២៥
កូន​ចៅ​អ៊ីស្រាអែល​នាំ​គ្នា​ថ្វាយ​បង្គំ​ព្រះ​ក្លែងក្លាយ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់
១ រីឯ​ពួក​អ៊ីស្រាអែល​គេ​នៅ​ស្រុក​ស៊ីទីម ហើយ​បណ្តាជន​ចាប់​តាំង​សហាយស្មន់ នឹង​ពួក​កូន​ស្រី​របស់​សាសន៍​ម៉ូអាប់ ២ ដ្បិត​ពួក​នោះ​បាន​ហៅ​បណ្តាជន ទៅ​ឯ​ការ​ថ្វាយ​យញ្ញបូជា​ដល់​ព្រះ​របស់​គេ ហើយ​សាសន៍​អ៊ីស្រាអែល​ក៏​បាន​បរិភោគ ព្រម​ទាំង​ក្រាប​សំពះ​ដល់​ព្រះ​នៃ​សាសន៍​ម៉ូអាប់​នោះ​ដែរ ៣ គេ​ចូល​ពួក​ខាង​ព្រះបាល-ពេអរ នោះ​សេចក្តី​ខ្ញាល់​នៃ​ព្រះយេហូវ៉ា ក៏​ឆួល​ឡើង​ទាស់​នឹង​គេ ៤ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ចាប់​យក​ពួក​មេ​នៃ​បណ្តាជន​ទាំង​អស់ មក​ចង​ព្យួរ​ហាល​ថ្ងៃ​នៅ​ចំពោះ​ព្រះយេហូវ៉ា​ទៅ ដើម្បី​ឲ្យ​សេចក្តី​ខ្ញាល់​ក្តៅ​របស់​ទ្រង់​បាន​បែរ​ពី​ពួក​អ៊ីស្រាអែល​ចេញ ៥ នោះ​ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​ចៅក្រម​នៃ​ពួក​អ៊ីស្រាអែល​ថា ចូរ​អ្នក​រាល់​គ្នា​សំឡាប់​ពួក​របស់​ខ្លួន ដែល​ចូល​ពួក​ខាង​ព្រះ​បាល-ពេអរ​ចេញ​ទៅ។
៦ ខណៈ​នោះ មាន​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​ម្នាក់ នាំ​ស្ត្រី​សាសន៍​ម៉ាឌាន​ម្នាក់​មក​ឯ​បង​ប្អូន​ខ្លួន នៅ​ចំពោះ​មុខ​ម៉ូសេ និង​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់ ដែល​កំពុង​យំ នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ៧ កាល​ភីនេហាស ជា​កូន​អេលាសារ ដែល​ជា​កូន​អើរ៉ុន ដ៏​ជា​សង្ឃ បាន​ឃើញ នោះ​ក៏​ក្រោក​ឡើង​នៅ​កណ្តាល​ពួក​ជំនុំ ចាប់​យក​លំពែង​នៅ​ដៃ ៨ ចូល​ទៅ​ក្នុង​ត្រសាល​តាម​ក្រោយ​អ្នក​នោះ ហើយ​ក៏​ចាក់​ទំលុះ​អ្នក​ទាំង​២​នោះ​ទៅ គឺ​ទាំង​ប្រុស​សាសន៍​អ៊ីស្រាអែល និង​ស្ត្រី​នោះ​ផង ត្រូវ​ត្រង់​ពោះ​នាង នោះ​សេចក្តី​វេទនា​បាន​បាត់​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទៅ ៩ ឯ​អស់​អ្នក​ដែល​បាន​ស្លាប់​ក្នុង​សេចក្តី​វេទនា​នោះ មាន​ចំនួន​២​ម៉ឺន​៤​ពាន់​នាក់។
១០ រួច​ព្រះយេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ​ថា ១១ ភីនេហាស​ជា​កូន​អេលាសារ ដែល​ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ លោក​បាន​បំបែក​សេចក្តី​ឃោរឃៅ​របស់​អញ​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ ដោយ​ព្រោះ​មាន​សេចក្តី​ឈឺឆ្អាល​ជំនួស​អញ ប្រយោជន៍​កុំ​ឲ្យ​អញ​បាន​បំផ្លាញ​គេ​ក្នុង​សេចក្តី​ប្រចណ្ឌ​របស់​អញ​ឡើយ ១២ ដូច្នេះ​ចូរ​ប្រាប់​ថា អញ​តាំង​សេចក្តី​សញ្ញា​របស់​អញ ឲ្យ​បាន​មេត្រី​នឹង​លោក​ហើយ ១៣ គឺ​ជា​សេចក្តី​សញ្ញា ឲ្យ​បាន​ការងារ​ជា​សង្ឃ នៅ​ជា​ដរាប​ត​ទៅ សំរាប់​លោក​នឹង​ពូជ​លោក​រៀង​ត​ទៅ ពី​ព្រោះ​លោក​បាន​ឈឺឆ្អាល​នឹង​ព្រះ​នៃ​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល។
១៤ រីឯ​មនុស្ស​សាសន៍​អ៊ីស្រាអែល ដែល​ត្រូវ​ស្លាប់​ជា​មួយ​នឹង​ស្ត្រី​សាសន៍​ម៉ាឌាន​នោះ គឺ​ឈ្មោះ​ស៊ីមរី ជា​កូន​សាលូវ ដែល​ជា​កំពូល​លើ​វង្សានុវង្ស​របស់​ឪពុក​១​ក្នុង​ពូជ​អំបូរ​ស៊ីម្មាន ១៥ ហើយ​ស្ត្រី​សាសន៍​ម៉ាឌាន ដែល​ត្រូវ​ស្លាប់​នោះ គឺ​ឈ្មោះ​កូសប៊ី ជា​កូន​ស៊ើ ដែល​ជា​មេ​លើ​ពួក​វង្ស​នៃ​ឪពុក​១​ក្នុង​សាសន៍​ម៉ាឌាន។
១៦ ព្រះយេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ​ថា ១៧ ចូរ​ធ្វើ​ទុក្ខ​ដល់​សាសន៍​ម៉ាឌាន ហើយ​វាយ​គេ​ចុះ ១៨ ដ្បិត​គេ​ធ្វើ​ទុក្ខ​ឯង​រាល់​គ្នា​ដោយ​ឧបាយកល ដែល​គេ​មក​ល្បួង​លួងលោម​ឯង​ពី​ដំណើរ​ពេអរ​នោះ ហើយ​ពី​ដំណើរ​នាង​កូសប៊ី ជា​កូន​នៃ​អ្នក​១ ដែល​ជា​កំពូល​លើ​សាសន៍​ម៉ាឌាន ជា​អ្នក​ដែល​ត្រូវ​ស្លាប់​នៅ​ថ្ងៃ​មាន​សេចក្តី​វេទនា ដោយ​ព្រោះ​រឿង​ពេអរ​នោះ។