២៧
១ កុំ​ឲ្យ​អួត​ខ្លួន​ពី​ថ្ងៃ​ស្អែក ដ្បិត​ឯង​មិន​ដឹង​ជា​ថ្ងៃ​ណា​នឹង​កើត​មាន​ការ​អ្វី​ទេ។
២ ទុក​ឲ្យ​មនុស្ស​ឯ​ទៀត​សរសើរ​ឯង​ចុះ កុំ​ឲ្យ​មាត់​ឯង​សរសើរ​ខ្លួន​ឡើយ គឺ​ជា​អ្នក​ដទៃ មិន​មែន​ជា​បបូរ​មាត់​របស់​ឯង​ឡើយ។
៣ ដុំ​ថ្ម​ជា​របស់​ធ្ងន់ ហើយ​ខ្សាច់​ក៏​មាន​ទំងន់​ដែរ តែ​សេចក្តី​កំហឹង​របស់​មនុស្ស​ល្ងីល្ងើ នោះ​ធ្ងន់​ជាង​ទាំង​២​មុខ​នោះ​ទៅ​ទៀត។
៤ សេចក្តី​ឃោរឃៅ ជា​សេចក្តី​ដែល​សាហាវ​ណាស់ ហើយ​សេចក្តី​កំហឹង​ក៏​ខ្លាំងក្លា​ដែរ តែ​ឯ​សេចក្តី​ប្រចណ្ឌ តើ​អ្នក​ណា​នឹង​ទប់ទល់​បាន។
៥ ការ​ដែល​ត្រូវ​បន្ទោស​នៅ​កណ្តាល​ជំនុំ នោះ​វិសេស​ជាង​សេចក្តី​ស្រឡាញ់​លាក់​កំបាំង។
៦ របួស​ដែល​មិត្រ​សំឡាញ់​ធ្វើ​ដល់​យើង នោះ​តែង​ធ្វើ​ដោយ​ស្មោះត្រង់​ទេ តែ​ឯ​ការ​ថើប​របស់​ខ្មាំងសត្រូវ នោះ​ជា​សេចក្តី​បញ្ឆោត​វិញ។
៧ អ្នក​ណា​ដែល​ឆ្អែត​ហើយ ទោះ​ទាំង​សំណុំ​ឃ្មុំ​ក៏​ណាយ​ចិត្ត​ដែរ តែ​ឯ​អ្នក​ណា​ដែល​ឃ្លាន ទោះ​ទាំង​របស់​ជូរ​ល្វីង​ក៏​ផ្អែម​ដល់​គេ​វិញ។
៨ មនុស្ស​ណា​ដែល​វង្វេង​ឆ្ងាយ​ពី​ទី​លំនៅ​ខ្លួន នោះ​ប្រៀប​ដូច​ជា​សត្វ​ហើរ ដែល​វង្វេង​ឆ្ងាយ​ពី​សំបុក​វា​ដែរ។
៩ ប្រេង​លាប​នឹង​ទឹក​អប់ នោះ​នាំ​ឲ្យ​ចិត្ត​រីករាយ​ឡើង ឯ​សេចក្តី​ផ្អែមល្ហែម នៃ​សេចក្តី​ដាស់តឿន ដ៏​អស់​ពី​ចិត្ត​របស់​ភឿនមិត្រ ក៏​ដូច្នោះ​ដែរ។
១០ ឯ​មិត្តភក្តិ​របស់​ខ្លួន និង​មិត្តភក្តិ​របស់​ឪពុក នោះ​កុំ​ឲ្យ​បោះបង់​ចោល​ឡើយ ក៏​កុំ​ឲ្យ​ចូល​ផ្ទះ​របស់​បង​ប្អូន​ឯង​ក្នុង​គ្រា​ដែល​ឯង​កើត​មាន​សេចក្តី​ទុក្ខ​ព្រួយ​ដែរ អ្នក​មួយ​ដែល​នៅ​ជិត​ខាង​ខ្លួន នោះ​វិសេស​ជាង​បង​ប្អូន​ដែល​នៅ​ឆ្ងាយ​វិញ។
១១ កូន​អើយ ចូរ​ឲ្យ​ឯង​មាន​ប្រាជ្ញា​ឡើង ហើយ​ឲ្យ​ចិត្ត​អញ​បាន​រីករាយ​ចុះ ដើម្បី​ឲ្យ​អញ​អាច​តប​ឆ្លើយ​ចំពោះ​មនុស្ស​ដែល​ដៀលតិះ​ដល់​អញ។
១២ មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវឆ្លាត គេ​ឃើញ​ការ​អាក្រក់​មក ក៏​ពួន​ខ្លួន តែ​មនុស្ស​ល្ងង់ខ្លៅ គេ​ចេះ​តែ​ដើរ​ទៅ​ហើយ​ក៏​ត្រូវ​មាន​ទុក្ខ។
