១៧
ដំបងរបស់អើរ៉ុន
១ ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ២ ចូរនិយាយនឹងពួកកូនចៅអ៊ីស្រាអែល រួចទទួលយកដំបងពីគេ គឺដំបងមួយៗពីគ្រប់ទាំងវង្សានុវង្ស របស់ពួកឰយុកោគេ ត្រូវយកពីពួកអ្នកដែលជាកំពូលលើគេ តាមវង្សានុវង្សនៃពួកឰយុកោគេរៀងខ្លួន ឲ្យបានដំបង១២ ហើយសរសេរឈ្មោះរបស់គេរៀងខ្លួន នៅភ្ជាប់នឹងដំបងនីមួយៗ ៣ តែត្រូវសរសេរឈ្មោះអើរ៉ុន ភ្ជាប់នៅដំបងរបស់ពួកលេវីវិញ ដ្បិតត្រូវឲ្យមានដំបង១ សំរាប់គ្រប់ទាំងមេនៃពួកវង្សឰយុកោគេ ៤ រួចត្រូវដាក់ដំបងទាំងនោះទុកក្នុងត្រសាលជំនុំ នៅចំពោះមុខនៃសេចក្តីបន្ទាល់ ត្រង់កន្លែងដែលអញតែងជួបនឹងឯង ៥ ឯដំបងរបស់អ្នកណាដែលអញបានរើស នោះនឹងបានប៉ិចឡើង ហើយយ៉ាងនោះអញនឹងបំបាត់សេចក្តីរទូរទាំរបស់ពួកកូនចៅអ៊ីស្រាអែល ដែលគេចេះតែរទូរទាំទាស់នឹងឯង ឲ្យបាត់ចេញពីមុខអញទៅ។
៦ ម៉ូសេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល រួចអស់ទាំងអ្នក ដែលជាកំពូលលើគេ ក៏ប្រគល់ដំបង១ម្នាក់មកលោករៀងខ្លួន តាមពួកវង្សានុវង្សនៃពួកឰយុកោគេ គឺជាដំបងទាំងអស់១២ ហើយដំបងរបស់អើរ៉ុនក៏នៅជាមួយនឹងដំបងគេដែរ ៧ រួចម៉ូសេដាក់ដំបងទាំងនោះទុកនៅចំពោះព្រះយេហូវ៉ា ក្នុងត្រសាលនៃសេចក្តីបន្ទាល់។
៨ លុះថ្ងៃស្អែកឡើង កាលម៉ូសេចូលទៅក្នុងត្រសាលនៃសេចក្តីបន្ទាល់ នោះឃើញដំបងរបស់អើរ៉ុន ដែលសំរាប់ពួកវង្សលេវី មានពក ហើយប៉ិចឡើង រួចបែកចេញជាផ្កា ហើយបង្កើតបានផ្លែចំបក់ទុំ ៩ ម៉ូសេក៏យកដំបងទាំងនោះពីចំពោះព្រះយេហូវ៉ាចេញមកឯពួកកូនចៅអ៊ីស្រាអែល គេក៏មើល ហើយបានយកដំបងរបស់គេរៀងខ្លួនទៅ ១០ រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរដាក់ដំបងរបស់អើរ៉ុន នៅចំពោះមុខនៃសេចក្តីបន្ទាល់វិញទៅ ទុកជាទីសំគាល់ទាស់នឹងពួកអ្នកដែលចង់បះបោរ ដើម្បីឲ្យសេចក្តីរទូរទាំរបស់គេ បានផុតចេញពីមុខអញទៅ ក្រែងលោគេត្រូវស្លាប់ ១១ នោះម៉ូសេក៏ធ្វើដូច្នោះ តាមដែលព្រះយេហូវ៉ាបានបង្គាប់មក លោកបានធ្វើសំរេចតាមនោះ។
១២ ពួកកូនចៅអ៊ីស្រាអែល ក៏ពោលចំពោះម៉ូសេថា មើល យើងរាល់គ្នាស្លាប់ យើងវិនាសហើយ យើងទាំងអស់គ្នាត្រូវវិនាស ១៣ ដ្បិតអស់អ្នកណា ដែលចូលទៅជិតរោងឧបោសថផងព្រះយេហូវ៉ា នោះក៏ត្រូវស្លាប់ ដូច្នេះ តើត្រូវឲ្យយើងទាំងអស់គ្នាវិនាសទៅឬអី។