២
ព្រះគ្រីស្ទបន្ទាបខ្លួន និងទទួលសិរីរុងរឿង
១ ដូច្នេះ បើសិនជាមានសេចក្តីដាស់តឿនណាក្នុងព្រះគ្រីស្ទ ឬសេចក្តីកំសាន្តណារបស់ផងសេចក្តីស្រឡាញ់ ឬសេចក្តីប្រកបណាផងព្រះវិញ្ញាណ ឬសេចក្តីថ្និតថ្នម និងសេចក្តីអាណិតអាសូរណា ២ នោះចូរបំពេញសេចក្តីអំណររបស់ខ្ញុំ ដោយអ្នករាល់គ្នាមានគំនិត មានសេចក្តីស្រឡាញ់តែ១ ទាំងរួបរួមចិត្តគ្នា ហើយគិតតែផ្លូវ១ដូចគ្នាចុះ ៣ កុំឲ្យធ្វើអ្វី ដោយទាស់ទែងគ្នា ឬដោយសេចក្តីអំនួតឥតប្រយោជន៍ឡើយ តែចូររាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ ៤ កុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវស្វែងរកចំពោះអ្នកដទៃផង ៥ ត្រូវតែមានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ ៦ ដែលទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយ គង់តែមិនបានរាប់សេចក្តីស្មើនឹងព្រះនោះ ទុកជាសេចក្តីដែលគួរកាន់ខ្ជាប់ឡើយ ៧ គឺទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ ព្រមទាំងប្រសូតមកមានរូបជាមនុស្សផង ៨ ហើយដែលឃើញទ្រង់មានភាពជាមនុស្សដូច្នោះ នោះក៏បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្តាប់បង្គាប់ រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់ឈើឆ្កាងផង ៩ ដោយហេតុនោះបានជាព្រះបានលើកទ្រង់ឡើងយ៉ាងខ្ពស់ ហើយបានប្រទានឲ្យមាននាមដ៏ប្រសើរ លើសជាងអស់ទាំងនាមផង ១០ ដើម្បីកាលណាឮព្រះនាមព្រះយេស៊ូវ នោះឲ្យគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី ហើយនៅក្រោមផែនដីត្រូវលុតចុះ ១១ ហើយឲ្យគ្រប់ទាំងអណ្តាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់ សំរាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា។
គ្រីស្ទបរិស័ទជាពន្លឺពិភពលោក
១២ បានជា ឱពួកស្ងួនភ្ងាអើយ ចូរបង្ហើយសេចក្តីសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាច ហើយញាប់ញ័រចុះ ដូចជាបានស្តាប់បង្គាប់ខ្ញុំជាដរាបរៀងមកដែរ មិនមែនតែកាលខ្ញុំនៅជាមួយប៉ុណ្ណោះទេ សូម្បីឥឡូវនេះដែលខ្ញុំមិននៅជាមួយ នោះក៏ចូរខំប្រឹងឲ្យលើសទៅទៀតផង ១៣ ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណងចង់ធ្វើ ហើយឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ ១៤ ចូរធ្វើគ្រប់ការទាំងអស់ដោយឥតត្អូញត្អែរ ឥតប្រកែក ១៥ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានឥតសៅហ្មង ឥតកិច្ចកល