៩
ព្រះជាព្រះសង្គ្រោះរបស់ជនក្រីក្រ និងអ្នកដែលត្រូវគេជិះជាន់
ទំនុកនៃស្តេចដាវីឌ ដែលទ្រង់ លើកឲ្យមេភ្លេង ត្រូវលេងតាមបទ «កូនប្រុសស្លាប់ហើយ»។
១ ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ាអស់អំពីចិត្ត
ទូលបង្គំនឹងនិទាន ពីអស់ទាំងការអស្ចារ្យរបស់ទ្រង់
២ ទូលបង្គំនឹងអរសប្បាយ ហើយរីករាយឡើងក្នុងទ្រង់
ឱព្រះដ៏ខ្ពស់បំផុតអើយ
ទូលបង្គំនឹងច្រៀងដំកើងដល់ព្រះនាមទ្រង់
៣ កាលណាពួកខ្មាំងសត្រូវទូលបង្គំថយចេញទៅ
នោះគេស្លុតជង្គង់ដួល ហើយវិនាសបាត់នៅចំពោះទ្រង់
៤ ដ្បិតទ្រង់បានរាំងពារសេចក្តីទៀងត្រង់
និងរឿងក្តីរបស់ទូលបង្គំ
ទ្រង់គង់លើបល្ល័ង្កកំពុងតែជំនុំជំរះដោយយុត្តិធម៌
៥ ទ្រង់បានបន្ទោសដល់សាសន៍ដ៏ទៃទាំងប៉ុន្មាន
ក៏បានបំផ្លាញពួកមនុស្សអាក្រក់ចេញ
ទ្រង់បានលុបឈ្មោះគេ ឲ្យបាត់បង់ទៅជាដរាបរៀងតទៅ
៦ ឱខ្មាំងសត្រូវអើយ ការហិនវិនាសបានផុតទៅជានិច្ច
ឯទីក្រុងទាំងប៉ុន្មានដែលឯងបានបំផ្លាញ
នោះទាំងសេចក្តីនឹកចាំពីគេបានបាត់ឈឹងទៅដែរ
៧ ប៉ុន្តែព្រះយេហូវ៉ាទ្រង់គង់នៅអស់កល្បជានិច្ច
ទ្រង់បានតាំងបល្ល័ង្កទ្រង់ ទុកសំរាប់នឹងជំនុំជំរះហើយ
៨ ទ្រង់ជំនុំជំរះមនុស្សលោកដោយយុត្តិធម៌
ក៏នឹងវិនិច្ឆ័យអស់ទាំងសាសន៍ ដោយសេចក្តីសុចរិត
៩ ព្រះយេហូវ៉ាទ្រង់នឹងបានជាទីពឹងជ្រក
ដល់អស់អ្នកណាដែលត្រូវគេសង្កត់សង្កិន
គឺជាទីពឹងនៅគ្រាលំបាក
១០ ឯអស់អ្នកដែលស្គាល់ព្រះនាមទ្រង់
គេនឹងទុកចិត្តដល់ទ្រង់
ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់មិនបានបោះបង់ចោលពួកអ្នក
ដែលស្វែងរកទ្រង់ឡើយ
១១ ចូរច្រៀងទំនុកសរសើរដល់ព្រះយេហូវ៉ា
ដែលទ្រង់គង់នៅក្រុងស៊ីយ៉ូនចុះ
ចូរថ្លែងប្រាប់ពីការនៃទ្រង់ នៅក្នុងចំណោមបណ្តាជនផង
១២ ដ្បិតកាលណាទ្រង់ស៊ើបសួរពីឈាម
នោះទ្រង់នឹងនឹកចាំពីពួកអ្នកទាំងនោះ
ទ្រង់មិនដែលភ្លេចសំរែករបស់ពួកមនុស្សក្រីក្រឡើយ
១៣ ឱព្រះយេហូវ៉ាអើយ សូមទ្រង់មេត្តាប្រោសទូលបង្គំ
សូមទ្រង់ទតមើលសេចក្តីទុក្ខលំបាករបស់ទូលបង្គំផង
ជាការដែលទូលបង្គំទ្រាំរងនេះ
ដោយសារពួកអ្នកដែលស្អប់ទូលបង្គំ គឺទ្រង់ហើយ
ដែលលើកទូលបង្គំឡើង ឲ្យរួចពីទ្វារនៃសេចក្តីស្លាប់
១៤ ដើម្បីឲ្យទូលបង្គំបានសំដែងចេញអស់ទាំងសេចក្តី
សរសើរនៃទ្រង់ នៅគ្រប់ទាំងទ្វារនៃកូនស្រីស៊ីយ៉ូន
ទូលបង្គំនឹងរីករាយឡើង ក្នុងសេចក្តីសង្គ្រោះរបស់ទ្រង់
១៥ អស់ទាំងសាសន៍ដទៃបានផុងទៅ
ក្នុងរណ្តៅដែលខ្លួនបានជីក
ជើងគេជាប់នៅក្នុងអន្ទាក់វាត់ ដែលខ្លួនគេបានបង្កប់ទុក
១៦ ព្រះយេហូវ៉ាទ្រង់បានសំដែងមកឲ្យស្គាល់
ទ្រង់បានសំរេចតាមសេចក្តីយុត្តិធម៌
ពួកមនុស្សអាក្រក់បានជាប់អន្ទាក់
ដោយការដែលដៃគេធ្វើ។
– វាយភ្លេងស្រងូតទទួល –បង្អង់
១៧ ៙ ពួកមនុស្សអាក្រក់
នឹងត្រូវបំបែរទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ
គឺគ្រប់ទាំងសាសន៍ដែលភ្លេចព្រះបង់
១៨ ដ្បិតមនុស្សកំសត់មិនត្រូវគេភ្លេចជាដរាបទេ
ហើយសេចក្តីសង្ឃឹមរបស់មនុស្សទ័លក្រ
ក៏មិនត្រូវវិនាសបាត់ជានិច្ចដែរ
១៩ ឱព្រះយេហូវ៉ាអើយ សូមទ្រង់តើនឡើង
សូមកុំឲ្យមនុស្សឈ្នះឡើយ
សូមឲ្យសាសន៍ដទៃទាំងប៉ុន្មានត្រូវជំនុំជំរះនៅចំពោះទ្រង់
២០ ឱព្រះយេហូវ៉ាអើយ សូមបណ្តាលឲ្យគេតក់ស្លុត
សូមឲ្យគ្រប់សាសន៍បានដឹងខ្លួនថា គេជាមនុស្សទេ។ –បង្អង់