៣៦
យើងខ្ញុំមកជ្រកកោនក្រោមម្លប់ព្រះបារមីរបស់ព្រះអង្គ
ទំនុកនៃស្តេចដាវីឌ ជាអ្នកបំរើនៃព្រះយេហូវ៉ា ដែលទ្រង់លើកសំរាប់មេភ្លេង។
១ ការរំលងច្បាប់របស់មនុស្សអាក្រក់
នោះសំដែងក្នុងចិត្តខ្ញុំថា
នៅភ្នែកគេគ្មានសេចក្តីកោតខ្លាចដល់ព្រះទេ
២ ដ្បិតនៅភ្នែកគេក៏មើលខ្លួនជាគួរបញ្ចើចបញ្ចើវិញ
ដោយថា សេចក្តីទុច្ចរិតរបស់ខ្លួន មិនដែលមាន
អ្នកណាឃើញ ឬស្អប់ឡើយ
៣ អស់ទាំងពាក្យដែលចេញពីមាត់គេ សុទ្ធតែជា
សេចក្តីទុច្ចរិត ហើយភូតភរទទេ
គេបានលែងមានប្រាជ្ញា ក៏មិនប្រព្រឹត្តល្អដែរ
៤ គេដេកគិតបង្កើតការទុច្ចរិតនៅលើដំណេកខ្លួន
ក៏តាំងខ្លួនដើរតាមផ្លូវដែលមិនល្អ
គេមិនចេះខ្ពើមការអាក្រក់ឡើយ។
៥ ៙ ឱព្រះយេហូវ៉ាអើយ សេចក្តីសប្បុរសនៃទ្រង់ខ្ពស់
ដល់ផ្ទៃមេឃ
សេចក្តីស្មោះត្រង់នៃទ្រង់ក៏ដល់ពពកផង
៦ សេចក្តីសុចរិតរបស់ទ្រង់ជាភ្នំនៃព្រះ
សេចក្តីវិនិច្ឆ័យរបស់ទ្រង់ដូចមហាសមុទ្រដ៏ជ្រៅ
ឱព្រះយេហូវ៉ាអើយ ទ្រង់ទំនុកបំរុងទាំងមនុស្ស
និងសត្វផង
៧ ឱព្រះអង្គអើយ សេចក្តីសប្បុរសនៃទ្រង់ថ្លៃវិសេស
យ៉ាងណាហ្ន៎
ពួកមនុស្សលោកក៏ជ្រកនៅម្លប់នៃស្លាបទ្រង់
៨ គេនឹងបានឆ្អែត ដោយរបស់ដ៏បរិបូរក្នុងដំណាក់ទ្រង់
ហើយទ្រង់នឹងឲ្យគេផឹកពីទន្លេនៃសេចក្តីអំណររបស់ទ្រង់
៩ ដ្បិតឯជ្រោះនៃជីវិត នោះនៅជាមួយនឹងទ្រង់
នៅក្នុងពន្លឺនៃទ្រង់ នោះយើងខ្ញុំនឹងបានភ្លឺ
១០ ឱសូមទ្រង់ចេះតែផ្តល់សេចក្តីសប្បុរស
ដល់អស់អ្នកដែលស្គាល់ទ្រង់តទៅ
ហើយសេចក្តីសុចរិតរបស់ទ្រង់ ដល់អស់អ្នក
ដែលមានចិត្តទៀងត្រង់ផង
១១ សូមកុំឲ្យជើងរបស់មនុស្សឆ្មើងឆ្មៃ មកទាស់នឹងទូលបង្គំ
ឬដៃនៃមនុស្សអាក្រក់មកបណ្តេញទូលបង្គំឡើយ
១២ សូមឲ្យពួកអ្នកដែលប្រព្រឹត្តអាក្រក់នោះបានដួលចុះ
ឲ្យគេត្រូវទំលាក់ទៅឥតក្រោកឡើងវិញបានឡើយ។