ក្រឹត្យវិន័យ​អំពី​មនុស្ស​មិន​បរិសុទ្ធ
១ ព្រះយេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ​ថា ២ ចូរ​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ឲ្យ​គេ​បណ្តេញ​អស់​អ្នក​ដែល​កើត​ឃ្លង់ ឬ​មាន​ហូរ​ខ្ទុះ ឬ​ដែល​មិន​ស្អាត​ដោយ​ព្រោះ​ខ្មោច​ស្លាប់ ឲ្យ​ចេញ​ទៅ​ក្រៅ​ទី​ដំឡើង​ត្រសាល​ទៅ ៣ ត្រូវ​ឲ្យ ទាំង​ប្រុស ទាំង​ស្រី ចេញ​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ចុះ ដើម្បី​កុំ​ឲ្យ​គេ​នាំ​ឲ្យ​ទី​ដំឡើង​ត្រសាល ជា​ទី​ដែល​អញ​នៅ​ជា​កណ្តាល​គេ ទៅ​ជា​ស្មោកគ្រោក​ឡើយ ៤ ដូច្នេះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ធ្វើ​យ៉ាង​នោះ គឺ​គេ​ឲ្យ​ពួក​អ្នក​ទាំង​នោះ​ចេញ​ទៅ​ក្រៅ​ទី​ដំឡើង​ត្រសាល​ទៅ ដូច​ជា​ព្រះយេហូវ៉ា ទ្រង់​បាន​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ធ្វើ​សំរេច​ដូច្នោះ។
ក្រឹត្យវិន័យ​អំពី​ការ​ប្រគល់​របស់​ទៅ​ម្ចាស់​ដើម​វិញ
៥ ព្រះយេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ៦ បើ​កាល​ណា​មនុស្ស​ប្រុស​ឬ​ស្រី នឹង​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​អ្នក​ណា ទាំង​ប្រព្រឹត្ត​រំលង​ចំពោះ​ព្រះយេហូវ៉ា​ផង ហើយ​មាន​ទោស​ដូច្នោះ ៧ នោះ​ត្រូវ​ឲ្យ​លន់តួ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ប្រគល់​អ្វីៗ​នោះ​ទៅ​វិញ​ទាំង​មូល ព្រម​ទាំង​ថែម​១​ភាគ​ក្នុង​៥​ទៀត ឲ្យ​ដល់​អ្នក​ដែល​ខ្លួន​មាន​ទោស​ចំពោះ​គេ​ផង ៨ តែ​បើ​គ្មាន​អ្នក​ណា​មាន​ច្បាប់​នឹង​ទទួល​សំណង​ដែល​ខ្លួន​សង ដើម្បី​នឹង​លោះ​បាប​ខ្លួន​នោះ​ទេ នោះ​សំណង​ដែល​សង​ដល់​ព្រះយេហូវ៉ា ដោយ​ព្រោះ​ទោស​ខ្លួន នឹង​ត្រូវ​បាន​ជា​របស់​សង្ឃ​វិញ ព្រម​ទាំង​ពពែ​ឈ្មោល​ដែល​សំរាប់​ឲ្យ​ធួន​នឹង​បាប ដែល​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​ខ្លួន​នោះ​ផង ៩ ហើយ​គ្រប់​ទាំង​ដង្វាយ​ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង ពី​ដង្វាយ​បរិសុទ្ធ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​គេ​នាំ​យក​មក​ប្រគល់​ដល់​សង្ឃ នោះ​ត្រូវ​បាន​ជា​របស់​ផង​លោក ១០ ហើយ​អស់​ទាំង​របស់​អ្វី​ដែល​មនុស្ស​ណា​នឹង​ញែក​ជា​បរិសុទ្ធ គឺ​របស់​ណា​ក៏​ដោយ​ដែល​មនុស្ស​នឹង​ប្រគល់​ដល់​សង្ឃ នោះ​ត្រូវ​បាន​ជា​របស់​ផង​លោក​ហើយ។
