៧
ព្រះសូមរកយុត្តិធម៌ឲ្យទូលបង្គំផង!
បទទំនួញនៃស្តេចដាវីឌ ដែលទ្រង់ ច្រៀងថ្វាយព្រះយេហូវ៉ា ពីរឿងគូស ជាពូជពង្សបេនយ៉ាមីន។
១ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ
ទូលបង្គំយកទ្រង់ជាទីជ្រកកោន
សូមទ្រង់ជួយសង្គ្រោះទូលបង្គំឲ្យរួចពីអស់អ្នកដែលដេញតាមទូលបង្គំផង
២ ក្រែងគេហែកព្រលឹងនៃទូលបង្គំ ដូចជាសិង្ហ
ព្រមទាំងហែកឲ្យខ្ទេចខ្ទីផង
ក្នុងកាលដែលគ្មានអ្នកណានឹងដោះឲ្យរួច
៣ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ
បើសិនជាទូលបង្គំបានធ្វើដូច្នេះ
គឺបើមានអំពើទុច្ចរិតណានៅដៃទូលបង្គំ
៤ បើទូលបង្គំធ្វើការអាក្រក់
ស្នងដល់អ្នកណាដែលមេត្រីនឹងទូលបង្គំ
បើទូលបង្គំបានរឹបជាន់អ្នកដែលតតាំងនឹងទូលបង្គំ ដោយឥតហេតុ
៥ នោះសូមឲ្យខ្មាំងសត្រូវដេញតាមព្រលឹងទូលបង្គំទាន់ចុះ
អើ សូមឲ្យគេញាំញីជីវិតទូលបង្គំចុះដល់ដី
ហើយបង្អាប់យសទូលបង្គំ នៅក្នុងធូលីដីផង។ បង្អង់
៦ ៙ ឱព្រះយេហូវ៉ាអើយ
សូមតើនឡើង ដោយសេចក្តីខ្ញាល់របស់ទ្រង់
សូមងើបឡើង ទាស់នឹងសេចក្តីឃោរឃៅ
របស់ពួកតតាំងនឹងទូលបង្គំ
សូមទ្រង់តើនឡើងជួយទូលបង្គំ ដោយសេចក្តីយុត្តិធម៌
ដែលទ្រង់បានបង្គាប់ហើយ
៧ យ៉ាងនោះ ជំនុំនៃបណ្តាជនទាំងឡាយ
នឹងមកនៅព័ទ្ធជុំវិញទ្រង់
សូមទ្រង់ឡើងលើទីខ្ពស់ ពីលើគេវិញ
៨ ព្រះយេហូវ៉ាទ្រង់តែងជំនុំជំរះបណ្តាជនទាំងឡាយ
ឱព្រះយេហូវ៉ាអើយ សូមទ្រង់ជំនុំជំរះទូលបង្គំ
តាមសេចក្តីសុចរិត
និងសេចក្តីទៀងត្រង់របស់ទូលបង្គំផង
៩ ឱសូមឲ្យការអាក្រក់របស់មនុស្សល្មើសបានផុតទៅ
តែសូមតាំងមនុស្សសុចរិតឲ្យខ្ជាប់ខ្ជួនឡើង
ដ្បិតព្រះដ៏សុចរិតទ្រង់សាកចិត្តថ្លើម
១០ ខែលនៃទូលបង្គំនៅជាមួយនឹងព្រះ
ដែលទ្រង់ជួយសង្គ្រោះមនុស្សមានចិត្តទៀងត្រង់
១១ ព្រះទ្រង់ជាចៅក្រមសុចរិត
អើ ទ្រង់ជាព្រះដែលមានសេចក្តីខ្ញាល់
ចំពោះមនុស្សអាក្រក់រាល់តែថ្ងៃ
១២ បើអ្នកណាមិនប្រែចិត្ត នោះទ្រង់នឹងសំលៀងដាវ
ទ្រង់បានយឹតដំឡើងធ្នូជាស្រេច
១៣ ទ្រង់ក៏រៀបចំគ្រឿងដែលសំរាប់សំឡាប់គេ ទុករួចហើយ
ទ្រង់ធ្វើព្រួញឆេះ ទុកសំរាប់បាញ់។
១៤ ៙ មើលគេឈឺនឹងសំរាលការទុច្ចរិតរបស់គេ
ក៏មានផ្ទៃពោះជាសេចក្តីអាក្រក់
ហើយសំរាលចេញជាសេចក្តីកំភូត
១៥ គេបានជីកធ្វើរណ្តៅ
ហើយខ្លួនគេបានធ្លាក់ទៅក្នុងរណ្តៅ ដែលគេធ្វើនោះ
១៦ សេចក្តីអាក្រក់របស់គេ នឹងត្រឡប់មកលើក្បាលគេវិញ
ហើយសេចក្តីច្រឡោតរបស់គេ
នឹងចុះមកលើក្រយៅក្បាលគេដែរ
១៧ ខ្ញុំនឹងសរសើរដល់ព្រះយេហូវ៉ា តាមសេចក្តីសុចរិតទ្រង់
ហើយនឹងច្រៀងដំកើងថ្វាយព្រះនាមព្រះយេហូវ៉ា ដ៏ខ្ពស់បំផុត។