២១
១ ព្រះទ័យ​នៃ​ស្តេច នោះ​នៅ​ក្នុង​ព្រះហស្ត​ព្រះយេហូវ៉ា ដូច​ជា​ផ្លូវ​នៃ​ទឹក​ហូរ​ទាំងឡាយ ទ្រង់​ឲ្យ​បែរ​ហូរ​ទៅ​ខាង​ណា​ក៏​តាម​តែ​ព្រះហឫទ័យ។
២ គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស សុទ្ធ​តែ​ត្រឹម​ត្រូវ​នៅ​ភ្នែក​ខ្លួន តែ​ព្រះយេហូវ៉ា​ទ្រង់​ថ្លឹង​ចិត្ត​វិញ។
៣ ការ​ដែល​ប្រព្រឹត្ត​តាម​សេចក្តី​សុចរិត និង​សេចក្តី​យុត្តិធម៌ នោះ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះយេហូវ៉ា ជា​ជាង​យញ្ញបូជា​ទៅ​ទៀត។
៤ ឫក​ខ្ពស់​នឹង​ចិត្ត​អំនួត គឺ​ចង្កៀង​របស់​មនុស្ស​អាក្រក់​នោះ​ហៅ​ថា​ជា​អំពើ​បាប​ទាំង​អស់។
៥ គំនិត​របស់​មនុស្ស​ឧស្សាហ៍ នោះ​នាំ​ឲ្យ​បាន​បរិបូរ​ឡើង​តែ​ម្យ៉ាង តែ​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​រលះរលាំង​នោះ​នឹង​បាន​តែ​សេចក្តី​ខ្វះ​ខាត​វិញ។
៦ ការ​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ ដោយសារ​អណ្តាត​ភូតភរ នោះ​ជា​ចំហាយ​ទឹក​ទទេ ដែល​ផាត់​ទៅ​មក ដោយ​ពួក​អ្នក​ដែល​រក​ស្លាប់។
៧ សេចក្តី​ច្រឡោត​របស់​មនុស្ស​អាក្រក់​នឹង​បោស​ខ្លួន​គេ​ចេញ​ទៅ ដោយ​ព្រោះ​គេ​មិន​ព្រម​ប្រព្រឹត្ត​តាម​សេចក្តី​យុត្តិធម៌​សោះ។
៨ ផ្លូវ​របស់​មនុស្ស​ណា ដែល​ផ្ទុក​ដោយ​ទោស​ច្រើន​នោះ​ជា​ផ្លូវ​វៀច​ណាស់ តែ​ចំណែក​មនុស្ស​សុចរិត​វិញ ការ​ដែល​គេ​ប្រព្រឹត្ត​សុទ្ធ​តែ​ទៀង​ត្រង់។
៩ ស៊ូ​នៅ​ក្នុង​ទី​កៀន​១​នៅ​លើ​ដំបូល​ផ្ទះ ជា​ជាង​នៅ​ក្នុង​ផ្ទះ​ធំ​ទូលាយ​ជា​មួយ​នឹង​ស្ត្រី​ដែល​ចេះ​តែ​រក​រឿង​វិញ។
១០ ព្រលឹង​នៃ​មនុស្ស​អាក្រក់​ប្រាថ្នា​តែ​ការ​អាក្រក់ ទោះ​ទាំង​អ្នក​ជិត​ខាង​ក៏​មិន​ប្រកប​ដោយ​គុណ​អ្នក​នោះ​ដែរ។
១១ កាល​មនុស្ស​ចំអក​មើលងាយ ត្រូវ​ទោស​ហើយ​នោះ​មនុស្ស​ខ្លៅ​ល្ងង់​ក៏​មាន​ប្រាជ្ញា​ឡើង ហើយ​កាល​ណា​មនុស្ស​មាន​ប្រាជ្ញា​បាន​ទទួល​សេចក្តី​ប្រៀនប្រដៅ នោះ​ក៏​មាន​ចំណេះ​ឡើង​ដែរ។
១២ មនុស្ស​សុចរិត​រមែង​ពិចារណា​មើល​វង្ស​នៃ​មនុស្ស​អាក្រក់ ឃើញ​ថា គេ​ត្រូវ​រំលំ​ឲ្យ​វិនាស​បាត់​ទៅ។
១៣ អ្នក​ណា​ដែល​ចុក​ត្រចៀក​មិន​ស្តាប់​ពាក្យ​អំពាវនាវ​របស់​មនុស្ស​ទាល់​ក្រ អ្នក​នោះ​ឯង​នឹង​ត្រូវ​អំពាវនាវ​ដែរ តែ​មិន​មាន​អ្នក​ណា​ស្តាប់​ឡើយ។
១៤ អំណោយ​ដែល​ឲ្យ​ដោយ​ស្ងាត់​កំបាំង នោះ​រមែង​រំងាប់​សេចក្តី​កំហឹង ហើយ​ជំនូន​ដែល​ជូន​ដោយ​លួច​លាក់​ក៏​បំបាត់​សេចក្តី​ឃោរឃៅ​ដែរ។
១៥ ការ​ដែល​ប្រព្រឹត្ត​ដោយ​យុត្តិធម៌ នោះ​ជា​សេចក្តី​អំណរ​ដល់​មនុស្ស​សុចរិត តែ​នោះ​ជា​សេចក្តី​វិនាស​ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​ទុច្ចរិត​វិញ។
