២២
សំរែក​ទូលអង្វរ និង​ពាក្យ​អរ​ព្រះគុណ
ទំនុក​របស់​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក សំរាប់​មេ​ភ្លេង ត្រូវ​លេង​តាម​បទ «ក្តាន់​ញី​ពេល​ព្រលឹម»។
១ ឱ​ព្រះ​នៃ​ទូលបង្គំ ព្រះ​នៃ​ទូលបង្គំ​អើយ
ហេតុ​អ្វី​បាន​ជា​ទ្រង់​លះ​ចោល​ទូលបង្គំ
ហើយ​គង់​ឆ្ងាយ​ឥត​ជួយ​ទូលបង្គំ ឬ​ស្តាប់​សេចក្តី​ដំងូរ
របស់​ទូលបង្គំ​ដូច្នេះ
២ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​អំពាវនាវ​នៅ​ពេល​ថ្ងៃ
តែ​ទ្រង់​មិន​មាន​ព្រះបន្ទូល​ឆ្លើយ​មក​សោះ
ក៏​ស្រែក​នៅ​ពេល​យប់​ផង តែ​ទូលបង្គំ​មិន​ចេះ​ស្រាក​ស្បើយ​ឡើយ
៣ ប៉ុន្តែ ឱ​ព្រះ​ដែល​បាន​តាំង​ឡើង ក្នុង​ទំនុក​សរសើរ​របស់
អ៊ីស្រាអែល​អើយ ទ្រង់​បរិសុទ្ធ
៤ ពួក​ឰយុកោ​យើង​ខ្ញុំ​បាន​ទុក​ចិត្ត​នឹង​ទ្រង់
គេ​បាន​ទុក​ចិត្ត ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​រួច
៥ គេ​បាន​អំពាវនាវ​ដល់​ទ្រង់ ហើយ​បាន​រួច​ចេញ
គេ​បាន​ទុក​ចិត្ត​នឹង​ទ្រង់ ហើយ​មិន​ត្រូវ​ខ្មាស​ឡើយ
៦ ចំណែក​ទូលបង្គំៗ​ជា​ដង្កូវ មិន​មែន​ជា​មនុស្ស​ទេ
ជា​ទី​ត្មះតិះដៀល​របស់​មនុស្ស ហើយ​ជា​ទី​ស្អប់​ខ្ពើម​នៃ​ពួក​បណ្តាជន
៧ អស់​អ្នក​ដែល​ឃើញ​ទូលបង្គំ​ក៏​ឡកឡឺយ​ឲ្យ
គេ​បូញ​មាត់ ហើយ​គ្រវី​ក្បាល ដោយ​ថា
៨ វា​បាន​ទុក​ចិត្ត​នឹង​ព្រះយេហូវ៉ា ថា​ទ្រង់​នឹង​ប្រោស​ឲ្យ​រួច
ចូរ​ឲ្យ​ទ្រង់​ជួយ​សង្គ្រោះ​វា​ចុះ ដ្បិត​វា​បាន​យក​ទ្រង់
ជា​ទី​គាប់​ចិត្ត​ហើយ
៩ ប៉ុន្តែ គឺ​ទ្រង់​ដែល​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្តាយ​មក
ទ្រង់​បាន​ឲ្យ​ទូលបង្គំ​ទុក​ចិត្ត ក្នុង​កាល​ដែល​នៅ​បៅ​ដោះ
ម្តាយ​នៅ​ឡើយ
១០ ទូលបង្គំ​បាន​ត្រូវ​ទំលាក់​លើ​ទ្រង់ តាំង​ពី​ផ្ទៃ​ម្តាយ​មក
តាំង​ពី​ម្តាយ​សំរាល​ទូលបង្គំ​មក នោះ​ទ្រង់
ជា​ព្រះ​នៃ​ទូលបង្គំ​ហើយ
