២៥
សូមណែនាំទូលបង្គំឲ្យស្គាល់មាគ៌ារបស់ព្រះ
ទំនុកនៃស្តេចដាវីឌ។
១ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមលើក
ព្រលឹងថ្វាយដល់ទ្រង់
២ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំទុកចិត្តនឹងទ្រង់
សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ
សូមកុំឲ្យពួកខ្មាំងសត្រូវមានសេចក្តីអំណរ
ដោយឈ្នះទូលបង្គំឲ្យសោះ
៣ ប៉ុន្តែអស់អ្នកដែលមានចិត្តសង្ឃឹមដល់ទ្រង់
នោះមិនត្រូវខ្មាសឡើយ
គឺពួកអ្នកប្រព្រឹត្តក្បត់ ដោយឥតហេតុ
ដែលត្រូវខ្មាសវិញ
៤ ឱព្រះយេហូវ៉ាអើយ សូមបង្ហាញអស់ទាំងផ្លូវរបស់ទ្រង់
ដល់ទូលបង្គំ
សូមបង្រៀនទូលបង្គំក្នុងផ្លូវច្រករបស់ទ្រង់
៥ សូមនាំ ហើយបង្រៀនទូលបង្គំ
ក្នុងសេចក្តីពិតរបស់ទ្រង់ផង
ដ្បិតទ្រង់ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំ
ទូលបង្គំសង្ឃឹមដល់ទ្រង់ដរាបរាល់ថ្ងៃ
៦ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីសេចក្តីមេត្តា
ដ៏ទន់សន្តោស និងសេចក្តីសប្បុរសរបស់ទ្រង់
ដ្បិតសេចក្តីទាំងនោះមាននៅពីបុរាណរៀងមក
៧ សូមកុំនឹកចាំពីបាបដែលទូលបង្គំប្រព្រឹត្តកាលនៅក្មេង
ឬអំពើរំលងរបស់ទូលបង្គំនោះឡើយ
ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីទូលបង្គំ
ដោយសេចក្តីសប្បុរសនៃទ្រង់វិញ
ដោយយល់ដល់ព្រះគុណរបស់ទ្រង់
៨ ព្រះយេហូវ៉ាទ្រង់ល្អ ហើយទៀងត្រង់
ដូច្នេះ ទ្រង់នឹងបង្ហាត់មនុស្សមានបាបឲ្យតាមផ្លូវទ្រង់វិញ
៩ ទ្រង់នឹងនាំមនុស្សសុភាពក្នុងសេចក្តីយុត្តិធម៌
ហើយនឹងបង្រៀនមនុស្សរាបទាប ឲ្យស្គាល់ផ្លូវទ្រង់
១០ អស់ទាំងផ្លូវនៃព្រះយេហូវ៉ា សុទ្ធតែប្រកប
ដោយសេចក្តីសប្បុរស និងសេចក្តីពិត
ចំពោះអស់អ្នកដែលកាន់តាមសេចក្តីសញ្ញា
និងសេចក្តីបន្ទាល់របស់ទ្រង់
១១ ឱព្រះយេហូវ៉ាអើយ សូមអត់ទោសការទុច្ចរិត
ដ៏មានទំងន់របស់ទូលបង្គំផង
ដោយយល់ដល់ព្រះនាមទ្រង់
១២ តើមានមនុស្សណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា
ទ្រង់នឹងបង្ហាញឲ្យអ្នកនោះស្គាល់ផ្លូវដែលត្រូវរើសយក
១៣ ព្រលឹងអ្នកនោះនឹងនៅដោយសុខសាន្ត
ហើយពូជពង្សរបស់អ្នកនោះនឹងបានផែនដីជាមរដក
១៤ សេចក្តីមេត្រីមិត្ររបស់ព្រះយេហូវ៉ា
នៅជាមួយនឹងអ្នកណាដែលកោតខ្លាចដល់ទ្រង់
ទ្រង់នឹងសំដែងឲ្យគេស្គាល់សេចក្តីសញ្ញារបស់ទ្រង់
១៥ ភ្នែកទូលបង្គំមើលទៅឯព្រះយេហូវ៉ាជាដរាប
ដ្បិតទ្រង់នឹងដោះជើងទូលបង្គំឲ្យរួចពីអន្ទាក់
១៦ សូមទ្រង់បែរមកមានសេចក្តីមេត្តាដល់ទូលបង្គំផង
ដ្បិតទូលបង្គំនៅតែឯង ហើយមានសេចក្តីវេទនា
១៧ សេចក្តីទុក្ខព្រួយក្នុងចិត្តទូលបង្គំបានកើនឡើងជាខ្លាំង
ឱសូមនាំទូលបង្គំចេញពីទុក្ខលំបាកនៃទូលបង្គំ
១៨ សូមពិនិត្យមើលសេចក្តីវេទនា
និងសេចក្តីនឿយព្រួយរបស់ទូលបង្គំ
ហើយអត់ទោសអស់ទាំងបាបរបស់ទូលបង្គំ
១៩ សូមពិចារណាមើលពួកខ្មាំងដែលមានគ្នាច្រើន
ហើយមានសេចក្តីសំអប់ដល់ទូលបង្គំ
ដោយចិត្តសាហាវណាស់
២០ ឱសូមរក្សាព្រលឹងនៃទូលបង្គំ ហើយជួយឲ្យរួចផង
សូមកុំឲ្យទូលបង្គំខ្មាសឡើយ
ដ្បិតទូលបង្គំពឹងទ្រង់
២១ សូមឲ្យសេចក្តីសុចរិត និងសេចក្តីទៀងត្រង់
ការពារទូលបង្គំទុក ត្បិតទូលបង្គំសង្ឃឹមដល់ទ្រង់
២២ ឱព្រះអង្គអើយ សូមលោះសាសន៍អ៊ីស្រាអែល
ឲ្យរួចពីគ្រប់សេចក្តីវេទនារបស់គេផង។