២៦
ពាក្យទូលអង្វររបស់មនុស្សសុចរិត
ទំនុករបស់ស្តេចដាវីឌ។
១ ឱព្រះអម្ចាស់អើយ
សូមទ្រង់វិនិច្ឆ័យឲ្យទូលបង្គំ
ដ្បិតទូលបង្គំបានដើរតាមចិត្តគ្រប់លក្ខណ៍របស់ទូលបង្គំ
ក៏បានទុកចិត្តនឹងព្រះយេហូវ៉ាឥតល្អៀងឡើយ
២ ឱព្រះអម្ចាស់អើយ សូមពិនិត្យទូលបង្គំមើល
ព្រមទាំងល្បងលទូលបង្គំ
ហើយសាកចិត្តថ្លើមរបស់ទូលបង្គំផង
៣ ដ្បិតសេចក្តីសប្បុរសនៃទ្រង់នៅចំពោះភ្នែកទូលបង្គំ
ហើយទូលបង្គំបានដើរតាមសេចក្តីពិតរបស់ទ្រង់
៤ ទូលបង្គំមិនអង្គុយរួមជាមួយមនុស្សភូតភរឡើយ
ក៏មិនបានសមាគមជាមួយនឹងមនុស្សមានពុតដែរ
៥ ទូលបង្គំស្អប់ចំពោះជំនុំនៃពួកមនុស្សដែលប្រព្រឹត្តអាក្រក់
ក៏មិនព្រមអង្គុយជាមួយនឹងពួកមានចិត្តអាក្រក់ឡើយ
៦ ទូលបង្គំនឹងមិនលាដៃ ជាសំគាល់ថា ឥតមានទោសទេ
យ៉ាងនោះ ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងដើរក្រឡឹងអាសនាទ្រង់
៧ ដើម្បីបានបន្លឺសំឡេងអរព្រះគុណទ្រង់
៨ ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្រឡាញ់ទីឈប់សំរាក
នៅដំណាក់ទ្រង់
ជាទីសណ្ឋិតនៅសេរីល្អទ្រង់
៩ សូមកុំដកព្រលឹងទូលបង្គំចេញ ជាមួយពួកមានបាប
ឬជីវិតទូលបង្គំ ឬជាមួយនឹងមនុស្សដែលកំចាយឈាម
១០ ដែលសុទ្ធតែមានការអាក្រក់ជាប់នៅដៃគេ
ហើយដៃស្តាំរបស់គេពេញដោយសំណូកផងនោះឡើយ
១១ ចំណែកទូលបង្គំៗនឹងដើរដោយចិត្តគ្រប់លក្ខណ៍
របស់ទូលបង្គំតទៅ
សូមលោះ ហើយមេត្តាប្រោសដល់ទូលបង្គំផង
១២ ជើងរបស់ទូលបង្គំឈរនៅក្នុងផ្លូវទៀងត្រង់ហើយ
ទូលបង្គំនឹងលើកសរសើរដល់ព្រះយេហូវ៉ា
នៅក្នុងពួកជំនុំទាំងប៉ុន្មាន។