២៨
យញ្ញបូជាប្រចាំថ្ងៃ
១ ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ២ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា នៅវេលាកំណត់ នោះត្រូវឲ្យឯងរាល់គ្នានឹកចាំនឹងថ្វាយដង្វាយដល់អញ គឺជាអាហាររបស់អញ ដែលសំរាប់ដុត ទុកជាក្លិនឈ្ងុយដល់អញ។
៣ ត្រូវឲ្យឯងប្រាប់គេទៀតថា នេះជាដង្វាយដុតដែលឯងរាល់គ្នាថ្វាយដល់ព្រះយេហូវ៉ា គឺរាល់តែថ្ងៃត្រូវថ្វាយចៀមឈ្មោល២ឥតខ្ចោះ អាយុ១ខួប ទុកជាដង្វាយដុតជានិច្ច ៤ ឯកូនចៀម១ ត្រូវថ្វាយនៅពេលព្រឹក ហើយ១ទៀតនៅពេលល្ងាច ៥ ព្រមទាំងម្សៅយ៉ាងម៉ដ្ត១ខ្ញឹង លាយដោយប្រេងយ៉ាងសំរាំង២កំប៉ុង ទុកជាដង្វាយម្សៅ ៦ នេះជាដង្វាយដុតជានិច្ច ដែលបានចាប់តាំងថ្វាយនៅភ្នំស៊ីណាយ ទុកជាដង្វាយដុត សំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ៧ ហើយត្រូវថ្វាយដង្វាយច្រួចផង គឺជា២កំប៉ុងសំរាប់កូនចៀម១ ត្រូវច្រួចថ្វាយជាស្រាទំពាំងបាយជូរសុទ្ធដល់ព្រះយេហូវ៉ានៅក្នុងទីបរិសុទ្ធ ៨ ឯកូនចៀម១ទៀត នោះត្រូវថ្វាយនៅពេលល្ងាច ព្រមទាំងដង្វាយម្សៅ និងដង្វាយច្រួច ដូចជានៅពេលព្រឹកដែរ ទុកជាដង្វាយដុត សំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
យញ្ញបូជានៅថ្ងៃឈប់សំរាក
៩ នៅថ្ងៃឈប់សំរាក ត្រូវថ្វាយកូនចៀមឈ្មោល២ឥតខ្ចោះ អាយុ១ខួប ព្រមទាំងដង្វាយម្សៅយ៉ាងម៉ដ្ត២ខ្ញឹង លាយដោយប្រេង និងដង្វាយច្រួចផង ១០ នេះជាដង្វាយដុត ដែលត្រូវថ្វាយរាល់តែថ្ងៃឈប់សំរាក លើសពីដង្វាយដុតដែលតែងតែថ្វាយជានិច្ច ព្រមទាំងដង្វាយច្រួចនោះផង។
១១ ហើយនៅរាល់តែថ្ងៃដើមខែ នោះត្រូវឲ្យឯងថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ាដែរ គឺជាកូនគោឈ្មោល២ ចៀមឈ្មោល១ កូនចៀមឈ្មោល៧ឥតខ្ចោះអាយុ១ខួប ១២ ព្រមទាំងម្សៅយ៉ាងម៉ដ្ត៣ខ្ញឹង លាយដោយប្រេង ទុកជាដង្វាយម្សៅ ដែលថ្វាយជាមួយនឹងគោ១ ហើយម្សៅយ៉ាងម៉ដ្ត២ខ្ញឹង លាយដោយប្រេង ទុកជាដង្វាយម្សៅ ដែលថ្វាយជាមួយនឹងចៀមឈ្មោល១ ១៣ ហើយម្សៅយ៉ាងម៉ដ្ត១ខ្ញឹង លាយដោយប្រេង ទុកជាដង្វាយម្សៅដែលថ្វាយជាមួយនឹងកូនចៀម១ នេះជាដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ១៤ ហើយនឹងដង្វាយច្រួចផង គឺជាស្រាទំពាំងបាយជូរ៤កំប៉ុង សំរាប់គោ១ និង៣កំប៉ុងសំរាប់ចៀមឈ្មោល១ ហើយ២កំប៉ុងសំរាប់កូនចៀម១ នេះជាដង្វាយដែលត្រូវដុតថ្វាយ រាល់តែខែក្នុងឆ្នាំជានិច្ច ១៥ ហើយត្រូវថ្វាយពពែឈ្មោល១ដល់ព្រះយេហូវ៉ាទុកជាដង្វាយលោះបាប លើសពីដង្វាយ ដែលតែងដុតថ្វាយជានិច្ច និងដង្វាយច្រួចនោះផង។
