១៦
ការបះបោររបស់កូរេ ដាថាន និងអ័ប៊ីរ៉ាម
១ រីឯកូរេ ជាកូនយីតសារ ដែលជាកូនកេហាត់ក្នុងពូជលេវី ព្រមទាំងដាថាន និងអ័ប៊ីរ៉ាម ជាកូនអេលាប ហើយនឹងអូន ជាកូនពេលេត ក្នុងពួកកូនចៅរូបេន ២ គេលើកគ្នានៅមុខម៉ូសេ ជាមួយនឹងមនុស្ស២៥០នាក់ ក្នុងពួកកូនចៅអ៊ីស្រាអែល ដែលសុទ្ធតែជាកំពូលលើពួកជំនុំ ជាមនុស្សរើសតាំងក្នុងពួកគេ ហើយក៏មានល្បីឈ្មោះផង ៣ អ្នកទាំងនោះប្រជុំគ្នាទាស់នឹងម៉ូសេ ហើយនឹងអើរ៉ុនដោយពាក្យថា អ្នកយកអំណាចលើខ្លួនហួសពេកណាស់ ដ្បិតពួកជំនុំក៏បានបរិសុទ្ធទាំងអស់គ្នាដែរ ហើយព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងគេផង ម្តេចឡើយអ្នកទាំង២លើកកំពស់ខ្លួន ត្រួតលើពួកជំនុំផងព្រះយេហូវ៉ាដូច្នេះ។
៤ កាលម៉ូសេបានឮពាក្យនោះ លោកក៏ទំលាក់ខ្លួនចុះក្រាបផ្កាប់មុខ ៥ ឆ្លើយ និងកូរេ ហើយនឹងពួកគេថា ព្រឹកស្អែកនេះ ព្រះយេហូវ៉ានឹងសំដែងឲ្យស្គាល់អ្នកណាដែលជារបស់ផងទ្រង់ និងអ្នកណាដែលបរិសុទ្ធ ទ្រង់នឹងនាំឲ្យអ្នកនោះចូលទៅជិតទ្រង់ គឺជាអ្នកណាដែលទ្រង់នឹងរើស ទ្រង់នឹងនាំអ្នកនោះឯងឲ្យចូលទៅជិតទ្រង់ ៦ ចូរឲ្យកូរេឯង និងពួកអ្នកនៅជាមួយធ្វើដូច្នេះចុះ ឲ្យយកពានគ្រប់គ្នារៀងខ្លួនទៅ ៧ រួចដល់ស្អែកឡើង ចូរយកភ្លើងដាក់នឹងពានទាំងនោះ ហើយរោយកំញានពីលើនៅចំពោះព្រះយេហូវ៉ា នោះអ្នកណាដែលព្រះយេហូវ៉ាទ្រង់រើស អ្នកនោះឯងនឹងបានបរិសុទ្ធ នែ កូនចៅលេវីអើយ ឯងរាល់គ្នាយកអំណាចលើខ្លួនហួសពេកណាស់ ៨ ម៉ូសេក៏និយាយទៅកូរេថា ពួកកូនចៅលេវីអើយ ចូរស្តាប់សិន ៩ ដែលព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានញែកឯងរាល់គ្នាចេញពីពួកជំនុំនៃកូនចៅអ៊ីស្រាអែល ឲ្យបាននាំឯងចូលទៅជិតទ្រង់ សំរាប់នឹងធ្វើការងារក្នុងរោងឧបោសថផងព្រះយេហូវ៉ា ហើយឲ្យបានឈរនៅមុខពួកជំនុំ ដើម្បីនឹងធ្វើការងារជូនគេ ១០ ព្រមទាំងនាំឯងរាល់គ្នា និងពួកលេវីជាបងប្អូនទាំងអស់មកជិតផង នោះតើឯងរាល់គ្នាស្មានថាជាការតូចពេកឬអី បានជារកចង់បានការងារជាសង្ឃថែមទៀតដូច្នេះ ១១ ឯអើរ៉ុន តើលោកជាអ្វីដែលឯងរាល់គ្នារទូរទាំទាស់នឹងលោកដូច្នេះ គឺឯង នឹងពួកឯងទាំងនេះបានប្រមូលគ្នាទាស់នឹងព្រះយេហូវ៉ាវិញទេតើ។
