២៨
១ មនុស្ស​អាក្រក់ គេ​រត់​ក្នុង​កាល​ដែល​គ្មាន​អ្នក​ណា​ដេញ​តាម​សោះ តែ​មនុស្ស​សុចរិត​មាន​ចិត្ត​ក្លាហាន​ដូច​សិង្ហ​វិញ។
២ កាល​ណា​មាន​ការ​បះបោរ​កើត​ឡើង​ក្នុង​ស្រុក នោះ​រមែង​មាន​ចៅហ្វាយ​ជា​ច្រើន តែ​បើ​មាន​មនុស្ស​ម្នាក់​ដែល​មាន​យោបល់ ហើយ​នឹង​ដំរិះ នោះ​នគរ​នឹង​ស្ថិតស្ថេរ​នៅ​ត​ទៅ​បាន។
៣ មនុស្ស​ក្រ​ដែល​ពាន​លើ​មនុស្ស​កំសត់​ទុគ៌ត នោះ​ធៀប​ដូច​ជា​ភ្លៀង​យ៉ាង​ខ្លាំង ដែល​បោស​រំលីង​មិន​ឲ្យ​មាន​អាហារ​សល់​ឡើយ។
៤ ពួក​អ្នក​ដែល​បោះ​បង់​ចោល​បញ្ញត្ត​ច្បាប់ គេ​រមែង​សរសើរ​មនុស្ស​អាក្រក់ តែ​អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្ត​ច្បាប់​វិញ នោះ​តែង​តែ​ត​តាំង​នឹង​គេ។
៥ មនុស្ស​អាក្រក់​មិន​យល់​សេចក្តី​យុត្តិធម៌​ទេ តែ​ពួក​អ្នក​ដែល​ស្វែង​រក​ព្រះយេហូវ៉ា គេ​យល់​គ្រប់​ទាំង​អស់​វិញ។
៦ មនុស្ស​ក្រីក្រ​ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​ទៀង​ត្រង់​របស់​ខ្លួន នោះ​វិសេស​ជាង​មនុស្ស​ក្រវិចក្រវៀន ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​គេ ទោះ​បើ​ជា​អ្នក​មាន​ក៏​ដោយ។
៧ អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្ត​ច្បាប់ នោះ​ជា​កូន​ដែល​មាន​ប្រាជ្ញា តែ​អ្នក​ណា​ដែល​ភប់ប្រសព្វ​នឹង​មនុស្ស​ល្មោភ​ស៊ី​ផឹក នោះ​នាំ​ឲ្យ​ឪពុក​មាន​សេចក្តី​ខ្មាស​វិញ។
៨ អ្នក​ណា​ដែល​ចំរើន​សម្បត្តិ​ទ្រព្យ​ខ្លួន ដោយ​យក​ការ​ហើយ​ដោយ​ដាក់​បុល នោះ​គឺ​ប្រមូល​ទុក​សំរាប់​មនុស្ស​ដែល​មាន​ចិត្ត​មេត្តា​ដល់​មនុស្ស​ទាល់​ក្រ​ទេ។
៩ អ្នក​ណា​ដែល​បែរ​ត្រចៀក​ចេញ​មិន​ព្រម​ស្តាប់​បញ្ញត្ត​ច្បាប់ នោះ​ទោះ​ទាំង​ពាក្យ​អធិស្ឋាន​របស់​អ្នក​នោះ ក៏​ជា​ទី​ស្អប់​ខ្ពើម​ដែរ។
១០ អ្នក​ណា​ដែល​នាំ​ឲ្យ​មនុស្ស​ទៀង​ត្រង់​វង្វេង​តាម​ផ្លូវ​អាក្រក់ អ្នក​នោះ​ឯង​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ដែល​ខ្លួន​បាន​ជីក​វិញ តែ​មនុស្ស​ទៀង​ត្រង់​នឹង​គ្រង​បាន​សេចក្តី​ល្អ​ជា​មរដក។
១១ មនុស្ស​អ្នក​មាន គេ​តែង​ប្រកាន់​ថា ខ្លួន​មាន​ប្រាជ្ញា តែ​មនុស្ស​ក្រ​ដែល​មាន​យោបល់ នឹង​ស្ទង់​មើល ឲ្យ​ស្គាល់​គេ​បាន។
១២ កាល​ណា​មនុស្ស​សុចរិត​មាន​ជ័យជំនះ នោះ​បណ្តាជន​មាន​សេចក្តី​អំណរ​ជា​ខ្លាំង​ក្រៃលែង តែ​បើ​កាល​ណា​មនុស្ស​អាក្រក់​បាន​តាំង​ឡើង នោះ​ជន​ទាំងឡាយ​នាំ​គ្នា​ពួន​ខ្លួន​វិញ។
១៣ អ្នក​ណា​ដែល​គ្រប់​បាំង​ការ​រំលង​របស់​ខ្លួន នោះ​នឹង​មិន​ចំរើន​ឡើង​ទេ តែ​អ្នក​ណា​ដែល​លន់តួ ហើយ​លះបង់​អំពើ​នោះ នឹង​ប្រទះ​បាន​សេចក្តី​មេត្តាករុណា​វិញ។
