១៨
ពាក្យអរព្រះគុណរបស់ស្តេចដាវីឌនៅពេលមានជ័យជំនះ
ទំនុកសំរាប់មេភ្លេង ដែលស្តេចដាវីឌ ជាអ្នកបំរើនៃព្រះយេហូវ៉ាបានលើក ទ្រង់បានទូលអស់ទាំងពាក្យនៃទំនុកនេះដល់ព្រះយេហូវ៉ា នៅវេលាដែលព្រះបានជួយឲ្យរួចពីដៃនៃគ្រប់ទាំងពួកខ្មាំងសត្រូវ ហើយពីកណ្តាប់ដៃសូល គឺទ្រង់ទូលថា
១ ឱព្រះយេហូវ៉ាដ៏ជាកំឡាំងនៃទូលបង្គំអើយ
ទូលបង្គំស្រឡាញ់ទ្រង់
២ ព្រះយេហូវ៉ាទ្រង់ជាថ្មដា ជាបន្ទាយ
ហើយជាអ្នកជួយសង្គ្រោះរបស់ទូលបង្គំ
គឺជាព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំយកជាទីពឹង
ក៏ជាខែល ជាស្នែងនៃសេចក្តីសង្គ្រោះរបស់ទូលបង្គំ
ហើយជាប៉មយ៉ាងខ្ពស់ផង
៣ ទូលបង្គំនឹងអំពាវនាវដល់ព្រះយេហូវ៉ា
ដែលទ្រង់គួរសរសើរ
យ៉ាងនោះទូលបង្គំនឹងបានសង្គ្រោះ
រួចពីពួកសត្រូវរបស់ទូលបង្គំ។
៤ ៙ ឯចំណងនៃសេចក្តីស្លាប់បានរុំជុំវិញទូលបង្គំ
ហើយជំនន់នៃសេចក្តីទុច្ចរិតបានបំភ័យទូលបង្គំ
៥ ចំណងនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ក៏រួបជុំវិញទូលបង្គំ
អន្ទាក់នៃសេចក្តីស្លាប់បានទាក់ទូលបង្គំ
៦ ក្នុងគ្រាដែលទូលបង្គំមានសេចក្តីវេទនា
នោះបានអំពាវនាវដល់ព្រះយេហូវ៉ា
ទូលបង្គំបានស្រែកទូលដល់ព្រះនៃទូលបង្គំ
ទ្រង់ក៏ឮសំឡេងទូលបង្គំ ពីក្នុងព្រះវិហារទ្រង់
ហើយសំរែកដែលទូលបង្គំស្រែក នៅចំពោះទ្រង់
ក៏ឮដល់ព្រះកាណ៌ទ្រង់
៧ នោះផែនដីបានកក្រើក ឫសភ្នំទាំងប៉ុន្មានក៏ញ័ររញ្ជួយ
ហើយរំពើកឡើង ពីព្រោះទ្រង់មានសេចក្តីក្រោធ
៨ មានផ្សែងហុយចេញពីព្រះនាសាទ្រង់
ហើយមានភ្លើងចេញពីព្រះឱស្ឋទ្រង់មកបញ្ឆេះបំផ្លាញ
ក៏កាត់ឡើងជារងើកដែរ
៩ ទ្រង់បានបន្ទាបផ្ទៃមេឃ ហើយយាងចុះមក
មានងងឹតយ៉ាងក្រាស់ នៅក្រោមព្រះបាទទ្រង់
១០ ទ្រង់គង់លើចេរូប៊ីនហោះមក
អើ ទ្រង់ក៏សំកាំងនៅលើខ្យល់
១១ ទ្រង់បានយកសេចក្តីងងឹតធ្វើជាទីបាំងអង្គទ្រង់
ជាពន្លានៅព័ទ្ធជុំវិញ
