១២
ព្រះ​អើយ​សូម​ជួយ​ផង!
ទំនុក​នៃ​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​ឲ្យ​មេ​ភ្លេង ត្រូវ​លេង​ដោយ​ប្រដាប់​មាន​ខ្សែ​៨។
១ ឱ​ព្រះយេហូវ៉ា​អើយ សូម​ទ្រង់​ជួយ​ផង
ដ្បិត​មនុស្ស​ដែល​កោតខ្លាច​ដល់​ព្រះ
គេ​កំពុង​តែ​រួញ​ថយ​ទៅ
ហើយ​ពួក​មនុស្ស​ស្មោះត្រង់​ក៏​កាន់​តែ​សូន្យ​បាត់
ពី​ចំណោម​មនុស្ស​ដែរ
២ គ្រប់​គ្នា​ពោល​តែ​សេចក្តី​ភូតភរ ដល់​អ្នក​ជិត​ខាង​ខ្លួន
គេ​ពោល​ដោយ​បបូរ​មាត់​បញ្ចើច ហើយ​ដោយ​មាន​ចិត្ត​២
៣ ព្រះយេហូវ៉ា​ទ្រង់​នឹង​កាត់​អស់​ទាំង​បបូរ​មាត់​បញ្ចើច​ចេញ
ព្រម​ទាំង​អណ្តាត ដែល​ពោល​ពាក្យ​ធំ​នោះ​ផង
៤ ជា​ពួក​មនុស្ស​ដែល​បាន​ថា យើង​នឹង​ឈ្នះ​ដោយ​អណ្តាត
បបូរ​មាត់​យើង​ស្រេច​នៅ​យើង​ទេ​តើ
តើ​អ្នក​ណា​ជា​ចៅហ្វាយ​លើ​យើង
៥ ដូច្នេះ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា
អញ​នឹង​ក្រោក​ឡើង​ឥឡូវ
ដោយ​ព្រោះ​មាន​ការ​សង្កត់សង្កិន​ដល់​មនុស្ស​ក្រ​លំបាក
ហើយ​ដោយ​ព្រោះ​ដំងូរ​របស់​មនុស្ស​កំសត់​ទុគ៌ត
អញ​នឹង​ដាក់​គេ​ឲ្យ​នៅ​ទី​សាន្តត្រាណ
ដែល​គេ​ដង្ហក់​រក​នោះ
៦ ឯ​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា នោះ​សុទ្ធ​ស្អាត​ទាំង​អស់
គឺ​ដូច​ប្រាក់​ដែល​គេ​សាក​ក្នុង​បាវ​ធ្វើ​ពី​ដី
ហើយ​បាន​សំរង​អស់​៧​ដង​ផង
៧ ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​នឹង​ថែ​រក្សា​អ្នក​ទាំង​នោះ
ទ្រង់​នឹង​ជួយ​ទំនុក​បំរុង​គេ
ចាប់​តាំង​ពី​ដំណ​នេះ​ជា​រៀង​រាប​ត​ទៅ
៨ កាល​ណា​មនុស្ស​លើក​ដំកើង​សេចក្តី​លាមក​អាក្រក់​ឡើង
នោះ​មនុស្ស​អាក្រក់​ក៏​ដើរ​តែពាស​គ្រប់​កន្លែង។