២៨
ពាក្យ​អធិស្ឋាន​នៅ​ពេល​មាន​ជំងឺ
ទំនុក​នៃ​ស្តេច​ដាវីឌ។
១ ឱ​ព្រះយេហូវ៉ា​អើយ
ទូលបង្គំ​នឹង​អំពាវនាវ​ដល់​ទ្រង់
ឱ​ថ្មដា​ទូលបង្គំ​អើយ សូម​កុំ​ព្រងើយ​ចំពោះ​ទូលបង្គំ​ឡើយ
បើ​ទ្រង់​នៅ​តែ​ស្ងៀម​នឹង​ទូលបង្គំ
នោះ​ក្រែង​ទូលបង្គំ​នឹង​បាន​ដូច​ជា​អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ
២ សូម​ស្តាប់​សំឡេង​ដែល​ទូលបង្គំ​ទូលអង្វរ ក្នុង​កាល
ដែល​ទូលបង្គំ​អំពាវនាវ​ដល់​ទ្រង់
គឺ​ក្នុង​កាល​ដែល​ទូលបង្គំ​ប្រទូល​ដៃ​ទៅ​ឯ
ទី​បរិសុទ្ធ​របស់​ទ្រង់
៣ សូម​កុំ​ទាញ​ទូលបង្គំ​ទៅ​ជា​មួយ​នឹង​មនុស្ស​អាក្រក់
ឬ​ជា​មួយ​នឹង​មនុស្ស​ដែល​ប្រព្រឹត្ត​ការ​ទុច្ចរិត
ជា​អ្នក​ដែល​ពោល​ពាក្យ​ដោយ​មេត្រី​នឹង​អ្នក​ជិត​ខាង
តែ​មាន​គំនិត​កាច​អាក្រក់​នៅ​ក្នុង​ចិត្ត​វិញ នោះ​ឡើយ
៤ សូម​សង​គេ​តាម​ការ​ដែល​គេ​ធ្វើ ហើយ​តាម​សេចក្តី​អាក្រក់​នៃ​អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ
សូម​សង​គេ​តាម​ស្នាដៃ​របស់​គេ
ហើយ​តប​ឲ្យ​សំណំ​នឹង​ទោស​របស់​គេ
៥ ដ្បិត​គេ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​នៃ​ព្រះយេហូវ៉ា
ឬ​នឹង​ស្នាដៃ​នៃ​ព្រះហស្ត​ទ្រង់​នោះ​ឡើយ
ទ្រង់​មិន​ស្អាង​គេ​ឡើង​ទេ គឺ​នឹង​រំលំ​គេ​ទៅ​វិញ។
៦ ៙ សូម​លើក​សរសើរ​ដល់​ព្រះយេហូវ៉ា
ពី​ព្រោះ​ទ្រង់​បាន​ឮ​សំឡេង​ដែល​ខ្ញុំ​ទូលអង្វរ
៧ ព្រះយេហូវ៉ា​ទ្រង់​ជា​កំឡាំង ហើយ​ជា​ខែល​នៃ​ខ្ញុំ
ចិត្ត​ខ្ញុំ​បាន​សង្ឃឹម​ដល់​ទ្រង់ ហើយ​បាន​សេចក្តី​ជំនួយ
ហេតុ​នោះ​ចិត្ត​ខ្ញុំ​មាន​សេចក្តី​រីករាយ​ជា​ខ្លាំង
ខ្ញុំ​នឹង​សរសើរ​ដល់​ទ្រង់ ដោយ​បទ​ចំរៀង​របស់​ខ្ញុំ
៨ ព្រះយេហូវ៉ា​ទ្រង់​ជា​កំឡាំង
ហើយ​ជា​ទី​មាំមួន សំរាប់​នឹង​ជួយ​សង្គ្រោះ ដល់​ពួក​អ្នក
ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ
៩ សូម​ទ្រង់​ជួយ​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់ ហើយ​ប្រទាន​ពរ
ដល់​មរដក​នៃ​ទ្រង់
សូម​ធ្វើ​ជា​អ្នក​គង្វាល​ដល់​គេ
ព្រម​ទាំង​បី​ទ្រ​គេ​ជា​ដរាប​ត​ទៅ។