១២ ម៉ូសេក៏ចាត់គេឲ្យទៅហៅដាថាន និងអ័ប៊ីរ៉ាម ជាកូនអេលាបឲ្យមក តែគេប្រកែកថា យើងមិនទៅទេ ១៣ ដែលអ្នកបាននាំយើងចេញពីស្រុក ដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ មក ដើម្បីនឹងសំឡាប់យើងនៅទីរហោស្ថាននេះ តើជាការតូចពេកឬអី បានជាអ្នកត្រូវការចង់លើកខ្លួន ធ្វើជាកំពូលលើយើងទៀត ១៤ ១ទៀត អ្នកមិនបាននាំយើងចូលទៅក្នុងស្រុក ដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរទេ ក៏មិនបានឲ្យស្រែចំការមកយើងទុកជាមរដកផង តើអ្នកចង់ចាក់ពន្លត់ភ្នែកអ្នកទាំងនេះដែរឬអី យើងមិនព្រមទៅសោះឡើយ។
ព្រះអម្ចាស់ដាក់ទោសកូរេ និងបក្សពួករបស់គាត់
១៥ ដូច្នេះម៉ូសេក៏ខឹងណាស់ ហើយទូលទៅព្រះយេហូវ៉ាថា សូមទ្រង់កុំរាប់អានដង្វាយគេឡើយ ទូលបង្គំមិនបានយកសត្វលារបស់គេ សូម្បីតែ១ផង ក៏មិនដែលប្រទូសរ៉ាយចំពោះពួកគេណាឡើយ។
១៦ រួចម៉ូសេបង្គាប់ដល់កូរេថា ថ្ងៃស្អែកនេះ ចូរឲ្យឯង និងពួកឯងទាំងប៉ុន្មាន មកនៅចំពោះព្រះយេហូវ៉ាចុះ គឺឯង និងពួកអ្នកទាំងនោះ ព្រមទាំងអើរ៉ុនផង ១៧ ចូរឲ្យគ្រប់គ្នានាំយកពានរបស់ខ្លួន មករោយកំញានពីលើ គឺត្រូវឲ្យគ្រប់គ្នានាំគ្នាយកពានរបស់ខ្លួនមក នៅចំពោះព្រះយេហូវ៉ា ជាពានមានចំនួន២៥០ ទាំងឯង និងអើរ៉ុន ក៏ត្រូវយកពានរបស់ខ្លួនមកដែរ ១៨ ដូច្នេះ គេក៏យកពានមកគ្រប់គ្នា ព្រមទាំងដាក់ភ្លើង ហើយរោយកំញានពីលើផង រួចឈរនៅមាត់ទ្វារត្រសាលជំនុំជាមួយនឹងម៉ូសេ ហើយនឹងអើរ៉ុន ១៩ ឯកូរេក៏ប្រមូលពួកជំនុំទាំងអស់គ្នា មកទាស់នឹងលោកទាំង២ នៅត្រង់មាត់ទ្វារត្រសាលជំនុំ គ្រានោះសិរីល្អនៃព្រះយេហូវ៉ាក៏លេចមក ឲ្យពួកជំនុំទាំងអស់ឃើញ។
២០ ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេ ហើយនឹងអើរ៉ុនថា ២១ ចូរឯងដកខ្លួនពីពួកជំនុំនេះចេញ ដើម្បីឲ្យអញបានបំផ្លាញគេទៅជា១រំពេច ២២ នោះអ្នកទាំង២ក៏ទំលាក់ខ្លួនចុះក្រាបផ្កាប់មុខទូលថា ឱព្រះអង្គដ៏ជាព្រះនៃវិញ្ញាណគ្រប់ទាំងមនុស្សអើយ បើមនុស្សតែម្នាក់ធ្វើបាប នោះតើទ្រង់នឹងក្រោធចំពោះពួកជំនុំទាំងអស់គ្នាឬអី ២៣ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា ២៤ ចូរប្រាប់ដល់ពួកជំនុំ ឲ្យគេថយចេញពីត្រសាលរបស់កូរេ ដាថាន និងអ័ប៊ីរ៉ាមទៅ។
