៤
មុខងាររបស់ពួកលេវី
១ ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេ និងអើរ៉ុនថា ២ ចូររាប់ចំនួនពួកកូនចៅកេហាត់ ញែកគេចេញពីពួកកូនចៅលេវីទាំងប៉ុន្មាន តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ ៣ ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារក្នុងត្រសាលជំនុំបាន ៤ ឯក្រសួងរបស់ពួកកូនចៅកេហាត់ក្នុងត្រសាលជំនុំ នោះគឺខាងឯរបស់បរិសុទ្ធបំផុត ៥ កាលណាពួកជំនុំរៀបដំណើរចេញទៅ នោះអើរ៉ុន និងពួកកូនលោក ត្រូវចូលទៅដោះវាំងនន ដែលបិទបាំង យកទៅគ្រប់លើហិប នៃសេចក្តីបន្ទាល់ ៦ រួចត្រូវគ្របដោយស្បែកផ្សោត ហើយក្រាលសំពត់ពណ៌ផ្ទៃមេឃពីលើ ទើបព្រហកឈើស្នែងចូលទៅ ៧ ត្រូវឲ្យគេក្រាលសំពត់ពណ៌ផ្ទៃមេឃ នៅលើតុនៃនំបុ័ងតាំងទុក ហើយដាក់ថាស ចាន ពែង និងប៉ាន់ ដែលសំរាប់ដង្វាយច្រួច ព្រមទាំងនំបុ័ង ដែលដាក់ជាអចិន្ត្រៃយ៍នៅលើតុនោះដែរ ៨ រួចត្រូវក្រាលសំពត់ពណ៌ក្រហមលើរបស់ទាំងនោះ ទាំងគ្របដោយស្បែកផ្សោតពីលើទៀត រួចព្រហកឈើស្នែងចូលទៅ ៩ ក៏ត្រូវយកសំពត់ពណ៌ផ្ទៃមេឃ គ្របពីលើជើងដែលសំរាប់ដាក់ចង្កៀង ព្រមទាំងចង្កៀង ឃ្នាបប្រឆេះ កន្ថោររងកំទេច និងដបប្រេងទាំងប៉ុន្មាន ដែលសំរាប់ការថែចង្កៀងនោះផង ១០ រួចត្រូវឲ្យគេយកចង្កៀង និងប្រដាប់ទាំងនោះ ដាក់ក្នុងស្បែកផ្សោត ហើយស៊កឈើស្នែងចូល ១១ ឯអាសនាមាស នោះត្រូវឲ្យក្រាលសំពត់ពណ៌ផ្ទៃមេឃនៅពីលើ ហើយគ្របដោយស្បែកផ្សោត រួចព្រហកឈើស្នែងចូលដែរ ១២ ត្រូវយកប្រដាប់ប្រដាទាំងអស់ ដែលសំរាប់ប្រើក្នុងទីបរិសុទ្ធ ទៅដាក់ក្នុងសំពត់ពណ៌ផ្ទៃមេឃ ហើយគ្របនឹងស្បែកផ្សោត រួចស៊កឈើស្នែងចូល ១៣ ត្រូវកាយផែះពីអាសនាចេញ ហើយក្រាលសំពត់ពណ៌ស្វាយពីលើ ១៤ ព្រមទាំងដាក់ប្រដាប់ប្រដាដែលសំរាប់ប្រើនៅអាសនានេះផង គឺជើងពាន សម ចបចូក ផើង និងអស់ទាំងប្រដាប់ប្រដានៃអាសនានោះ រួចត្រូវក្រាលស្បែកផ្សោតពីលើ ហើយព្រហកឈើស្នែងចូល ១៥ កាលណាអើរ៉ុន និងពួកកូនលោកបានគ្របទីបរិសុទ្ធ ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មានជាស្រេចហើយ ក្នុងវេលាដែលពួកជំនុំរៀបដំណើរចេញទៅ នោះពួកកូនចៅកេហាត់ ត្រូវមកលីសែងរបស់ទាំងនោះ តែមិនត្រូវឲ្យពាល់ដល់បរិសុទ្ធណាមួយឡើយ ក្រែងត្រូវស្លាប់ របស់ទាំងនោះជាបន្ទុកលើពួកកូនចៅកេហាត់ក្នុងត្រសាលជំនុំ។
១៦ ឯអេលាសារជាកូនអើរ៉ុនដ៏ជាសង្ឃ នោះត្រូវត្រួតខាងប្រេងសំរាប់ចង្កៀង គ្រឿងក្រអូប ដង្វាយម្សៅដែលថ្វាយជានិច្ច និងប្រេងចាក់លាប ហើយត្រូវត្រួតត្រាលើរោងឧបោសថទាំងមូល ព្រមទាំងប្រដាប់ប្រដានៅក្នុងរោងនោះទាំងប៉ុន្មាន និងទីបរិសុទ្ធ ហើយប្រដាប់ប្រដាសំរាប់ទីនោះផង។