១៣ ចូរ​ទទួល​បញ្ចាំ​អាវ​របស់​អ្នក​ដែល​ធានា​ឲ្យ​មនុស្ស​ដទៃ ហើយ​ទទួល​របស់​បញ្ចាំ​ពី​អ្នក​ដែល​សន្យា​ជំនួស​អ្នក​ក្រៅ​ចុះ។
១៤ បើ​អ្នក​ណា​ក្រោក​ពី​ព្រលឹម​ស្រាង និង​ឲ្យ​ពរ​ដល់​មិត្រ​សំឡាញ់​ដោយ​សំឡេង​ខ្លាំង នោះ​នឹង​បាន​រាប់​ជា​ពាក្យ​ជេរ​ដល់​គេ​វិញ។
១៥ ទឹក​ដែល​ស្រក់​ចុះ​តក់ៗ​ជានិច្ច នៅ​ថ្ងៃ​ភ្លៀង​ច្រើន ហើយ​ស្ត្រី​ដែល​ចេះ​តែ​រក​រឿង នោះ​ក៏​ដូច​គ្នា ១៦ អ្នក​ណា​ដែល​ចង់​ឃាត់​នាង នោះ​ឃាត់​តែ​ខ្យល់​ទេ ហើយ​ដៃ​អ្នក​នោះ​ចាប់​ក្តាប់​ប្រេង​ប៉ុណ្ណោះ។
១៧ ដែក​រមែង​សំលៀង​ដែក ឯ​មនុស្ស ក៏​ធ្វើ​ឲ្យ​មិត្រ​សំឡាញ់​ខ្លួន​មុត​ស្រួច​យ៉ាង​នោះ​ដែរ។
១៨ អ្នក​ណា​ដែល​ថែទាំ​ដើម​ល្វា អ្នក​នោះ​នឹង​បាន​ផ្លែ​បរិភោគ ហើយ​អ្នក​ណា​ដែល​បំរើ​ចៅហ្វាយ​ខ្លួន​ដោយ​ល្អ នោះ​នឹង​បាន​កិត្តិសព្ទ។
១៩ មុខ​ឆ្លុះ​ឃើញ​មុខ​នៅ​ក្នុង​ទឹក​ជា​យ៉ាង​ណា នោះ​ចិត្ត​របស់​មនុស្ស ក៏​ច្បាស់​ដល់​មនុស្ស​យ៉ាង​នោះ​ដែរ។
២០ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​នឹង​ទី​វិនាស​នោះ​មិន​ចេះ​ស្កប់ស្កល់​ឡើយ ឯ​ភ្នែក​នៃ​មនុស្ស​ក៏​មិន​ចេះ​ស្កប់ស្កល់​ដូច​គ្នា​ដែរ។
២១ មាន​បាវ​ដី​សំរាប់​សំរង​ប្រាក់ ហើយ​មាន​ឡ​សំរាប់​មាស តែ​នឹង​ស្គាល់​មនុស្ស​បាន​ដោយសារ​តែ​សេចក្តី​ដែល​គេ​សរសើរ​ពី​អ្នក​នោះ​ទេ។
២២ ទោះ​បើ​នឹង​បុក​មនុស្ស​ល្ងីល្ងើ​នៅ​ក្នុង​ត្បាល់​ជា​មួយ​នឹង​ស្រូវ​ក៏​ដោយ គង់​តែ​សេចក្តី​ចំកួត​របស់​វា​មិន​ព្រម​របក​ចេញ​ពី​វា​ឡើយ។
២៣ ចូរ​មាន​ចិត្ត​ខ្នះខ្នែង​ឲ្យ​ស្គាល់​សណ្ឋាន​នៃ​ហ្វូង​ចៀម​ឯង ហើយ​ឲ្យ​ថែ​មើល​ហ្វូង​គោ​ឯង​ឲ្យ​ល្អ​ចុះ ២៤ ដ្បិត​ទ្រព្យ​សម្បត្តិ​មិន​ស្ថិតស្ថេរ​នៅ​ជា​ដរាប​ទេ តើ​មកុដ​ស្តេច​នៅ​ជាប់​អស់​ទាំង​ដំណ​ត​ទៅ​ឬ ២៥ ឯ​ស្មៅ​ក្រៀម​គេ​ដឹក​យក​ទៅ រួច​ស្មៅ​ខ្ចី​លូតលាស់​ឡើង ហើយ​គេ​ប្រមូល​ស្មៅ​ព្រៅ​ពី​ភ្នំ​មក​ដែរ ២៦ កូន​ចៀម​ទាំង​ប៉ុន្មាន​នឹង​បាន​សំរាប់​ធ្វើ​ជា​សំលៀកបំពាក់​ដល់​ឯង ឯ​ពពែ​ឈ្មោល ក៏​សំរាប់​សង​ថ្លៃ​ចំការ​ដែរ ២៧ ហើយ​នឹង​មាន​ទឹក​ដោះ​ពពែ ល្មម​ទុក​ជា​អាហារ​ដល់​ឯង គឺ​ជា​អាហារ​សំរាប់​គ្រួសារ​ឯង ហើយ​សំរាប់​ចិញ្ចឹម​ពួក​ស្រី​បំរើ​របស់​ឯង​ទៀត។