៣៧
ចុងបញ្ចប់របស់មនុស្សអាក្រក់ និងមនុស្សល្អ
ទំនុកនៃស្តេចដាវីឌ។
១ កុំឲ្យក្តៅចិត្ត ដោយព្រោះមនុស្ស
ដែលប្រព្រឹត្តអាក្រក់ឡើយ
ក៏កុំឲ្យច្រណែននឹងពួកអ្នកដែលធ្វើការទុច្ចរិតដែរ
២ ដ្បិតនៅបន្តិចទៀត គេនឹងត្រូវច្រូតកាត់ដូចជាស្មៅ
ហើយនឹងក្រៀមស្វិតទៅ ដូចជាស្មៅខ្ចីដែរ។
៣ ៙ ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ
យ៉ាងនោះ អ្នកនឹងបាននៅក្នុងស្រុក
ហើយចំអែតខ្លួនដោយសេចក្តីពិត
៤ ចូរយកព្រះយេហូវ៉ាជាសេចក្តីអំណររបស់អ្នក
នោះទ្រង់នឹងប្រទានឲ្យអ្នកបានដូចបំណងចិត្ត
៥ ចូរទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ាចុះ
ថែមទាំងទុកចិត្តដល់ទ្រង់ផង
នោះទ្រង់នឹងប្រោសឲ្យបានសំរេច
៦ ទ្រង់នឹងឲ្យសេចក្តីសុចរិតរបស់អ្នកបានផ្សាយចេញ
ដូចជាពន្លឺ
ហើយសេចក្តីយុត្តិធម៌របស់អ្នក ដូចជាវេលាថ្ងៃត្រង់ផង
៧ ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះ
កុំឲ្យក្តៅចិត្ត ដោយព្រោះអ្នកដែលចំរើនក្នុងផ្លូវគេ
ឬមនុស្សដែលបង្កើតការអាក្រក់សំរេចបាននោះឡើយ។
៨ ៙ ចូរឈប់ពីសេចក្តីកំហឹង
ហើយបោះបង់សេចក្តីឃោរឃៅចោលចេញ
កុំឲ្យក្តៅចិត្តឡើយ ដ្បិតនោះនឹងនាំឲ្យប្រព្រឹត្តអាក្រក់វិញ
៩ ពីព្រោះពួកអ្នកដែលធ្វើអាក្រក់ នឹងត្រូវកាត់ចេញ
តែអស់អ្នកដែលរង់ចាំព្រះយេហូវ៉ា
នោះនឹងបានផែនដីជាមរដក
១០ ដល់បន្តិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ
អើ អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ
១១ ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក
ហើយនឹងបានចិត្តរីករាយ
ដោយសេចក្តីក្សេមក្សាន្តដ៏បរិបូរ។
១២ ៙ ចំណែកមនុស្សអាក្រក់
គេគិតគូរការទាស់នឹងមនុស្សសុចរិត
ក៏សំញែងធ្មេញដាក់អ្នកនោះ
១៣ តែព្រះអម្ចាស់ទ្រង់នឹងសើចនឹងគេ
ដ្បិតទ្រង់ជ្រាបថា ថ្ងៃកំណត់របស់គេកាន់តែជិតដល់
១៤ ពួកមនុស្សអាក្រក់បានហូតដាវជាស្រេច
ហើយដំឡើងធ្នូទុក
ដើម្បីនឹងទំលាក់មនុស្សទ័លក្រ
ហើយនឹងមនុស្សកំសត់ទុគ៌ត
ព្រមទាំងសំឡាប់អស់អ្នកដែលកាន់តាមផ្លូវទៀងត្រង់
១៥ តែដាវគេនឹងចាក់ចូលក្នុងចិត្តខ្លួនគេវិញ
ហើយធ្នូគេនឹងត្រូវបាក់
១៦ ឯរបស់បន្តិចបន្តួចនៃមនុស្សសុចរិត
នោះវិសេសជាជាងរបស់បរិបូរនៃមនុស្សអាក្រក់
ជាច្រើននាក់ទៅទៀត
១៧ ដ្បិតដៃនៃមនុស្សអាក្រក់នឹងត្រូវបាក់
តែព្រះយេហូវ៉ាទ្រង់ទប់ទល់មនុស្សសុចរិត។
១៨ ៙ ព្រះយេហូវ៉ាទ្រង់ជ្រាបនូវអស់ទាំងថ្ងៃរបស់
មនុស្សទៀតត្រង់
ហើយមរដករបស់គេនឹងនៅជាប់ជាដរាប
១៩ គេនឹងមិនត្រូវខ្មាសក្នុងគ្រាអាក្រក់ឡើយ
ហើយនៅវេលាអំណត់ នោះគេនឹងបានឆ្អែត។
២០ ៙ តែមនុស្សអាក្រក់នឹងត្រូវវិនាសទៅ
ហើយពួកខ្មាំងនៃព្រះយេហូវ៉ា នឹងដូចជាខ្លាញ់កូនចៀម
គេនឹងត្រូវសូន្យបាត់ទៅ គេនឹងឆេះទៅជាផ្សែងអស់រលីង
