១១
ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះ
ទំនុក​នៃ​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​សំរាប់​មេ​ភ្លេង។
១ ខ្ញុំ​យក​ព្រះយេហូវ៉ា​ជា​ទី​ពឹង​ជ្រក
ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​បាន​និយាយ​នឹង​ខ្ញុំ​ថា
ចូរ​រត់​ទៅ​ឯ​ភ្នំ​របស់​ឯង ដូច​ជា​សត្វ​ហើរ​ចុះ
២ ដ្បិត​មើល ពួក​មនុស្ស​អាក្រក់​គេ​យឹតធ្នូ
គេ​ដំឡើង​ព្រួញ​នៅ​ជាប់​នឹង​ខ្សែ
ដើម្បី​បាញ់​ពី​ទី​ងងឹត ចំ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់
៣ បើ​សិន​ជា​គោល​ប្រធាន​ត្រូវ​បំផ្លាញ
នោះ​តើ​មនុស្ស​សុចរិត​នឹង​អាច​ធ្វើ​អ្វី​បាន
៤ ព្រះយេហូវ៉ា​ទ្រង់​គង់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់
ឯ​បល្ល័ង្ក​នៃ​ព្រះយេហូវ៉ា នោះ​នៅ​លើ​ស្ថានសួគ៌
ព្រះនេត្រ​ទ្រង់​ទត​មើល ត្របក​ព្រះនេត្រ​ទ្រង់​ពិចារណា
មើល​មនុស្ស​ជាតិ​ទាំងឡាយ
៥ ព្រះយេហូវ៉ា​ទ្រង់​ល្បង​ល​មនុស្ស​សុចរិត
តែ​ទ្រង់​មាន​ព្រះហឫទ័យ​ស្អប់​ដល់​មនុស្ស​អាក្រក់
និង​ពួក​អ្នក​ដែល​ចូល​ចិត្ត​ខាង​សេចក្តី​ច្រឡោត​វិញ
៦ ទ្រង់​នឹង​បង្អុរ​ឲ្យ​ភ្លៀង​ជា​អន្ទាក់​មក​លើ​មនុស្ស​អាក្រក់
គឺ​ជា​ភ្លើង​ឆេះ និង​ស្ពាន់ធ័រ ហើយ​ខ្យល់​ក្តៅ​ក្រហាយ
នោះ​នឹង​បាន​ជា​ចំណែក​ក្នុង​ពែង​របស់​គេ
៧ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​សុចរិត
ទ្រង់​ក៏​ស្រឡាញ់​សេចក្តី​សុចរិត​ដែរ
មនុស្ស​ទៀង​ត្រង់​នឹង​បាន​ឃើញ​ព្រះភក្ត្រ​ទ្រង់។