១១ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ
ដ្បិត​សេចក្តី​ទុក្ខ​មក​ជិត​ហើយ ឥត​មាន
អ្នក​ណា​នឹង​ជួយ​សោះ
១២ មាន​គោ​ឈ្មោល​ជា​ច្រើន​បាន​ព័ទ្ធ​ទូលបង្គំ​ជុំវិញ
គឺ​គោ​ឈ្មោល​យ៉ាង​ខ្លាំង​ពី​ស្រុក​បាសាន
វា​បាន​ឡោម​ទូលបង្គំ​ជុំវិញ
១៣ វា​ហា​មាត់​ដាក់​ទូលបង្គំ
ប្រៀប​ដូច​ជា​សិង្ហ ដែល​ហែក​ស៊ី​ទាំង​គ្រហឹម ១៤ ទូលបង្គំ​ត្រូវ​ច្រួច​ចេញ ដូច​ជា​ទឹក
ហើយ​អស់​ទាំង​ឆ្អឹង​នៃ​ទូលបង្គំ​សណ្តក​ចេញ​ពី​គ្នា
ចិត្ត​ទូលបង្គំ​ទុក​ដូច​ជា​ក្រមួន
ដែល​រលាយ​នៅ​ក្នុង​ខ្លួន​ហើយ
១៥ កំឡាំង​ទូលបង្គំ​ហួត​ខ្សោះ​ទៅ ដូច​អំបែង​ឆ្នាំង
អណ្តាត​ទូលបង្គំ​ជាប់​នៅ​ក្រអូមមាត់
ទ្រង់​បាន​នាំ​ទូលបង្គំ​ចុះ​ទៅ​ក្នុង​ធូលី​នៃ​សេចក្តី​ស្លាប់
១៦ ព្រោះ​មាន​ឆ្កែ​មក​ឡោមព័ទ្ធ​ទូលបង្គំ​ហើយ
មាន​ពួក​មនុស្ស​អាក្រក់​ដើរ​ក្រវែល​ជុំវិញ​ទូលបង្គំ
គេ​បាន​ចាក់​ទំលុះ​ដៃ​ជើង​នៃ​ទូលបង្គំ
១៧ អស់​ទាំង​ឆ្អឹង​ក្នុង​រាង​កាយ​នៃ​ទូលបង្គំ​រាប់​បាន​ទាំង​អស់
គេ​គន់​មើល ហើយ​សំឡឹង​មក​ទូលបង្គំ
១៨ គេ​យក​សំលៀកបំពាក់​ទូលបង្គំ​ចែក​គ្នា
ឯ​អាវ​វែង​របស់​ទូលបង្គំ គេ​ក៏​ធ្វើ​ឆ្នោត​ចាប់​យក ១៩ ឱ​ព្រះយេហូវ៉ា​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ
ឱ​ព្រះ​ដ៏​ជា​កំឡាំង​នៃ​ទូលបង្គំ​អើយ
សូម​យាង​មក​ជួយ​ទូលបង្គំ​ជា​ប្រញាប់​ផង
២០ សូម​ដោះ​ព្រលឹង​ទូលបង្គំ​ឲ្យ​រួច​ពី​ដាវ
ហើយ​ដួង​ជីវិត​នៃ​ទូលបង្គំ​ឲ្យ​រួច​ពី​អំណាច​ឆ្កែ
២១ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ចេញ​ពី​មាត់​សិង្ហ
អើ ឲ្យ​រួច​ពី​ស្នែង​គោ​ព្រៃ​ផង
ដ្បិត​ទ្រង់​បាន​ស្តាប់​ទូលបង្គំ​ហើយ។
២២ ៙ ទូលបង្គំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះនាម​ទ្រង់
ដល់​ពួក​បង​ប្អូន
ទូលបង្គំ​នឹង​សរសើរដំកើង​ទ្រង់ នៅ​កណ្តាល​ពួក​ជំនុំ
