៦
ព្រះអង្គទ្រង់ព្រះពិរោធនឹងទូលបង្គំ តែសូម កុំដាក់ទោសទូលបង្គំឡើយ
ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើកឲ្យមេភ្លេង ត្រូវលេងដោយប្រដាប់មានខ្សែ៨។
១ ឱព្រះយេហូវ៉ាអើយ
សូមកុំបន្ទោសទូលបង្គំ ក្នុងកាលដែលទ្រង់ខ្ញាល់
ហើយកាលណាទ្រង់មានព្រះហឫទ័យឃោរឃៅ
នោះសូមកុំផ្ចាញ់ផ្ចាលទូលបង្គំឡើយ
២ ឱព្រះយេហូវ៉ាអើយ សូមប្រោសមេត្តាដល់ទូលបង្គំផង
ដ្បិតទូលបង្គំខ្សោយ
ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជា
ដ្បិតឆ្អឹងទូលបង្គំញ័ររន្ធត់
៣ ព្រលឹងទូលបង្គំក៏ថប់បារម្ភជាខ្លាំងដែរ
ឯទ្រង់ ឱព្រះយេហូវ៉ាអើយ តើដល់កាលណា
៤ ឱព្រះយេហូវ៉ាអើយ សូមទ្រង់យាងមកវិញ
ហើយប្រោសព្រលឹងទូលបង្គំឲ្យរួច
សូមទ្រង់ជួយសង្គ្រោះទូលបង្គំ ដោយយល់ដល់សេចក្តីសប្បុរសនៃទ្រង់
៥ ដ្បិតក្នុងមរណភាព គ្មានសេចក្តីនឹកចាំពីទ្រង់ទៀតឡើយ
នៅស្ថានឃុំព្រលឹងមនុស្សស្លាប់
នោះតើអ្នកណានឹងសរសើរដល់ទ្រង់
៦ ទូលបង្គំអស់កំឡាំង ដោយថ្ងូរ
ដំណេកទូលបង្គំត្រូវទទឹកជោកទាល់ភ្លឺ
ទឹកភ្នែកទូលបង្គំហូរស្រោចដាបគ្រែ
៧ ភ្នែកទូលបង្គំស្រវាំងទៅ ដោយថប់ព្រួយ
ក៏ទៅជាចាស់ ដោយព្រោះពួកដែលតតាំងនឹងទូលបង្គំ។
៨ ៙ នែ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ
ចូរថយចេញពីអញទៅ
ដ្បិតព្រះយេហូវ៉ាទ្រង់បានស្តាប់សំឡេងអញយំ
៩ ព្រះយេហូវ៉ាបានស្តាប់ពាក្យដែលអញទូលអង្វរហើយ
ព្រះយេហូវ៉ាទ្រង់នឹងទទួលពាក្យដែលអញអធិស្ឋានផង
១០ អស់ពួកខ្មាំងសត្រូវរបស់អញនឹងត្រូវអៀនខ្មាស
ហើយថប់បារម្ភជាខ្លាំង គេនឹងថយចេញ
ព្រមទាំងមានសេចក្តីខ្មាសភ្លាម១រំពេច។