១៩
លោក​ទាំង​មូល​ថ្លែង​ពី​សិរីរុងរឿង​របស់​ព្រះ
ទំនុក​នៃ​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​សំរាប់​មេ​ភ្លេង។
១ ផ្ទៃ​មេឃ​សំដែង​ពី​សិរីល្អ​នៃ​ព្រះ
ហើយ​លំហ​អាកាស​ក៏​បង្ហាញ​ការ
ដែល​ព្រះហស្ត​ទ្រង់​ធ្វើ
២ ថ្ងៃ​១​ពោល​ប្រាប់​ត​ដល់​ថ្ងៃ​១​ទៀត
ហើយ​យប់​១​ក៏​សំដែង​ចំណេះ​ដល់​យប់​១​ទៀត​ដែរ
៣ ឯ​ពាក្យ​សំដី ឬ​ភាសា នោះ​គ្មាន​ឮ​ឡើយ
គ្មាន​អ្នក​ណា​ដែល​ឮ​សំឡេង​នៃ​របស់​ទាំង​នោះ​ទេ
៤ ប៉ុន្តែ​ដំណឹង​ដែល​របស់​ទាំង​នោះ​ផ្សាយ​មក
ក៏​បាន​ចេញ​ទៅ​គ្រប់​លើ​ផែនដី
ហើយ​សេចក្តី​នោះ​បាន​ឮ​ទៅ​ដល់​ទី​បំផុត​លោកីយ៍
នៅ​លើ​មេឃ ទ្រង់​បាន​ដំឡើង​ត្រសាល​សំរាប់​ព្រះអាទិត្យ
៥ ដែល​ទុក​ជា​ប្តី​ថ្មោងថ្មី​កំពុង​តែ​ចេញ​ពី​បន្ទប់​ដេក
ទាំង​មាន​សេចក្តី​អំណរ​នឹង​រត់​តាម​ផ្លូវ​ខ្លួន
ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ
៦ ព្រះអាទិត្យ​ក៏​រះ​ពី​ជើង​មេឃ​ម្ខាង
ហើយ​ដើរ​វង់​ទៅ​ដល់​ជើង​មេឃ​ម្ខាង
គ្មាន​របស់​អ្វី​លាក់​កំបាំង​ពី​កំដៅ​នៃ​ព្រះអាទិត្យ​ទេ។
៧ ៙ ឯ​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា​នោះ​គ្រប់​លក្ខណ៍
ក៏​កែ​ព្រលឹង​ឡើង​វិញ
សេចក្តី​បន្ទាល់​នៃ​ព្រះយេហូវ៉ា​ជា​ពិត
ក៏​ធ្វើ​ឲ្យ​មនុស្ស​ខ្លៅ​ល្ងង់​មាន​ប្រាជ្ញា
៨ សេចក្តី​បញ្ញត្ត​របស់​ព្រះយេហូវ៉ា​សុទ្ធ​តែ​ទៀង​ត្រង់
ក៏​បណ្តាល​ឲ្យ​ចិត្ត​រីករាយ​សប្បាយ
ក្រឹត្យក្រម​នៃ​ព្រះយេហូវ៉ា​ជា​សុទ្ធសាធ ក៏​បំភ្លឺ​ភ្នែក
៩ សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​ជា​បរិសុទ្ធ
ក៏​នៅ​ជាប់​ជា​រៀង​រាប​ដរាប
អស់​ទាំង​ខ​ច្បាប់​របស់​ព្រះយេហូវ៉ា​សុទ្ធ​តែ​ពិត​ត្រង់
ហើយ​សុចរិត​គ្រប់​ជំពូក
១០ សេចក្តី​ទាំង​នោះ​គួរ​ចង់​បាន​លើស​ជាង​មាស
អើ ជា​ជាង​មាស​សុទ្ធ​ជា​ច្រើន​ផង
ក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ ហើយ​ជាង​ដំណក់​ស្រក់​ពី​សំណុះ​ផង
១១ មួយ​ទៀត ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់ ក៏​ចេះ​ប្រយ័ត្ន
ដោយសារ​សេចក្តី​ទាំង​នោះ​ដែរ
ហើយ​ដែល​កាន់​តាម នោះ​ក៏​មាន​រង្វាន់​យ៉ាង​ធំ
១២ តើ​អ្នក​ណា​នឹង​ស្គាល់​អំពើ​ខុសឆ្គង​របស់​ខ្លួន​បាន
សូម​ជំរះ​ទូលបង្គំ​ឲ្យ​ជ្រះ​ស្អាត​ពី​អំពើ​លាក់​កំបាំង​ផង
១៣ សូម​រាំងរា​ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់
ឲ្យ​រួច​ពី​បាប​ដែល​ធ្វើ​ដោយ​ល្មើស​ដែរ
កុំ​ឲ្យ​បាប​នោះ​មាន​អំណាច​លើ​ទូលបង្គំ​ឡើយ
នោះ​ទូលបង្គំ​នឹង​បាន​ទៀង​ត្រង់ ហើយ​នឹង​បាន​រួច​ពី​អំពើ
រំលង​យ៉ាង​ធំ​ផង
១៤ ឱ​ព្រះយេហូវ៉ា ជា​ថ្មដា ហើយ​ជា​អ្នក​ប្រោស​លោះ​នៃ
ទូលបង្គំ​អើយ
សូម​ឲ្យ​ពាក្យ​សំដី​ដែល​ចេញ​មក​ពី​មាត់​ទូលបង្គំ
និង​ការ​រំពឹង​គិត​ក្នុង​ចិត្ត​របស់​ទូលបង្គំ
បាន​គួរ​គាប់​នៅ​ព្រះនេត្រ​ទ្រង់។