២៣
១ កាល​ណា​ឯង​អង្គុយ​បរិភោគ​ភោជនាហារ​ជា​មួយ​នឹង​អ្នក​គ្រប់គ្រង នោះ​ត្រូវ​ឲ្យ​ឯង​ពិចារណា​ដល់​អ្នក​ដែល​អង្គុយ​នៅ​ខាង​មុខ​ឯង​ចុះ ២ បើ​ឯង​ជា​មនុស្ស​ល្មោភ​ខ្លាំង នោះ​ចូរ​ផ្ទាប់​កាំបិត​នៅ​បំពង់​ក​ឯង​ទៅ ៣ កុំ​ឲ្យ​លោភ​ចង់​បាន​ឱជារស​របស់​គេ​ឡើយ ដ្បិត​ជា​របស់​បញ្ឆោត​ទេ។
៤ កុំ​ឲ្យ​នឿយ​ហត់​ដល់​ខ្លួន ដើម្បី​ឲ្យ​បាន​ជា​អ្នក​មាន​ឡើយ ក៏​កុំ​ឲ្យ​ប្រើ​ប្រាជ្ញា​ឲ្យ​បាន​មាន​ឡើង​ដែរ ៥ តើ​ចង់​ភ្ជាប់​ភ្នែក​តាម​របស់​ដែល​សោះ​សូន្យ ឬ​ដ្បិត​ទ្រព្យ​សម្បត្តិ តែង​តែ​ដុះ​ស្លាប​ជា​មិន​ខាន ក៏​នឹង​ហើរ​ទៅ​លើ​មេឃ បែប​ដូច​ជា​ឥន្ទ្រី។
៦ កុំ​ឲ្យ​បរិភោគ​ភោជនាហារ​របស់​មនុស្ស ដែល​មាន​ភ្នែក​អាក្រក់​ឡើយ ក៏​កុំ​ឲ្យ​ប្រាថ្នា​ចង់​បាន​អាហារ​មាន​ឱជារស​របស់​គេ​ដែរ ៧ ដ្បិត​គេ​គិត​ក្នុង​ចិត្ត​យ៉ាង​ណា គេ​ក៏​យ៉ាង​នោះ​ដែរ គេ​អញ្ជើញ​ឯង​ថា ពិសា​ចុះ តែ​ចិត្ត​គេ​មិន​មូល​នៅ​ជា​មួយ​នឹង​ឯង​ទេ ៨ អាហារ​ដែល​ឯង​បាន​បរិភោគ​ចូល​ទៅ នោះ​នឹង​ក្អួត​មក​វិញ ហើយ​នឹង​បាត់​ពាក្យ​សំដី​ផ្អែមល្ហែម​របស់​ឯង​ទៅ។
៩ កុំ​ឲ្យ​និយាយ​ឲ្យ​មនុស្ស​ល្ងីល្ងើ​ស្តាប់​ឡើយ ដ្បិត​វា​នឹង​មើលងាយ​ចំពោះ​ប្រាជ្ញា​នៃ​ពាក្យ​សំដី​ឯង។
១០ កុំ​ឲ្យ​បន្ថយ​គោល​ចារឹក​ពី​បុរាណ​ឡើយ ក៏​កុំ​ឲ្យ​បង្ខិត​ចូល​ទៅ​ក្នុង​ដី​របស់​កូន​កំព្រា​ដែរ ១១ ដ្បិត​អ្នក​ដែល​លោះ​គេ នោះ​មាន​កំឡាំង​ខ្លាំង ក៏​នឹង​កាន់​ក្តី​គេ ទាស់​នឹង​ឯង​ដែរ។
១២ ចូរ​ផ្ចង់​ចិត្ត​ឯង​ចំពោះ​សេចក្តី​ប្រៀនប្រដៅ ហើយ​ផ្ទៀង​ត្រចៀក​ចំពោះ​ពាក្យ​ដែល​ប្រកប​ដោយ​ដំរិះ​ចុះ។
១៣ កុំ​ឲ្យ​ខាន​នឹង​វាយ​ប្រដៅ​កូន​ឡើយ ដ្បិត​បើ​វាយ​នឹង​រំពាត់ គង់​តែ​មិន​ស្លាប់​ដែរ ១៤ គឺ​ឯង​នឹង​គ្រាន់​តែ​វាយ​ដោយ​រំពាត់​ប៉ុណ្ណោះ ហើយ​យ៉ាង​នោះ នឹង​ជួយ​ព្រលឹង​វា​ឲ្យ​រួច​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់។
១៥ កូន​អើយ បើ​ចិត្ត​ឯង​ប្រកប​ដោយ​ប្រាជ្ញា នោះ​ចិត្ត​អញ​នឹង​មាន​សេចក្តី​អំណរ គឺ​ចិត្ត​របស់​ឪពុក​នេះ​ឯង ១៦ អើ​ចិត្ត​ថ្លើម​អញ​នឹង​រីករាយ​ឡើង ក្នុង​កាល​ដែល​បបូរ​មាត់​ឯង​ពោល​សេចក្តី​ដែល​ត្រឹម​ត្រូវ។
១៧ កុំ​បើក​ឲ្យ​ចិត្ត​ច្រណែន នឹង​មនុស្ស​មាន​បាប​ឡើយ ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា​ជា​ដរាប​រាល់​ថ្ងៃ ១៨ ដ្បិត​នឹង​មាន​រង្វាន់​ជា​មិន​ខាន ហើយ​សេចក្តី​សង្ឃឹម​របស់​ឯង​នឹង​មិន​កាត់​បង់​ឡើយ។
