៤
ព្រះជាម្ចាស់ការពារ នៅពេលគេមួលបង្កាច់
ទំនុករបស់ស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង ត្រូវលេងដោយប្រដាប់មានខ្សែ។
១ ឱព្រះនៃសេចក្តីសុចរិតរបស់ទូលបង្គំអើយ
កាលណាទូលបង្គំអំពាវនាវ
នោះសូមទ្រង់មានព្រះបន្ទូលឆ្លើយមក
វេលាណាដែលទូលបង្គំបានកើតមានសេចក្តីចង្អៀត
នោះទ្រង់តែងបន្ធូរឲ្យបានទូលាយវិញ
ដូច្នេះ សូមមេត្តាប្រោសដល់ទូលបង្គំ
ហើយស្តាប់សេចក្តីអធិស្ឋានរបស់ទូលបង្គំ
២ ៙ ឱពួកមនុស្សជាតិអើយ
តើឯងរាល់គ្នានឹងធ្វើឲ្យកិត្តិយសរបស់អញ ក្លាយប្រែទៅ
ជាអាប់យស ដល់កាលណាទៀត
តើនឹងស្រឡាញ់ការឥតប្រយោជន៍ ហើយស្វែងរក
សេចក្តីភូតភរ ដល់កាលណាទៀត។ បង្អង់
៣ ៙ ប៉ុន្តែត្រូវឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់បានញែកមនុស្ស
ដែលកោតខ្លាចដល់ទ្រង់ចេញ ទុកសំរាប់ទ្រង់
ព្រះយេហូវ៉ាទ្រង់នឹងស្តាប់ ក្នុងកាលដែលអញអំពាវនាវដល់ទ្រង់
៤ ដូច្នេះ ចូរមានចិត្តញ័រចុះ តែកុំឲ្យធ្វើបាបឡើយ
ចូររំពឹងគិតនៅក្នុងចិត្ត ក្នុងកាលដែលដេកលើដំណេក
ហើយនៅស្ងៀមចុះ។ បង្អង់
៥ ចូរថ្វាយគ្រឿងបូជានៃសេចក្តីសុចរិត
ហើយទុកចិត្តដល់ព្រះយេហូវ៉ាចុះ
៦ មានមនុស្សជាច្រើនដែលនិយាយថា
តើអ្នកណានឹងសំដែងឲ្យយើងឃើញសេចក្តីល្អ
ឱព្រះយេហូវ៉ាអើយ
សូមទ្រង់ប្រោសឲ្យរស្មីនៃព្រះភក្ត្រទ្រង់ បានភ្លឺមកលើ
យើងខ្ញុំរាល់គ្នា
៧ ទ្រង់បានប្រោសឲ្យចិត្តទូលបង្គំមានសេចក្តីអំណរ
លើសជាងពួកទាំងនោះ ក្នុងកាលដែលស្រូវ
និងទឹកទំពាំងបាយជូររបស់គេបានសំបូរផង
៨ ទូលបង្គំនឹងសំរាកកាយ ហើយដេកលក់ទៅ ដោយសេចក្តីស្ងប់
ដ្បិតឱព្រះយេហូវ៉ាអើយ មានតែទ្រង់ទេ ដែលប្រោស
ឲ្យទូលបង្គំនៅដោយសាន្តត្រាណបាន។