១៧ ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា ១៨ កុំឲ្យកាត់ពូជគ្រួសារកេហាត់ឲ្យបាត់ពីពួកលេវីឡើយ ១៩ គឺត្រូវធ្វើនឹងគេយ៉ាងនេះវិញ ដើម្បីឲ្យគេរស់នៅ ឥតត្រូវស្លាប់ឡើយ ក្នុងកាលដែលគេចូលទៅឯរបស់ទាំងប៉ុន្មាន ដែលបរិសុទ្ធបំផុត គឺត្រូវឲ្យអើរ៉ុន និងពួកកូនលោក ចូលទៅតម្រូវការងារ និងបន្ទុកឲ្យគេរៀងខ្លួន ២០ តែមិនត្រូវឲ្យគេចូលទៅមើល កំពុងដែលគ្របរបស់បរិសុទ្ធទាំងប៉ុន្មានឡើយ ក្រែងត្រូវស្លាប់។
២១ ព្រះយេហូវ៉ា ទ្រង់បង្គាប់ដល់ម៉ូសេថា ២២ ចូររាប់ចំនួននៃពួកកូនចៅគើសុនដែរ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ ២៣ ត្រូវរាប់គេ ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារក្នុងត្រសាលជំនុំបាន ២៤ ឯក្រសួងរបស់ពួកគ្រួសារគើសុន នោះគឺជាការបំរើ និងការលីសែងផង ២៥ ត្រូវឲ្យគេសែងផ្ទាំងសំពត់ទាំងប៉ុន្មាន ដែលសំរាប់រោងឧបោសថ ព្រមទាំងត្រសាលជំនុំ និងគំរបនៃត្រសាល គំរបស្បែកផ្សោតដែលគ្របពីលើ ហើយនឹងរនាំងបាំងមាត់ទ្វារត្រសាលជំនុំ ២៦ រនាំងទីលាន រនាំងបាំងមាត់ទ្វារទីលាន ដែលនៅព័ទ្ធជុំវិញរោងឧបោសថ ហើយនឹងអាសនា និងអស់ទាំងខ្សែ ប្រដាប់ប្រដាសំរាប់ការងារទាំងប៉ុន្មាន ហើយគ្រប់ទាំងរបស់អ្វីផ្សេងៗឯទៀត គឺការនោះឯងដែលគេត្រូវបំរើ ២៧ ឯក្រសួងរបស់ពួកកូនចៅគើសុន ក្នុងការលីសែង ឬការងារអ្វីក្តី នោះស្រេចនៅអើរ៉ុន និងពួកកូនលោក គឺត្រូវឲ្យលោកចាត់ចែងការរបស់គេទាំងអស់ ២៨ នេះហើយជាក្រសួងនៃអស់ទាំងគ្រួសាររបស់ពួកកូនចៅគើសុន ក្នុងត្រសាលជំនុំ ហើយបញ្ញើដែលផ្ញើទុកនឹងគេ នោះនៅក្រោមបង្គាប់របស់អ៊ីថាម៉ារ ជាកូនអើរ៉ុនដ៏ជាសង្ឃ។
២៩ ឯពួកកូនចៅម្រ៉ារី នោះត្រូវរាប់គេតាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ ៣០ ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារក្នុងត្រសាលជំនុំបាន ៣១ នេះជាបញ្ញើដែលផ្ញើទុកនឹងគេឲ្យលីលែង តាមក្រសួងគេក្នុងត្រសាលជំនុំ គឺក្តាររបស់រោងឧបោសថ ព្រមទាំងរនុក សសរ ហើយនឹងជើង ៣២ សសរទីលានដែលនៅជុំវិញ និងជើង ចំរ៉ឹង ខ្សែ ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មាន ហើយនឹងរបស់ទាំងអស់ដែលសំរាប់គាំពារផង ត្រូវឲ្យឯងតម្រូវដោយឈ្មោះប្រដាប់ប្រដា ដែលត្រូវផ្ញើទុកឲ្យគេលីសែង ៣៣ នេះហើយជាក្រសួងនៃអស់ទាំងគ្រួសារពួកកូនចៅម្រ៉ារី តាមការងារគេទាំងប៉ុន្មានក្នុងត្រសាលជំនុំ ដែលនៅក្រោមបង្គាប់អ៊ីថាម៉ារ ជាកូនអើរ៉ុនដ៏ជាសង្ឃ។
