២៧
ច្បាប់​អំពី​កេរមរដក​សំរាប់​កូន​ស្រី
១ ឯ​ពួក​កូន​ស្រី​ស្លូផិហាត ដែល​ជា​កូន​ហេភើរៗ ជា​កូន​កាឡាតៗ ជា​កូន​ម៉ាគារៗ ជា​កូន​ម៉ាន៉ាសេ ក្នុង​ពួក​គ្រួ​ម៉ាន៉ាសេ ដែល​គេ​ជា​កូន​ចៅ​យ៉ូសែប ឯ​កូន​ស្រី​របស់​គាត់​ទាំង​នោះ​មាន​ឈ្មោះ​ដូច្នេះ គឺ​ម័សឡា​១ ណូហា​១ ហុកឡា​១ មីលកា​១ និង​ធើសា​១ ២ គេ​ក៏​នាំ​គ្នា​ចូល​មក​ឈរ​នៅ​ចំពោះ​មុខ​ម៉ូសេ និង​អេលាសារ​ដ៏​ជា​សង្ឃ ហើយ​នៅ​មុខ​អស់​អ្នក ដែល​ជា​កំពូល លើ​ពួក​ជំនុំ ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ ជំរាប​ថា ៣ ឪពុក​យើង​ខ្ញុំ​បាន​ស្លាប់​ទៅ នៅ​ទី​រហោស្ថាន គាត់​មិន​មែន​ជា​ពួក​កូរេ​ដែល​លើក​គ្នា​ទាស់​នឹង​ព្រះយេហូវ៉ា​នោះ​ទេ គឺ​គាត់​បាន​ស្លាប់​ដោយ​ព្រោះ​តែ​បាប​របស់​ខ្លួន​វិញ ហើយ​គាត់​គ្មាន​កូន​ប្រុស​សោះ ៤ ហេតុ​អ្វី​បាន​ជា​ត្រូវ​ឲ្យ​ឈ្មោះ​ឪពុក​យើង​ខ្ញុំ បាត់​ចេញ​ពី​ពួក​គ្រួ​គាត់​ទៅ ដោយ​ព្រោះ​តែ​គ្មាន​កូន​ប្រុស​ដូច្នេះ ហេតុ​នេះ​សូម​ឲ្យ​យើង​ខ្ញុំ​បាន​កេរអាករ នៅ​ជា​មួយ​នឹង​បង​ប្អូន​របស់​ឪពុក​យើង​ខ្ញុំ​ផង ៥ នោះ​ម៉ូសេ​ក៏​នាំ​យក​រឿង​គេ ទៅ​ទូល​ដល់​ព្រះយេហូវ៉ា។
៦ រួច​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ​ថា ៧ ពួក​កូន​ស្រី​ស្លូផិហាត​បាន​និយាយ​ត្រូវ ដូច្នេះ​ត្រូវ​ចែក​ឲ្យ​គេ​មាន​កេរអាករ​នៅ​ជា​មួយ​នឹង​ពួក​បង​ប្អូន​របស់​ឪពុក​គេ​ផង ត្រូវ​ឲ្យ​គេ​បាន​មរដក​របស់​ឪពុក​គេ​ចុះ ៨ ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែរ​ថា បើ​អ្នក​ណា​ស្លាប់​ទៅ​ឥត​មាន​កូន​ប្រុស នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ចែក​មរដក​របស់​អ្នក​នោះ​ដល់​កូន​ស្រី​គេ​ទៅ ៩ បើ​គ្មាន​កូន​ស្រី​ទេ នោះ​ត្រូវ​ឲ្យ​មរដក​គេ​ដល់​បង​ប្អូន​បង្កើត ១០ បើ​គ្មាន​បង​ប្អូន​បង្កើត នោះ​ត្រូវ​ឲ្យ​មរដក​ដល់​បង​ប្អូន​របស់​ឪពុក​គេ ១១ តែ​បើ​ឪពុក​គ្មាន​បង​ប្អូន នោះ​ត្រូវ​ឲ្យ​មរដក​គេ​ទៅ​អ្នក​ជិតដិត​ជាង​ក្នុង​គ្រួ​គេ ឲ្យ​អ្នក​នោះ​ស៊ី​វិញ សេចក្តី​នេះ​ត្រូវ​ទុក​ជា​ច្បាប់​បញ្ញត្ត​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដូច​ជា​ព្រះយេហូវ៉ា​បាន​បង្គាប់​មក។
យ៉ូស្វេ​ទទួល​មុខងារ​ជំនួស​ម៉ូសេ