១៦ មនុស្ស​ណា​ដែល​វង្វេង​ចេញ​ពី​ផ្លូវ​នៃ​ប្រាជ្ញា នោះ​នឹង​សំរាក​នៅ​ក្នុង​ចំណោម​មនុស្ស​ស្លាប់​ហើយ។
១៧ ឯ​អ្នក​ណា ដែល​ចូល​ចិត្ត​តែ​នឹង​ការ​លេង​សប្បាយ នោះ​នឹង​ត្រូវ​ជា​មនុស្ស​ទាល់​ក្រ​ទៅ អ្នក​ណា​ដែល​ចូល​ចិត្ត​តែ​ស្រា ហើយ​នឹង​ប្រេង នោះ​មិន​ដែល​ទៅ​ជា​អ្នក​មាន​ទេ។
១៨ មនុស្ស​អាក្រក់​គេ​សំរាប់​ជា​ថ្លៃ​លោះ​មនុស្ស​សុចរិត ហើយ​មនុស្ស​ក្បត់​ក៏​ជំនួស​មនុស្ស​ទៀង​ត្រង់​ដែរ។
១៩ ស៊ូ​អាស្រ័យ​នៅ​ក្នុង​ទី​សូន្យ​ស្ងាត់ ជា​ជាង​នៅ​ជា​មួយ​នឹង​ស្ត្រី​ដែល​ចេះ​តែ​រក​រឿង ហើយ​អុចអាល​វិញ។
២០ មាន​ទ្រព្យ​វិសេស និង​ប្រេង នៅ​ក្នុង​ទី​លំនៅ​របស់​មនុស្ស​មាន​ប្រាជ្ញា តែ​មនុស្ស​ល្ងីល្ងើ​រមែង​លេប​បង្ហិន​ទាំង​អស់​ទៅ។
២១ អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្តី​សុចរិត និង​សេចក្តី​សប្បុរស នោះ​រមែង​បាន​ជីវិត សេចក្តី​សុចរិត និង​កិត្តិសព្ទ។
២២ ឯ​មនុស្ស​មាន​ប្រាជ្ញា គេ​ឡើង​ចូល​ក្នុង​ទី​ក្រុង​របស់​មនុស្ស​ខ្លាំង​ពូកែ ហើយ​នឹង​នាំ​ឲ្យ​កំឡាំង​ដែល​គេ​ពឹងពាក់​ធ្លាក់​ចុះ​វិញ។
២៣ អ្នក​ណា​ដែល​រក្សា​មាត់​នឹង​អណ្តាត​ខ្លួន នោះ​ក៏​រក្សា​ព្រលឹង​ខ្លួន​ឲ្យ​រួច​ពី​ទុក្ខ​ព្រួយ​ដែរ។
២៤ ឯ​មនុស្ស​អំនួត ហើយ​ឆ្មើងឆ្មៃ មាន​ឈ្មោះ​ជា​អ្នក​ចំអក គេ​តែង​តែ​ប្រព្រឹត្ត​ដោយ​សេចក្តី​ប្រមាថ​មើលងាយ​នឹង​សេចក្តី​អំនួត​ទទេ។
២៥ បំណង​ចិត្ត​របស់​មនុស្ស​ខ្ជិល​ច្រអូស នោះ​រមែង​សំឡាប់​ខ្លួន​វិញ ដ្បិត​ដៃ​គេ​មិន​ព្រម​ធ្វើ​ការ​សោះ។
២៦ មាន​គេ​ដែល​លោភលន់​រាល់​តែ​ថ្ងៃ​ជានិច្ច តែ​ឯ​មនុស្ស​សុចរិត គេ​ចែក​ចាយ​វិញ ឥត​សំចៃ​ទុក​អ្វី​ឡើយ។
២៧ យញ្ញបូជា​ដែល​មនុស្ស​អាក្រក់​ថ្វាយ ជា​ទី​ស្អប់​ខ្ពើម​ទៅ​ហើយ ចំណង់​បើ​កាល​ណា​ថ្វាយ​ដោយ​មាន​គំនិត​អាក្រក់ នោះ​នឹង​គួរ​ខ្ពើម​ជា​ជាង​អម្បាលម៉ាន​ទៅ​ទៀត។
២៨ សាក្សី​ក្លែងក្លាយ​នឹង​ត្រូវ​វិនាស តែ​អ្នក​ណា​ដែល​បាន​ឮ​ច្បាស់ នោះ​នឹង​ធ្វើ​ទី​បន្ទាល់​ជាប់​នៅ​ជា​ដរាប។
២៩ មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ គេ​ធ្វើ​ទឹក​មុខ​រឹង តែ​មនុស្ស​ទៀង​ត្រង់​វិញ គេ​ខំ​ប្រឹង​កែ​ឲ្យ​ផ្លូវ​ខ្លួន​បាន​ត្រឹម​ត្រូវ។
៣០ គ្មាន​ប្រាជ្ញា​ណា គ្មាន​យោបល់​ណា ឬ​ការ​ប្រឹក្សា​ណា ដែល​អាច​ទាស់​នឹង​ព្រះយេហូវ៉ា​បាន​ឡើយ។
៣១ គេ​ត្រៀម​សេះ​ទុក​សំរាប់​ថ្ងៃ​សឹក​សង្គ្រាម តែ​ការ​ដែល​មាន​ជ័យជំនះ នោះ​ស្រេច​នៅ​ព្រះយេហូវ៉ា​ទេ។