១០
ពាក្យ​អធិស្ឋាន​សូម​ព្រះ​រក​យុត្តិធម៌
១ ឱ​ព្រះយេហូវ៉ា​អើយ
ហេតុ​អ្វី​បាន​ជា​ទ្រង់​គង់​នៅ​ឆ្ងាយ​ម៉្លេះ
ហេតុ​អ្វី​បាន​ជា​ទ្រង់​ពួន​ព្រះអង្គ នៅ​គ្រា​ដែល​មាន​សេចក្តី
ទុក្ខ​លំបាក​ដូច្នេះ
២ មនុស្ស​អាក្រក់ គេ​បៀតបៀន​ដល់​មនុស្ស​ក្រីក្រ
ដោយ​សេចក្តី​ឆ្មើងឆ្មៃ
សូម​ឲ្យ​គេ​ជាប់​នៅ​ក្នុង​ឧបាយ ដែល​គេ​បង្កើត​នោះ
៣ ដ្បិត​មនុស្ស​អាក្រក់ គេ​អួត​ពី​បំណង​ក្នុង​ចិត្ត​គេ
ឯ​មនុស្ស​លោភ ក៏​លះបង់​ព្រះយេហូវ៉ា
អើ គេ​មើលងាយ​ដល់​ទ្រង់​ផង
៤ មនុស្ស​អាក្រក់​ពោល​ដោយ​ឫក​អំនួត​របស់​ខ្លួន​គេ
ថា ព្រះ​ទ្រង់​នឹង​មិន​ធ្វើ​ទោស​ទេ
ឯ​អស់​ទាំង​គំនិត​របស់​គេ នោះ​តែង​គិត​ថា
គ្មាន​ព្រះ​ណា​សោះ
៥ អស់​ទាំង​ផ្លូវ​របស់​គេ​សុទ្ធ​តែ​លំបាក​ជា​ដរាប
ឯ​អស់​ទាំង​ច្បាប់​របស់​ទ្រង់ នោះ​ខ្ពស់​ហួស​ពី​ភ្នែក​គេ
គេ​ក៏​បូញ​មាត់​ឡកឡឺយ​ឲ្យ​ពួក​អ្នក​ដែល​តតាំង​នឹង​គេ
៦ គេ​នឹក​ក្នុង​ចិត្ត​ថា អញ​នឹង​មិន​ត្រូវ​រង្គើ​ឡើយ
ក៏​មិន​ត្រូវ​អន្តរាយ ដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ
៧ មាត់​គេ​ពេញ​ដោយ​ពាក្យ​ជេរ​ប្រមាថ
ព្រម​ទាំង​សេចក្តី​បញ្ឆោត និង​សេចក្តី​កំណាច​ផង
នៅ​ក្រោម​អណ្តាត​គេ​មាន​សុទ្ធ​តែ​កិច្ចកល
និង​សេចក្តី​ទុច្ចរិត
៨ គេ​អង្គុយ​នៅ​អស់​ទាំង​ទី​លប​ចាំ​នៃ​ភូមិ​ទាំង​ប៉ុន្មាន
នៅ​ត្រង់​កន្លែង​ស្ងាត់​កំបាំង នោះ​គេ​សំឡាប់​មនុស្ស
ជា​មនុស្ស​ដែល​ឥត​មាន​ទោស
ភ្នែក​គេ​រំពៃ​មើល​មនុស្ស​ទុគ៌ត
៩ គេ​ឈ្លប​លប​នៅ​ទី​សំងាត់ ដូច​ជា​សិង្ហ​នៅ​ក្នុង​រូង
គេ​លប​ចាំ​ចាប់​មនុស្ស​ក្រីក្រ ក៏​ចាប់​មនុស្ស​ក្រ​នោះ
ក្នុង​កាល​ដែល​ទាញ​គេ​មក​ក្នុង​មង
១០ គេ​បំព្រួញ​ខ្លួន ហើយ​ឱន​ចុះ
នោះ​មនុស្ស​ទុគ៌ត​ធ្លាក់​ទៅ​ក្នុង​អំណាច​គេ
១១ គេ​គិត​ក្នុង​ចិត្ត​ថា​ព្រះ​ទ្រង់​ភ្លេច​ហើយ
ទ្រង់​លាក់​ព្រះភក្ត្រ ទត​មិន​ឃើញ​ឡើយ
១២ ឱ​ព្រះយេហូវ៉ា​អើយ សូម​ទ្រង់​ក្រោក​ឡើង
ឱ​ព្រះ​អើយ សូម​លើក​ព្រះហស្ត​ទ្រង់​ឡើង
សូម​កុំ​ភ្លេច​មនុស្ស​ក្រ​លំបាក​ឡើយ
១៣ ហេតុ​អ្វី​បាន​ជា​មនុស្ស​អាក្រក់ គេ​មើលងាយ​ដល់​ព្រះ
ហើយ​គិត​ក្នុង​ចិត្ត​ថា​ទ្រង់​មិន​ធ្វើ​ទោស​ទេ​ដូច្នេះ
១៤ ទ្រង់​បាន​ទត​ឃើញ​ហើយ ដ្បិត​ទ្រង់​ទត​ឃើញ​កិច្ចកល
និង​សេចក្តី​រំលោភ
ដើម្បី​នឹង​សង​គេ​ដោយ​ព្រះហស្ត​ទ្រង់
មនុស្ស​ទុគ៌ត គេ​ផ្ញើ​ខ្លួន​នឹង​ទ្រង់
ដ្បិត​ទ្រង់​បាន​ធ្វើ​ជា​អ្នក​ជំនួយ ដល់​មនុស្ស​កំព្រា
១៥ សូម​ទ្រង់​បំបាក់​ដៃ​នៃ​មនុស្ស​អាក្រក់
ឯ​មនុស្ស​ពាល នោះ​សូម​រក​អស់​ទាំង​ការ​អាក្រក់​របស់​គេ
ទាល់​តែ​មិន​ឃើញ​មាន​ទៀត
១៦ ព្រះយេហូវ៉ា​ទ្រង់​ជា​មហាក្សត្រ​ដ៏​គង់​នៅ​អស់កល្ប​ជានិច្ច
អស់​ទាំង​សាសន៍​ដទៃ​បាន​សូន្យ​បាត់​ចេញ​ពី​ផែនដី​របស់​ទ្រង់​ហើយ
១៧ ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​បាន​ស្តាប់​សេចក្តី​បំណង
របស់​មនុស្ស​រាប​ទាប
ទ្រង់​នឹង​តាំង​ចិត្ត​គេ​ឲ្យ​មាំមួន ហើយ​នឹង​ផ្ទៀង​ព្រះកាណ៌​ទ្រង់​ស្តាប់​ផង
១៨ ដើម្បី​នឹង​កាត់​សេចក្តី​ឲ្យ​មនុស្ស​កំព្រា
និង​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់សង្កិន
ប្រយោជន៍​ឲ្យ​មនុស្ស​ដែល​កើត​ពី​ដី​មក
បាន​លែង​គំហកកំហែង​គេ​ត​ទៅ​ទៀត។