២១
ពាក្យអរព្រះគុណចំពោះជ័យជំនះ
ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង។
១ ឱព្រះយេហូវ៉ាអើយ ទូលបង្គំដ៏ជាស្តេច
នឹងមានសេចក្តីអំណរចំពោះឫទ្ធានុភាពនៃទ្រង់
ហើយនឹងរីករាយសប្បាយជាខ្លាំង
ចំពោះសេចក្តីសង្គ្រោះនៃទ្រង់យ៉ាងណាហ្ន៎
២ ទ្រង់បានប្រោសឲ្យបានដូចបំណង
ហើយមិនបានរង់នឹងប្រទាន
តាមសេចក្តីដែលបបូរមាត់សូមឡើយ។ –បង្អង់
៣ ៙ ដ្បិតទ្រង់បានស្ទាក់ប្រទានពរនៃព្រះគុណ
ទ្រង់បានបំពាក់មកុដមាសសុទ្ធនៅលើក្បាល
៤ ទូលបង្គំបានសូមជីវិតពីទ្រង់ ហើយទ្រង់ក៏ប្រទានឲ្យ
គឺជាអាយុយឺនយូរដ៏នៅជាប់អស់កល្បជានិច្ចផង
៥ សិរីល្អនៃទូលបង្គំបានធំណាស់
ដោយសារសេចក្តីសង្គ្រោះរបស់ទ្រង់
ទ្រង់ក៏តាំងឲ្យមានកិត្តិយស ហើយនឹងអានុភាពដែរ
៦ ដ្បិតទ្រង់បានតាំងទូលបង្គំ ឲ្យមានពរយ៉ាងបណ្តាច់
នៅអស់កល្ប
ទ្រង់ក៏បណ្តាលឲ្យមានសេចក្តីអំណរដ៏ពោរពេញ
នៅចំពោះទ្រង់
៧ ដ្បិតទូលបង្គំដ៏ជាស្តេច បានទុកចិត្តនឹងព្រះយេហូវ៉ា
ហើយដោយសេចក្តីសប្បុរសនៃព្រះដ៏ខ្ពស់បំផុត
នោះទូលបង្គំមិនត្រូវរង្គើឡើយ
៨ ព្រះហស្តទ្រង់នឹងស្វែងរក ទាល់តែឃើញអស់ទាំង
ខ្មាំងសត្រូវរបស់ទ្រង់
ព្រះហស្តស្តាំទ្រង់នឹងរកឃើញអស់អ្នកណាដែលស្អប់ទ្រង់ដែរ
៩ នៅវេលាដែលទ្រង់គង់នៅចំពោះគេ នោះទ្រង់នឹងធ្វើ
ឲ្យគេបានដូចជាគុកភ្លើងដែលឆេះក្តៅ
ព្រះយេហូវ៉ាទ្រង់នឹងលេបគេ
ដោយសេចក្តីក្រោធរបស់ទ្រង់
ហើយភ្លើងនឹងឆេះបំផ្លាញគេអស់ទៅ
១០ ទ្រង់នឹងបំផ្លាញជំនួរវង្សគេ ឲ្យវិនាសបាត់ពីផែនដីចេញ
ហើយពូជពង្សគេ ពីកណ្តាលពួកមនុស្សជាតិទៅដែរ
១១ ដ្បិតគេបានគិតប៉ងអាក្រក់ដល់ទ្រង់
គេកើតមានគំនិតដែលធ្វើទៅមិនបាន
១២ ពីព្រោះទ្រង់នឹងធ្វើឲ្យគេត្រឡប់បែរខ្នងវិញ
ទ្រង់នឹងដំឡើងធ្នូដំរង់ចំមុខគេ
១៣ ឱព្រះយេហូវ៉ាអើយ សូមឲ្យទ្រង់បានថ្កើងឡើង
ដោយឥទ្ធិឫទ្ធិរបស់ទ្រង់
នោះយើងខ្ញុំនឹងច្រៀងសរសើរពីព្រះចេស្តានៃទ្រង់។