គឺជាទីងងឹតនៃទឹក ជាពពកយ៉ាងក្រាស់នៅលើមេឃ
១២ ពពកយ៉ាងក្រាស់របស់ទ្រង់ក៏រសាត់ចេញ
ដោយរស្មីនៅចំពោះទ្រង់ ព្រមទាំងព្រិល
និងរងើកភ្លើងផង
១៣ ព្រះយេហូវ៉ាទ្រង់បញ្ចេញជាផ្គរនៅលើមេឃ
ព្រះដ៏ខ្ពស់បំផុត ទ្រង់បញ្ចេញព្រះសូរសៀង
ព្រមទាំងព្រិល និងរងើកភ្លើងផង
១៤ ក៏បាញ់ព្រួញនៃទ្រង់ទៅកំចាត់កំចាយគេ
នឹងរន្ទះជាច្រើន ទៅបំបាក់ពួកគេ
១៥ នោះបាតផ្លូវទឹកក៏លេចឡើង
ហើយឫសលោកីយ៍បានបើកឲ្យឃើញ
ដោយទ្រង់បន្ទោស ឱព្រះយេហូវ៉ាអើយ
គឺដោយឮសូរខ្យល់គំហុក ចេញពីព្រះនាសាទ្រង់
១៦ ទ្រង់បានចាត់ពីលើស្ថានដ៏ខ្ពស់មក
ចាប់ស្រង់ទូលបង្គំចេញពីទឹកធំ
១៧ ទ្រង់បានដោះទូលបង្គំឲ្យរួចពីខ្មាំងសត្រូវដ៏ខ្លាំងពូកែ
ហើយពីអស់អ្នកដែលស្អប់ទូលបង្គំដែរ
ដ្បិតគេមានកំឡាំងជាងទូលបង្គំ
១៨ នៅថ្ងៃដែលទូលបង្គំត្រូវវេទនា នោះគេបានសង្ខុញ
មកលើទូលបង្គំ
ប៉ុន្តែព្រះយេហូវ៉ា ទ្រង់ជាជន្ទល់នៃទូលបង្គំ
១៩ ទ្រង់បាននាំទូលបង្គំចេញទៅនៅឯទីធំទូលាយ
ទ្រង់បានដោះទូលបង្គំឲ្យរួច ដ្បិតទ្រង់ស្រឡាញ់
ដល់ទូលបង្គំ
២០ ព្រះយេហូវ៉ាទ្រង់បានប្រទានរង្វាន់មក
តាមសេចក្តី សុចរិតរបស់ទូលបង្គំ
ទ្រង់បានសងទូលបង្គំ តាមសេចក្តីបរិសុទ្ធនៃដៃទូលបង្គំ
២១ ដ្បិតទូលបង្គំបានកាន់តាមអស់ទាំងផ្លូវរបស់ព្រះយេហូវ៉ា
ហើយមិនបានថយចេញពីព្រះនៃទូលបង្គំ
ដោយប្រព្រឹត្តសេចក្តីអាក្រក់ឡើយ
២២ ពីព្រោះគ្រប់ទាំងច្បាប់របស់ទ្រង់ក៏នៅចំពោះមុខទូលបង្គំ
ហើយទូលបង្គំមិនបានងាកចេញពីក្រឹត្យណាមួយ
របស់ទ្រង់ឡើយ
២៣ ទូលបង្គំបានគ្រប់លក្ខណ៍នៅចំពោះទ្រង់
ហើយបានរក្សាខ្លួនឲ្យរួចពីសេចក្តីទុច្ចរិតរបស់ទូលបង្គំ
២៤ ហេតុនោះ ព្រះយេហូវ៉ា ទ្រង់ប្រទានរង្វាន់មកទូលបង្គំ
តាមសេចក្តីសុចរិតរបស់ទូលបង្គំ គឺតាមសេចក្តីបរិសុទ្ធ
នៃដៃទូលបង្គំ នៅចំពោះព្រះនេត្រទ្រង់
២៥ នៅចំពោះអ្នកមានចិត្តមេត្តា នោះទ្រង់នឹងសំដែងអង្គ
ទ្រង់ជាអ្នកមានចិត្តមេត្តាដែរ
