២៩
ព្រះសូរសៀងរបស់ព្រះ
ទំនុកនៃស្តេចដាវីឌ។
១ នែ អស់ទាំងកូននៃព្រះដ៏មានឥទ្ធិឫទ្ធិអើយ
ចូរសរសើរព្រះយេហូវ៉ា
ចូរសរសើរព្រះយេហូវ៉ាថា
ទ្រង់មានសិរីល្អ ហើយនឹងព្រះចេស្តា
២ ចូរសរសើរពីសិរីល្អនៃព្រះយេហូវ៉ាឲ្យសមនឹងព្រះនាមទ្រង់
ចូរពាក់គ្រឿងលំអបរិសុទ្ធ នាំគ្នាថ្វាយបង្គំដល់
ព្រះយេហូវ៉ាចុះ។
៣ ៙ ព្រះសូរសៀង នៃព្រះយេហូវ៉ាខ្ទរតាមទឹក
ព្រះដ៏មានសិរីល្អទ្រង់បញ្ចេញផ្គរលាន់
គឺព្រះយេហូវ៉ាទ្រង់គង់លើទឹកធំ
៤ ព្រះសូរសៀងរបស់ព្រះយេហូវ៉ាមានអំណាច
ព្រះសូរសៀងនៃព្រះយេហូវ៉ាមានឫទ្ធានុភាព
៥ ព្រះសូរសៀងរបស់ព្រះយេហូវ៉ាក៏បំបាក់ដើមតាត្រៅ
អើ ព្រះយេហូវ៉ាទ្រង់បំបាក់កំទេចដើមតាត្រៅ
នៅលើភ្នំល្បាណូន
៦ ទ្រង់បណ្តាលឲ្យដើមទាំងនោះបោលលោត
ដូចជាកូនគោ
ហើយឲ្យភ្នំល្បាណូន និងភ្នំស៊ីរានបោល
ដូចជាគោព្រៃស្ទាវ
៧ ព្រះសូរសៀងនៃព្រះយេហូវ៉ាធ្វើឲ្យមាន
អណ្តាតភ្លើងផុសឡើង
៨ ព្រះសូរសៀងរបស់ព្រះយេហូវ៉ាធ្វើឲ្យទីរហោស្ថាន
ញ័រកក្រើក
ព្រះយេហូវ៉ាទ្រង់អង្រួនទីរហោស្ថានកាដេស
៩ ព្រះសូរសៀងរបស់ព្រះយេហូវ៉ាធ្វើឲ្យក្តាន់ញី
សំរាលកូនមក
ក៏ជំរុះស្លឹកឈើនៅព្រៃអស់រលីង
ហើយនៅក្នុងព្រះវិហារនៃទ្រង់ នោះសព្វសារពើ
ក៏បន្លឺឡើងថា «ស្រីសួស្តី»
១០ ព្រះយេហូវ៉ាទ្រង់បានគង់នៅវេលាជំនន់លោកីយ៍
អើ ព្រះយេហូវ៉ាទ្រង់គង់ជាព្រះមហាក្សត្រ
នៅអស់កល្បជានិច្ច
១១ ព្រះយេហូវ៉ាទ្រង់នឹងចំរើនកំឡាំងដល់រាស្ត្រទ្រង់
ព្រះយេហូវ៉ាទ្រង់នឹងប្រទានពរដល់រាស្ត្រទ្រង់
ឲ្យបានសេចក្តីសុខសាន្តត្រាណ។