២៥ រួចម៉ូសេក៏ក្រោកឡើងទៅឯដាថាន និងអ័ប៊ីរ៉ាម មានទាំងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលដើរតាមទៅដែរ ២៦ លោកអង្វរពួកជំនុំដោយពាក្យថា សូមឲ្យអ្នករាល់គ្នាថយចេញពីត្រសាល របស់មនុស្សអាក្រក់ទាំងនេះទៅ កុំពាល់របស់អ្វីផងគេឲ្យសោះ ក្រែងត្រូវវិនាសទៅ ក្នុងអំពើបាបទាំងប៉ុន្មាន របស់គេដែរ ២៧ ដូច្នេះ គេថយចេញពីកន្លែងជុំវិញត្រសាលរបស់កូរេ ដាថាន និងអ័ប៊ីរ៉ាម ទៅរីឯដាថាន និងអ័ប៊ីរ៉ាម គេក៏ចេញមកឈរនៅមាត់ទ្វារត្រសាលរបស់ខ្លួន ព្រមទាំងប្រពន្ធ និងកូនធំតូចទាំងប៉ុន្មានរបស់គេដែរ ២៨ រួចម៉ូសេមានប្រសាសន៍ថា គឺយ៉ាងដូច្នេះដែលឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ាបានចាត់អញមកធ្វើការទាំងនេះ ហើយថា អញមិនបានធ្វើ ដោយអំពើចិត្តរបស់អញទេ ២៩ គឺបើអ្នកទាំងនេះស្លាប់ តាមដំណើរធម្មតានៃមនុស្សទាំងឡាយ ឬបើគេត្រូវដកជីវិតយកទៅ តាមភាពធម្មតារបស់មនុស្សផងទាំងពួង នោះព្រះយេហូវ៉ាមិនបានចាត់អញមកទេ ៣០ តែបើសិនជាព្រះយេហូវ៉ាទ្រង់ធ្វើការមួយយ៉ាងចំឡែកវិញ ដោយឲ្យដីហាឡើងលេបគេ និងរបស់ផងគេទាំងអស់ទៅ ហើយគេចុះទាំងរស់ ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះអ្នករាល់គ្នានឹងដឹងពិតថា គេបានមើលងាយ ដល់ព្រះយេហូវ៉ាហើយ។
៣១ កាលលោកបានមានប្រសាសន៍ពាក្យទាំងនេះរួចហើយ នោះដីក៏ប្រេះឡើងពីក្រោមគេ ៣២ ហាទទួលយកគេបាត់ទៅ ព្រមទាំងពួកផ្ទះគេ និងអស់មនុស្សណាដែលជាពួករបស់កូរេ ហើយនឹងទ្រព្យសម្បត្តិគេផង ៣៣ ដូច្នេះអ្នកទាំងនោះ និងពួកគេទាំងអស់ក៏ចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ទាំងរស់ រួចដីភ្ជិតពីលើគេទៅវិញ ហើយគេត្រូវវិនាសបាត់អស់ពីពួកជំនុំចេញ ៣៤ ឯពួកអ៊ីស្រាអែលដែលនៅជុំវិញ កាលគេឮសំរែករបស់អ្នកទាំងនោះ ក៏រត់ទាំងអស់គ្នា ដោយនិយាយថា ក្រែងដីស្រូបយើងទៅដែរ ៣៥ ក៏មានភ្លើងចេញពីព្រះយេហូវ៉ា មកបញ្ឆេះមនុស្ស២៥០នាក់ ដែលកំពុងថ្វាយកំញាននោះដែរ។
ពានដាក់ភ្លើងរបស់បក្សកូរេ
