២២
១ នាម​ឈ្មោះ​ល្អ នោះ​គួរ​រើស​យក ជា​ជាង​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន ហើយ​ចិត្ត​ដែល​ប្រកប​ដោយ​គុណ​នោះ​វិសេស​ជាង​ប្រាក់​នឹង​មាស​ផង។
២ ពួក​អ្នក​មាន និង​ពួក​អ្នក​ក្រ​តែង​តែ​ប្រទះ​គ្នា គឺ​ព្រះយេហូវ៉ា​ដែល​ទ្រង់​បង្កើត​គេ​គ្រប់​គ្នា។
៣ មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវឆ្លាត គេ​ឃើញ​សេចក្តី​អាក្រក់​មក ក៏​ពួន​ខ្លួន​ទៅ តែ​មនុស្ស​ខ្លៅ​ល្ងង់​គេ​ចេះ​តែ​ដើរ​ទៅ ហើយ​ត្រូវ​មាន​ទុក្ខ។
៤ ផល​នៃ​សេចក្តី​សុភាព និង​សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​គឺ​ជា​ទ្រព្យ​សម្បត្តិ កិត្តិសព្ទ និង​ជីវិត។
៥ នៅ​ក្នុង​ផ្លូវ​របស់​មនុស្ស​វៀច នោះ​មាន​សុទ្ធ​តែ​បន្លា ហើយ​នឹង​អន្ទាក់ អ្នក​ដែល​រក្សា​ព្រលឹង​ខ្លួន នឹង​ចៀស​ឆ្ងាយ​ពី​នោះ​ចេញ។
៦ ចូរ​បង្ហាត់​កូន​ក្មេង ឲ្យ​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ត​នោះ​វា​នឹង​មិន​លះបង់​ពី​ផ្លូវ​នោះ​ដរាប​ដល់​ចាស់។
៧ មនុស្ស​អ្នក​មាន​គេ​គ្រប់គ្រង​លើ​ពួក​អ្នក​ក្រ ហើយ​អ្នក​ណា​ដែល​ខ្ចី​គេ ជា​បាវ​បំរើ​ដល់​អ្នក​ដែល​ឲ្យ​ខ្ចី​នោះ។
៨ អ្នក​ណា​ដែល​សាបព្រោះ​សេចក្តី​ទុច្ចរិត នោះ​នឹង​ច្រូត​បាន​សេចក្តី​ទុក្ខព្រួយ ហើយ​ដំបង​នៃ​សេចក្តី​កំហឹង​របស់​អ្នក​នោះ​នឹង​សាបសូន្យ​ទៅ។
៩ អ្នក​ណា​ដែល​មើល​គេ​ដោយ​ចិត្ត​ល្អ នោះ​នឹង​បាន​ពរ​ដ្បិត​អ្នក​នោះ​រមែង​ចែក​អាហារ​ខ្លួន​ដល់​មនុស្ស​ទាល់​ក្រ។
១០ ចូរ​បណ្តេញ​មនុស្ស​ដែល​ចំអក​មើលងាយ នោះ​សេចក្តី​ទាស់ទែង​គ្នា​នឹង​បាត់​ទៅ អើ សេចក្តី​ឈ្លោះ​ប្រកែក​នឹង​សេចក្តី​ត្មះតិះដៀល​នឹង​ស្ងប់​ទៅ​ដែរ។
១១ ឯ​អ្នក​ណា​ដែល​ស្រឡាញ់​សេចក្តី​បរិសុទ្ធ​ខាង​ចិត្ត ហើយ​មាន​បបូរ​មាត់​ប្រកប​ដោយ​គុណ​ដ៏​ល្អ នោះ​ស្តេច​នឹង​បាន​ជា​មិត្រ​សំឡាញ់​របស់​អ្នក​នោះ។
១២ ព្រះនេត្រ​នៃ​ព្រះយេហូវ៉ា​រក្សា​ទុក​នូវ​ដំរិះ តែ​ទ្រង់​បំផ្លាញ​ពាក្យ​សំដី​របស់​មនុស្ស​ក្បត់​វិញ។
១៣ មនុស្ស​ខ្ជិល​ច្រអូស​គេ​ថា មាន​សិង្ហ​១​នៅ​ខាង​ក្រៅ​ហើយ បើ​ខ្ញុំ​ចេញ​ទៅ នោះ​វា​នឹង​សំឡាប់​ខ្ញុំ​នៅ​នា​កណ្តាល​ផ្លូវ។
១៤ មាត់​របស់​ស្រី​ដទៃ​ជា​រណ្តៅ​យ៉ាង​ជ្រៅ អ្នក​ណា​ដែល​ជា​ទី​ស្អប់​ខ្ពើម​ចំពោះ​ព្រះយេហូវ៉ា នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ។
