២៩
យញ្ញបូជា​សំរាប់​ថ្ងៃ​បុណ្យ​ជ័យ​ឃោសន៍
១ នៅ​ថ្ងៃ​ទី​១​ក្នុង​ខែ​អស្សុជ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​រក​ស៊ី​អ្វី​ឲ្យ​សោះ នេះ​ជា​ថ្ងៃ​សំរាប់​ផ្លុំ​ត្រែ​ឯង​រាល់​គ្នា ២ ត្រូវ​ឲ្យ​ថ្វាយ​ដង្វាយ​ដុត​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះយេហូវ៉ា គឺ​ជា​កូន​គោ​ឈ្មោល​១ ចៀម​ឈ្មោល​១ និង​កូន​ចៀម​ឈ្មោល​៧ ឥត​ខ្ចោះ អាយុ​១​ខួប ៣ ព្រម​ទាំង​ដង្វាយ​ម្សៅ លាយ​ដោយ​ប្រេង គឺ​៣​ខ្ញឹង​សំរាប់​គោ​នោះ ២​ខ្ញឹង​សំរាប់​ចៀម​នោះ ៤ និង​១​ខ្ញឹង​សំរាប់​កូន​ចៀម​មួយៗ​ក្នុង​ចៀម​ទាំង​៧​នោះ ៥ ហើយ​ពពែ​ឈ្មោល​១​សំរាប់​ជា​ដង្វាយ​លោះ​បាប​នោះ​ផង ប្រយោជន៍​ឲ្យ​ធួន​នឹង​ឯង​រាល់​គ្នា ៦ នេះ​ត្រូវ​ថ្វាយ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​នៅ​ថ្ងៃ​ចូល​ខែ និង​ដង្វាយ​ម្សៅ​ផង ហើយ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ ត្រូវ​ថ្វាយ​តាម​របៀប​ដង្វាយ​នោះ ទុក​ជា​ដង្វាយ​ដុត សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះយេហូវ៉ា។
យញ្ញបូជា​សំរាប់​ថ្ងៃ​បុណ្យ​លោះ​បាប
៧ លុះ​ដល់​ថ្ងៃ​១០​ក្នុង​ខែ​អស្សុជ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ជំនុំ​បរិសុទ្ធ ហើយ​ត្រូវ​បញ្ឈឺ​ចិត្ត​ខ្លួន មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​អ្វី​ឲ្យ​សោះ ៨ ត្រូវ​ថ្វាយ​ដង្វាយ​ដុត​ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះយេហូវ៉ា​វិញ គឺ​កូន​គោ​ឈ្មោល​១ ចៀម​ឈ្មោល​១ និង​កូន​ចៀម​ឈ្មោល​៧ ឥត​ខ្ចោះ អាយុ​១​ខួប ៩ ព្រម​ទាំង​ដង្វាយ​ម្សៅ​ផង ជា​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង គឺ​៣​ខ្ញឹង​សំរាប់​គោ​នោះ ២​ខ្ញឹង​សំរាប់​ចៀម​នោះ ១០ និង​១​ខ្ញឹង​សំរាប់​កូន​ចៀម​មួយៗ ក្នុង​កូន​ចៀម​ទាំង​៧​នោះ ១១ ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ត្រូវ​ថ្វាយ​ឲ្យ​លើស​ពី​ដង្វាយ​លោះ​បាប ដែល​តែង​ថ្វាយ​ឲ្យ​ធួន​នឹង​ខ្លួន ហើយ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច​នោះ​ដែរ។
យញ្ញបូជា​សំរាប់​បុណ្យ​បារាំ
១២ នៅ​ថ្ងៃ​១៥​ក្នុង​ខែ​អស្សុជ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​រក​ស៊ី​អ្វី​ឲ្យ​សោះ ហើយ​ត្រូវ​ធ្វើ​បុណ្យ​ថ្វាយ​ព្រះយេហូវ៉ា​អស់​៧​ថ្ងៃ ១៣ ក៏​ត្រូវ​ថ្វាយ​ដង្វាយ​ដុត សំរាប់​ជា​ក្លិន​ឈ្ងុយ ដល់​ព្រះយេហូវ៉ា គឺ​កូន​គោ​ឈ្មោល​១៣ ចៀម​ឈ្មោល​២ កូន​ចៀម​ឈ្មោល​១៤ ឥត​ខ្ចោះ អាយុ​១​ខួប ១៤ ព្រម​ទាំង​ដង្វាយ​ម្សៅ​ផង ជា​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង គឺ​៣​ខ្ញឹង​សំរាប់​គោ​មួយៗ ក្នុង​គោ​ទាំង​១៣​នោះ ២​ខ្ញឹង​សំរាប់​ចៀម​ឈ្មោល​១​មួយៗ ក្នុង​ចៀម​ទាំង​២ ១៥ និង​១​ខ្ញឹង​សំរាប់​កូន​ចៀម​មួយៗ ក្នុង​ចៀម​ទាំង​១៤ ១៦ ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ។
១៧ នៅ​ថ្ងៃ​ទី​២ ត្រូវ​ថ្វាយ​កូន​គោ​ឈ្មោល​១២ ចៀម​ឈ្មោល​២ កូន​ចៀម​ឈ្មោល​១៤ ឥត​ខ្ចោះ អាយុ​១​ខួប ១៨ ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច សំរាប់​គោ ចៀម និង​កូន​ចៀម​ទាំង​ប៉ុន្មាន តាម​ចំនួន ឲ្យ​ត្រូវ​តាម​របៀប ១៩ ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ។
