៨
សិរីរុងរឿងរបស់ព្រះ និងកិត្តិយសរបស់មនុស្ស
ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើកឲ្យមេភ្លេង ត្រូវលេងដោយប្រដាប់ភ្លេងគីធីត។
១ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ
ព្រះនាមទ្រង់ប្រសើរគ្រប់លើផែនដីយ៉ាងណាទៅ
ទ្រង់បានតម្កល់សិរីល្អទ្រង់ទុកនៅលើស្ថានសួគ៌
២ ទ្រង់បានតាំងឲ្យមានសេចក្តីសរសើរ
ដោយសារមាត់កូនក្មេង និងកូនដែលនៅបៅដោះ
ដោយព្រោះពួកតតាំងនឹងទ្រង់
ដើម្បីនឹងធ្វើឲ្យពួកខ្មាំងសត្រូវ ព្រមទាំងពួកសងសឹក
បានស្ងៀមនៅ
៣ កាលណាទូលបង្គំពិចារណាមើលផ្ទៃមេឃ
ជាការដែលព្រះហស្តទ្រង់បានធ្វើ
គឺទាំងខែ និងផ្កាយ ដែលទ្រង់បានប្រតិស្ឋានទុក
៤ នោះតើមនុស្សជាអ្វី ដែលទ្រង់នឹករឭកដល់គេ
ហើយកូនមនុស្សផង ដែលទ្រង់ប្រោសដូច្នេះ
៥ ដ្បិតទ្រង់បានធ្វើឲ្យគេទាបជាងពួកទេវតាតែបន្តិចទេ
ក៏បានបំពាក់សិរីល្អ និងកេរ្តិ៍ឈ្មោះឲ្យ ទុកជាមកុដ
៦ ទ្រង់បានតាំងគេ ឲ្យត្រួតលើអស់ទាំងការនៃព្រះហស្តទ្រង់
ក៏បានបញ្ចុះបញ្ចូលគ្រប់ទាំងអស់ឲ្យនៅក្រោមជើងគេ
៧ គឺអស់ទាំងចៀម និងគោ អើ ទាំងសត្វព្រៃផង
៨ អស់ទាំងសត្វហើរលើអាកាស នឹងត្រីនៅសមុទ្រ
គឺសត្វផងទាំងពួងដែលហែលនៅផ្លូវទឹក
៩ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ
ព្រះនាមទ្រង់ប្រសើរនៅគ្រប់លើផែនដីយ៉ាងណាទៅ។