២៣
ព្រះអម្ចាស់​ជា​គង្វាល​ខ្ញុំ
ទំនុក​នៃ​ស្តេច​ដាវីឌ។
១ ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ
ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ
២ ទ្រង់​ឲ្យ​ខ្ញុំ​ដេក​សំរាក​នៅ​ទី​មាន​ស្មៅ​ខៀវ​ខ្ចី
ទ្រង់​នាំ​ខ្ញុំ​ទៅ​ក្បែរ​មាត់​ទឹក​ដែល​ហូរ​គ្រឿនៗ
៣ ទ្រង់​កែ​ព្រលឹង​ខ្ញុំ​ឡើង​វិញ ទ្រង់​នាំ​ខ្ញុំ​ទៅ​តាម​ផ្លូវ​សុចរិត
ដោយ​យល់​ដល់​ព្រះនាម​ទ្រង់។
៤ ៙ អើ ទោះ​បើ​ទូលបង្គំ​ដើរ​កាត់​ច្រក​ភ្នំ​នៃ​ម្លប់​សេចក្តី​ស្លាប់ក៏​ដោយ
គង់​តែ​មិន​ខ្លាច​សេចក្តី​អាក្រក់​ណា​ឡើយ
ដ្បិត​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ទូលបង្គំ
ព្រនង់ ហើយ​នឹង​ដំបង​របស់​ទ្រង់​កំសាន្ត​ចិត្ត​ទូលបង្គំ
៥ ទ្រង់​រៀប​តុ​នៅ​មុខ​ទូលបង្គំ ចំពោះ​ពួក​ខ្មាំងសត្រូវ​ផង
ទ្រង់​ចាក់​ប្រេង​លាប​លើ​ក្បាល​ទូលបង្គំ
ពែង​នៃ​ទូលបង្គំ​ក៏​ពេញ​ហៀរ។
៦ ៙ ប្រាកដ​ជា​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តាករុណា
នឹង​ជាប់​តាម​ខ្ញុំ រាល់​តែ​ថ្ងៃ ដរាប​ដល់​អស់​១​ជីវិត​ខ្ញុំ
ហើយ​ខ្ញុំ​នឹង​នៅ​ក្នុង​ដំណាក់​នៃ​ព្រះយេហូវ៉ា
ជា​រៀង​ដរាប​ទៅ។