៣៦ ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ៣៧ ចូរប្រាប់ដល់អេលាសារ ជាកូនអើរ៉ុនដ៏ជាសង្ឃ ឲ្យរើសពានទាំងនោះពីក្នុងភ្លើងមក ហើយឲ្យវាចភ្លើងទៅខាងនោះទៅ ដ្បិតពានទាំងនោះជារបស់បរិសុទ្ធ ៣៨ ត្រូវឲ្យយកពានទាំងប៉ុន្មានរបស់មនុស្ស ដែលធ្វើបាបមានទោសដល់ស្លាប់នោះ ទៅផែធ្វើជាបន្ទះ សំរាប់នឹងប៉ានភ្ជាប់នឹងអាសនា ដ្បិតគេបានថ្វាយនៅចំពោះព្រះយេហូវ៉ាហើយ ដូច្នេះជារបស់បរិសុទ្ធ ក៏នឹងបានជាទីសំគាល់ដល់ពួកកូនចៅអ៊ីស្រាអែល ៣៩ នោះអេលាសារដ៏ជាសង្ឃក៏រើសយកពានលង្ហិនទាំងប៉ុន្មាន ដែលពួកអ្នកត្រូវភ្លើងឆេះនោះបានថ្វាយ មកផែសំរាប់នឹងប៉ានអាសនា ៤០ ទុកជាសេចក្តីរំឭកដល់ពួកកូនចៅអ៊ីស្រាអែល ដើម្បីកុំឲ្យអ្នកដទៃណា ដែលមិនកើតពីពូជអើរ៉ុនមក បានចូលទៅដុតកំញាននៅចំពោះព្រះយេហូវ៉ាឡើយ ក្រែងលោគេត្រូវស្លាប់ដូចកូរេ ហើយនឹងពួកគេដែរ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក ដោយសារម៉ូសេ។
បណ្តាជនទិតៀនម៉ូសេ និងអើរ៉ុន
៤១ លុះដល់ថ្ងៃស្អែកឡើង ពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា ក៏រទូរទាំទាស់នឹងម៉ូសេ ហើយនឹងអើរ៉ុនថា លោកបានសំឡាប់ពួកជននៃព្រះយេហូវ៉ា ៤២ តែកាលពួកជំនុំបានប្រជុំគ្នាទាស់នឹងម៉ូសេ ហើយនឹងអើរ៉ុនដូច្នេះ នោះគេក្រឡេកមើលទៅខាងត្រសាលជំនុំ ឃើញពពកមកគ្របលើត្រសាល ហើយសិរីល្អនៃព្រះយេហូវ៉ាក៏លេចមកដែរ ៤៣ ឯម៉ូសេ និងអើរ៉ុនក៏ទៅឯត្រង់មុខត្រសាលជំនុំ ៤៤ នោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ៤៥ ចូរឲ្យឯងថយចេញពីពួកជំនុំនេះទៅ ដើម្បីឲ្យអញបានបំផ្លាញគេចេញជា១រំពេច តែអ្នកទាំង២ក៏ទំលាក់ខ្លួនចុះក្រាបផ្កាប់មុខ ៤៦ ហើយម៉ូសេប្រាប់ដល់អើរ៉ុនថា ចូរយកពានរបស់បងទៅ ហើយយកភ្លើងពីលើអាសនាមកដាក់ រួចរោយកំញាន នាំយកទៅឯពួកជំនុំ ថ្វាយឲ្យធួននឹងគេជាប្រញាប់ទៅ ដ្បិតមានសេចក្តីក្រោធចេញពីចំពោះព្រះយេហូវ៉ាមក មានមនុស្សកំពុងតែដួលស្លាប់ហើយ។
៤៧ ដូច្នេះអើរ៉ុនក៏យកពានទៅតាមបង្គាប់ម៉ូសេ ហើយរត់ទៅឯកណ្តាលពួកជំនុំ នោះឃើញមនុស្សកំពុងតែដួលស្លាប់នៅក្នុងពួកគេហើយ រួចលោករោយកំញានថ្វាយឲ្យធួននឹងគេ ៤៨ ក៏ឈរនៅកណ្តាលពួកមនុស្សស្លាប់ និងពួកមនុស្សរស់ ដូច្នេះការប្រហារជីវិតនោះក៏បាត់ទៅ ៤៩ រីឯពួកមនុស្សដែលស្លាប់ ដោយការប្រហារជីវិតនោះ មានចំនួន១ម៉ឺន៤ពាន់៧០០នាក់ ទីទៃពីពួកអ្នកដែលត្រូវស្លាប់ពីដំណើរកូរេ ៥០ រួចអើរ៉ុនក៏ត្រឡប់ទៅឯម៉ូសេ នៅត្រង់មាត់ទ្វារត្រសាលជំនុំ ហើយការប្រហារជីវិតបានឈប់ទ្រឹងនៅ។