សំបុត្ររបស់ប៉ុលដល់ពួក
ភីលីព
១
សេចក្តីផ្តើម
១ សំបុត្រប៉ុល និងធីម៉ូថេ ជាបាវបំរើរបស់ព្រះយេស៊ូវគ្រីស្ទ យើងខ្ញុំផ្ញើមកពួកបរិសុទ្ធទាំងអស់ ក្នុងព្រះគ្រីស្ទយេស៊ូវ ដែលនៅក្រុងភីលីព ព្រមទាំងពួកអ្នកត្រួតត្រា និងពួកជំនួយផង ២ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
ពាក្យអរព្រះគុណ និងពាក្យទូលអង្វរ
៣ ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំ ដោយព្រោះគ្រប់ទាំងសេចក្តី ដែលខ្ញុំនឹកចាំពីអ្នករាល់គ្នា ៤ ខ្ញុំក៏ទូលអង្វរឲ្យអ្នករាល់គ្នា ដោយអំណរនៅគ្រប់វេលាដែលខ្ញុំអធិស្ឋានជានិច្ច ៥ ដោយព្រោះចំណែកដែលអ្នករាល់គ្នាបានជួយក្នុងដំណឹងល្អ ចាប់តាំងពីថ្ងៃមុនដំបូង ដរាបដល់ឥឡូវនេះ ៦ ខ្ញុំជឿសេចក្តីនេះជាយ៉ាងជាក់ថា ព្រះអង្គដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ ៧ គួរគប្បីឲ្យខ្ញុំគិតពីអ្នករាល់គ្នាដូច្នេះដែរ ពីព្រោះអ្នករាល់គ្នានឹកពីខ្ញុំនៅជាប់ក្នុងចិត្តជានិច្ច ទោះបើខ្ញុំជាប់ចំណង ឬកំពុងតែដោះសា ហើយបញ្ជាក់ដំណឹងល្អក្តី ដ្បិតអ្នករាល់គ្នាមានសេចក្តីប្រកប ក្នុងព្រះគុណជាមួយនឹងខ្ញុំដែរ ៨ ព្រះទ្រង់ជាស្មរបន្ទាល់ពីខ្ញុំថា ខ្ញុំរឭកដល់អ្នករាល់គ្នាជាខ្លាំង ដោយព្រះហឫទ័យសន្តោសនៃព្រះយេស៊ូវគ្រីស្ទ ៩ ខ្ញុំក៏អធិស្ឋានសូមសេចក្តីនេះ គឺឲ្យសេចក្តីស្រឡាញ់របស់អ្នករាល់គ្នា បានចំរើនកាន់តែច្រើនឡើង ដោយនូវសេចក្តីចេះដឹង និងយោបល់គ្រប់ជំពូក ១០ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានលមើល ឲ្យស្គាល់អស់ទាំងសេចក្តីដែលប្រសើរ ដើម្បីឲ្យបានជ្រះថ្លា ហើយឥតធ្វើឲ្យអ្នកណាអាក់អន់ចិត្តឡើយ ដរាបដល់ថ្ងៃនៃព្រះគ្រីស្ទ ១១ ព្រមទាំងមានពេញជាផលនៃសេចក្តីសុចរិតដែលមកដោយសារព្រះយេស៊ូវគ្រីស្ទ សំរាប់ជាសិរីល្អ ហើយជាសេចក្តីសរសើរដល់ព្រះផង។
ប៉ុលជាប់ឃុំឃាំង
១២ បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ការទាំងប៉ុន្មានដែលកើតឡើងដល់ខ្ញុំ នោះបានប្រែទៅជាចំរើនដល់ដំណឹងល្អវិញ ១៣ ដល់ម៉្លេះបានជានៅពេញក្នុងផ្ទៃវាំង និងគ្រប់កន្លែងឯទៀត គេបានដឹងច្បាស់ថា ខ្ញុំជាប់ចំណងនេះដោយព្រោះព្រះគ្រីស្ទ ១៤ ហើយពួកបងប្អូនច្រើនគ្នាក្នុងព្រះអម្ចាស់ ក៏បានសង្ឃឹមឡើងដោយសារចំណងខ្ញុំ ហើយគេហ៊ានផ្សាយព្រះបន្ទូលកាន់តែច្រើនឡើង ដោយឥតភ័យខ្លាច ១៥ មានខ្លះសំដែងពីព្រះគ្រីស្ទ ដោយចិត្តឈ្នានីស ហើយចង់ឈ្លោះប្រកែកមែន តែខ្លះ ដោយចិត្តស្មោះសរវិញ ១៦ ឯពួកមួយ គេសំដែងពីព្រះគ្រីស្ទ ដោយចិត្តទទឹង