ជាកូនព្រះដែលរកបន្ទោសមិនបាននៅក្នុងដំណមនុស្សវៀច ហើយខិលខូច ដែលអ្នករាល់គ្នាភ្លឺនៅកណ្តាលគេ ដូចជាតួពន្លឺនៅក្នុងលោក ១៦ ទាំងហុចព្រះបន្ទូលនៃជីវិតដល់គេ ដើម្បីដល់ថ្ងៃនៃព្រះគ្រីស្ទ នោះឲ្យខ្ញុំបានសេចក្តីអំនួតអួតថា ខ្ញុំមិនបានរត់ ឬខំប្រឹងធ្វើការជាឥតប្រយោជន៍ឡើយ ១៧ ប៉ុន្តែ បើសិនជាត្រូវច្រួចខ្ញុំចេញលើយញ្ញបូជា និងការជំនួយរបស់សេចក្តីជំនឿនៃអ្នករាល់គ្នា នោះខ្ញុំក៏អរ ហើយមានសេចក្តីអំណរជាមួយនឹងអ្នករាល់គ្នាទាំងអស់ដែរ ១៨ ចូរឲ្យអ្នករាល់គ្នាមានសេចក្តីអំណរយ៉ាងនោះ ហើយអរសប្បាយ ជាមួយនឹងខ្ញុំផង។
បេសកកម្មរបស់លោកធីម៉ូថេ និង លោកអេប៉ាប្រូឌីត
១៩ ខ្ញុំសង្ឃឹម ដោយនូវព្រះអម្ចាស់យេស៊ូវថា បន្តិចទៀត ខ្ញុំនឹងចាត់ធីម៉ូថេមកឯអ្នករាល់គ្នា ដើម្បីឲ្យខ្ញុំបានក្សាន្តចិត្តឡើង ដោយបានដឹងរឿងពីអ្នករាល់គ្នា ២០ ដ្បិតខ្ញុំគ្មានអ្នកណាមានគំនិតដូចជាគាត់ ដែលនឹងយកចិត្តទុកដាក់ក្នុងការរបស់អ្នករាល់គ្នា ដោយស្មោះត្រង់នោះទេ ២១ ពីព្រោះមនុស្សទាំងអស់ គេរកតែប្រយោជន៍ផ្ទាល់ខ្លួន មិនរកប្រយោជន៍ដល់ព្រះយេស៊ូវគ្រីស្ទទេ ២២ តែអ្នករាល់គ្នាស្គាល់កិរិយារបស់គាត់ហើយ ថាគាត់បានបំរើនៅជាមួយនឹងខ្ញុំក្នុងដំណឹងល្អ ដូចជាកូនបំរើឪពុក ២៣ ដូច្នេះ កាលណាខ្ញុំបានឃើញថា រឿងខ្ញុំនឹងសំរេចជាយ៉ាងណា នោះខ្ញុំសង្ឃឹមថា នឹងចាត់គាត់មកភ្លាម ២៤ ហើយខ្ញុំជឿប្រាកដ ដោយសារព្រះអម្ចាស់ថា បន្តិចទៀត ខ្លួនខ្ញុំនឹងមកដែរ។
២៥ ខ្ញុំបានយល់ឃើញថា ត្រូវចាត់អេប៉ាប្រូឌីតមកឯអ្នករាល់គ្នាដែរ គាត់ជាបងប្អូន ជាគូកនធ្វើការ ហើយធ្វើទាហានជាមួយនឹងខ្ញុំ ដែលអ្នករាល់គ្នាបានចាត់គាត់ទៅ ឲ្យជួយផ្គត់ផ្គង់សេចក្តីដែលខ្ញុំត្រូវការ ២៦ គាត់រឭកដល់អ្នករាល់គ្នាជាខ្លាំង ហើយមានចិត្តព្រួយណាស់ ដោយព្រោះអ្នករាល់គ្នាបានឮថា គាត់ឈឺ ២៧ គាត់បានឈឺមែនស្ទើរតែនឹងស្លាប់ផង តែព្រះទ្រង់អាណិតមេត្តាដល់គាត់ មិនមែនដល់គាត់តែ១ គឺដល់ខ្ញុំដែរ ដើម្បីមិនឲ្យខ្ញុំកើតទុក្ខជាខ្ជាន់ៗឡើយ ២៨ ដូច្នេះ ខ្ញុំបានចាត់គាត់ឲ្យមកជាប្រញាប់ ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីអំណរ ដោយឃើញគាត់ ហើយឲ្យខ្ញុំបានអន់ព្រួយដែរ ២៩ ចូរទទួលគាត់ក្នុងព្រះអម្ចាស់ ដោយអំណរគ្រប់ជំពូក ហើយរាប់អានមនុស្សយ៉ាងនោះចុះ ៣០ ដ្បិតដែលគាត់ស្ទើរតែនឹងស្លាប់នោះ គឺដោយព្រោះតែការរបស់ព្រះគ្រីស្ទទេ គាត់បានប្រថុយជីវិត ដើម្បីនឹងបំពេញសេចក្តីណាដែលអ្នករាល់គ្នាត្រូវជួយដល់ខ្ញុំ។