៣២
សុភមង្គលរបស់អ្នកដែលព្រះអត់ទោសឲ្យ
ទំនុកនៃស្តេចដាវីឌ ជាសេចក្តីបង្រៀន។
១ មានពរហើយ មនុស្សណាដែលការរំលង
ច្បាប់របស់ខ្លួនបានអត់ទោសឲ្យ
គឺដែលបាបរបស់ខ្លួនបានគ្របបាំងហើយ
២ មានពរហើយ មនុស្សណាដែលព្រះយេហូវ៉ាមិនរាប់ថា
ជាអ្នកមានទោស
ជាអ្នកដែលគ្មានកលឧបាយនៅក្នុងចិត្តសោះ
៣ កាលទូលបង្គំបានស្ងៀមនៅ នោះឆ្អឹងទូលបង្គំ
បានខ្សោះទៅ
ដោយសារដំងូរដែលទូលបង្គំថ្ងូរជាដរាបរាល់ថ្ងៃ
៤ ដ្បិតព្រះហស្តនៃទ្រង់បានសង្កត់លើទូលបង្គំជាធ្ងន់
ទាំងយប់ទាំងថ្ងៃ
ធាតុទឹករបស់ទូលបង្គំបានត្រឡប់ទៅជារីងហួត
ដូចជារដូវក្តៅ។ –បង្អង់
៥ ៙ ទូលបង្គំបានរ៉ាប់ទទួលអំពើបាបរបស់
ទូលបង្គំនៅចំពោះទ្រង់
ឥតលាក់ការទុច្ចរិតរបស់ទូលបង្គំទុកឡើយ
ទូលបង្គំបាននិយាយថា ទូលបង្គំនឹងលន់តួអស់ទាំង
ការរំលងរបស់ទូលបង្គំដល់ព្រះយេហូវ៉ា
ឯទ្រង់ក៏បានអត់ទោសចំពោះអំពើបាបនៃទូលបង្គំទៅ។ –បង្អង់
៦ ៙ ដូច្នេះ ត្រូវឲ្យអស់អ្នកដែលកោតខ្លាចដល់ព្រះ
បានអធិស្ឋានដល់ទ្រង់ នៅវេលាដែលនឹងរកទ្រង់ឃើញ
យ៉ាងនោះ កាលណាជំនន់ធំជន់ឡើង នោះប្រាកដជានឹង
មិនដែលលិចមកដល់អ្នកនោះឡើយ
៧ ទ្រង់ជាទីពំនួននៃទូលបង្គំ ទ្រង់នឹងការពារទូលបង្គំ
ឲ្យរួចពីសេចក្តីទុក្ខលំបាក
ទ្រង់នឹងព័ទ្ធទូលបង្គំជុំវិញ
ដោយទំនុកនៃសេចក្តីសង្គ្រោះ។ –បង្អង់
៨ ៙ អញនឹងបង្ហាត់បង្រៀនឲ្យឯងស្គាល់ផ្លូវ
ដែលឯងត្រូវដើរ
អញនឹងទូន្មានឯង ដោយភ្នែកអញមើលឯងជាប់
៩ កុំឲ្យឯងធ្វើដូចជាសេះ ឬលាកាត់ ដែលគ្មានប្រាជ្ញា
ដែលគេត្រូវដាក់បង្ខាំ ហើយនឹងបង្ហៀរ ដើម្បីទប់វា
ក្រែងវាមិនព្រមមកឯឯងនោះឡើយ
១០ ឯមនុស្សអាក្រក់គេនឹងមានទុក្ខព្រួយជាច្រើន
តែអ្នកណាដែលទុកចិត្តនឹងព្រះយេហូវ៉ា
នោះនឹងមានសេចក្តីសប្បុរសនៅព័ទ្ធជុំវិញខ្លួន
១១ ឱមនុស្សសុចរិតរាល់គ្នាអើយ
ចូរមានចិត្តសប្បាយ ហើយរីករាយឡើង
ក្នុងព្រះយេហូវ៉ាចុះ
អស់អ្នកដែលមានចិត្តទៀតត្រង់អើយ
ចូរនាំគ្នាស្រែកឡើងដោយអំណរចុះ។