យញ្ញបូជាសំរាប់ពិធីបុណ្យរំលង
១៦ លុះដល់១៤ខែចេត្រ នោះគឺជាថ្ងៃបុណ្យរំលងផងព្រះយេហូវ៉ា ១៧ ដល់ថ្ងៃ១៥ក្នុងខែនោះជាថ្ងៃបុណ្យដែរ ត្រូវឲ្យបរិភោគនំបុ័ងឥតដំបែរអស់៧ថ្ងៃ ១៨ នៅថ្ងៃដំបូងនោះត្រូវប្រជុំជំនុំបរិសុទ្ធ មិនត្រូវឲ្យឯងរាល់គ្នាធ្វើការរកស៊ីអ្វីឲ្យសោះ ១៩ ត្រូវថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ាវិញ គឺជាកូនគោឈ្មោល២ ចៀមឈ្មោល១ កូនចៀមឈ្មោល៧អាយុ១ខួប សុទ្ធតែជាសត្វឥតមានខ្ចោះ ២០ ព្រមទាំងដង្វាយម្សៅផង គឺជាម្សៅយ៉ាងម៉ដ្ត៣ខ្ញឹង លាយដោយប្រេង សំរាប់គោ១ ហើយ២ខ្ញឹង សំរាប់ចៀមឈ្មោល១ ២១ និង១ខ្ញឹងសំរាប់កូនចៀមមួយៗក្នុងកូនចៀមទាំង៧នោះ ២២ ហើយពពែឈ្មោល១សំរាប់ជាដង្វាយលោះបាប ដើម្បីនឹងថ្វាយឲ្យធួននឹងឯងរាល់គ្នា ២៣ ត្រូវឲ្យឯងរាល់គ្នាថ្វាយដង្វាយទាំងនេះ ឲ្យលើសពីដង្វាយដុតពេលព្រឹក ជាដង្វាយដែលតែងថ្វាយជានិច្ច ២៤ គឺយ៉ាងនោះដែលត្រូវថ្វាយព្រះស្ងោយ ដែលជាដង្វាយដុតរាល់តែថ្ងៃក្នុង៧ថ្ងៃនោះ ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា នេះត្រូវថ្វាយឲ្យលើសពីដង្វាយដុត ដែលតែងថ្វាយជានិច្ច ហើយនឹងដង្វាយច្រួចនោះផង ២៥ លុះដល់ថ្ងៃទី៧ នោះត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំបរិសុទ្ធ មិនត្រូវឲ្យធ្វើការរកស៊ីអ្វីឲ្យសោះ។
យញ្ញបូជាសំរាប់បុណ្យថ្ងៃទីហាសិប
២៦ មួយទៀត នៅថ្ងៃបុណ្យផលដំបូង កាលណាឯងរាល់គ្នាថ្វាយដង្វាយម្សៅថ្មីដល់ព្រះយេហូវ៉ា ក្នុងវេលាបុណ្យអាទិត្យទី៧ នោះត្រូវឲ្យប្រជុំជំនុំបរិសុទ្ធ មិនត្រូវឲ្យធ្វើការរកស៊ីអ្វីឲ្យសោះ ២៧ ត្រូវឲ្យថ្វាយដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ាវិញ គឺជាកូនគោឈ្មោល២ចៀមឈ្មោល១ និងកូនចៀមឈ្មោល៧ អាយុ១ខួប ២៨ ព្រមទាំងដង្វាយម្សៅផង គឺម្សៅយ៉ាងម៉ដ្ត៣ខ្ញឹងលាយដោយប្រេង សំរាប់គោឈ្មោល១ ២ខ្ញឹងសំរាប់ចៀមឈ្មោល១ ២៩ និង១ខ្ញឹងសំរាប់កូនចៀមមួយៗក្នុងកូនចៀមទាំង៧នោះ ៣០ ហើយពពែឈ្មោល១ សំរាប់ឲ្យធួននឹងឯងរាល់គ្នា ៣១ ត្រូវឲ្យថ្វាយទាំងនេះឲ្យលើសពីដង្វាយដុតដែលតែងថ្វាយជានិច្ច ហើយនឹងដង្វាយម្សៅ និងដង្វាយច្រួចនោះផង សត្វទាំងនោះត្រូវបានឥតខ្ចោះទាំងអស់។