ក្រឹត្យវិន័យ​អំពី​ស្ត្រី​ដែល​គេ​សង្ស័យ​ថា​ក្បត់​ចិត្ត​ប្តី
១១ ព្រះយេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ១២ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា បើ​ប្រពន្ធ​របស់​អ្នក​ណា​បែរ​ចេញ​ទៅ​ប្រព្រឹត្ត​ក្បត់​នឹង​ប្តី ១៣ ហើយ​មាន​អ្នក​ណា​សេពសម្ភព​នឹង​នាង តែ​ការ​នោះ​នៅ​កំបាំង​នឹង​ភ្នែក​ប្តី ឥត​អ្នក​ណា​មួយ​ដឹង​សោះ គឺ​នាង​បាន​ទៅ​ជា​សៅហ្មង ដោយ​ស្ងាត់​កំបាំង ហើយ​គ្មាន​អ្នក​ធ្វើ​បន្ទាល់​ទាស់​នឹង​នាង ក៏​គ្មាន​អ្នក​ណា​មួយ​បាន​ទាន់​ដែរ ១៤ រួច​ប្តី​កើត​មាន​ចិត្ត​ប្រចណ្ឌ​នឹង​ប្រពន្ធ ដោយ​មាន​សេចក្តី​សង្ស័យ ហើយ​នាង​ក៏​សៅហ្មង​មែន ឬ​បើ​ប្តី​កើត​មាន​ចិត្ត​ប្រចណ្ឌ ដោយ​មាន​សេចក្តី​សង្ស័យ តែ​ប្រពន្ធ​មិន​បាន​សៅហ្មង​ទេ ១៥ នោះ​ប្តី​ត្រូវ​នាំ​ប្រពន្ធ​ខ្លួន​ទៅ​ឯ​សង្ឃ ព្រម​ទាំង​យក​ដង្វាយ ជា​ម្សៅ​ឱក​១​ខ្ញឹង​សំរាប់​ប្រពន្ធ​ផង មិន​ត្រូវ​ចាក់​ប្រេង ឬ​ដាក់​កំញាន​ពី​លើ​ទេ ដ្បិត​ជា​ដង្វាយ​ខាង​ឯ​សេចក្តី​ប្រចណ្ឌ ទុក​ជា​ដង្វាយ​រំឭក សំរាប់​នឹង​រំឭក​ពី​អំពើ​ដ៏​លាមក ១៦ ត្រូវ​ឲ្យ​សង្ឃ​នាំ​នាង​នោះ​មក​ជិត ឲ្យ​ឈរ​នៅ​ចំពោះ​ព្រះយេហូវ៉ា ១៧ រួច​ត្រូវ​យក​ទឹក​បរិសុទ្ធចាក់​ក្នុង​ចាន​ដី ហើយ​យក​ធូលី​ដី​ក្នុង​រោង​ឧបោសថ​ដាក់​ចុះ​ក្នុង​ទឹក​នោះ ១៨ ត្រូវ​ឲ្យ​សង្ឃ​ឲ្យ​នាង​ឈរ​នៅ​ចំពោះ​ព្រះយេហូវ៉ា ហើយ​បើក​ក្បាល​នៅ​ទទេ រួច​ត្រូវ​ដាក់​ជា​ដង្វាយ​រំឭក គឺ​ជា​ដង្វាយ​ខាង​ឯ​សេចក្តី​ប្រចណ្ឌ​នោះ​នៅ​បាត​ដៃ​នាង ហើយ​សង្ឃ​ត្រូវ​កាន់​ទឹក​ល្វីង ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា​នោះ​នៅ​ក្នុង​ដៃ ១៩ រួច​ត្រូវ​ឲ្យ​នាង​ស្បថ ដោយ​ប្រាប់​ថា បើ​គ្មាន​ប្រុស​ដទៃ​ណា​រួម​ដំណេក​នឹង​នាង ឬ​បើ​នាង​មិន​បាន​បែរ​ទៅ​ឯ​សេចក្តី​សៅហ្មង ដើម្បី​នឹង​ក្បត់​ប្តី​ទេ នោះ​ឲ្យ​នាង​រួច​ពី​ទឹក​ល្វីង ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា​នេះ​ចុះ ២០ តែ​បើ​នាង ដែល​នៅ​ក្រោម​អំណាច​ប្តី បាន​បែរ​ចេញ​ទៅ​រួម​ដំណេក​នឹង​ប្រុស​ដទៃ​ណា​ក្រៅ​ពី​ប្តី​ខ្លួន ឲ្យ​មាន​សេចក្តី​សៅហ្មង​វិញ ២១ យ៉ាង​នោះ​សង្ឃ​ត្រូវ​ឲ្យ​នាង​ស្បថ ដោយ​សម្បថ​ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា