និង​ស៊ីម៉ាយ​១ ១៩ ពួក​កូន​របស់​កេហាត់ តាម​គ្រួសារ​គេ គឺ​អាំរ៉ាម​១ យីតសារ​១ ហេប្រុន​១ និង​អ៊ូស៊ាល​១ ២០ ហើយ​ពួក​កូន​របស់​ម្រ៉ារី តាម​គ្រួសារ​គេ គឺ​ម៉ាស់លី​១ និង​មូស៊ី​១ នេះ​ហើយ​ជា​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​លេវី តាម​វង្សានុវង្ស​របស់​ឪពុក​គេ​រៀង​ខ្លួន។
២១ ដំណ​អំពី​គើសុន​មក នោះ​កើត​មាន​គ្រួសារ​លិបនី និង​គ្រួសារ​ស៊ីម៉ាយ នេះ​ហើយ​ជា​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​គើសុន ២២ ឯ​ពួក​គេ​ដែល​បាន​រាប់​តាម​ចំនួន​ពួក​ប្រុសៗ​ចាប់​តាំង​ពី​អាយុ​១​ខែ​ឡើង​ទៅ​លើ នោះ​មាន​ចំនួន​៧​ពាន់​៥០០​នាក់ ២៣ ចំណែក​អស់​ទាំង​គ្រួសារ​របស់​ពួក​គើសុន គេ​ត្រូវ​ដំឡើង​ត្រសាល នៅ​ខាង​លិច គឺ​ខាង​ក្រោយ​រោង​ឧបោសថ ២៤ ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​របស់​ឪពុក​ពួក​គើសុន​នេះ គឺ​អេលាសាប់​ជា​កូន​ឡាអែល ២៥ រីឯ​បញ្ញើ​ដែល​ផ្ញើ​ទុក​នឹង​ពួក​កូន​ចៅ​គើសុន នៅ​ក្នុង​ត្រសាល​ជំនុំ នោះ​គឺ​ជា​រោង​ឧបោសថ ត្រសាល និង​គំរប ហើយ​នឹង​វាំងនន​ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ២៦ ព្រម​ទាំង​រនាំង​ទីលាន និង​រនាំង​នៅ​មាត់​ទ្វារ​ទីលាន ដែល​បាំង​ជុំវិញ​នៃ​រោង​ឧបោសថ និង​អាសនា ហើយ​នឹង​ខ្សែ​ទាំង​ប៉ុន្មាន​សំរាប់​ប្រើ​ការ​នោះ​ដែរ។
២៧ ដំណ​អំពី​កេហាត់​មក នោះ​កើត​មាន​គ្រួសារ​អាំរ៉ាម គ្រួសារ​យីតសារ គ្រួសារ​ហេប្រុន និង​គ្រួសារ​អ៊ូស៊ាល នេះ​ហើយ​ជា​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​កេហាត់ ២៨ តាម​ចំនួន​ពួក​ប្រុសៗ ចាប់​តាំង​ពី​អាយុ​១​ខែ​ឡើង​ទៅ​លើ នោះ​មាន​៨​ពាន់​៦០០​នាក់ ជា​អ្នក​រក្សា​ទី​បរិសុទ្ធ ២៩ ចំណែក​អស់​ទាំង​គ្រួសារ​របស់​ពួក​កេហាត់ គេ​ត្រូវ​ដំឡើង​ត្រសាល​ខាង​ត្បូង ជា​ចំហៀង​ក្បែរ​រោង​ឧបោសថ ៣០ ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ របស់​ឪពុក​ពួក​កេហាត់ គឺ​អេលីសាផាន ជា​កូន​អ៊ូស៊ាល ៣១ រីឯ​បញ្ញើ​ដែល​ផ្ញើ​ទុក​នឹង​គេ នោះ​គឺ​ជា​ហិប​នៃ​សេចក្តី​បន្ទាល់ តុ ជើង​ចង្កៀង អាសនា​ទាំង​២ និង​ប្រដាប់ប្រដា​ទាំង​ប៉ុន្មាន​សំរាប់​ទី​បរិសុទ្ធ ដែល​គេ​ប្រើ​ធ្វើ​ការងារ ព្រម​ទាំង​វាំងនន