នៅចំពោះមនុស្សគ្រប់លក្ខណ៍ នោះទ្រង់នឹងសំដែង
អង្គទ្រង់ជាអ្នកគ្រប់លក្ខណ៍
២៦ នៅចំពោះអ្នកបរិសុទ្ធ នោះទ្រង់នឹងសំដែងអង្គទ្រង់ជា
អ្នកបរិសុទ្ធដូចគ្នា
ហើយនៅចំពោះមនុស្សក្រវិចក្រវៀន នោះទ្រង់នឹង
សំដែងអង្គទ្រង់ជាអ្នកប្រឆាំងនឹងគេវិញ
២៧ ដ្បិតទ្រង់នឹងជួយសង្គ្រោះមនុស្សដែលរងវេទនា
តែឯមនុស្សឆ្មើងឆ្មៃ នោះទ្រង់នឹងបន្ទាបគេចុះវិញ
២៨ ដ្បិតទ្រង់នឹងអុជប្រទីបរបស់ទូលបង្គំ
ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំ ទ្រង់នឹងធ្វើឲ្យសេចក្តី
ងងឹតនៃទូលបង្គំភ្លឺឡើង
២៩ ពីព្រោះ ដោយពឹងទ្រង់ នោះទូលបង្គំនឹងរត់ចូលទៅ
តនឹងកងទ័ព
ហើយដោយសារព្រះនៃទូលបង្គំ នោះទូលបង្គំនឹងលោត
រំលងកំផែងបាន
៣០ ឯព្រះ ផ្លូវនៃទ្រង់គ្រប់លក្ខណ៍
ព្រះបន្ទូលនៃព្រះយេហូវ៉ាបានសាកមើលហើយ
ទ្រង់ជាខែលដល់អស់អ្នកណាដែលពឹងជ្រកក្នុងទ្រង់
៣១ ដ្បិតតើអ្នកណាជាព្រះ បើមិនមែនជាព្រះយេហូវ៉ាទេ
ហើយក្រៅពីព្រះនៃយើងខ្ញុំ នោះតើអ្នកណាជាថ្មដា
៣២ គឺជាព្រះដែលក្រវាត់ទូលបង្គំដោយកំឡាំង
ហើយក៏ធ្វើឲ្យផ្លូវទូលបង្គំបានគ្រប់លក្ខណ៍ដែរ
៣៣ ទ្រង់ធ្វើឲ្យជើងទូលបង្គំបានដូចជាជើងក្តាន់
ក៏ដាក់ទូលបង្គំឲ្យឈរ នៅកន្លែងខ្ពស់របស់ទូលបង្គំ
៣៤ ទ្រង់បង្ហាត់ដៃទូលបង្គំឲ្យស្ទាត់ច្បាំង
ឲ្យដៃទូលបង្គំអាចដំឡើងធ្នូលង្ហិនបាន។
៣៥ ៙ ទ្រង់បានប្រទានខែល ជាសេចក្តីសង្គ្រោះរបស់ទ្រង់មកទូលបង្គំ
ព្រះហស្តស្តាំទ្រង់បានទប់ទល់ទូលបង្គំ
ហើយសេចក្តីស្រទ្រន់របស់ទ្រង់ក៏ធ្វើឲ្យទូលបង្គំបានជាធំ
៣៦ ទ្រង់បានធ្វើឲ្យជំហានទូលបង្គំបានទូលាយចេញទៅ
ហើយជើងទូលបង្គំមិនបានរឥលភ្លាត់ឡើយ
៣៧ ទូលបង្គំនឹងដេញតាមពួកខ្មាំងសត្រូវឲ្យទាន់
ក៏មិនងាកបែរមកវិញ ដរាបដល់គេវិនាសបង់អស់រលីង
៣៨ ទូលបង្គំនឹងចាក់ទំលុះគេ ឲ្យគេក្រោកឡើងវិញមិនរួច
គេនឹងដួលនៅក្រោមជើងទូលបង្គំ