២១ ឯមនុស្សអាក្រក់គេខ្ចីឥតសងវិញឡើយ
តែមនុស្សសុចរិតគេមានគុណ ហើយក៏ឲ្យទានវិញ
២២ ដ្បិតអស់អ្នកដែលទទួលព្រះពរពីទ្រង់
នោះនឹងបានផែនដីជាមរដក
តែអស់អ្នកដែលទ្រង់ដាក់បណ្តាសាវិញ
នោះនឹងបានត្រូវកាត់ចោលចេញ។
២៣ ៙ គឺព្រះយេហូវ៉ាដែលតម្រូវអស់ទាំងជំហាននៃមនុស្សល្អ
ហើយទ្រង់សព្វព្រះហឫទ័យនឹងផ្លូវដែលគេដើរដែរ
២៤ ទោះបើគេភ្លាត់ដួល
គង់តែមិនត្រូវដួលទាំងស្រុងទេ
ដ្បិតព្រះយេហូវ៉ាទ្រង់ទ្រអ្នកនោះដោយព្រះហស្ត
២៥ យើងពីដើមនៅក្មេង ឥឡូវនេះចាស់ហើយ
តែមិនដែលឃើញមនុស្សសុចរិតត្រូវលះបង់ចោល
ឬពូជពង្សគេសូមទានអាហារឡើយ
២៦ គេរមែងមានគុណជាដរាបរាល់ថ្ងៃ ព្រមទាំងឲ្យគេខ្ចី
ហើយពូជពង្សគេបានពរដែរ។
២៧ ៙ ចូរគេចចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អចុះ
នោះអ្នកនឹងបាននៅជារៀងរាបដរាប
២៨ ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះទ័យនឹងសេចក្តីយុត្តិធម៌
ក៏មិនដែលបោះបង់ចោលពួកបរិសុទ្ធរបស់ទ្រង់ឡើយ
ទ្រង់ថែរក្សាគេអស់កល្បជានិច្ច
តែពូជរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញវិញ
២៩ ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក
ហើយនឹងនៅក្នុងស្រុកនោះជានិច្ច។
៣០ ៙ មាត់របស់មនុស្សសុចរិតពោលចេញសុទ្ធតែប្រាជ្ញា
ហើយអណ្តាតគេក៏សំដែងជាសេចក្តីយុត្តិធម៌
៣១ ក្រឹត្យវិន័យរបស់ព្រះនៃគេ នោះនៅក្នុងចិត្ត
ឯជំហាននៃគេ ក៏នឹងមិនភ្លាំងភ្លាត់ឡើយ
៣២ មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិត
ហើយក៏រកសំឡាប់គេ
៣៣ ព្រះយេហូវ៉ាទ្រង់មិនទុកគេ ឲ្យនៅក្នុង
កណ្តាប់ដៃមនុស្សអាក្រក់ឡើយ
ក៏មិនឲ្យគេមានទោសក្នុងកាលដែលត្រូវជំនុំជំរះដែរ។
៣៤ ៙ ចូររង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវទ្រង់ចុះ
នោះទ្រង់នឹងដំកើងអ្នក ឲ្យបានផែនដីជាមរដក
នៅគ្រាដែលមនុស្សអាក្រក់ត្រូវកាត់ចេញ
នោះអ្នកនឹងបានឃើញហើយ
៣៥ យើងបានឃើញមនុស្សអាក្រក់មានអំណាចយ៉ាងសន្ធឹក
ហើយកំពុងតែពង្រីកធំឡើង ដូចជាដើមឈើខ្ចី
ដែលចំរើននៅទីកំណើតវា
៣៦ តែគេបាត់ទៅ ហើយមើល មិនមានគេទៀតឡើយ
អើ យើងបានស្វែងរកគេ តែមិនប្រទះសោះ។
៣៧ ៙ ចូរចំណាំមើលមនុស្សគ្រប់លក្ខណ៍វិញ
ហើយពិចារណាមើលមនុស្សទៀតត្រង់ចុះ
ដ្បិតចុងបំផុតនៃមនុស្សនោះមានសេចក្តីសាន្តត្រាណ
៣៨ ឯពួកមនុស្សរំលងច្បាប់ នឹងត្រូវវិនាសទៅជាមួយគ្នា
ឯចុងបំផុតនៃមនុស្សអាក្រក់
នោះនឹងត្រូវកាត់ចេញវិញ
៣៩ ឯសេចក្តីសង្គ្រោះនៃមនុស្សសុចរិត
នោះមកពីព្រះយេហូវ៉ា
ក្នុងគ្រាដែលមានសេចក្តីលំបាក
នោះទ្រង់ជាទីអាងដល់គេ
៤០ ព្រះយេហូវ៉ាទ្រង់ជួយគេ ក៏ប្រោសឲ្យរួច
ទ្រង់ប្រោសគេឲ្យរួចពីមនុស្សអាក្រក់
ព្រមទាំងជួយសង្គ្រោះគេផង
ពីព្រោះគេបានពឹងជ្រកក្នុងទ្រង់។