១៤ សប្បាយ​ហើយ អ្នក​ណា​ដែល​មាន​ចិត្ត​កោតខ្លាច​ជានិច្ច តែ​អ្នក​ណា​ដែល​តាំង​ចិត្ត​រឹងទទឹង នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្តី​អន្តរាយ​វិញ។
១៥ មនុស្ស​អាក្រក់​ដែល​គ្រប់គ្រង​លើ​ប្រជាជន​ទាល់​ក្រ នោះ​ធៀប​ដូច​ជា​សិង្ហ​ដែល​គ្រហឹម​គំរាម ហើយ​ដូច​ខ្លាឃ្មុំ​ដែល​កំពុង​ស្វែង​រក​អាហារ។
១៦ ចៅហ្វាយ​ណា​ដែល​ខ្វះ​យោបល់ នោះ​តែង​តែ​សង្កត់សង្កិន​ជន​ជា​យ៉ាង​ខ្លាំង តែ​អ្នក​ណា​ដែល​ស្អប់​សេចក្តី​លោភ នោះ​នឹង​បាន​ចំរើន​អាយុ​យឺនយូរ​វិញ។
១៧ ឯ​មនុស្ស​ដែល​មាន​ទោស​ជា​អ្នក​កំចាយ​ឈាម​គេ នោះ​នឹង​រត់​ចុះ​ទៅ​ក្នុង​រណ្តៅ កុំ​ឲ្យ​អ្នក​ណា​ឃាត់​វា​ឡើយ។
១៨ អ្នក​ណា​ដែល​ដើរ​ដោយ​ទៀង​ត្រង់ នោះ​នឹង​បាន​ប្រោស​ឲ្យ​រួច តែ​អ្នក​ណា​ដែល​កាន់​តាម​ផ្លូវ​វៀច នោះ​នឹង​ត្រូវ​ធ្លាក់​ចុះ​ដោយ​ឆាប់​រហ័ស។
១៩ អ្នក​ណា​ដែល​ធ្វើ​ស្រែ​ខ្លួន នោះ​នឹង​បាន​អាហារ​ជា​បរិបូរ តែ​អ្នក​ណា​ដែល​ជាប់​តាម​មនុស្ស​ចោលម្សៀត នោះ​នឹង​បាន​សេចក្តី​កំសត់​យ៉ាង​ឆ្អែត​វិញ។
២០ មនុស្ស​ស្មោះត្រង់​នឹង​បាន​ពរ​ជា​បរិបូរ តែ​អ្នក​ណា​ដែល​ប្រញាប់ប្រញាល់​ឲ្យ​បាន​ជា​អ្នក​មាន នោះ​នឹង​មិន​រួច​ចាក​ពី​ទោស​ឡើយ។
២១ ការ​ដែល​យោគយល់​ខាង​មនុស្ស​ណា នោះ​មិន​ល្អ​ទេ ហើយ​ដែល​ប្រព្រឹត្ត​រំលង​ច្បាប់​ឲ្យ​តែ​បាន​អាហារ​បន្តិចបន្តួច នោះ​ក៏​មិន​ល្អ​ដូច​គ្នា។
២២ អ្នក​ណា​ដែល​មាន​ភ្នែក​អាក្រក់ នោះ​កំពុង​តែ​រួសរាន់​ដេញ​តាម​ទ្រព្យ​សម្បត្តិ ឥត​ដឹង​ឡើយ​ថា សេចក្តី​ខ្វះខាត​នឹង​តាម​ខ្លួន​ទាន់។
២៣ អ្នក​ណា​ដែល​បន្ទោស​ដល់​មនុស្ស នោះ​នៅ​ជាន់​ក្រោយ​នឹង​មាន​គេ​រាប់​អាន​ខ្លួន ជា​ជាង​អ្នក​ដែល​បញ្ចើច​ដោយ​អណ្តាត​ទៅ​ទៀត។
២៤ អ្នក​ណា​ដែល​លួច​យក​របស់​ឪពុក​ឬ​ម្តាយ​ខ្លួន រួច​ពោល​ថា មិន​មែន​ជា​បាប​ទេ អ្នក​នោះ​ឯង​ជា​សំឡាញ់​នឹង​ពួក​អ្នក​បំផ្លាញ​ហើយ។
២៥ អ្នក​ណា​ដែល​មាន​ចិត្ត​ធំ នោះ​បណ្តាល​ឲ្យ​មាន​សេចក្តី​ទាស់ទែង​គ្នា ឯ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះយេហូវ៉ា​វិញ នោះ​ទើប​នឹង​បាន​ថ្កុំថ្កើង​ឡើង។
២៦ អ្នក​ណា​ដែល​ទី​ពឹង​តែ​ចិត្ត​ខ្លួន​ឯង នោះ​ជា​អ្នក​ល្ងីល្ងើ​ហើយ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​វិញ នោះ​នឹង​បាន​ប្រោស​ឲ្យ​រួច។
២៧ អ្នក​ណា​ដែល​ចែកចាយ​ឲ្យ​ដល់​ពួក​ទាល់​ក្រ អ្នក​នោះ​នឹង​មិន​ខ្វះ​ខាត​ឡើយ តែ​អ្នក​ណា​ដែល​គេច​ភ្នែក​ចេញ នោះ​នឹង​ត្រូវ​ពាក្យ​ប្រទេច​ផ្តាសា​ជា​ច្រើន។
២៨ បើ​កាល​ណា​ពួក​មនុស្ស​អាក្រក់​បាន​តាំង​ខ្លួន​ឡើង នោះ​មនុស្ស​ទាំងឡាយ​នាំ​គ្នា​ពួន​ខ្លួន​អស់ តែ​កាល​ណា​ពួក​នោះ​វិនាស​បាត់​ទៅ​វិញ នោះ​មនុស្ស​សុចរិត​រមែង​ចំរើន​ឡើង​វិញ។