១៩ កូន​អើយ ចូរ​ប្រុង​ស្តាប់ ហើយ​មាន​ប្រាជ្ញា​ចុះ ត្រូវ​ឲ្យ​ដំរង់​ចិត្ត​ទៅ​តាម​ផ្លូវ ២០ កុំ​ឲ្យ​នៅ​កណ្តាល​ពួក​អ្នក​ប្រមឹក​ស្រា ឬ​ក្នុង​ពួក​ល្មោភ​ស៊ី​ឡើយ ២១ ដ្បិត​មនុស្ស​ប្រមឹក និង​មនុស្ស​ល្មោភ​នឹង​ទៅ​ជា​ក្រ ហើយ​សេចក្តី​ងុយងោក​នឹង​នាំ​ឲ្យ​ស្លៀកពាក់​កណ្តាច។
២២ ចូរ​ស្តាប់​តាម​ឪពុក​ដែល​បង្កើត​ឯង​មក ហើយ​កុំ​ឲ្យ​មើលងាយ​ម្តាយ​ក្នុង​កាល​ដែល​គាត់​ចាស់​ឡើយ។
២៣ ចូរ​ទិញ​សេចក្តី​ពិត​ចុះ​កុំ​ឲ្យ​លក់​ចេញ​ឡើយ​អើ​ទាំង​ប្រាជ្ញា សេចក្តី​ដំបូន្មាន និង​យោបល់​ផង។
២៤ ឪពុក​នៃ​មនុស្ស​សុចរិត នឹង​មាន​ចិត្ត​រីករាយ​យ៉ាង​ខ្លាំង ហើយ​អ្នក​ណា​ដែល​បង្កើត​កូន​មាន​ប្រាជ្ញា នោះ​នឹង​មាន​សេចក្តី​អំណរ​ដោយសារ​កូន​នោះ ២៥ ដូច្នេះ ចូរ​បើក​ឱកាស​ឲ្យ​ឪពុក​ម្តាយ​ឯង​បាន​រីករាយ​ចុះ ហើយ​ឲ្យ​អ្នក​ដែល​សំរាល​ឯង​មក​នោះ​មាន​ចិត្ត​សប្បាយ​ផង។
២៦ កូន​អើយ ចូរ​ប្រគល់​ចិត្ត​ឯង​មក​អញ​ចុះ ហើយ​ឲ្យ​ភ្នែក​ឯង​ពេញ​ចិត្ត​នឹង​អស់​ទាំង​ផ្លូវ​របស់​អញ​ដែរ ២៧ ដ្បិត​ស្រី​សំផឹង​ជា​រណ្តៅ​យ៉ាង​ជ្រៅ ហើយ​ស្រី​ដទៃ​ជា​រំលុង​ដ៏​ចង្អៀត ២៨ អើ គេ​លប​ចាំ​ដូច​ជា​ចោរ ហើយ​ក៏​ចំរើន​អ្នក​ក្បត់​នៅ​ក្នុង​ពួក​មនុស្ស​លោក។
២៩ តើ​អ្នក​ណា​មាន​សេចក្តី​ពិបាក​ចិត្ត​តើ​អ្នក​ណា​កើត​ទុក្ខ​ព្រួយ តើ​អ្នក​ណា​មាន​សេចក្តី​ទាស់ទែង​គ្នា តើ​អ្នក​ណា​ត្អូញត្អែរ តើ​អ្នក​ណា​ត្រូវ​របួស​ឥត​ហេតុ តើ​អ្នក​ណា​មាន​ភ្នែក​ក្រហម ៣០ គឺ​ជា​ពួក​អ្នក​ដែល​អង្គុយ​ផឹក​ស្រា​ជា​យូរ ឯ​ពួក​អ្នក​ដែល​ស្វែង​រក​ស្រា​លាយ​នោះ​ឯង ៣១ កុំ​ឲ្យ​មើល​ស្រា​ទំពាំងបាយជូរ ក្នុង​កាល​ដែល​មាន​ពណ៌​ក្រហម​គឺ​ក្នុង​កាល​ដែល​ព្រួច​ពពុះ​នៅ​ក្នុង​កែវ ហើយ​ហូរ​ចុះ​ទៅ​ដោយ​ស្រួល​នោះ​ឡើយ ៣២ ដ្បិត​ដល់​ចុង​បំផុត​នឹង​ចឹក​ដូច​ជា​ពស់​វិញ ហើយ​អុច​ដូច​ជា​ពស់​ហនុមាន​ផង ៣៣ ភ្នែក​ឯង​នឹង​ឃើញ​ស្រី​ដទៃ ហើយ​ចិត្ត​ឯង​នឹង​ពោល​សេចក្តី​ខូច​អាក្រក់​ដែរ ៣៤ អើ ឯង​នឹង​បាន​ដូច​ជា​មនុស្ស​ដែល​ដេក​នៅ​កណ្តាល​សមុទ្រ ឬ​ដូច​ជា​មនុស្ស​ដែល​ដេក​នៅ​លើ​ចុង​ដង​ក្តោង ៣៥ ឯង​នឹង​ថា គេ​បាន​វាយ​អញ តែ​អញ​មិន​បាន​ឈឺ​សោះ គេ​បាន​សំពង​អញ តែ​អញ​មិន​ដឹង​ទេ តើ​អញ​នឹង​ភ្ញាក់​ឡើង​វិញ​ដល់​កាល​ណា​ហ្ន៎ អញ​នឹង​ទៅ​រក​ផឹក​ទៀត។