២០ នៅ​ថ្ងៃ​ទី​៣ ត្រូវ​ថ្វាយ​គោ​ឈ្មោល​១១ ចៀម​ឈ្មោល​២ កូន​ចៀម​ឈ្មោល​១៤ ឥត​ខ្ចោះ អាយុ​១​ខួប ២១ ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច​សំរាប់​គោ ចៀម និង​កូន​ចៀម​ទាំង​ប៉ុន្មាន តាម​ចំនួន ឲ្យ​ត្រូវ​តាម​របៀប ២២ ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ។
២៣ នៅ​ថ្ងៃ​ទី​៤ ត្រូវ​ថ្វាយ​គោ​ឈ្មោល​១០ ចៀម​ឈ្មោល​២ កូន​ចៀម​ឈ្មោល​១៤ ឥត​ខ្ចោះ អាយុ​១​ខួប ២៤ ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច​សំរាប់​គោ ចៀម និង​កូន​ចៀម​ទាំង​ប៉ុន្មាន តាម​ចំនួន ឲ្យ​ត្រូវ​តាម​របៀប ២៥ ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ។
២៦ នៅ​ថ្ងៃ​ទី​៥ ត្រូវ​ថ្វាយ​គោ​ឈ្មោល​៩ ចៀម​ឈ្មោល​២ កូន​ចៀម​ឈ្មោល​១៤ ឥត​ខ្ចោះ អាយុ​១​ខួប ២៧ ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច សំរាប់​គោ​ចៀម និង​កូន​ចៀម​ទាំង​ប៉ុន្មាន តាម​ចំនួន ឲ្យ​ត្រូវ​តាម​របៀប ២៨ ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ។
២៩ នៅ​ថ្ងៃ​ទី​៦ ត្រូវ​ថ្វាយ​គោ​ឈ្មោល​៨ ចៀម​ឈ្មោល​២ កូន​ចៀម​ឈ្មោល​១៤ ឥត​ខ្ចោះ អាយុ​១​ខួប ៣០ ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច សំរាប់​គោ ចៀម និង​កូន​ចៀម​ទាំង​ប៉ុន្មាន តាម​ចំនួន ឲ្យ​ត្រូវ​តាម​របៀប ៣១ ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ។
៣២ នៅ​ថ្ងៃ​ទី​៧ ត្រូវ​ថ្វាយ​គោ​ឈ្មោល​៧ ចៀម​ឈ្មោល​២ កូន​ចៀម​ឈ្មោល​១៤ ឥត​ខ្ចោះ អាយុ​១​ខួប ៣៣ ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច​សំរាប់​គោ ចៀម និង​កូន​ចៀម​ទាំង​អស់​នោះ តាម​ចំនួន ឲ្យ​ត្រូវ​តាម​របៀប ៣៤ ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ។
៣៥ នៅ​ថ្ងៃ​ទី​៨ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ជំនុំ​មុតមាំ មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​រក​ស៊ី​អ្វី​ឲ្យ​សោះ ៣៦ ត្រូវ​ឲ្យ​ថ្វាយ​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ ដល់​ព្រះយេហូវ៉ា គឺ​គោ​ឈ្មោល​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​៧ ឥត​ខ្ចោះ អាយុ​១​ខួប ៣៧ ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច សំរាប់​គោ ចៀម និង​កូន​ចៀម​ទាំង​នោះ តាម​ចំនួន ឲ្យ​ត្រូវ​តាម​របៀប ៣៨ ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ។
៣៩ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​ដង្វាយ​ទាំង​នេះ ដល់​ព្រះយេហូវ៉ា នៅ​អស់​ទាំង​ថ្ងៃ​បុណ្យ​ដែល​មាន​កំណត់​របស់​ឯង ឲ្យ​លើស​ពី​អស់​ទាំង​ដង្វាយ​ដុត ដង្វាយ​ម្សៅ ដង្វាយ​ច្រួច និង​ដង្វាយ​មេត្រី ដែល​ឯង​រាល់​គ្នា​ថ្វាយ សំរាប់​លា​បំណន់ និង​ដង្វាយ​ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ៤០ នោះ​ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល តាម​គ្រប់​ទាំង​សេចក្តី​ដែល​ព្រះយេហូវ៉ា​បាន​បង្គាប់​មក។