២៤
ព្រះមហាក្សត្រ​ដ៏​មាន​សិរីល្អ
ទំនុក​នៃ​ស្តេច​ដាវីឌ។
១ ផែនដី និង​សារពើ​នៅ​ផែនដី
ជា​របស់​ផង​ព្រះយេហូវ៉ា
ព្រម​ទាំង​លោកីយ៍ និង​បណ្តា​អ្នក​ដែល​នៅ​លោកីយ៍​ផង
២ ដ្បិត​ទ្រង់​បាន​ប្រតិស្ឋាន​ផែនដី​នៅ​លើ​សមុទ្រ
ហើយ​បាន​តាំង​ឲ្យ​មាំមួន​នៅ​លើ​ទឹក​ទាំង​ពួង។
៣ ៙ តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះយេហូវ៉ា
តើ​អ្នក​ណា​នឹង​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ទ្រង់​បាន
៤ គឺ​ជា​អ្នក​ដែល​មាន​ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធ
ជា​អ្នក​ដែល​មិន​បណ្តោយ​ឲ្យ​ព្រលឹង​ខ្លួន​ទៅ​តាម
សេចក្តី​ភូតភរ
ហើយ​មិន​បាន​ស្បថ​ប្រវ័ញ្ច​គេ​ឡើយ
៥ អ្នក​នោះ​នឹង​ទទួល​ពរ​ពី​ព្រះយេហូវ៉ា
ហើយ​នឹង​សេចក្តី​សុចរិត​ពី​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្លួន
៦ នោះ​ហើយ ជា​ពួក​អ្នក​ដែល​រក​តាម​ទ្រង់
គឺ​ដែល​ស្វែង​រក​ព្រះភក្ត្រ​ទ្រង់​ក្នុង​ពួក​យ៉ាកុប។ បង្អង់
៧ ៙ ឱ​ទ្វារ​ទាំងឡាយ​អើយ ចូរ​ងើប​ក្បាល​ឡើង
ឱ​ទ្វារ​ដ៏​នៅ​អស់កល្ប​ជានិច្ច​អើយ ចូរ​នៅ​ជា​ចំហ​ចុះ
នោះ​មហាក្សត្រ​ដ៏​មាន​សិរីល្អ ទ្រង់​នឹង​យាង​ចូល​មក
៨ តើ​មហាក្សត្រ​ដ៏​មាន​សិរីល្អ​នេះ​ជា​អ្នក​ណា
គឺ​ព្រះយេហូវ៉ា​ដ៏​មាន​ព្រះចេស្តា និង​ឥទ្ធិឫទ្ធិ
ជា​ព្រះយេហូវ៉ា​ដ៏​មាន​ឥទ្ធិឫទ្ធិ​ក្នុង​ចំបាំង
៩ ឱ​ទ្វារ​ទាំងឡាយ​អើយ ចូរ​ងើប​ក្បាល​ឡើង
ឱ​ទ្វារ​ដ៏​នៅ​អស់កល្ប​ជានិច្ច​អើយ ចូរ​នៅ​ជា​ចំហ​ចុះ
នោះ​មហាក្សត្រ​ដ៏​មាន​សិរីល្អ ទ្រង់​នឹង​យាង​ចូល​មក
១០ តើ​មហាក្សត្រ​ដ៏​មាន​សិរីល្អ​នេះ​ជា​អ្នក​ណា
គឺ​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ
ទ្រង់​ជា​មហាក្សត្រ​ដ៏​មាន​សិរីល្អ​នោះ​ឯង។ បង្អង់