២៣ ឯ​អ្នក​រាល់​គ្នា​ដែល​កោតខ្លាច​ដល់​ព្រះយេហូវ៉ា​អើយ
ចូរ​សរសើរ​ទ្រង់​ចុះ
អស់​អ្នក​ដែល​ជា​ពូជ​យ៉ាកុប​អើយ ចូរ​ដំកើង​ទ្រង់​ឡើង
អស់​ពូជពង្ស​នៃ​អ៊ីស្រាអែល​អើយ ចូរ​កោតខ្លាច​នៅ​ចំពោះ​ទ្រង់​ចុះ
២៤ ដ្បិត​ទ្រង់​មិន​បាន​មើលងាយ ឬ​ខ្ពើម​ឆ្អើម
ចំពោះ​សេចក្តី​ទុក្ខ​លំបាក​របស់​មនុស្ស
ដែល​គេ​រង​ទុក្ខ​នោះ​ឡើយ
ក៏​មិន​បាន​លាក់​ព្រះភក្ត្រ​នឹង​អ្នក​នោះ​ដែរ
គឺ​កាល​អ្នក​នោះ​បាន​អំពាវនាវ​រក​ទ្រង់
នោះ​ទ្រង់​បាន​ស្តាប់​តាម
២៥ ទ្រង់​ជា​ដើម​ហេតុ​នៃ​ការ​ដែល​ទូលបង្គំ​សរសើរ
នៅ​ក្នុង​ជំនុំ​ធំ
ទូលបង្គំ​នឹង​លា​បំណន់​របស់​ទូលបង្គំ នៅ​ចំពោះ​មុខ​ពួក
អ្នក​ដែល​កោតខ្លាច​ដល់​ទ្រង់
២៦ ឯ​មនុស្ស​រាបទាប គេ​នឹង​បាន​បរិភោគ​ឆ្អែត
អស់​អ្នក​ដែល​ស្វែង​រក​ព្រះយេហូវ៉ា នឹង​សរសើរ​ដល់​ទ្រង់
សូម​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ប្រកប​ដោយ​សេចក្តី​ចំរើន​ជានិច្ច
២៧ គ្រប់​ទាំង​ទី​បំផុត​នៃ​ផែនដី នឹង​នឹក​ដល់​ព្រះយេហូវ៉ា
ហើយ​ត្រឡប់​បែរ​មក​ឯ​ទ្រង់
អស់​ទាំង​ពូជពង្ស​នៃ​នគរ​ទាំងឡាយ
នឹង​ថ្វាយបង្គំ​នៅ​ចំពោះ​ទ្រង់
២៨ ដ្បិត​អំណាច​គ្រប់គ្រង​ជា​របស់​ផង​ព្រះយេហូវ៉ា
ទ្រង់​ជា​ចៅហ្វាយ​លើ​អស់​ទាំង​នគរ
២៩ អស់​អ្នក​មាន​ចិត្ត​ស្កប់ស្កល់​នៅ​ផែនដី​នឹង​បរិភោគ
ព្រម​ទាំង​ថ្វាយបង្គំ​ផង
អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ធូលី នឹង​ឱន​ក្រាប​នៅ​ចំពោះ​ទ្រង់
ហើយ​ទាំង​អ្នក​ដែល​មិន​អាច​នឹង​រក្សា​ជីវិត​ខ្លួន​បាន​ផង
៣០ នឹង​មាន​ពូជពង្ស​១​គោរព​ប្រតិបត្តិ​ដល់​ទ្រង់
គេ​នឹង​ថ្លែង​ប្រាប់​ពី​ព្រះអម្ចាស់ ដល់​ដំណ​មនុស្ស
ក្រោយ​ត​ទៅ
៣១ គេ​នឹង​មក ហើយ​នឹង​ប្រាប់​ពី​សេចក្តី​សុចរិត​របស់​ទ្រង់
ដល់​មនុស្ស​១​ពួក ដែល​មិន​ទាន់​កើត​មក​ថា
គឺ​ទ្រង់​ដែល​បាន​ធ្វើ​ការ​នោះ។