មិនមែនដោយចិត្តស្អាតទេ នោះគឺដោយស្មានថា គេនឹងបន្ថែមសេចក្តីទុក្ខលំបាកដល់ចំណងខ្ញុំទៀត ១៧ ឯពួកមួយទៀត គេប្រព្រឹត្តដោយស្រឡាញ់វិញ ដោយដឹងថា ខ្ញុំបានតាំងឡើង សំរាប់ដោះសាពីដំណឹងល្អ ១៨ ចុះតើអំពល់អ្វី ទោះបីយ៉ាងណាក៏ដោយ ទោះដោយពើ ឬដោយសេចក្តីស្មោះក្តី គង់តែគេសំដែងពីព្រះគ្រីស្ទដែរ ដូច្នេះ ខ្ញុំមានសេចក្តីអំណរណាស់ ក៏នឹងចេះតែមានអំណរតទៅមុខទៀត ១៩ ដ្បិតខ្ញុំដឹងថា ការនេះនឹងបានត្រឡប់ជាសេចក្តីសង្គ្រោះដល់ខ្ញុំវិញ ដោយអ្នករាល់គ្នាអធិស្ឋានឲ្យខ្ញុំ ហើយដោយព្រះទ្រង់ប្រទានព្រះវិញ្ញាណ នៃព្រះយេស៊ូវគ្រីស្ទមកជួយផង ២០ តាមសេចក្តីដែលខ្ញុំទន្ទឹងចាំ ហើយសង្ឃឹមអស់ពីចិត្តថា ខ្ញុំមិនត្រូវខ្មាសក្នុងការអ្វីឡើយ គឺឲ្យតែខ្ញុំបានដំកើងព្រះគ្រីស្ទក្នុងរូបកាយខ្ញុំវិញ ដោយចិត្តក្លាហានគ្រប់ជំពូក ក្នុងពេលឥឡូវនេះចុះ ដូចជាពីដើមរៀងមកដែរ ទោះរស់ឬស្លាប់ក្តី ២១ ដ្បិតឯខ្ញុំ ដែលខ្ញុំរស់នៅ នោះគឺសំរាប់ព្រះគ្រីស្ទទេ ហើយដែលស្លាប់ទៅ នោះជាកំរៃវិញ ២២ ប៉ុន្តែបើរស់ខាងឯសាច់ឈាម និងនាំឲ្យការខ្ញុំកើតផល នោះខ្ញុំមិនដឹងរើសយកខាងណាទេ ២៣ ខ្ញុំមានសេចក្តីបណ្តាលទាំងសងខាង ក៏មានចិត្តចង់ចេញទៅនៅជាមួយនឹងព្រះគ្រីស្ទ ដែលល្អជាជាងនោះផង ២៤ តែបើខ្ញុំនៅក្នុងសាច់ឈាមតទៅទៀត នោះមានប្រយោជន៍ដល់អ្នករាល់គ្នាជាជាង ២៥ ហើយដោយហេតុដែលខ្ញុំជឿសេចក្តីនោះយ៉ាងពិតប្រាកដ បានជាខ្ញុំដឹងថា ខ្ញុំនឹងនៅជាមួយនឹងអ្នករាល់គ្នាតទៅទៀត ប្រយោជន៍ឲ្យអ្នករាល់គ្នាមានជំនឿនជឿនឡើង ហើយឲ្យមានសេចក្តីអំណរ ដោយសារសេចក្តីជំនឿផង ២៦ ដើម្បីឲ្យអ្នករាល់គ្នាបានអួតពីខ្ញុំ ក្នុងព្រះគ្រីស្ទយេស៊ូវ កាន់តែច្រើនឡើង ដោយខ្ញុំមកនៅជាមួយនឹងអ្នករាល់គ្នាម្តងទៀត។
ការតស៊ូស្វិតស្វាញក្នុងជំនឿ
២៧ ប៉ុន្តែ ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តបែបគួរនឹងដំណឹងល្អរបស់ព្រះគ្រីស្ទចុះ ដើម្បីកាលណាខ្ញុំមកសួរ ឬនៅឃ្លាតពីអ្នករាល់គ្នាក្តី នោះគង់តែនឹងបានឮនិយាយពីដំណើរអ្នករាល់គ្នាថា អ្នករាល់គ្នាបានឈរមាំមួនហើយ ព្រមទាំងមានចិត្តមានគំនិតតែ១ ដើម្បីនឹងតតាំងជាមួយគ្នា ដោយនូវសេចក្តីជំនឿ ខាងឯដំណឹងល្អផង ២៨ ឥតមានភ័យខ្លាច ចំពោះពួកទាស់ទទឹងក្នុងការអ្វីឡើយ ដំណើរនោះឯង និងសំដែងពីសេចក្តីនោះបានមកពីព្រះផង ២៩ ដ្បិតមានឱកាសបើកឲ្យអ្នករាល់គ្នាហើយ មិនមែនឲ្យគ្រាន់តែជឿដល់ព្រះគ្រីស្ទតែប៉ុណ្ណោះទេ គឺឲ្យរងទុក្ខដោយព្រោះទ្រង់ដែរ ៣០ ទាំងកើតមានសេចក្តីតតាំងដដែល ដែលឃើញខ្ញុំមាន ហើយឥឡូវនេះឮថាខ្ញុំមានទៀត។