និង​ប្រដាប់​វាំងនន​ទាំង​ប៉ុន្មាន​ដែរ ៣២ ឯ​អេលាសារ ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ លោក​នឹង​ធ្វើ​ជា​មេ នៃ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ពួក​លេវី​ទាំង​ប៉ុន្មាន ត្រូវ​ឲ្យ​លោក​ត្រួតត្រា​លើ​គេ ឲ្យ​គេ​បាន​រក្សា​ទី​បរិសុទ្ធ​ដែល​ផ្ញើ​ទុក​នឹង​គេ។
៣៣ ដំណ​អំពី​ម្រ៉ារី​មក នោះ​កើត​មាន​គ្រួសារ​ម៉ាស់លី​១ និង​គ្រួសារ​មូស៊ី​១ នេះ​ហើយ​ជា​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​ម្រ៉ារី ៣៤ ឯ​ពួក​គេ​ដែល​បាន​រាប់​តាម​ចំនួន​ពួក​ប្រុសៗ​ចាប់​តាំង​ពី​អាយុ​១​ខែ​ឡើង​ទៅ​លើ នោះ​មាន​ចំនួន​៦​ពាន់​២០០​នាក់ ៣៥ ហើយ​អ្នក​ដែល​ជា​កំពូល លើ​ពួក​កូន​ចៅ​របស់​ឪពុក​ពួក​ម្រ៉ារី គឺ​ស៊ូរីអែល ជា​កូន​អ័ប៊ីហែល គេ​ត្រូវ​ដំឡើង​ត្រសាល នៅ​ខាង​ជើង ជា​ចំហៀង​ក្បែរ​រោង​ឧបោសថ ៣៦ រីឯ​បញ្ញើ​ដែល​ផ្ញើ​ទុក​នឹង​ពួក​កូន​ចៅ​ម្រ៉ារី នោះ​គឺ​អស់​ទាំង​ក្តារ និង​រនុក ហើយ​សសរ និង​ជើង​សសរ​ទាំង​ប៉ុន្មាន​នៃ​រោង​ឧបោសថ ហើយ​ប្រដាប់ប្រដា និង​គ្រឿង​ទាំង​ប៉ុន្មាន​សំរាប់​ការងារ​ក្នុង​រោង​នោះ ៣៧ ព្រម​ទាំង​សសរ​ទីលាន​នៅ​ជុំវិញ ជើង​សសរ​នោះ និង​ចំរ៉ឹង​ហើយ​ខ្សែ​ទាំង​ប៉ុន្មាន​ផង។
៣៨ ឯ​ពួក​អ្នក​ដែល​ត្រូវ​ដំឡើង​ត្រសាល នៅ​ខាង​កើត ត្រង់​ខាង​មុខ​រោង​ឧបោសថ គឺ​នៅ​មុខ​ត្រសាល​ជំនុំ​ទិស​ខាង​ថ្ងៃ​រះ នោះ​គឺ​ជា​ម៉ូសេ និង​អើរ៉ុន ហើយ​នឹង​ពួក​កូន​លោក ដើម្បី​នឹង​រក្សា​បញ្ញើ​នៃ​ទី​បរិសុទ្ធ ដែល​ផ្ញើ​ទុក​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល បើ​អ្នក​ដទៃ​ណា​ដែល​មក​ជិត នោះ​នឹង​ត្រូវ​សំឡាប់​ចោល ៣៩ ឯ​ពួក​លេវី​ទាំង​អស់ ដែល​ម៉ូសេ និង​អើរ៉ុន​បាន​រាប់​តាម​បង្គាប់​ព្រះយេហូវ៉ា តាម​គ្រួសារ​គេ គឺ​គ្រប់​ទាំង​ប្រុសៗ ចាប់​តាំង​ពី​អាយុ​១​ខែ ឡើង​ទៅ​លើ នោះ​មាន​ចំនួន​២​ម៉ឺន​២​ពាន់​នាក់។
ការ​លោះ​កូន​ច្បង