៣៩ ដ្បិតទ្រង់បានក្រវាត់ទូលបង្គំ ដោយកំឡាំង
សំរាប់ធ្វើចំបាំង
ទ្រង់បានបង្ក្រាបពួកអ្នកដែលលើកគ្នាទាស់នឹងទូលបង្គំ
ឲ្យគេនៅក្រោមទូលបង្គំវិញ
៤០ ទ្រង់បានធ្វើឲ្យពួកខ្មាំងសត្រូវបែរខ្នងនៅមុខទូលបង្គំ
ដើម្បីឲ្យទូលបង្គំបានប្រហារអស់អ្នកដែលស្អប់ទូលបង្គំ
៤១ គេបានស្រែកឡើង តែគ្មានអ្នកណាជួយសោះ
ក៏អំពាវនាវដល់ព្រះយេហូវ៉ា
តែទ្រង់មិនឆ្លើយមកឡើយ
៤២ ទូលបង្គំបានវាយគេកំទេចឲ្យល្អិត
ដូចផង់ធូលីដែលផាត់ដោយខ្យល់
ទូលបង្គំបានបោះគេចោលចេញដូចជាភក់ពីផ្លូវ
៤៣ ទ្រង់បានជួយទូលបង្គំ ឲ្យរួចពីសេចក្តីទាស់ទែងនៃប្រជាជន
ទ្រង់បានតាំងទូលបង្គំឡើង ជាកំពូលលើអស់ទាំងនគរ
សាសន៍១ដែលទូលបង្គំមិនទាន់ស្គាល់
នឹងមកគោរពប្រតិបត្តិដល់ទូលបង្គំ
៤៤ វេលាណាដែលបានឮនិយាយពីទូលបង្គំ
នោះគេនឹងស្តាប់តាមភ្លាម
ពួកសាសន៍ដទៃនឹងគោរពចុះចូលចំពោះទូលបង្គំ
៤៥ ពួកសាសន៍ដទៃនឹងត្រូវស្រពោនបាត់ទៅ
ហើយនឹងចេញពីទីសំងាត់របស់ខ្លួន ដោយភ័យញ័រ
៤៦ ព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ
សូមសរសើរដល់ថ្មដានៃទូលបង្គំ
ក៏សូមឲ្យព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំ បានថ្កើងឡើង
៤៧ គឺជាព្រះដ៏ជួយសងសឹកជំនួសទូលបង្គំ
ហើយបង្ក្រាបអស់ទាំងសាសន៍ឲ្យបានចំណុះទូលបង្គំដែរ
៤៨ ទ្រង់បានជួយទូលបង្គំ ឲ្យរួចពីពួកខ្មាំងសត្រូវ
អើ ទ្រង់បានលើកទូលបង្គំឡើង ខ្ពស់ជាងពួកអ្នក
ដែលលើកគ្នាទាស់នឹងទូលបង្គំទៅទៀត
ទ្រង់ក៏ជួយសង្គ្រោះទូលបង្គំ ឲ្យរួចពីមនុស្សច្រឡោតផង
៤៩ ហេតុនោះ ឱព្រះយេហូវ៉ាអើយ
ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ នៅកណ្តាល
អស់ទាំងសាសន៍ដទៃ
ហើយនឹងច្រៀងសរសើរដល់ព្រះនាមទ្រង់
៥០ ទ្រង់ប្រោសសេចក្តីសង្គ្រោះយ៉ាងធំដល់ស្តេចរបស់ទ្រង់
ក៏សំដែងសេចក្តីសប្បុរស ដល់អ្នកដែលទ្រង់បានចាក់
ប្រេងតាំងឲ្យ
គឺដល់ដាវីឌ និងពូជពង្សតរៀងទៅ។