ពាក្យ​អធិស្ឋាន​សូម​ព្រះជាម្ចាស់​ការពារ
ទំនុក​នៃ​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​ឲ្យ​មេ​ភ្លេង ត្រូវ​លេង​ដោយ​ខ្លុយ។
១ ឱ​ព្រះយេហូវ៉ា​អើយ
សូម​ផ្ទៀង​ព្រះកាណ៌​ស្តាប់​ពាក្យ​របស់​ទូលបង្គំ
សូម​ពិចារណា​ការ​រំពឹង​គិត​របស់​ទូលបង្គំ
២ ឱ​បរមក្សត្រ​ដ៏​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ
សូម​ប្រុង​ស្តាប់​សំឡេង​នៃ​ពាក្យ ដែល​ទូលបង្គំ​អំពាវនាវ
ដ្បិត​ទូលបង្គំ​អធិស្ឋាន​ដល់​ទ្រង់
៣ ឱ​ព្រះយេហូវ៉ា​អើយ
នៅ​ពេល​ព្រឹក ទ្រង់​នឹង​ឮ​សំឡេង​របស់​ទូលបង្គំ
គឺ​នៅ​ពេល​ព្រឹក ទូលបង្គំ​នឹង​ទូល​ដល់​ទ្រង់ ដោយ​លំដាប់
ព្រម​ទាំង​រក្សា​ពេល​ចាំ​យាម​ផង
៤ ដ្បិត​ទ្រង់​មិន​មែន​ជា​ព្រះ​ដែល​សព្វ​ព្រះហឫទ័យ​នឹង​សេចក្តី​ល្មើស​ទេ
ឯ​សេចក្តី​អាក្រក់ នឹង​នៅ​ជា​មួយ​នឹង​ទ្រង់​មិន​បាន
៥ ពួក​ឆ្មើងឆ្មៃ​នឹង​ឈរ​នៅ​ចំពោះ​ព្រះនេត្រ​ទ្រង់​មិន​បាន​ទេ
ទ្រង់​ក៏​ស្អប់​បណ្តា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
៦ ទ្រង់​នឹង​បំផ្លាញ​ពួក​អ្នក​ដែល​ពោល​ពាក្យ​ភូតភរ
ព្រះយេហូវ៉ា ទ្រង់​ខ្ពើម​ឆ្អើម ចំពោះ​មនុស្ស​ដែល​តែងតែ
កំចាយ​ឈាម ហើយ​បោកប្រាស​គេ
៧ ឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ចូល​ទៅ​ក្នុង​ដំណាក់​នៃ​ទ្រង់
ដោយសារ​សេចក្តី​មេត្តាករុណា​ដ៏​បរិបូរ​របស់​ទ្រង់
ទូលបង្គំ​នឹង​ថ្វាយបង្គំ​នៅ​ក្នុង​ព្រះវិហារ​ដ៏​បរិសុទ្ធ​របស់​ទ្រង់
ដោយ​ចិត្ត​កោតខ្លាច​ដល់​ទ្រង់
៨ ឱ​ព្រះយេហូវ៉ា​អើយ
សូម​ណែនាំ​ទូលបង្គំ​ក្នុង​សេចក្តី​សុចរិត​របស់​ទ្រង់
ដោយ​ព្រោះ​ពួក​ខ្មាំងសត្រូវ​នៃ​ទូលបង្គំ
សូម​ធ្វើ​ឲ្យ​ផ្លូវ​ទ្រង់​ត្រង់​នៅ​មុខ​ទូលបង្គំ
៩ ដ្បិត​នៅ​ក្នុង​មាត់​ពួក​នោះ គ្មាន​សេចក្តី​ពិត​ឡើយ
ខាង​ក្នុង​គេ​មាន​សុទ្ធ​តែ​សេចក្តី​កាច​អាក្រក់
បំពង់​ក​គេ​ជា​ផ្នូរ​ខ្មោច​នៅ​ចំហ
គេ​ពោល​បញ្ចើច​ដោយសារ​អណ្តាត
១០ ឱ​ព្រះអង្គ​អើយ សូម​ទ្រង់​កាត់​ទោស​ដល់​គេ
សូម​ឲ្យ​គេ​ដួល​ចុះ ដោយ​ឧបាយ​របស់​ខ្លួន​គេ
សូម​បណ្តេញ​គេ​ចេញ ដោយ​ព្រោះ​អំពើ​រំលង​របស់​គេ
ដែល​ច្រើន​ឥត​គណនា
ដ្បិត​គេ​បាន​បះបោរ​នឹង​ទ្រង់​ហើយ
១១ នោះ​អស់​អ្នក​ដែល​ពឹង​ដល់​ទ្រង់ គេ​នឹង​រីករាយ​ឡើង
គេ​នឹង​ច្រៀង​ដោយ​អំណរ​ជានិច្ច ពី​ព្រោះ​ទ្រង់​តែង
ការពារ​គេ
ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះនាម​ទ្រង់ នឹង​បាន​ត្រេកអរ ដោយសារ​ទ្រង់
១២ ដ្បិត ឱ​ព្រះយេហូវ៉ា​អើយ
ទ្រង់​នឹង​ប្រទាន​ពរ​ដល់​មនុស្ស​សុចរិត
ទ្រង់​នឹង​បាំង​អ្នក​ទាំង​នោះ​នៅ​ជុំវិញ
ដោយ​ព្រះគុណ ទុក​ដូច​ជា​ខែល។