១៥ សេចក្តី​ចំកួត រមែង​នៅ​ជាប់​ក្នុង​ចិត្ត​របស់​កូន​ក្មេង ប៉ុន្តែ​រំពាត់​វាយផ្ចាល នឹង​បណ្តេញ​សេចក្តី​នោះ ឲ្យ​បាត់​ចេញ​បាន។
១៦ អ្នក​ដែល​សង្កត់សង្កិន​មនុស្ស​ទាល់​ក្រ ដើម្បី​នឹង​ចំរើន​ទ្រព្យ​សម្បត្តិ​ខ្លួន​ឡើង ហើយ​អ្នក​ណា​ដែល​ជូន​ជំនូន​ដល់​អ្នក​មាន នោះ​នឹង​ត្រឡប់​ជា​ខ្វះ​ខាត​វិញ។
ដំបូន្មាន​របស់​អ្នក​ប្រាជ្ញ
១៧ ចូរ​ផ្ទៀង​ត្រចៀក ស្តាប់​ពាក្យ​សំដី​នៃ​មនុស្ស​ដែល​មាន​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ចំពោះ​ដំរិះ​របស់​អញ​ចុះ ១៨ ដ្បិត​បើ​ឯង​រក្សា​ទុក​សេចក្តី​នោះ​នៅ​ក្នុង​ខ្លួន នោះ​សប្បាយ​ហើយ​គឺ​បើ​សេចក្តី​នោះ​ស្ថិត​នៅ​ជាប់​នឹង​បបូរ​មាត់​ឯង ១៩ អញ​បាន​សំដែង​ឲ្យ​ឯង​ដឹង​សេចក្តី​នោះ​នៅ​ថ្ងៃ​នេះ​ហើយ ដើម្បី​ឲ្យ​ឯង​បាន​ទុក​ចិត្ត​ដល់​ព្រះយេហូវ៉ា ២០ អញ​បាន​កំណត់​ទុក​សេចក្តី​ដ៏​វិសេស​សំរាប់​ឯង គឺ​ជា​សេចក្តី​ទូន្មាន ហើយ​នឹង​ដំរិះ​មិន​មែន​ឬ ២១ ប្រយោជន៍​ឲ្យ​ឯង​បាន​ដឹង​ថា ពាក្យ​ដ៏​ពិត​ទាំង​ប៉ុន្មាន​គួរ​ទុក​ជា​ប្រាកដ​ហើយ ដើម្បី​ឲ្យ​ឯង​បាន​នាំ​ពាក្យ​ដ៏​ពិត​នោះ ត្រឡប់​ទៅ​ជា​ជូន​ពួក​អ្នក ដែល​ចាត់​ឯង​មក។
២២ កុំ​ឲ្យ​កេង​យក​របស់​នៃ​មនុស្ស​ក្រ ដោយ​ព្រោះ​តែ​គេ​ក្រ​ឡើយ ក៏​កុំ​ឲ្យ​សង្កត់សង្កិន​មនុស្ស​វេទនា​នៅ​ត្រង់​ទ្វារ​ក្រុង​ដែរ ២៣ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​នឹង​ជួយ​កាន់​ក្តី​ជំនួស​អ្នក​នោះ ហើយ​ទ្រង់​នឹង​រឹប​យក​ជីវិត​ពួក​អ្នក​ដែល​រឹប​យក​របស់​គេ​ដែរ។
២៤ កុំ​ឲ្យ​ចង​ជា​មិត្រ នឹង​មនុស្ស​ណា​ដែល​អាសា​ខឹង​ឡើយ ក៏​កុំ​ឲ្យ​ភប់ប្រសព្វ​នឹង​មនុស្ស​មួម៉ៅ​ដែរ ២៥ ក្រែង​ឯង​ទំលាប់​តាម​អំពើ​របស់​គេ ហើយ​គេ​ត្រឡប់​ជា​អន្ទាក់​ដល់​ព្រលឹង​ឯង។
២៦ កុំ​ឲ្យ​ឯង​ចូល​ក្នុង​ពួក​អ្នក​ដែល​ចាប់​ដៃ​គ្នា ឬ​ជា​មួយ​នឹង​មនុស្ស​ដែល​ធានា​បំណុល​ឲ្យ​គេ​ឡើយ ២៧ បើ​ឯង​គ្មាន​អ្វី​នឹង​សង​គេ នោះ​ចង់​ឲ្យ​គេ​មក​កន្ត្រាក់​យក​គ្រែ​ពី​ក្រោម​ឯង​ទៅ​ធ្វើ​អី។
២៨ កុំ​ឲ្យ​បន្ថយ​គោល​ចារឹក ដែល​ពួក​ឰយុកោ​ឯង​បោះ​ទុក​ពី​បុរាណ​ឡើយ។
២៩ ឯង​ដែល​ឃើញ​មនុស្ស​ខ្នះខ្នែង​ក្នុង​ការ​រក​ស៊ី​របស់​ខ្លួន​ឬ អ្នក​នោះ​នឹង​បាន​ឈរ​នៅ​ចំពោះ​ស្តេច មិន​ត្រូវ​ឈរ​នៅ​ចំពោះ​មនុស្ស​ដែល​ឥត​បណ្តា​សក្តិ​ឡើយ។