រួច​នឹង​បញ្ចេញ​វាចា​ថា សូម​ព្រះយេហូវ៉ា​ធ្វើ​ឲ្យ​នាង​ទៅ​ជា​អ្នក​រង​ពាក្យ​ដំនៀល និង​ពាក្យ​ប្រមាថ​នៅ​ក្នុង​សាសន៍​របស់​ខ្លួន​ចុះ ដោយ​ព្រះយេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​ភ្លៅ​នាង​រលួយ ហើយ​ឲ្យ​ពោះ​នាង​ហើម​ប៉ោង​ឡើង ២២ ទឹក​ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា​នេះ នឹង​ចូល​ទៅ​ក្នុង​ពោះ​នាង ព្រម​ទាំង​ធ្វើ​ឲ្យ​ពោះ​នាង​ហើម​ប៉ោង​ឡើង ហើយ​ឲ្យ​ភ្លៅ​នាង​រលួយ​ទៅ រួច​ស្ត្រី​នោះ​ត្រូវ​ទទួល​ថា អាម៉ែន អាម៉ែន ២៣ ត្រូវ​ឲ្យ​សង្ឃ​នោះ​កត់​សេចក្តី​បណ្តាសា​ទាំង​នេះ ចុះ​ក្នុង​សៀវភៅ ហើយ​យក​ទឹក​ល្វីង​មក​លុប​ចេញ ២៤ រួច​ត្រូវ​ឲ្យ​នាង​ផឹក​ទឹក​ល្វីង​ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា​ទៅ ទឹក​នោះ​នឹង​ចូល​ទៅ​ក្នុង​នាង ត្រឡប់​ទៅ​ជា​ល្វីង ២៥ រួច​ត្រូវ​ឲ្យ​សង្ឃ​យក​ដង្វាយ​នោះ ដែល​ត្រូវ​ខាង​សេចក្តី​ប្រចណ្ឌ ពី​ដៃ​នាង​មក​គ្រវី​ថ្វាយ នៅ​ចំពោះ​ព្រះយេហូវ៉ា ហើយ​យក​ទៅ​ឯ​អាសនា ២៦ នោះ​ត្រូវ​ឲ្យ​សង្ឃ​យក​ម្សៅ ពី​ដង្វាយ​នោះ​១​ក្តាប់ ទុក​ជា​សេចក្តី​រំឭក​ទៅ​ដុត​លើ​អាសនា រួច​សឹម​ឲ្យ​នាង​ផឹក​ទឹក​នោះ ២៧ កាល​ណា​បាន​ឲ្យ​ផឹក​ទឹក​រួច​ហើយ បើ​នាង​មាន​សៅហ្មង​មែន ដោយ​បាន​ក្បត់​ប្តី នោះ​ទឹក​ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា​នឹង​ចូល​ទៅ​ក្នុង​នាង ត្រឡប់​ទៅ​ជា​ល្វីង ពោះ​នាង​នឹង​ហើម​ប៉ោង​ឡើង ហើយ​ភ្លៅ​នាង និង​រលួយ​ទៅ នាង និង​ទៅ​ជា​អ្នក​រង​សេចក្តី​ដំនៀល​ទៅ​ក្នុង​សាសន៍​របស់​ខ្លួន ២៨ តែ​បើ​មិន​បាន​សៅហ្មង​ទេ គឺ​នាង​បរិសុទ្ធ​ស្អាត​វិញ នោះ និង​បាន​រួច ហើយ​នឹង​មាន​កូន​ផង ២៩ នេះ​ហើយ​ជា​ច្បាប់ ខាង​ឯ​សេចក្តី​ប្រចណ្ឌ កាល​ណា​ស្ត្រី​ណា ដែល​នៅ​ក្រោម​អំណាច​ប្តី នឹង​បែរ​ចេញ​ទៅ​ក្បត់​ប្តី​ខ្លួន​ឲ្យ​មាន​សៅហ្មង ៣០ ឬ​បើ​មាន​មនុស្ស​ណា​កើត​មាន​ចិត្ត​ប្រចណ្ឌ​នឹង​ប្រពន្ធ ដោយ​មាន​សេចក្តី​សង្ស័យ នោះ​ត្រូវ​នាំ​នាង​ទៅ​ឲ្យ​ឈរ​នៅ​ចំពោះ​ព្រះយេហូវ៉ា ហើយ​ត្រូវ​ឲ្យ​សង្ឃ​ធ្វើ​សំរេច​តាម​ច្បាប់​នេះ​គ្រប់​ចំពូក ៣១ គឺ​យ៉ាង​ដូច្នោះ ដែល​មនុស្ស​នោះ​នឹង​បាន​វៀរ​រួច ពី​សេចក្តី​ទុច្ចរិត តែ​ឯ​ស្ត្រី​នោះ ត្រូវ​ទ្រាំទ្រ​នឹង​អំពើ​ដ៏​លាមក​របស់​ខ្លួន​វិញ។