២០
ពាក្យទូលអង្វរសុំជ័យជំនះ
ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង។
១ សូមឲ្យព្រះយេហូវ៉ាមានព្រះបន្ទូលឆ្លើយដល់
ព្រះករុណា នៅថ្ងៃមានចលាចល
សូមឲ្យព្រះនាមនៃព្រះរបស់យ៉ាកុប
បានតាំងទ្រង់ឡើងនៅលើទីខ្ពស់
២ ព្រមទាំងចាត់សេចក្តីជំនួយពីទីបរិសុទ្ធ មកជួយទ្រង់
ហើយចំរើនកំឡាំងទ្រង់ពីក្រុងស៊ីយ៉ូនមក
៣ ទាំងនឹកចាំពីបណ្តាដង្វាយរបស់ទ្រង់
ហើយទទួលយញ្ញបូជារបស់ទ្រង់ផង។ –បង្អង់
៤ ៙ សូមឲ្យព្រះបានប្រោសដល់ទ្រង់តាមបំណងព្រះទ័យ
ហើយធ្វើសំរេចតាមគ្រប់ទាំងគំនិតរបស់ព្រះករុណា
៥ យើងខ្ញុំនឹងអរសប្បាយដោយទ្រង់មានជ័យជំនះ
ហើយនឹងលើកទង់ជ័យឡើង
ដោយនូវព្រះនាមនៃព្រះរបស់យើងខ្ញុំ
សូមឲ្យព្រះយេហូវ៉ាធ្វើសំរេចតាមអស់ទាំង
សេចក្តីសំណូមរបស់ព្រះករុណាផង។
៦ ៙ ឥឡូវនេះ ខ្ញុំដឹងហើយ ថាព្រះយេហូវ៉ាទ្រង់ជួយ
សង្គ្រោះដល់អ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យ
ទ្រង់នឹងមានព្រះបន្ទូលឆ្លើយពីស្ថានសួគ៌ដ៏បរិសុទ្ធរបស់ទ្រង់
ដោយផ្សាយកំឡាំងនៃព្រះហស្តស្តាំដែលតែងតែជួយ
៧ អ្នកខ្លះពឹងនឹងរទេះចំបាំង ខ្លះទៀតពឹងនឹងសេះ តែយើងខ្ញុំនឹងនឹកចាំពីព្រះនាមព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំវិញ
៨ ឯអ្នកទាំងនោះ គេត្រូវឱន ហើយដួលចុះ
តែយើងខ្ញុំបានក្រោកឈរត្រង់ឡើង
៩ ឱព្រះយេហូវ៉ាអើយ សូមជួយសង្គ្រោះផង
សូមឲ្យមហាក្សត្របានមានព្រះបន្ទូលឆ្លើយ ក្នុងកាលដែល
យើងខ្ញុំអំពាវនាវរកទ្រង់។