៣០
ព្រះអង្គប្រោសទូលបង្គំឲ្យជា
ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើកសំរាប់ច្រៀងឆ្លងព្រះវិហារ។
១ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសរសើរទ្រង់
ដ្បិតទ្រង់បានលើកទូលបង្គំឡើងវិញ
មិនបានបើកឲ្យពួកខ្មាំងសត្រូវមានសេចក្តីអំណរ
ដោយឈ្នះទូលបង្គំឡើយ
២ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ
ទូលបង្គំបានអំពាវនាវដល់ទ្រង់
ហើយទ្រង់ប្រោសឲ្យទូលបង្គំបានជា
៣ ឱព្រះយេហូវ៉ាអើយ ទ្រង់បាននាំព្រលឹងទូលបង្គំឡើង
រួចពីស្ថានឃុំព្រលឹងមនុស្សស្លាប់
ទ្រង់បានប្រោសឲ្យទូលបង្គំរស់នៅ
ដើម្បីកុំឲ្យទូលបង្គំចុះទៅក្នុងរណ្តៅឡើយ
៤ ឱពួកអ្នកបរិសុទ្ធរបស់ទ្រង់អើយ
ចូរច្រៀងសរសើរដល់ព្រះយេហូវ៉ាចុះ
ចូរអរព្រះគុណ ដោយនឹកចាំពីសេចក្តីបរិសុទ្ធនៃទ្រង់
៥ ដ្បិតសេចក្តីខ្ញាល់របស់ទ្រង់នៅតែ១ភ្លែតទេ
តែព្រះគុណនៃទ្រង់ នោះនៅអស់១ជីវិតវិញ
ទឹកភ្នែកនឹងមាននៅជាប់អស់មួយយប់ក៏បាន
តែព្រឹកឡើង គង់នឹងមានសេចក្តីអំណរឡើងដែរ
៦ ចំណែកខាងទូលបង្គំៗបានពោលក្នុងគ្រានៃសេចក្តី
ចំរើនរបស់ទូលបង្គំថា ទូលបង្គំមិនត្រូវរង្គើឡើយ
៧ ដ្បិត ឱព្រះយេហូវ៉ាអើយ
ទ្រង់បានតាំងភ្នំនៃទូលបង្គំឡើងឲ្យមាំមួន
ដោយព្រះគុណទ្រង់
កាលទ្រង់បានលាក់ព្រះភក្ត្រទៅ
នោះទូលបង្គំមានសេចក្តីតក់ស្លុត
៨ តែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់
គឺទូលបង្គំបានទូលអង្វរដល់ព្រះយេហូវ៉ាថា
៩ តើមានប្រយោជន៍អ្វី ដែលទ្រង់កំចាយឈាមទូលបង្គំ
ហើយឲ្យទូលបង្គំចុះទៅក្នុងរណ្តៅនោះ
តើធូលីដីនឹងសរសើរដល់ទ្រង់ដែរឬ
តើនឹងនិទានពីសេចក្តីស្មោះត្រង់របស់ទ្រង់ឬទេ
១០ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ស្តាប់
ហើយប្រោសមេត្តាដល់ទូលបង្គំ
ឱព្រះយេហូវ៉ាអើយ សូមទ្រង់ធ្វើជាអ្នកជំនួយ
ដល់ទូលបង្គំផង
១១ នោះទ្រង់បានផ្លាស់ការយំសោករបស់ទូលបង្គំ
ឲ្យទៅជាសេចក្តីត្រេកអរទៅវិញ
ទ្រង់បានផ្លាស់សំពត់សំរាប់កាន់ទុក្ខចេញ
ឲ្យទូលបង្គំបានស្លៀកពាក់សេចក្តីអំណរឡើង
១២ ដើម្បីឲ្យចិត្តទូលបង្គំបានច្រៀងសរសើរដល់ទ្រង់
ឥតនៅស្ងៀមឡើយ
ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ
ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ជាដរាបទៅ។