៦
ក្រឹត្យវិន័យស្តីអំពីពួកន៉ាសារីត
១ ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ២ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាមនុស្សប្រុសឬស្រីណានឹងញែកខ្លួនចេញ ដោយបន់បំណន់របស់ពួកន៉ាសារីត ដើម្បីនឹងញែកខ្លួនចេញថ្វាយព្រះយេហូវ៉ា ៣ នោះត្រូវញែកខ្លួនឲ្យផុតចេញពីស្រាទំពាំងបាយជូរ និងគ្រឿងស្រវឹង មិនត្រូវបរិភោគទឹកខ្មេះ ដែលធ្វើពីស្រាទំពាំងបាយជូរ ឬទឹកខ្មេះដែលធ្វើពីគ្រឿងស្រវឹងណានីមួយឡើយ ក៏មិនត្រូវផឹកទឹកទំពាំងបាយជូរ ឬបរិភោគផ្លែទំពាំងបាយជូរ ទោះស្រស់ ឬក្រៀមផង ៤ ក្នុងវេលាដែលញែកខ្លួនចេញដូច្នេះ នោះមិនត្រូវបរិភោគអ្វី ដែលធ្វើពីទំពាំងបាយជូរឡើយ ចាប់តាំងពីគ្រាប់ទៅដល់សំបកផង ៥ នៅវេលាដែលញែកខ្លួនដោយបន់បំណន់ នោះមិនត្រូវទាំងឲ្យកាំបិតមកប៉ះសក់ផង ត្រូវឲ្យបានបរិសុទ្ធ ដរាបដល់បានសំរេចកំណត់ដែលញែកខ្លួនចេញថ្វាយដល់ព្រះយេហូវ៉ា គឺត្រូវទុកឲ្យសក់ដុះវែង ៦ នៅវេលាដែលញែកខ្លួនចេញថ្វាយព្រះយេហូវ៉ា នោះមិនត្រូវទៅជិតខ្មោចស្លាប់ណាមួយឡើយ ៧ គឺមិនត្រូវឲ្យខ្លួនសៅហ្មងដោយព្រោះឪពុកម្តាយ ឬបងប្អូនប្រុសស្រី ក្នុងកាលដែលគេស្លាប់នោះឡើយ ដ្បិតជាប់ការញែកខ្លួនចេញថ្វាយព្រះហើយ ៨ នៅវេលាដែលញែកខ្លួនចេញ នោះតែងជាបរិសុទ្ធដល់ព្រះយេហូវ៉ាជានិច្ច ៩ បើមានមនុស្សណាស្លាប់ភ្លាម១រំពេចនៅជិតខ្លួន ធ្វើឲ្យខូចការញែកខ្លួនចេញ នោះត្រូវកោរសក់ចេញក្នុងថ្ងៃដែលបានញែកជាស្អាតវិញ គឺត្រូវកោរសក់នៅថ្ងៃទី៧ ១០ រួចដល់ថ្ងៃទី៨ ត្រូវយកលលក២ ឬព្រាបជំទើរ២ ទៅប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ ១១ ត្រូវឲ្យសង្ឃថ្វាយ១ជាដង្វាយលោះបាប ហើយ១ទៀតជាដង្វាយដុត ដើម្បីឲ្យធួននឹងអ្នកនោះ ដោយព្រោះកំហុស ដែលបានធ្វើពីដំណើរខ្មោចស្លាប់នោះ ព្រមទាំងញែកអ្នកនោះចេញជាបរិសុទ្ធនៅថ្ងៃនោះឯង ១២ រួចត្រូវឲ្យអ្នកនោះបន់កំណត់ពេលវេលា ដែលញែកខ្លួនចេញថ្វាយព្រះយេហូវ៉ា ជាថ្មីទៀត ហើយត្រូវយកកូនចៀម អាយុ១ខួប មកសំរាប់ជាដង្វាយ ដោយព្រោះការរំលង ដ្បិតថ្ងៃមុនទាំងប៉ុន្មានបានសាបសូន្យហើយ ពីព្រោះបានខូចសេចក្តីបរិសុទ្ធខ្លួនហើយ។