១២ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឲ្យ​ឯង​ឡើង​ទៅ​លើ​ភ្នំ​អាបារីម​នេះ ហើយ​មើល​ទៅ​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ១៣ កាល​ណា​ឯង​បាន​ឃើញ​ស្រុក​នោះ​ហើយ នោះ​ឯង​នឹង​ត្រូវ​ប្រមូល​ទៅ​មូល​នឹង​ពួក​ឰយុកោ​ឯង ដូច​ជា​អើរ៉ុន​បង​ឯង​បាន​មូល​ទៅ​ដែរ ១៤ ពី​ព្រោះ​ឯង​បាន​ធ្វើ​ទាស់​ទទឹង​នឹង​ពាក្យ​អញ​នៅ​ត្រង់​ទី​រហោស្ថាន​ស៊ីន ក្នុង​កាល​ដែល​ពួក​ជំនុំ​រក​រឿង​ឈ្លោះ ឯង​មិន​បាន​លើក​អញ​ជា​បរិសុទ្ធ​នៅ​ចំពោះ​មុខ​គេ ត្រង់​ទឹក​ហូរ​នោះ​ឡើយ (គឺ​ជា​ទឹក​មេរីបា នៅ​ស្រុក​កាដេស​ក្នុង​ទី​រហោស្ថាន​ស៊ីន)។
១៥ នោះ​ម៉ូសេ​ទូល​ទៅ​ព្រះយេហូវ៉ា​ថា ១៦ ដូច្នេះ សូម​ឲ្យ​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​វិញ្ញាណ​គ្រប់​ទាំង​មនុស្ស ទ្រង់​តម្រូវ​ឲ្យ​មាន​មនុស្ស​ម្នាក់​ត្រួតត្រា​លើ​ពួក​ជំនុំ​ទៅ ១៧ ជា​អ្នក​ដែល​អាច​នឹង​ចេញ​ចូល​នៅ​មុខ​គេ ព្រម​ទាំង​នាំ​គេ​ចេញ​ចូល​ផង ដើម្បី​កុំ​ឲ្យ​ពួក​ជំនុំ​ផង​ព្រះយេហូវ៉ា ត្រឡប់​ដូច​ជា​ហ្វូង​ចៀម​ដែល​គ្មាន​អ្នក​គង្វាល​ឡើយ ១៨ រួច​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ​ថា ចូរ​នាំ​យក​យ៉ូស្វេ​កូន​នុន ជា​មនុស្ស​ដែល​មាន​ព្រះវិញ្ញាណ​សណ្ឋិត​លើ​មក ហើយ​ដាក់​ដៃ​លើ​លោក ១៩ ត្រូវ​ដាក់​លោក​នៅ​ចំពោះ​មុខ​អេលាសារ​ដ៏​ជា​សង្ឃ និង​ពួក​ជំនុំ​ទាំង​អស់​គ្នា រួច​ប្រគល់​សេចក្តី​បង្គាប់​ដល់​លោក​នៅ​មុខ​គេ ២០ ព្រម​ទាំង​ចែក​អំណាច​របស់​ឯង​ទៅ​លើ​លោក​ដែរ ដើម្បី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ប្រតិបត្តិ​តាម​លោក ២១ ត្រូវ​ឲ្យ​លោក​ឈរ​នៅ​ចំពោះ​មុខ​អេលាសារ​ដ៏​ជា​សង្ឃ ដែល​នឹង​ទូល​សួរ​នៅ​ចំពោះ​ព្រះយេហូវ៉ា​ជំនួស​លោក ដោយសារ​សេចក្តី​សំរេច​របស់​យូរីម គឺ​តាម​បង្គាប់​របស់​អេលាសារ​ដែល​គេ​ត្រូវ​ចេញ​ទៅ ហើយ​តាម​បង្គាប់​លោក​គេ​ត្រូវ​ចូល​មក​វិញ ទាំង​យ៉ូស្វេ និង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ផង គឺ​ជា​ពួក​ជំនុំ​ទាំង​អស់​គ្នា ២២ ម៉ូសេ​ក៏​ធ្វើ​តាម​បង្គាប់​ព្រះយេហូវ៉ា លោក​នាំ​យក​យ៉ូស្វេ​ទៅ​ដាក់​នៅ​ចំពោះ​មុខ​អេលាសារ​ដ៏​ជា​សង្ឃ និង​ពួក​ជំនុំ​ទាំង​អស់​គ្នា ២៣ ក៏​ដាក់​ដៃ​លើ​លោក ហើយ​ប្រគល់​សេចក្តី​បង្គាប់​ដល់​លោក ដូច​ជា​ព្រះយេហូវ៉ា​បាន​បង្គាប់​មក។