៣៤ រួចម៉ូសេ អើរ៉ុន និងពួកដែលជាកំពូលលើពួកជំនុំទាំងប៉ុន្មាន ក៏រាប់ពួកកូនចៅកេហាត់ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ ៣៥ ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារបំរើក្នុងត្រសាលជំនុំបាន ៣៦ ហើយពួកអ្នកដែលបានរាប់តាមគ្រួសារ នោះមានចំនួន២ពាន់៧៥០នាក់ ៣៧ នេះហើយជាពួកអ្នក ដែលបានរាប់ក្នុងគ្រួសារទាំងប៉ុន្មានរបស់កេហាត់ គឺអស់អ្នកដែលបំរើត្រសាលជំនុំ ដែលម៉ូសេ និងអើរ៉ុនបានរាប់ តាមព្រះបន្ទូល ដែលព្រះយេហូវ៉ាបានបង្គាប់មក ដោយសារម៉ូសេ។
៣៨ ឯពួកអ្នកដែលបានរាប់ ក្នុងពួកកូនចៅគើសុនតាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ ៣៩ ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារក្នុងត្រសាលជំនុំបាន ៤០ ពួកនោះដែលបានរាប់តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ នោះមានចំនួន២ពាន់៦៣០នាក់ ៤១ នេះហើយជាពួកអ្នក ដែលបានរាប់ក្នុងគ្រួសារទាំងប៉ុន្មាន របស់ពួកកូនចៅគើសុន គឺអស់ដែលបំរើក្នុងត្រសាលជំនុំ ដែលម៉ូសេ និងអើរ៉ុនបានរាប់ តាមបង្គាប់ព្រះយេហូវ៉ា។
៤២ ឯពួកអ្នកដែលបានរាប់ ក្នុងគ្រួសារទាំងប៉ុន្មានរបស់ពួកកូនចៅម្រ៉ារី តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ ៤៣ ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារក្នុងត្រសាលជំនុំបាន ៤៤ ពួកនោះដែលបានរាប់តាមគ្រួសារ នោះមានចំនួន៣ពាន់២០០នាក់ ៤៥ នេះហើយជាពួកអ្នកដែលបានរាប់ ក្នុងគ្រួសារទាំងប៉ុន្មានរបស់ពួកកូនចៅម្រ៉ារី ដែលម៉ូសេ និងអើរ៉ុន បានរាប់ តាមព្រះបន្ទូលដែលព្រះយេហូវ៉ា បានបង្គាប់មក ដោយសារម៉ូសេ។
៤៦ ឯអស់អ្នកដែលដែលម៉ូសេ អើរ៉ុន និងពួកជាកំពូលទាំងប៉ុន្មាន លើសាសន៍អ៊ីស្រាអែល បានរាប់ក្នុងពួកលេវី តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ ៤៧ ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលបានចូលទៅធ្វើការងារ ហើយលីសែងក្នុងត្រសាលជំនុំ ៤៨ នោះរួមគ្នាទាំងអស់ មាន៨ពាន់៥៨០នាក់ ៤៩ ម៉ូសេបានរាប់គេតាមបង្គាប់ព្រះយេហូវ៉ា គ្រប់គ្នាតាមក្រសួងការ តាមបន្ទុករបស់ខ្លួន គឺយ៉ាងនោះហើយដែលលោកបានរាប់គេ តាមដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់មក។