៤០ ព្រះយេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ចូរ​រាប់​អស់​ទាំង​កូន​ប្រុស​ច្បង​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល ចាប់​តាំង​ពី​អាយុ​១​ខែ​ឡើង​ទៅ​លើ ឲ្យ​កំណត់​រាប់​ចំនួន​ឈ្មោះ​របស់​គេ ៤១ នោះ​ត្រូវ​យក​ពួក​លេវី​សំរាប់​អញ ដើម្បី​ស្នង​អស់​ទាំង​កូន​ប្រុស​ច្បង​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល អញ​នេះ​ជា​ព្រះយេហូវ៉ា ហើយ​នឹង​ហ្វូង​សត្វ​របស់​ពួក​លើវី ស្នង​អស់​ទាំង​កូន​ច្បង​នៃ​សត្វ​របស់​កូន​ចៅ​អ៊ីស្រាអែល​ដែរ ៤២ ដូច្នេះ​ម៉ូសេ​ក៏​រាប់​អស់​ទាំង​កូន​ប្រុស​ច្បង នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែរ ដូច​ជា​ព្រះយេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក ៤៣ ឯ​អស់​ទាំង​កូន​ប្រុស​ច្បង ដែល​បាន​រាប់​តាម​ចំនួន​ឈ្មោះ​របស់​គេ ចាប់​តាំង​ពី​អាយុ​១​ខែ​ឡើង​ទៅ​លើ នោះ​មាន​ចំនួន​២​ម៉ឺន​២​ពាន់​២៧៣​នាក់។
៤៤ ព្រះយេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ៤៥ ចូរ​យក​ពួក​លេវី ឲ្យ​ស្នង​អស់​ទាំង​កូន​ប្រុស​ច្បង ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល ហើយ​ហ្វូង​សត្វ​ពួក​លេវី ឲ្យ​ស្នង​ហ្វូង​សត្វ​របស់​គេ​ដែរ ឯ​ពួក​លេវី នោះ​ត្រូវ​បាន​ជា​របស់​ផង​អញ​ពិត អញ​នេះ​ជា​ព្រះយេហូវ៉ា ៤៦ ឯ​ត្រង់​មនុស្ស​ទាំង​២៧៣​នាក់ ក្នុង​ពួក​កូន​ប្រុស​ច្បង នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​លើស​ពី​ចំនួន​ពួក​លេវី ៤៧ នោះ​ត្រូវ​ឲ្យ​ឯង​យក​៥​រៀល​ក្នុង​ម្នាក់ៗ ដើម្បី​នឹង​លោះ​អ្នក​ទាំង​នោះ ត្រូវ​យក​តាម​ប្រាក់​រៀល ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ គឺ​១​រៀល​ត្រូវ​ជា​១០​កាក់ ៤៨ ហើយ​ប្រាក់​សំរាប់​លោះ​ពួក​អ្នក ដែល​លើស​ជាង​ពួក​លេវី នោះ​ត្រូវ​ឲ្យ​ប្រគល់​ដល់​អើរ៉ុន និង​ពួក​កូន​លោក​ទៅ ៤៩ ម៉ូសេ​ក៏​យក​ប្រាក់ ជា​ដំឡៃ​លោះ​ខ្លួន ពី​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​លើស​ពី​ចំនួន​មនុស្ស​ដែល​បាន​លោះ ដោយ​ពួក​លេវី​នោះ​ហើយ ៥០ គឺ​បាន​យក​ប្រាក់​នោះ ពី​ពួក​កូន​ប្រុស​ច្បង ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល បាន​១​ពាន់​៣៦៥​រៀល តាម​ប្រាក់​រៀល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ៥១ រួច​ម៉ូសេ​ប្រគល់​ប្រាក់​ដែល​ជា​ដំឡៃ​លោះ​នោះ ដល់​អើរ៉ុន និង​ពួក​កូន​លោក តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ដូច​ជា​ទ្រង់​បាន​បង្គាប់​មក។