២៤
១ កាលបាឡាមបានឃើញថា ព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងឲ្យពរ ដល់សាសន៍អ៊ីស្រាអែលដូច្នោះ នោះគាត់មិនបានទៅដូចជាជាន់មុន ដើម្បីនឹងរកមន្តវិជ្ជាការទៀតឡើយ គឺគាត់បែរមុខទៅឯទីរហោស្ថានវិញ ២ ក៏ងើបភ្នែកឡើងឃើញសាសន៍អ៊ីស្រាអែល នៅក្នុងត្រសាល តាមពូជអំបូរគេរៀងខ្លួន នោះព្រះវិញ្ញាណនៃព្រះ ក៏មកសណ្ឋិតលើគាត់ ៣ ហើយគាត់ចាប់តាំងបញ្ចេញព្រះបន្ទូលដោយពាក្យថា នេះជាពាក្យរបស់បាឡាមជាកូនបេអ៊រ គឺជាពាក្យនៃមនុស្ស ដែលមើលឃើញច្បាស់ ៤ ហើយជាពាក្យរបស់មនុស្សដែលឮព្រះបន្ទូលនៃព្រះ ជាអ្នកដែលបានឃើញព្រះដ៏មានគ្រប់ព្រះចេស្តា ក្នុងការជាក់ស្តែង ហើយជាអ្នកដែលក្រាបចុះ ដោយមានភ្នែកបើកឡើង ៥ គឺថា ឱយ៉ាកុបអើយ ត្រសាលរបស់ឯងទាំងប៉ុន្មានល្អណាស់ហ្ន៎ ហើយទីលំនៅឯងផង ឱអ៊ីស្រាអែលអើយ ៦ ទីលំនៅទាំងនោះលយវែងទៅ ដូចជាច្រកភ្នំ ក៏ដូចជាច្បារនៅមាត់ទន្លេ ដូចជាដើមក្រឹស្នាដែលព្រះយេហូវ៉ាបានដាំ ហើយដូចជាដើមតាត្រៅនៅមាត់ទឹក ៧ និងមានទឹកហៀរហូរពីថាំងគេ ហើយពូជគេនឹងចំរើនផលឡើងដោយមានទឹកច្រើន ស្តេចគេនឹងបានខ្ពស់ជាងស្តេចអ័កាក់ ហើយនគរគេនឹងបានថ្កើងឡើង ៨ ព្រះទ្រង់នាំគេចេញពីស្រុកអេស៊ីព្ទមក គេមានកំឡាំង ដូចជាកំឡាំងនៃសត្វរមាស គេនឹងស៊ីលេបសាសន៍ដទៃដែលជាខ្មាំងសត្រូវនឹងគេ ព្រមទាំងបំបាក់ឆ្អឹងឲ្យខ្ទេច ហើយបាញ់ទំលុះដោយព្រួញផង ៩ គេបានក្រាប ក៏ដេកទៅដូចជាសិង្ហឈ្មោល ហើយដូចជាសិង្ហញីផង តើអ្នកណាហ៊ានដាស់គេឡើង មានពរហើយ អ្នកណាដែលឲ្យពរដល់ឯង តែអស់អ្នកណាដែលដាក់បណ្តាសាឯង នោះត្រូវបណ្តាសាវិញ។
១០ នោះបាឡាក ទ្រង់មានសេចក្តីខ្ញាល់ក្តៅឡើងដល់បាឡាម ក៏ទះព្រះហស្តសន្ធាប់ទៅបាឡាមថា អញបានហៅឯងមក ដើម្បីដាក់បណ្តាសាដល់ខ្មាំងសត្រូវអញ តែមើល ឯងបានឲ្យពរដល់គេ គ្រប់ទាំង៣ដងនេះវិញ ១១ ដូច្នេះ ចូរឯងរត់ទៅកន្លែងឯងឥឡូវចុះ អញបានគិតនឹងលើកឯងឲ្យមានសក្តិយសជាធំ តែមើល ព្រះយេហូវ៉ាបានឃាត់មិនឲ្យឯងមានសក្តិយសទេ ១២ នោះបាឡាមទូលឆ្លើយថា តើទូលបង្គំមិនបានប្រាប់ដល់ពួកអ្នកនាំសារដែលទ្រង់បានត្រាស់ប្រើ ឲ្យទៅឯទូលបង្គំទេឬអី ថា ១៣ ទោះបើព្រះរាជា និងប្រទានមាស និងប្រាក់ ពេញដំណាក់ទ្រង់ ដល់ទូលបង្គំក៏ដោយ គង់តែទូលបង្គំពុំអាចនឹងរំលងបញ្ញត្តផងព្រះយេហូវ៉ា ដើម្បីនឹងធ្វើអំពើល្អ ឬអាក្រក់តាមចិត្តទៅបានឡើយ សេចក្តីណាដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូល គឺសេចក្តីនោះឯង ដែលទូលបង្គំនឹងថ្លែងទៅ ១៤ មើល ទូលបង្គំត្រឡប់ទៅឯសាសន៍ទូលបង្គំឥឡូវនេះឯង សូមយាងមកនេះ ទូលបង្គំនឹងប្រកាសទូលទ្រង់ពីរដែលសាសន៍នេះ នឹងធ្វើដល់សាសន៍ទ្រង់នៅគ្រាជាន់ក្រោយ ១៥ រួចគាត់ចាប់តាំងបញ្ចេញព្រះបន្ទូល ដោយពាក្យថា នេះជាពាក្យរបស់បាឡាមជាកូនបេអ៊រ គឺជាពាក្យនៃមនុស្សដែលមើលឃើញច្បាស់ ១៦ ជាពាក្យរបស់មនុស្សដែលឮព្រះបន្ទូលនៃព្រះ ជាអ្នកដែលស្គាល់គំនិតនៃព្រះដ៏ខ្ពស់បំផុត ហើយជាអ្នកដែលបានឃើញព្រះដ៏មានគ្រប់ព្រះចេស្តាក្នុងការជាក់ស្តែង ព្រមទាំងក្រាបចុះដោយមានភ្នែកបើកឡើង ១៧ ខ្ញុំឃើញទ្រង់ តែមិនមែនក្នុងឥឡូវនេះទេ ខ្ញុំរំពឹងមើលទ្រង់ តែមិនមែននៅជិតទេ នឹងមានផ្កាយ១ចេញពីពួកយ៉ាកុបមក ហើយនឹងមានដំបង១កើតពីសាសន៍អ៊ីស្រាអែលដែរ ដំបងនោះនឹងវាយអស់ទាំងទីកៀននៃសាសន៍ម៉ូអាប់ ហើយបំបែកបំបាក់អស់ទាំងពួកអ្នក ដែលបង្កើតសេចក្តីវឹកវរ ១៨ នោះស្រុកអេដំមនឹងត្រឡប់ទៅជាកេរអាកររបស់ផងគេ ហើយស្រុកសៀរដែលជាខ្មាំងសត្រូវគេ នោះនឹងត្រឡប់ទៅជារបស់ផងគេដែរ គឺសាសន៍អ៊ីស្រាអែលនឹងមានជ័យជំនះ ១៩ ហើយនឹងមានម្នាក់កើតឡើងពីពួកយ៉ាកុប ដែលនឹងកាន់កាប់ត្រួតត្រា អ្នកនោះនឹងរំលាយអស់ទាំងសំណល់ពីទីក្រុងចេញ។
២០ រួចគាត់ក្រឡេកឃើញសាសន៍អាម៉ាលេក ក៏ចាប់តាំងបញ្ចេញព្រះបន្ទូលដោយពាក្យថា អាម៉ាលេកជាដើមចមនៃនគរទាំងអស់ តែចុងបំផុតរបស់គេ នោះនឹងត្រូវសាបសូន្យទៅ។
២១ គាត់ក៏ក្រឡេកឃើញសាសន៍កែនដែរ រួចគាត់បញ្ចេញព្រះបន្ទូល ដោយពាក្យថា ទីលំនៅរបស់ឯងមាំណាស់ ឯងមានសំបុកនៅលើថ្មដា ២២ ប៉ុន្តែសាសន៍កែននឹងត្រូវរោយរៀវទៅ ដរាបដល់សាសន៍អាសស៊ើរនាំទៅជាឈ្លើយ។
២៣ រួចគាត់បញ្ចេញព្រះបន្ទូលទៀត ដោយពាក្យថា ឱគួរអនិច្ចាណាស់ហ្ន៎ តើអ្នកណានឹងរស់នៅ ក្នុងកាលដែលព្រះទ្រង់ធ្វើការទាំងនេះ ២៤ តែនឹងមាននាវាមកពីស្រុកគីទីម គេនឹងបន្ទាបបន្ថោកសាសន៍អាសស៊ើរ ព្រមទាំងសាសន៍ហេប៊ើរផង តែគេនឹងត្រូវវិនាសទៅដែរ ២៥ នោះបាឡាមក៏ក្រោកឡើង ត្រឡប់ទៅឯកន្លែងរបស់គាត់វិញ ឯបាឡាកទ្រង់ក៏យាងតាមផ្លូវរបស់ទ្រង់ទៅដែរ។