១៣ នេះជាច្បាប់នៃពួកន៉ាសារីតក្នុងកាលដែលកំណត់ញែកខ្លួនចេញនោះបានសំរេចហើយ ត្រូវឲ្យនាំអ្នកនោះទៅឯមាត់ទ្វារត្រសាលជំនុំ ១៤ ហើយអ្នកនោះត្រូវថ្វាយដង្វាយរបស់ខ្លួន ដល់ព្រះយេហូវ៉ា គឺកូនចៀមឈ្មោល១ឥតខ្ចោះអាយុ១ខួបសំរាប់ជាដង្វាយដុត និងកូនចៀមញី១ឥតខ្ចោះអាយុ១ខួប សំរាប់ជាដង្វាយលោះបាប ហើយចៀមឈ្មោល១ឥតខ្ចោះ សំរាប់ជាដង្វាយមេត្រី ១៥ និងកញ្ច្រែង១ផ្ទុកដោយនំបុ័ងឥតដំបែ នំធ្វើពីម្សៅយ៉ាងម៉ដ្តលាយដោយប្រេង នំក្រៀបឥតដំបែរប្រោះដោយប្រេង ហើយដង្វាយម្សៅ និងដង្វាយច្រួចនោះផង ១៦ រួចត្រូវឲ្យសង្ឃយកទាំងអស់ ទៅថ្វាយនៅចំពោះព្រះយេហូវ៉ា ព្រមទាំងដង្វាយលោះបាប និងដង្វាយដុតរបស់អ្នកនោះដែរ ១៧ ក៏ត្រូវថ្វាយចៀមឈ្មោល ជាយញ្ញបូជានៃដង្វាយមេត្រី ដល់ព្រះយេហូវ៉ា ព្រមទាំងកញ្ច្រែងនំបុ័ងឥតដំបែផង ត្រូវឲ្យសង្ឃថ្វាយដង្វាយម្សៅ និងដង្វាយច្រួចដែរ ១៨ នោះអ្នកន៉ាសារីតត្រូវកោរសក់ នៃការញែកខ្លួនចេញនៅត្រង់មាត់ទ្វារត្រសាលជំនុំ រួចយកសក់ដែលបានទុកក្នុងវេលាញែកខ្លួនចេញនោះ ទៅដាក់លើភ្លើងដែលឆេះនៅក្រោមយញ្ញបូជានៃដង្វាយមេត្រី ១៩ ត្រូវឲ្យសង្ឃយកស្មាចៀម ដែលស្ងោរឆ្អិនហើយ និងនំឥតដំបែ១ ពីក្នុងកញ្រ្ចែង ហើយនឹងនំក្រៀបឥតដំបែ១ មកដាក់នៅដៃនៃអ្នកន៉ាសារីតនោះ ក្រោយដែលគេបានកោរសក់ហើយ ២០ រួចត្រូវឲ្យសង្ឃគ្រវីរបស់ទាំងនោះ ទុកជាដង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា នេះជារបស់បរិសុទ្ធ សំរាប់សង្ឃនោះ ព្រមទាំងទ្រូង ដែលគ្រវី និងស្មា ដែលលើកចុះឡើងផង ក្រោយមក ទើបអ្នកន៉ាសារីតនោះ នឹងផឹកស្រាទំពាំងបាយជូរបាន។
២១ នេះហើយជាច្បាប់ ខាងឯពួកន៉ាសារីត ដែលបានបន់បំណន់ ហើយខាងឯដង្វាយ ដែលគេត្រូវថ្វាយដល់ព្រះយេហូវ៉ា ដោយព្រោះការញែកខ្លួនចេញ ក្រៅពីដង្វាយណាដែលគេយកមកបាន តាមបំណន់ដែលគេបន់នោះ គឺយ៉ាងនោះដែលត្រូវធ្វើតាមច្បាប់នៃការញែកខ្លួនចេញ។
គំរូពាក្យជូនពរ
២២ ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ២៣ ឲ្យប្រាប់ដល់អើរ៉ុន និងពួកកូនលោកថា ត្រូវឲ្យឯងរាល់គ្នាឲ្យពរដល់ពួកកូនចៅអ៊ីស្រាអែលដោយពាក្យយ៉ាងនេះ គឺត្រូវពោលនឹងគេថា ២៤ សូមឲ្យព្រះយេហូវ៉ាប្រទានពរ ហើយរក្សាឯង ២៥ សូមឲ្យព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រទ្រង់ភ្លឺមកដល់ឯង ព្រមទាំងផ្តល់ព្រះគុណដល់ឯងផង ២៦ សូមឲ្យព្រះយេហូវ៉ាងើបព្រះនេត្រទ្រង់មកចំពោះឯង ហើយប្រទានឲ្យឯងបានសេចក្តីសុខ ២៧ គឺយ៉ាងដូច្នោះដែលត្រូវដាក់ឈ្មោះអញលើពួកកូនចៅអ៊ីស្រាអែល ហើយអញនឹងឲ្យពរដល់គេ។